រដ្ឋាភិបាល​រំពឹង​ថា អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នឹង​ជួយ​ពង្រឹង​វិស័យ​យុត្តិធម៌

ដោយ សេក បណ្ឌិត
2023.10.28
រដ្ឋាភិបាល​រំពឹង​ថា អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នឹង​ជួយ​ពង្រឹង​វិស័យ​យុត្តិធម៌ កិច្ចប្រជុំគណៈរដ្ឋមន្ត្រី​ដឹកនាំដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៧ តុលា ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​លើ​សេចក្តី​ព្រាង​ព្រះរាជក្រឹត្យ ស្ដីពី​ការបង្កើត​ការរៀបចំ និង​កិច្ច​ដំណើរការ​របស់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​គ្រោង​បង្កើត​នេះ ដើម្បី​ពង្រឹង លើក​កម្ពស់​វិស័យ​យុត្តិធម៌ និង​ជួយ​សម្រុះសម្រួល​វិវាទ​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន។ មន្ត្រី​សង្គម​ស៊ីវិល ស្វាគមន៍​គម្រោង​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ ប៉ុន្តែ​បារម្ភ​ថា យន្តការ​នេះ​ដោះស្រាយ​បាន​តែមួយ​រយៈពេល​ខ្លី​ក៏​ស្ងាត់​ទៅវិញ។

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អះអាង​ថា មិន​ចាប់បង្ខំ​ឱ្យ​ពលរដ្ឋ​ស្វែងរក​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នោះ​ទេ គឺ​ពលរដ្ឋ​នៅតែ​មាន​សិទ្ធិ​ស្វែងរក​ការ​ដោះស្រាយ​វិវាទ​នៅក្នុង​ប្រព័ន្ធ​តុលាការ​ដដែល បើសិនជា​ពលរដ្ឋ​ចង់​ដោះស្រាយ​ជម្លោះ​តាមផ្លូវ​តុលាការ​។ ទោះ​យ៉ាងណា ក្រុម​ការងារ​នេះ មិន​ដោះស្រាយ ឬ​សម្របសម្រួល​ករណី​ព្រហ្មទណ្ឌ​ទេ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើង​ថា អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ នេះ​ដើម្បី​ដោះស្រាយ​វិវាទ តាមរយៈ​ការ​សម្រុះសម្រួល ផ្សះផ្សា​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន​ឆាប់រហ័ស​ហើយ​ដែល​មាន​ការ​ប្រថាប់ត្រា​ពី​អាជ្ញាធរ។ លោក​រំពឹង​ថា យន្តការ​នេះ​ក៏​ជា​ផ្នែក​មួយ​ជួយ​កាត់បន្ថយ​ការ​កកស្ទះ​សំណុំរឿង នៅ​តាម​សាលា​ជម្រះក្តី​នានា និង​ជា​ការ​បង្ខិត​សេវា​ដោះស្រាយ​វិវាទ ឱ្យទៅ​កៀក​ពលរដ្ឋ។

លោក ហ៊ុន ម៉ាណែត៖ «អ៊ីចឹង​យន្តការ​នេះ​សង្ឃឹម​ថា អាច​ជួយ​ហើយ​សំខាន់​បំផុត​គឺ​ការ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពន្យល់​ណែនាំ​មហាជន​ឱ្យ​បាន​យល់​អំពី​ច្បាប់ យល់​អំពី​ជម្រើស​អ្វី​ដែល​ការរៀបចំ​នេះ​ជូន​ហើយ​ហេតុ​អី​ត្រូវតែ​រៀបចំ​រហូតដល់​ឧបនាយករដ្ឋមន្ត្រី​ធ្វើការ​ដឹកនាំ​នេះ​គឺ​ស្ថិត​ក្នុង​អាទិភាព​មិន​ខុសពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​និង​យន្តការ​ថ្នាក់​ជាតិ​ផ្សេង​ទេ អ៊ីចឹង​ការ​ដោះស្រាយ ការ​ពង្រឹង​លើ​ប្រព័ន្ធ​យុត្តិធម៌​គឺជា​អាទិភាព​សំខាន់​សម្រាប់​យើង»

គណៈរដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បាន​បើក​កិច្ចប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ ខែ​តុលា ដើម្បី​អនុម័ត​លើ​សេចក្តី​ព្រាង​ព្រះរាជក្រឹត្យ​ស្ដីពី​ការបង្កើត​ការរៀបចំ​និង​កិច្ច​ដំណើរការ​របស់​អាជ្ញាធរ​ជាតិ ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ និង​របៀបវារៈ​មួយ​ចំនួន​ទៀត។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ឡើង​ថ្លែង​ការពារ​សេចក្ដីព្រាង​នេះ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថា ការ​កែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​នៅតែ​ជា​វិស័យ​អាទិភាព​របស់​រដ្ឋាភិបាល​។ លោក​បន្ត​ថា នេះ​ជា​ការ​បោះជំហាន​ថ្មី​មួយ​ដ៏​មាន​សារៈសំខាន់ ស្រប់​តាម​ទិសដៅ​នៃ​ការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​។ លោក​បន្ត​ថា អាជ្ញាធរ​ថ្នាក់​ជាតិ​ដែល​គ្រោង​បង្កើត​នេះ គឺ​ស្របតាម​ស្មារតី​ច្បាប់ និង​ទិដ្ឋភាព​សង្គម​។ លោក​រដ្ឋមន្ត្រី​លើកឡើង​ថា ករណី​ជាក់ស្ដែង​នៅ​តាម​មូលដ្ឋាន នៅពេល​ពលរដ្ឋ​មាន​វិវាទ​អ្វីមួយ ពួកគាត់​តែងតែ​ទៅ​ពឹង ឬ​ទៅ​ប្ដឹង​មេភូមិ ឬ​មេឃុំ ឱ្យ​ជួយ​ដោះស្រាយ។

លោក កើត រិទ្ធ៖ «សំដៅ​បង្ខិត​សេវា​នៃ​ការ​ដោះស្រាយ​វិវាទ​ដែល​មាន​លក្ខណៈ​ងាយស្រួល​និង​សំបូរ​បែប​ឱ្យទៅ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ជួយ​សម្រុះសម្រួល​ផ្សះផ្សា​ដោះស្រាយ​បញ្ចប់​វិវាទ​ឱ្យ​បាន​ឆាប់រហ័ស​ជូន​ប្រជាពលរដ្ឋ​ព្រមទាំង​រួមចំណែក​លើកកម្ពស់​សន្តិភាព​និយម​នៅក្នុង​សង្គម​កម្ពុជា»

រាល់​ដំណោះស្រាយ​វិវាទ​ត្រូវតែ​គោរព​តាម​ឆន្ទៈ​យល់ព្រម​ដោយ​សេរី និង​ដោយ​ស្ម័គ្រចិត្ត ពី​ភាគី​វិវាទ​។ គម្រោង​នៃ​ការបង្កើត​ក្រុមការងារ​ថ្នាក់​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​ពេល​នេះ ខណៈ​ប្រព័ន្ធ​តុលាការ​កម្ពុជា​តែងតែ​ជាប់​ចំណាត់​ថ្នាក់ខ្ពស់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ និង​សព្វថ្ងៃ​សំណុំរឿង​ជាច្រើន​កំពុង​កកស្ទះ​នៅ​តាម​សាលា​ជម្រះក្ដី​នានា។

ទាក់ទង​រឿង​នេះ​ដែរ អ្នកសម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត ប្រាប់​ថា លោក​ពេញចិត្ត​នូវ​ការរៀបចំ​របស់​រដ្ឋាភិបាល​ដែល​គ្រោង​បង្កើត អាជ្ញាធរ​ថ្នាក់​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ប៉ុន្តែ​លោក​ព្រួយ​បារម្ភ​ថា យន្តការ​នេះ​បង្កើត​ឡើង​រួចហើយ​អនុវត្ត​បានតែ​មួយ​រយៈ​ពេល​ខ្លី​ក៏​ស្ងាត់​ទៅវិញ។ កង្វល់​របស់​មន្ត្រី​សង្គម​ស៊ីវិល​បែបនេះ ព្រោះ​លោក​សង្កេត​ឃើញ​ថា កន្លងទៅ​រដ្ឋាភិបាល​បាន​បង្កើត​ក្រុមការងារ​ថ្នាក់​ជាតិ ដោះស្រាយ​ជម្លោះដីធ្លី និង​ក្រុម​មេធាវី​របស់​លោក ហ៊ុន សែន ជាដើម ដើម្បី​ដោះស្រាយ​បញ្ហា​ដីធ្លី​និង​ជួយ​ពលរដ្ឋ​ក្រីក្រ ប៉ុន្តែ ក្រុមការងារ​នេះ​ដោះស្រាយ​បាន​តែមួយ​រយៈពេល​ខ្លី​ក៏​ស្ងាត់​បាត់​សកម្មភាព​។ លោក វណ្ណ សុផាត ជំរុញ រដ្ឋាភិបាល គួរ​ធ្វើ​បែប​ណា ពេល​បង្កើត​ក្រុមការងារ​ថ្នាក់​ជាតិ​នេះ​រួចហើយ ត្រូវ​អនុវត្ត​ការងារ​ឱ្យ​មាន​ប្រសិទ្ធភាព និង​មានការ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ឬ​អ្នក​ពាក់ព័ន្ធ​ទើប​ការអនុវត្ត​ការងារ​មាន​ប្រសិទ្ធភាព។

