អង្គការសង្គមស៊ីវិលជាង ៣០ស្ថាប័ននៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនានេះ បានដាក់លិខិតទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយពន្លឿនសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន។ អ្នកនាំពាក្យក្រសួងព័ត៌មាន ឆ្លើយតបថា ការយឺតយ៉ាវក្នុងការអនុម័តសេចក្ដីព្រាងច្បាប់នេះ ដោយសារវិបត្តិជំងឺកូវីដ១៩ និងនីតិវិធីនៃការប្រមូលធាតុផ្សំផ្សេងៗជាមួយស្ថាប័នពាក់ព័ន្ធមានច្រើនដំណាក់កាល។
ស្ថាប័នសង្គមស៊ីវិលទាំងនោះ រួមមានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ អង្គការសម្ព័ន្ធការពារសិទ្ធិមនុស្សកម្ពុជា (API) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJa) និងស្ថាប័នមួយចំនួនទៀត។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJa) លោក ណុប វី ប្រាប់វិទ្យុអាស៊ីសេរីនៅរសៀលថ្ងៃទី១៦ មិថុនាថា មូលហេតុដែលពួកលោកដាក់លិខិតនេះ ដោយសារពួកគេមើលឃើញពីភាពយឺតយ៉ាវនៃសេចក្ដីព្រាងច្បាប់នេះបានអូសបន្លាយពេលតាំងពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ មិនទាន់អនុម័តបាននៅឡើយ។ លោកបន្តថា ក្នុងស្ថានការណ៍រាតត្បាតជំងឺកូវីដ១៩នេះ អ្នកសារព័ត៌មាន មានការពិបាកក្នុងការទទួលព័ត៌មាន ពិតត្រឹមត្រូវពីស្ថាប័នរដ្ឋ ដើម្បីចែករំលែកដល់ប្រជាពលរដ្ឋ៖ «យើងឃើញថា មានបញ្ហាប្រឈមច្រើនណាស់ដោយសារតែការមិនទទួលបានព័ត៌មានពិតប្រាកដពីស្ថាប័នរដ្ឋហ្នឹង។ អីចឹងហើយបានយើងពិនិត្យឃើញថា ការអនុម័តច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះ គឺជារឿងមួយដែលចាំបាច់បំផុតនៅក្នុងស្ថានភាពបច្ចុប្បន្ននេះ ដែលយើងជំរុញទៅរដ្ឋាភិបាល ហើយស្នើសម្ដេចនាយករដ្ឋមន្ត្រីជួយអន្តរាគមន៍ ដើម្បីធ្វើម៉េចពន្លឿនអនុម័តសេចក្ដីព្រាងច្បាប់ហ្នឹងឱ្យបានឆាប់រហ័ស»។
ទាក់ទងនឹងបញ្ហានេះអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ប្រាប់វិទ្យុអាស៊ីសេរីថា ការយឺតយ៉ាវក្នុងការអនុម័តសេចក្ដីព្រាងច្បាប់នេះដោយសារកម្ពុជាផ្ទុះការរាតត្បាតជំងឺកូវីដ១៩ និងមានការបើកទូលាយក្នុងការប្រមូលមតិយោបល់ពីដៃគួរពាក់ព័ន្ធ។ លោកបញ្ជាក់ថា ក្រសួងព័ត៌មានក៏កំពុងដំណើរការស្នើសុំសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះទៅស្ថាប័នពាក់ព័ន្ធបន្តទៀត ដើម្បីឈានទៅដល់ការអនុម័តច្បាប់នេះក្នុងពេលឆាប់ៗ៖ «មកដល់ពេលបច្ចុប្បន្ននេះក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌បានបញ្ចប់ទៅលើកិច្ចពិភាក្សាសេចក្ដីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាននឹងរួចរាល់ហើយ។ ជាពិសេស គឺត្រង់ជំពូកទោសបញ្ញត្តិហ្នឹង។ ហើយក្រសួងព័ត៌មានកំពុងតែរៀបចំឯកសារពាក់ព័ន្ធដំណើរសេចក្ដីព្រាងច្បាប់នេះដាក់ជូនថ្នាក់ដឹកនាំក្រសួងទាំងពីរ ដើម្បីប្រជុំពិនិត្យពិភាក្សាចុងក្រោយ និងស្នើការផ្ដល់អនុសាសន៍ ណែនាំក្នុងការដាក់ស្នើសុំសេចក្ដីព្រាងច្បាប់ពីសិទ្ធិទទួលព័ត៌មាននេះទៅទីស្ដីការគណៈរដ្ឋមន្ត្រី ក៏ដូចជាស្ថាប័ននីតិប្បញ្ញតិផងដែរ»។
ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន គឺជាច្បាប់ដ៏សំខាន់មួយ ដែលសហគមន៍ជាតិ និងអន្តរជាតិបានទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ ពោលគឺចាប់តាំងពីរដ្ឋាភិបាលបានរៀបចំក្រុមការងារបច្ចេកទេសតាក់តែងច្បាប់នេះ កាលពីឆ្នាំ២០១៨ រហូតមក។ ច្បាប់នេះមានសារៈសំខាន់ដោយធានាឱ្យសាធារណជនគ្រប់រូបមានសិទ្ធិ និងសេរីភាពក្នុងការទទួលបានព័ត៌មាន ដែលរដ្ឋាភិបាលមានកាតព្វកិច្ចផ្ដល់ឱ្យ។ ច្បាប់នេះចែងពីភារកិច្ចដែលស្ថាប័នសាធារណៈត្រូវផ្ដល់ និងផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ដោយអនុលោមតាមរដ្ឋធម្មនុញ្ញកម្ពុជា និងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស។ ច្បាប់នេះតម្រូវឱ្យគ្រប់ស្ថាប័នសាធារណៈត្រូវបង្កលក្ខណៈងាយស្រួល និងបើកទូលាយក្នុងការផ្ដល់ព័ត៌មានគ្រប់ប្រភេទដល់សាធារណជនតាមការស្នើសុំ ដោយគ្មានការរើសអើង តាមបែបបទដែលងាយយល់ ក្នុងពេលវេលា និងតម្លៃសមស្រប លើកលែងតែព័ត៌មានសម្ងាត់ ដែលអន្តរាយដល់សន្តិសុខជាតិ។ តែទោះជាបែបនេះក្តី អ្នកជំនាញថា គេត្រូវតែកំណត់និយមន័យនៅក្នុងច្បាប់នូវអ្វីទៅដែលហៅថា សន្តិសុខជាតិ ដើម្បីកុំឱ្យស្ថាប័នរដ្ឋចេះតែលើកហេតុផល ឬលេសមកសម្អាងថា ព័ត៌មានដែលស្នើសុំនោះជាព័ត៌មានប៉ះពាល់ដល់សន្តិសុខជាតិ ដូច្នេះរដ្ឋមិនអាចផ្ដល់ឱ្យបាននោះទេ។
ជុំវិញការស្នើពន្លឿនសេចក្ដីព្រាងច្បាប់ទទួលបានព័ត៌មាននេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ដែលបានចូលរួមដាក់លិខិតដែលនោះ មើលឃើញថា ក្រសួងពាក់ព័ន្ធហាក់យឺតយ៉ាវក្នុងការអនុម័តសេចក្ដីព្រាងច្បាប់នេះ ដែលខុសពីច្បាប់មួយចំនួនទៀតដូចជាច្បាប់ការពារការរាតត្បាតកូវីដ១៩ និងជំងឺកាចសាហាវដទៃ និង ច្បាប់រំលាយគណបក្សនយោបាយជាដើម គឺរដ្ឋាភិបាលបានប្រើពេលវេលាដ៏ខ្លីប៉ុណ្ណោះក៏អនុម័តិដាក់ឱ្យប្រើប្រាស់បាន៖ «អ្នកនយោបាយគាត់ចង់អនុម័តអីហ្នឹងយើងឃើញថា ឆាប់រហ័សណាស់។ អីចឹងយើងក៏មិនចង់ឃើញច្បាប់នេះដែរ ជាប្រយោជន៍រួមដល់សង្គមជាតិយើងហ្នឹងមានភាពយឺតយ៉ាវអ៊ីចឹងទេ គួរមានការជំរុញឱ្យបានលឿននេះ ដើម្បីឱ្យច្បាប់ហ្នឹងបានអនុម័ត ហើយយើងយកមកប្រើប្រាស់។ កាលណាមានច្បាប់វា ជាប់កាតព្វកិច្ចហើយដែលអនុវត្តគម្រោង អ្នកដែលមានតួនាទីទទួលខុសត្រូវក្នុងជួររដ្ឋាភិបាលហ្នឹងត្រូវគោរពទៅតាមច្បាប់ហ្នឹងហើយ។ ហើយការទទួលខុសត្រូវរបស់ពួកគេហ្នឹងក៏មានការប្រុងប្រយ័ត ហើយមានការអនុវត្តនាទីនឹងគម្រោងហ្នឹងក៏បានល្អជាងមុនដែរ»។
ក្រុមអង្គការសង្គមស៊ីវិលទទូចដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យពិនិត្យវិច័យទៅលើសំណើនេះ ។ ពួកគេអះអាងថា ប្រសិនបើការដាក់លិខិតនេះមិនទទួលបានលទ្ធផលទេនោះពួកគេ នឹងបន្តពន្យល់ដល់ពលរដ្ឋអំពីសារៈសំខាន់នៃច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះ ហើយនឹងរៀបចំធ្វើជាយុទ្ធនាការ ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែទូលំទូលាយអំពីច្បាប់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។