អតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូបគឺ លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ សម្រេចប្តឹងសាទុក្ខទៅតុលាការកំពូល ដើម្បីស្នើសុំអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនវិញ។ អ្នកជំនាញសារព័ត៌មានស្នើដល់តុលាការកំពូល ឱ្យប្រគល់ឯកសារសម្គាល់ខ្លួនជូនអ្នកទាំងពីរវិញ ដើម្បីពួកគេមានសិទ្ធិសេរីភាពពេញលេញដូចពលរដ្ឋទូទៅដែរ។
អតីតអ្នកយកព័ត៌មានអាស៊ីសេរីលោក យាង សុធារិន្ទ ឱ្យដឹងនៅថ្ងៃទី១៦ មេសា ថា មេធាវីរបស់លោកបានដាក់បណ្តឹងសាទុក្ខនោះទៅតុលាការរួចហើយ កាលពីសប្ដាហ៍មុន។ លោកថ្លែងថា តុលាការមិនគួររក្សាទុកអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនរបស់លោក និងលោក អ៊ួន ឈិន ទៀតឡើយ ព្រោះវត្ថុទាំងនោះត្រឹមតែជាគ្រឿងសម្គាល់ខ្លួន មិនមែនជាភស្តុតាងនៃសំណុំរឿងនោះទេ។ លោកថា ការរក្សាទុកលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណបែបនេះ ធ្វើឱ្យសិទ្ធិសេរីភាពរបស់ពួកលោកនៅតែស្ថិតក្រោមការរឹតត្បិតដដែល៖ «ការរក្សាឯកសារពួកខ្ញុំទុក វាគ្មានជួយអ្វីទេ។ សង្ឃឹមថា តុលាការកំពូលលោកយកសំណុំរឿងពួកខ្ញុំទៅពិចារណា ហើយអនុគ្រោះដល់យើងខ្ញុំបែបមនុស្សធម៌។ ផ្តល់ឱកាសឱ្យបានទៅជួបឪពុកម្តាយ ជួបសាច់ញាតិដូចគេដូចឯងអ៊ីចឹង។ បើនិយាយពីមនុស្សធម៌ គួរតែផ្ដល់យុត្តិធម៌ដល់ពួកខ្ញុំផង»។
កាលពីចុងខែមីនា កន្លងទៅ សភាស៊ើបសួរសាលាឧទ្ធរណ៍បានតម្កល់ការសម្រេចរបស់ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញទុកជាបានការដដែល ក្រោមហេតុផលថា សំណុំរឿងនេះត្រូវបានចាត់របៀបឱ្យស៊ើបសួរបន្ថែមទៀត ដូច្នេះសភាស៊ើបសួរសាលាឧទ្ធរណ៍ទុករឿងលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណនេះ ឱ្យខាងក្រុមប្រឹក្សាជំនុំជម្រះតុលាការក្រុងភ្នំពេញជាអ្នកសម្រេចវិញ។
កាលពីនៅដំណាក់កាលសាលាដំបូងរាជធានីភ្នំពេញ ចៅក្រមស៊ើបសួរលោក ពេជ្រ វិជ្ជាធរ បដិសេធមិនប្រគល់លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណដល់អ្នកទាំងពីរ ដោយសម្អាងថា វត្ថុចាប់យកទាំងនេះនៅមានភាពចាំបាច់ក្នុងដំណាក់កាលស៊ើបសួរ។ ទោះជាយ៉ាងណា ទាំងអ្នកច្បាប់ និងអ្នកការពារសិទ្ធិមនុស្សអះអាងដូចគ្នាថា ឯកសារសម្គាល់ខ្លួននេះ មិនមែនជាវត្ថុតាងស្វែងរកការពិតនៃសំណុំរឿងនោះឡើយ ហើយម្យ៉ាងទៀត អ្នកទាំងពីរលែងស្ថិតក្រោមនីតិវិធីត្រួតពិនិត្យតាមផ្លូវតុលាការជាយូរមកហើយ ដូច្នេះតុលាការត្រូវប្រគល់វត្ថុទាំងនោះទៅឱ្យពួកគេវិញ។
