អតីតបុគ្គលិកវិទ្យុអាស៊ីសេរីស្នើឱ្យតុលាការកំពូលទម្លាក់បទចោទ ដើម្បីធ្វើលិខិតឆ្លងដែន
2022.10.27
អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ស្នើឱ្យតុលាការកំពូលទម្លាក់បទចោទ និងប្រគល់អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែនត្រឡប់មកវិញ ដើម្បីឱ្យលោកមានឱកាសបានទៅជួបសាច់ញាតិនៅស្រុកកំណើត។ មន្ត្រីសង្គមស៊ីវិលថា តុលាការគួរទម្លាក់បទចោទ និងប្រគល់ឯកសារសម្គាល់ខ្លួនឱ្យទៅអ្នកសារព័ត៌មានទាំងពីររូបវិញ ដោយផ្អែកទៅលើអង្គច្បាប់ និងមនុស្សធម៌ ដើម្បីឱ្យពួកលោកមានសិទ្ធិសេរីភាពពេញលេញ។
អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា នៅព្រឹកថ្ងៃទី២៦ តុលា បានចូលរួមសវនាការនៅតុលាការកំពូល ទាក់ទងនឹងបណ្ដឹងសាទុក្ខ ដែលលោកស្នើសុំឯកសារសម្គាល់ខ្លួន រួមមានអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនមកវិញ ដើម្បីទៅសួរសុខទុក្ខឪពុកម្ដាយ សាច់ញាតិ ជាពិសេសបងស្រីរបស់លោក ដែលកំពុងឈឺធ្ងន់ដល់ដំណាក់កាលចុងក្រោយ។
លោក យាង សុធារិន្ទ ឱ្យដឹងនៅថ្ងៃទី២៦ តុលា ថា ការស្នើសុំនេះគឺដើម្បីឱ្យលោកមានឯកសារគ្រប់គ្រាន់សម្រាប់ឆ្លងដែនទៅកម្ពុជាក្រោមដែលជាស្រុកកំណើត។ លោកថា ជាង៥ឆ្នាំហើយ ដែលលោកមិនដែលបានទៅជួបសួរសុខទុក្ខសាច់ញាតិឪពុកម្ដាយនោះឡើយ ខណៈបច្ចុប្បន្នបងស្រីរបស់លោកកំពុងមានជំងឺធ្ងន់ធ្ងរថែមទៀតផង។ លោក យាង សុធារិន្ទ ដែលមាន ដើមកំណើតខ្មែរក្រោមរូបនេះ រំពឹងថា តុលាការកំពូលនឹងយោគយល់ប្រគល់លិខិតឆ្លងដែនដល់លោកដោយក្តីមនុស្សធម៌និងផ្អែកទៅតាមច្បាប់ ដើម្បីទៅមើលបងស្រីលោកដែលកំពុងស្ថិតនៅដង្ហើមចុងក្រោយតែប៉ុណ្ណោះ ដោយគ្មានបំណងធ្វើដំណើរទៅប្រទេសណាផ្សេងនោះឡើយ។ ទន្ទឹមគ្នានេះ លោកសន្យាថា នឹងគោរពការកំណត់របស់តុលាការគ្រប់លក្ខខណ្ឌ ឱ្យតែមានការប្រគល់ឯកសារសម្គាល់ខ្លួនមកវិញ និងអនុញ្ញាតឱ្យលោកបានទៅស្រុកកំណើត។ យ៉ាងណា លោកទទូចឱ្យតុលាការធ្វើការសម្រេចតបតាមសំណើរបស់លោក ដោយផ្អែកទៅលើអង្គច្បាប់ និងក្នុងន័យមនុស្សធម៌។
លោក យាង សុធារិន្ទ៖ «ខ្ញុំបញ្ជាក់ជាមួយតុលាការច្បាស់ហើយ ថាខ្ញុំយកលិខិតឆ្លងដែនហ្នឹងគឺខ្ញុំទៅតែកម្ពុជាក្រោមទេ បើតុលាការបារម្ភថាខ្ញុំទៅប្រទេសផ្សេងក្រៅតែពីកម្ពុជាក្រោម (តុលាការ)ចង់ធ្វើម៉េចក៏បានដែរ ដើម្បីខ្ញុំធានាការទទួលខុសត្រូវរបស់ខ្ញុំចំពោះមុខតុលាការ ព្រោះខ្ញុំក៏ចង់ឱ្យតុលាការច្បាស់លាស់ និងមានទំនុកចិត្តដែរ»។
ការស្នើសុំនេះ ធ្វើឡើងបន្ទាប់ពីលោក បានចូលរួមសវនាការនៅតុលាការកំពូលពាក់ព័ន្ធនឹងបណ្តឹងសាទុក្ខរបស់លោកដែលស្នើសុំលិខិតឆ្លងដែនមកវិញ នៅព្រឹកថ្ងៃទី២៦ ខែតុលាការ ហើយតុលាការ គ្រោងប្រកាសលទ្ធផលនៅថ្ងៃទី២ ខែវិច្ឆិកា ខាងមុខ។
