អតីតសកម្មជនមាតាធម្មជាតិពីររូប គឺលោក ហ៊ុន វណ្ណៈ និង ឌឹម គុនឌី បានប្ដឹងសាទុក្ខទៅតុលាការកំពូល បន្ទាប់ពីសាលាឧទ្ធរណ៍សម្រេចឱ្យពួកលោកជាប់ទោសបន្តទៅទៀត ក្នុងសំណុំរឿងថតកប៉ាល់ដឹកខ្សាច់របស់ក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ កាលពីឆ្នាំ២០១៧ កន្លងទៅ។
មេធាវីការពារក្តីឱ្យអតីតសកម្មជនមាតាធម្មជាតិ លោក សំ ចំរើន ឱ្យអាស៊ីសេរីដឹងថា លោកបានដាក់បណ្ដឹងសាទុក្ខនេះទៅតុលាការរួចហើយ កាលពីពេលថ្មីៗនេះ។ លោកបញ្ជាក់ថា ការប្ដឹងទាស់នេះ គឺដោយសារកូនក្តីរបស់លោកមិនសុខចិត្តនឹងសាលដីការបស់សាលាឧទ្ធរណ៍ ដែលមានភាពអយុត្តិធម៌សម្រាប់ពួកគាត់។
កាលពីចុងខែសីហាកន្លងទៅ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមតុលាការខេត្តកោះកុង ទុកជាបានការដដែល។ តុលាការខេត្តកោះកុងបានផ្ដន្ទាទោសអ្នកទាំងពីរឱ្យជាប់ពន្ធនាគារម្នាក់ ១ឆ្នាំ ដោយអនុវត្តទោស ៥ខែក្នុងពន្ធនាគារ ហើយទោសនៅសល់ត្រូវព្យួរ ព្រមទាំងពិន័យជាប្រាក់ម្នាក់ ១លានរៀល។ តុលាការកាត់ទោសអ្នកទាំងពីបទ "ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍" និង "ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល" បន្ទាប់ពីយុវជនទាំងពីរជិះទូកថតរូបកប៉ាល់ដឹកខ្សាច់ក្នុងលំហសមុទ្រ នៅខេត្តកោះកុង។
ដើមបណ្ដឹងនៃរឿងនេះ គឺក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសកោះកុង (SEZ Koh Kong Co., Ltd.) របស់ឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងជាអ្នករកស៊ីនាំចេញខ្សាច់នៅខេត្តកោះកុង។ ទោះជាយ៉ាងណា តំណាងក្រុមហ៊ុនលោក លី យ៉ុងផាត់ មិនដែលបង្ហាញវត្តមានក្នុងអង្គសវនាការឡើយ ចាប់តាំងពីដំណាក់កាលចៅក្រមស៊ើបសួរតុលាការខេត្តកោះកុង រហូតដល់ដំណាក់កាលសាលាឧទ្ធរណ៍។
ក្រុមសកម្មបរិស្ថានរិះគន់ថា តុលាការខេត្តកោះកុង និងសាលាឧទ្ធរណ៍ធ្វើតាមតែការចង់បានរបស់ក្រុមហ៊ុន ដោយមិនឈរលើមូលដ្ឋានច្បាប់ និងវិជ្ជាជីវៈក្នុងការសម្រេចសេចក្ដីឡើយ។ ចំណែក មន្ត្រីសិទ្ធិមនុស្សវិញ ពិនិត្យឃើញថា តុលាការគ្មានភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកយុវជនទាំងពីរឡើយ ហើយការសម្រេចឱ្យពួកគេជាប់ទោស គឺជាការបំបាក់ស្មារតីយុវជនមិនឱ្យធ្វើសកម្មភាពការពារបរិស្ថាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។