ក្រៅពីស្នើសុំលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណហើយនោះ លោក យាង សុធារិន្ទ ក៏ស្នើដល់តុលាការកំពូល ឱ្យពន្លឿនសំណុំរឿងសុំបដិសេធការស៊ើបអង្កេតបន្ថែមរបស់តុលាការជាន់ទាបផងដែរ៖ «តុលាការកំពូលមេត្តាជួយពន្លឿននីតិវិធីបើកសវនាការជំនុំជម្រះទាក់ទងនឹងការមិនយល់ព្រមការស៊ើបអង្កេតឡើងវិញហ្នឹង អ៊ីចឹងសូមធ្វើឱ្យបានលឿនទៅ។ មែនទែនទៅ យើងកំពុងរង់ចាំការសម្រេចរបស់តុលាការកំពូល ហើយការសម្រេចរបស់តុលាការកំពូលបែបណានោះ នឹងជួយជំរុញបន្ថែមទៀតដល់ការស៊ើបអង្កេតបន្ថែមនៅសាលាដំបូងហ្នឹងឯង»។
អាស៊ីសេរីមិនអាចទាក់ទងសុំការអធិប្បាយរឿងនេះពីអ្នកនាំពាក្យតុលាការកំពូល លោក អ៊ុក គឹមសិទ្ធិ បានទេ នៅថ្ងៃទី១៦ មេសា ដោយទូរស័ព្ទចូល ពុំមានអ្នកទទួល។
សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់អតីតអ្នកយកព័ត៌មានអាស៊ីសេរីលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ពីបទ «ផ្តល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយការការពារជាតិ» និងបទ «ផលិតវីដេអូអាសអាភាស»។ តុលាការបានឃុំខ្លួនអ្នកទាំងពីរជាង ៩ខែ ទើបអនុញ្ញាតឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែមកដល់ពេលនេះ ពួកលោកគ្មានសេរីភាពដើរហើរពេញលេញឡើយ ព្រោះតុលាការក្រុងភ្នំពេញមិនព្រមផ្ដល់អត្តសញ្ញាប័ណ្ណ និងលិខិតឆ្លងដែនដល់ពួកលោកវិញ។
សមាជិកក្រុមប្រឹក្សាភិបាលសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោក ម៉ៃ ទិត្យថារ៉ា មានប្រសាសន៍ថា តុលាការកំពូលគួរតែផ្ដល់លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណដល់អតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូបវិញ ដើម្បីឱ្យពួកគេមានសេរីភាពដើរហើរគ្រប់គ្រាន់ និងអាចប្រកបអាជីពចិញ្ចឹមជីវិតបានដូចធម្មតា៖ «ការដែលមិនផ្ដល់ឯកសារអស់ហ្នឹង វាហាក់ដូចជាវាស់ដីឱ្យពួកគាត់ដើរអ៊ីចឹង។ អ៊ីចឹងពួកគាត់មិនអាចធ្វើអ្វីបានក្រៅពីនៅក្នុងប្រទេសកម្ពុជា។ បើគាត់ចង់ទៅធ្វើការនៅស្ថាប័នណា ក៏គេត្រូវសួរដែរថា តើគាត់ធ្លាប់មានជាប់ចោទអ្វី ឬក៏ធ្លាប់មានបទល្មើសអ្វីដែរ ឬអត់ ? ដោយសារករណីគាត់តុលាការនៅតែស្រាវជ្រាវ ធ្វើការស៊ើបសួរបន្ថែម អ៊ីចឹងវាប៉ះពាល់ខ្លាំងណាស់សម្រាប់ការរស់នៅ និងការប្រកបការងាររបស់ពួកគាត់នោះ»។
អ្នកជំនាញផ្នែកសារព័ត៌មានរូបនេះ ស្នើយ៉ាងទទូចដល់តុលាការគ្រប់ជាន់ថ្នាក់ ឱ្យទម្លាក់ចោលបទចោទប្រកាន់លើលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ពីព្រោះលោកសង្កេតឃើញថា តុលាការគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកអតីតអ្នកសារព័ត៌មានទាំងពីររូបនេះឡើយ។ លោក ម៉ៃ ទិត្យថារ៉ា បន្ថែមថា ការបន្តចោទប្រកាន់អ្នកទាំងពីរ ធ្វើឱ្យប៉ះពាល់ដល់សេរីភាពសារព័ត៌មាននៅកម្ពុជា និងបង្កការភ័យខ្លាចដល់អ្នកសារព័ត៌មានដទៃទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។