នៅក្នុងសវនាការតូចមួយនៅព្រឹកថ្ងៃអង្គារនេះ មេធាវីការពារក្ដីលោក សំ ចំរើន បានលើកឡើងពីអង្គច្បាប់ចំនួនពីរ បង្ហាញទៅកាន់តុលាការដែលត្រូវតែផ្ដល់សេរីភាពក្នុងការដើរហើរ និងប្រគល់ឯកសារសម្គាល់ខ្លួនឱ្យទៅកូនក្ដីលោកវិញ។ អង្គច្បាប់ទីមួយ លោកបានលើកឡើងថាកូនក្ដីលោកទាំងពីរ លែងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការទៀតហើយ ក្រោយពេលដែលចៅក្រមស៊ើបសួរបានធ្វើសេចក្ដីសន្និដ្ឋានបញ្ជូនសំណុំរឿងទៅកាន់អង្គជំនុំជម្រះ។ ចំណែកអង្គច្បាប់ទីពីរ យោងទៅតាមដំណើរការនៃការស៊ើបអង្កេតមានរយៈពេលវែងដល់ទៅជាង៥ឆ្នាំ និងគ្មានភាពជឿនលឿនទៅមុខផងនោះ កូនក្ដីលោកមានសិទ្ធិស្នើសុំឱ្យបិទកិច្ចស៊ើបអង្កេតទៅតាមច្បាប់បញ្ញត្តិ។
អំឡុងពេលសវនាការ លោក សុធារិន្ទ បានលើកឡើងថាលោកបាត់បង់សាច់ញាតិចំនួនពីររូប និងមិនអាចទៅសួរសុខទុក្ខឪពុកម្ដាយចាស់ជរាដែលកំពុងរស់នៅទឹកដីកម្ពុជាក្រោមអស់រយៈពេល ៥ឆ្នាំមកហើយ។ លោក សុធារិន្ទ ស្នើសុំតុលាការប្រគល់លិខិតឆ្លងដែនមកលោកវិញ ដើម្បីអាចទៅសួរសុខទុក្ខបងស្រីរបស់លោកដែលកំពុងឈឺធ្ងន់ និងពុំមានចេតនាគេចវេសទៅប្រទេសណាផ្សេងនោះឡើយ។
មេធាវីការពារក្ដីលោក សំ ចំរើន ឱ្យដឹងថា លោកនៅពុំទាន់អាចធ្វើបុរេវិនិច្ឆ័យពីការសម្រេចរបស់តុលាការកំពូលបាននៅឡើយនោះទេ។ តែយ៉ាងណាលោកថា កូនក្ដីលោកមានមូលហេតុ និងមូលដ្ឋានច្បាប់ គ្រប់គ្រាន់និងច្បាស់លាស់ក្នុងការស្នើសុំឯកសារផ្ទាល់ខ្លួនត្រឡប់មកវិញ។ លោកបន្ថែមថា លោករង់ចាំលទ្ធផលនៃសាលដីកាសម្រេចរបស់តុលាការកំពូលជាមុនសិន ដើម្បីពិភាក្សាគ្នារកបញ្ញត្តិច្បាប់សម្រាប់បន្តនីតិវិធីនៅពេលក្រោយ។
លោក សំ ចំរើន៖ «ខ្ញុំមិនហ៊ានធ្វើបុរេវិនិច្ឆ័យទៅលើក្ដីសម្រេចថា បែបណាទេ។ តែគ្រាន់តែថាអ្វីដែលសំខាន់សម្រាប់ពេលនេះ ផ្អែកទៅលើកត្តាពេលវេលា កត្តាច្បាប់ គឺលោក យាង សុធារិន្ទ មានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ដាក់ពាក្យស្នើសុំទទួលយកប៉ាស្ព័រ (លិខិតឆ្លងដែន) មកប្រើប្រាស់វិញ»។
នេះជាលើកទីពីរហើយ ដែលលោក យាង សុធារិន្ទ បានប្ដឹងសាទុក្ខទៅតុលាការកំពូល ស្នើសុំឯកសារសម្គាល់ខ្លួនដើម្បីបានធ្វើដំណើរទៅកាន់ស្រុកកំណើត និងបំពេញកាតព្វកិច្ចជាអ្នកសារព័ត៌មាន។ ទោះបីពេលនេះ លោកលែងស្ថិតក្រោមត្រួតពិនិត្យរបស់តុលាការក្ដី ក៏លោកមិនបានទទួលសិទ្ធិសេរីភាពពេញលេញនៅក្នុងការរស់នៅ និងប្រកបអាជីពដូចប្រជាពលរដ្ឋទូទៅនោះឡើយ ដោយតុលាការនៅតែរក្សាទុកអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែន ដែលសុទ្ធសឹងជាឯកសារសំខាន់។ ការស្នើសុំឯកសារម្ដងហើយម្ដងទៀត ដោយសារតែលោកត្រូវការប្រើប្រាស់ជាចាំបាច់ ខណៈឯកសារទាំងនេះគ្មានឥទ្ធិពល និងមិនមែនជាភស្តុតាងនៅក្នុងសំណុំរឿងនេះឡើយ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យតុលាការកំពូល អ្នកស្រី ម៉ៅ ធីតា ដើម្បីសុំអត្ថាធិប្បាយអំពីសេចក្ដីសម្រេចតុលាការកំពូលនេះបានទេ នៅថ្ងៃទី២៦ តុលា ដោយទូរស័ព្ទចូលប៉ុន្តែអ្នកស្រីបានចុចផ្ដាច់។
