មិនមែនមានតែសេចក្តីព្រាងច្បាប់ចំនួនបីទាក់ទងនឹងប្រព័ន្ធតុលាការនៅកម្ពុជា ប៉ុណ្ណោះទេ ដែលអង្គការជាតិ និងអន្តរជាតិ មានការព្រួយបារម្ភថា អាចនឹងរឹតត្បិតសេរីភាពរបស់ពលរដ្ឋកម្ពុជា ប៉ុន្តែយ៉ាងហោចណាស់នៅមានសេចក្តីព្រាងច្បាប់មួយទៀត គឺច្បាប់ស្ដីពីការគ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត។
អង្គការ Article 19 ដែលឃ្លាំមើលសេរីភាពបញ្ចេញមតិនៅតាមបណ្ដាប្រទេសនានា បានសម្ដែងក្តីកង្វល់របស់ខ្លួនយ៉ាងខ្លាំងចំពោះស្មារតី និងខ្លឹមសារ ចែងមិនច្បាស់លាស់នៅក្នុងសេចក្តីព្រាងច្បាប់ស្ដីពី "ឧក្រិដ្ឋកម្មលើប្រព័ន្ធបច្ចេកវិទ្យា" ដែលរដ្ឋាភិបាលកម្ពុជា កំពុងតាក់តែងដោយមិនបើកចំហ ហើយអំពាវនាវអោយមានការចូលរួមផ្តល់យោបល់ពីសង្គមស៊ីវិល។
អង្គការមាត្រា១៩ ឬ Article 19 ជាភាសាអង់គ្លេសថ្មីៗនេះបានចេញសេចក្តីថ្លែងការណ៍មួយប្រកាសថា រដ្ឋាភិបាលកម្ពុជា កំពុងធ្វើសេចក្តីព្រាងច្បាប់មួយដែលមានគោលដៅរឹតបន្តឹង ឬកាត់បន្ថយសេរីភាពអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា។
អង្គការមាត្រា១៩ អោយដឹងថា សេចក្តីព្រាងច្បាប់ស្ដីពី "ឧក្រិដ្ឋកម្មលើប្រព័ន្ធបច្ចេកវិទ្យា" ឬ Cybercrime Law ជាភាសាអង់គ្លេស ដែលរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំដោយមិនអនុញ្ញាតអោយសង្គមស៊ីវិលចូលរួមនោះ មានកម្រិតក្រោមស្តង់ដារអន្តរជាតិ។ ស្ថិតក្រោមកម្រិតស្តង់ដារអន្តរជាតិ ពីព្រោះប្រសិនបើសេចក្តីព្រាងច្បាប់នេះក្លាយជាច្បាប់ វានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពក្នុងការសម្ដែងមតិ សិទ្ធិផ្សព្វផ្សាយ និងសិទ្ធិទទួលបានព័ត៌មាន ព្រមទាំងសិទ្ធិមានជីវភាពឯកជននៅកម្ពុជា ដែលធានាដោយរដ្ឋធម្មនុញ្ញ។
រាជរដ្ឋាភិបាលកម្ពុជា រហូតមកដល់ពេលនេះ បានខិតខំប្រឹងប្រែងលាក់លៀមមិនអោយសេចក្តីព្រាងច្បាប់ស្ដីពី "ឧក្រិដ្ឋកម្មលើប្រព័ន្ធបច្ចេកវិទ្យា" នេះ លេចធ្លាយទៅប្រភពខាងក្រៅ។
ទោះជាយ៉ាងណា អង្គការមាត្រា១៩ ដែលបានទទួលសេចក្តីព្រាងច្បាប់នេះបញ្ជាក់ថា មានពាក្យពេចន៍ និងខ្លឹមសារជាច្រើននៅក្នុងសេចក្តីព្រាងច្បាប់នេះ មានភាពស្រពិចស្រពិលមិនច្បាស់លាស់ ដែលជាចន្លោះប្រហោងអាចបកស្រាយបានតាមអំពើចិត្ត នាំទៅដល់ការដាក់ទោសព្រហ្មទណ្ឌ ជាពិសេសមាត្រា២៨ ដែលមានដាក់ទោសជាប់ពន្ធនាគារចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិត ដែលល្មើសនឹងច្បាប់នេះ។
ពាក្យពេចន៍ដែលមានអត្ថន័យមិនច្បាស់លាស់ចែងក្នុងមាត្រា២៨ រួមមាន សកម្មភាពរារាំងប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា សកម្មភាពញុះញង់អោយមានភាពអនាធិបតេយ្យ សកម្មភាពបង្កអោយមានអសន្តិសុខ អស្ថិរភាពសង្គម និងនយោបាយ ការនិយាយបង្ខូចបង្កាច់ ឬធ្វើអោយអន្តរាយដល់សុចរិតភាពនៃទីភ្នាក់ងារ និងក្រសួងនានាគ្រប់លំដាប់ថ្នាក់របស់រដ្ឋាភិបាល ការបញ្ចេញមតិទាំងឡាយណាដែលប៉ះពាល់ដល់តម្លៃសីលធម៌ និងវប្បធម៌ ដូចជាវប្បធម៌គ្រួសារ ជាដើម។
អ្វីដែលជាបញ្ហាក្នុងបទពិសោធន៍កន្លងមក គឺមានការពិបាកណាស់ក្នុងការកំណត់និយមន័យនៃពាក្យទាំងអស់នេះ ដូចជាថា អ្វីទៅជាសកម្មភាពបង្កអសន្តិសុខ អស្ថិរភាពសង្គម ឬអស្ថិរភាពនយោបាយនោះ? អ្វីទៅជាការនិយាយបង្ខូចបង្កាច់ ឬធ្វើអោយអន្តរាយដល់សុចរិតភាពនៃទីភ្នាក់ងាររដ្ឋនោះ? អ្វីទៅជាការបញ្ចេញមតិនាំអោយប៉ះពាល់ដល់តម្លៃសីលធម៌ និងវប្បធម៌នោះ?
អង្គការមាត្រា១៩ ស្នើអោយរដ្ឋាភិបាលកម្ពុជា លុបបញ្ញត្តិទាំងនេះចេញពីសេចក្តីព្រាងច្បាប់នេះ ពីព្រោះពាក្យពេចន៍ និងខ្លឹមសារដែលបានរៀបរាប់ក្នុងមាត្រា២៨ នេះមានអត្ថន័យស្រពិចស្រពិលខ្លាំងណាស់ គ្មានកំណត់និយមន័យច្បាស់លាស់ ដែលផ្តល់ឱកាសងាយស្រួលដល់មន្ត្រីរដ្ឋដែលអនុវត្តច្បាប់នេះ ផ្តល់និយមន័យ ឬបកស្រាយមាត្រាទាំងនេះតាមអំពើចិត្តរៀងៗខ្លួន បណ្ដាលអោយមានអំពើរំលោភបំពានច្បាប់ និងសិទ្ធិមនុស្ស។ ឧទាហរណ៍ ការសម្ដែងមតិស្របច្បាប់នៅលើប្រព័ន្ធអ៊ីនធឺណិត ដោយរិះគន់នូវអំពើពុករលួយ ឬអំពើខុសឆ្គងរបស់អាជ្ញាធរ ឬការនិយាយរិះគន់ដល់រដ្ឋាភិបាលយ៉ាងសាមញ្ញៗ ក៏អាចនឹងរងទោសទណ្ឌជាប់ពន្ធនាគារដោយច្បាប់នេះដែរ។ នៅមានបញ្ញត្តិក្នុងមាត្រាផ្សេងៗទៀត ដែលអង្គការមាត្រា១៩ នេះសម្ដែងការខ្វាយខ្វល់ ក្នុងនោះរួមមាន កម្រិតទោសដែលត្រូវដាក់ទៅលើអ្នកល្មើសនឹងច្បាប់នេះ គឺវាធ្ងន់ធ្ងរជាងទោសសម្រាប់ដាក់លើអ្នកល្មើសច្បាប់ព្រហ្មទណ្ឌធម្មតាទៅទៀត គឺធ្ងន់ធ្ងរទាំងប្រាក់ពិន័យ និងរយៈពេលជាប់ពន្ធនាគារ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានបដិសេធមិនឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់អង្គការមាត្រា១៩ នេះទេ ដោយលោកបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្ដីពី "ឧក្រិដ្ឋកម្មលើប្រព័ន្ធបច្ចេកវិទ្យា" សម្រាប់គ្រប់គ្រងលើអ្នកប្រើប្រាស់អ៊ីនធឺណិត នេះកំពុងស្ថិតក្នុងការរៀបចំរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍៖ «អត់ទាន់មានពិភាក្សាទេពីច្បាប់នេះ ពីព្រោះវាស្ថិតនៅលើពង្រាងទាំងអស់ ហើយពង្រាងនេះមិនទាន់ជាផ្លូវការទៀត។ ក្រសួងទូរគមនាគមន៍ជាអ្នកផ្ដួចផ្ដើមនៅលើសាច់រឿងហ្នឹង ហើយកំពុងនៅក្នុងវគ្គសិក្សា អត់ទាន់ចេញជាសេចក្តីព្រាងផ្លូវការនៅឡើយទេ។ នៅពេលខ្ញុំនិយាយសេចក្តីព្រាងផ្លូវការ គឺត្រូវឆ្លងពីអន្តរក្រសួងចូលមកទីស្ដីការគណៈរដ្ឋមន្ត្រី។ ដូច្នេះយើងអត់ទាន់មានអ្វីជាមូលដ្ឋានក្នុងការជជែកទេ។ លោក ជី វិតា៖ អ៊ីចឹងមានន័យថា ឥឡូវហ្នឹងវាស្ថិតនៅក្នុងដៃក្រសួងនៅឡើយ? លោក ផៃ ស៊ីផាន៖ វាមិនទាន់ជាជំហររបស់រដ្ឋាភិបាលទេ។ អាហ្នឹងជាជំហររបស់អ្នកឯកទេសរបស់ក្រសួង»។
បើទោះជា លោក ផៃ ស៊ីផាន បដិសេធថា ទីស្ដីការគណៈរដ្ឋមន្ត្រីមិនទាន់ទទួលបានសេចក្តីព្រាងច្បាប់ស្ដីពី "ឧក្រិដ្ឋកម្មលើប្រព័ន្ធបច្ចេកវិទ្យា" នេះពីក្រសួងសាមីក៏ដោយ វិទ្យុអាស៊ីសេរី ទទួលបានសេចក្តីព្រាងច្បាប់មួយនេះជាភាសាអង់គ្លេស មាន ១៧ទំព័រ។ នៅខាងក្រោមទំព័រទី១នេះមានសរសេរពាក្យមួយឃ្លាជាភាសាអង់គ្លេស ដែលមានន័យថា ព្រាងឡើងដោយក្រុមការងារសរសេរច្បាប់ស្ដីពី "ឧក្រិដ្ឋកម្មលើប្រព័ន្ធបច្ចេកវិទ្យា" នៃទីស្ដីការគណៈរដ្ឋមន្ត្រី។ អត្ថន័យនេះ អាចបញ្ជាក់យ៉ាងច្បាស់ថា មនុស្សរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីជាអ្នករៀបចំធ្វើសេចក្តីព្រាងច្បាប់នេះឡើង។
ទោះជាយ៉ាងណាក៏ដោយ អង្គការមាត្រា១៩ ឬ Article 19 គូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះក៏បានផ្តល់អំណាចច្រើនពេកដល់ព្រះរាជអាជ្ញា ជាជាងតុលាការ។ អង្គការមាត្រា១៩ បន្តថា ចាប់តាំងពីឆ្នាំ២០១២ រដ្ឋាភិបាលកម្ពុជា បានប្រកាសធ្វើសេចក្តីព្រាងច្បាប់ស្ដីពី "ឧក្រិដ្ឋកម្មលើប្រព័ន្ធបច្ចេកវិទ្យា" ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរមិនត្រូវបានរដ្ឋាភិបាលពិគ្រោះយោបល់អំពីច្បាប់នេះឡើយ បើទោះជាមានការអំពាវនាវពីសហគមន៍ជាតិ និងអន្តរជាតិក្តី។ ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលតែងបិទបាំងមិនអោយលេចធ្លាយនូវដំណើរការធ្វើសេចក្តីព្រាងច្បាប់របស់ខ្លួន ដោយមិនដែលបញ្ជាក់អោយសាធារណជនដឹងថា តើសេចក្តីព្រាងច្បាប់នោះនៅទីណា ស្ថិតនៅដំណាក់ការណា ហើយនឹងត្រូវអនុម័តនៅពេលណានោះ។
សភាពការណ៍នៅក្នុងប្រទេសកម្ពុជា ក្រោយពេលរដ្ឋាភិបាលប្រើកម្លាំងបង្ក្រាបបាតុករនៅផ្លូវវ៉េងស្រេង និងសង្កាត់កំបូល កាលពីថ្ងៃទី២ និងទី៣ មករា ឆ្នាំ២០១៤ នោះមក ការប្រមូលផ្តុំគ្នា និងធ្វើបាតុកម្មតវ៉ាផ្សេងៗ ត្រូវបានរដ្ឋាភិបាលហាមឃាត់រហូតមកដល់ពេលនេះ បើទោះជាការហាមឃាត់នេះផ្ទុយពីច្បាប់ក៏ដោយចុះ។
ដូច្នេះ វេទិកាសម្រាប់ជួបជុំសម្ដែងមតិ ចែកចាយ និងទទួលបានព័ត៌មាន ដែលពលរដ្ឋកម្ពុជា អាចធ្វើទៅបាន គឺមានតែនៅតាមប្រព័ន្ធអ៊ីនធឺណិត រួមមាន ហ្វេសប៊ុក (Facebook) ថ្វីតធឺ (Twitter) ឬតាមរយៈវែបសាយ ជាដើមតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋកម្ពុជា អាចនឹងបាត់បង់មធ្យោបាយប្រាស្រ័យទាក់ទងគ្នាតាមរយៈប្រព័ន្ធអ៊ីនធឺណិតនេះទៀត ប្រសិនបើរដ្ឋាភិបាលកម្ពុជា អនុម័តសេចក្តីព្រាងច្បាប់ស្ដីពី "ឧក្រិដ្ឋកម្មលើប្រព័ន្ធបច្ចេកវិទ្យា" បែបនេះអោយក្លាយទៅជាច្បាប់។
អង្គការឃ្លាំមើលសេរីភាពអន្តរជាតិ Article 19 បានអំពាវនាវអោយរដ្ឋាភិបាលកម្ពុជា បញ្ចេញសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត ដែលធ្វើឡើងថ្មីៗរបស់ខ្លួនជាសាធារណៈ និងបើកកិច្ចពិគ្រោះយោបល់ប្រកបដោយផ្លែផ្កាជាមួយអង្គការសង្គមស៊ីវិល ហើយអង្គការមាត្រា១៩ ឬ Article 19 នេះ រង់ចាំជួយផ្តល់មតិយោបល់ជានិច្ច។
ទោះជាយ៉ាងណាក៏ដោយចុះ ទាក់ទងនឹងសិទ្ធិទទួលបានព័ត៌មាន និងសិទ្ធិចែកចាយព័ត៌មាន ដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានប្រកាសជាសាធារណៈថា រដ្ឋាភិបាលរបស់លោកនឹងមិនបំបិទសិទ្ធិសេរីភាពអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។