លោក យាង សុធារិន្ទ ជាអតីតអ្នកយកព័ត៌មាននៅវិទ្យុអាស៊ីសេរី ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន ជាមួយអ្នកសារព័ត៌មានម្នាក់ទៀត គឺលោក អ៊ួន ឈិន កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧។ ពួកគេត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ក្រោមបទចោទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ» តាមមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា និងមួយករណីទៀតពីបទ «ផលិតនិងកាន់កាប់រូបភាពអាសអាភាស»។
អ្នកទាំងពីរត្រូវបានតុលាការដោះលែងឱ្យស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន និងលែងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនៅឆ្នាំ២០១៩។
កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ លោក យាង សុធារិន្ទ បានដាក់ពាក្យស្នើសុំលិខិតឆ្លងដែនពីតុលាការយកទៅប្រើប្រាស់ម្ដងរួចមកហើយ ដើម្បីទៅចូលរួមក្នុងកម្មវិធីមួយនៅសហរដ្ឋអាមេរិកនៅខែឧសភា ក្រោមការអញ្ជើញពីសហព័ន្ធខ្មែរកម្ពុជាក្រោម។ តែចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធការស្នើសុំនេះ ដោយពុំមានការបញ្ជាក់ពីមូលហេតុនោះឡើយ។
អ្នកសម្របសម្រួលគម្រោងការពារសេរីភាពមូលដ្ឋាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក រស់ សារ៉ាត់ យល់ឃើញថា តុលាការកំពូលគួរផ្ដល់ឯកសារផ្ទាល់ខ្លួនដល់អតីតអ្នកសារព័ត៌មានអាស៊ីសេរីទាំងពីររូបវិញដើម្បីឱ្យពួកលោកបានប្រកបកិច្ចការងារ និងមានសេរីភាពក្នុងការរស់នៅពេញលេញ។ ជាងនេះទៅទៀត លោកថា តុលាការគួរធ្វើសេចក្ដីសម្រេចដោយមានភាពមនុស្សធម៌ ដើម្បីឱ្យលោក យាង សុធារិន្ទ បានទៅជួបជុំគ្រួសារ ជាពិសេសបងស្រីដែលមានជំងឺធ្ងន់ធ្ងរ។ លោកបន្ថែមថា ប្រសិនបើច្បាប់នៅតែរកមិនឃើញភស្តុតាងដើម្បីដាក់បន្ទុកក្នុងសំណុំរឿងនេះ តុលាការកំពូលគួរទម្លាក់បទចោទ និងផ្ដល់យុត្តិធម៌ដល់អ្នកទាំងពីរ។
លោក រស់ សារ៉ាត់៖ «វាបានអូសបន្លាយនីតិវិធីជាច្រើនឆ្នាំមកហើយ។ តាំងពីឆ្នាំ២០១៧ រហូតមកដល់ពេលនេះ តុលាការនៅតែបន្តនីតិវិធី ហើយមិនទាន់ផ្ដល់ភាពច្បាស់លាស់ដល់ករណីគាត់ ធ្វើឱ្យមានការរាំងស្ទះដល់ការធ្វើដំណើររបស់ពួកគាត់»។
នៅខែតុលា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមចាត់របៀប បើកឱ្យធ្វើការស៊ើបអង្កេតលើសំណុំរឿងនេះឡើងវិញ បន្ទាប់ពីការជំនុំជម្រះត្រូវបានបញ្ចប់ ដែលធ្វើឱ្យពួកគេស្ថិតនៅក្នុងភាពមិនច្បាស់លាស់ខណៈពេលដែលនីតិវិធីនៅតែបន្តមិនដាច់ស្រេច។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានសម្រែងនូវការខកចិត្តចំពោះការយាយីតាមប្រព័ន្ធតុលាការទៅលើលោក យាង សុធារិន្ទ និង លោក អ៊ួន ឈិន ដែលមកដល់ពេលនេះនៅមិនទាន់ទទួលបានសេចក្ដីសម្រេចស្ថាពរណាមួយអស់រយៈពេលជិតប្រាំឆ្នាំមកហើយ ចាប់តាំងពីពេលចាប់ខ្លួននៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។