លោក វណ្ណ សុផាត៖ «ស្វាគមន៍ ប៉ុន្តែ​ខ្ញុំ​បារម្ភ​ថា ក្រែងលោ យន្តការ​គ្រាន់តែ​បង្កើត​បាន​មួយ​រយៈ ហើយ​វា​អាច​សាបរលាប​ទៅវិញ​អសកម្ម​ទៅវិញ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា ការ​ប្ដេជ្ញាចិត្ត​របស់​ឯកឧត្តម កើត រិទ្ធ ហើយ​និង​ប្រមុខ​រាជរដ្ឋាភិបាល​ថ្មី នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ប្រជាពលរដ្ឋ ព្រោះ​មាន​ប្រជាពលរដ្ឋ​គាត់​ទាក់ទង​មក​ខ្ញុំ​ដែរ​ថា ឥឡូវ​ហ្នឹង​មាន​ក្រុមការងារ​សម្រាប់​រក​យុត្តិធម៌»

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ឱ្យ​ដឹង​ថា អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ នឹង​ត្រូវ​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ នូវ​វិវាទ​រដ្ឋប្បវេណី វិវាទ​ពាណិជ្ជកម្ម និង​វិវាទ​ដទៃទៀត តាមរយៈ​ការសម្រុះសម្រួល ផ្សះផ្សា​ដោយ​ផ្អែក​តាម​កិច្ចព្រមព្រៀង​របស់​ភាគី​វិវាទ លើកលែងតែ​វិវាទ​ដែល​មិន​អាច​ជា​កម្មវត្ថុ នៃ​ការសម្រុះសម្រួល​ផ្សះផ្សា​តាម​កំណត់​របស់​ច្បាប់​។ អាជ្ញាធរ​នេះ​ប្រើ​ពាក្យ​កាត់​ថា អ​.​ដ​.​ក​. ដែល​មាន​សមាសភាព ឧបនាយករដ្ឋមន្ត្រី ១​រូប ជា​ប្រធាន អនុប្រធាន ៤​រូប ជា​ទេសរដ្ឋមន្ត្រី ១​រូប រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ១​រូប និង​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ១​រូប និង​មាន​សមាជិក​មកពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។ កន្លងទៅ​រដ្ឋាភិបាល លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​បង្កើត​អាជ្ញាធរ ឬ​ក្រុមការងារ​ថ្នាក់​ជាតិ​មួយចំនួន​ដែរ ដើម្បី​ដោះស្រាយ​បញ្ហា​ពលរដ្ឋ ប៉ុន្តែ​អ្នកឃ្លាំមើល​រិះគន់​ថា ក្រុមការងារ​ថ្នាក់​ជាតិ​របស់​រដ្ឋាភិបាល ហាក់​សកម្ម​នឹង​ការងារ ឬ​ធ្វើ​ការងារ​មាន​ប្រសិទ្ធភាព​តែ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ប៉ុណ្ណោះ។ ចំណែក រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ជា​កូន​របស់​លោក ហ៊ុន សែន នេះ បាន​ដឹកនាំ​ប្រទេស​ជាង ២​ខែ​មកនេះ តែ​រដ្ឋាភិបាល​ថ្មី​នេះ​ក៏​មិន​ទាន់​បង្ហាញ​ចំណុច​លេចធ្លោ​នៃ​សមិទ្ធផល​ការងារ​របស់​ខ្លួន​គួរ​ឱ្យ​កត់សម្គាល់​នៅ​ឡើយ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ប៉ូលិស​ថៃ​ស៊ើបអង្កេត​ឃើញ​ថា ករណី​ធ្វើឃាត​លើ​លោក លិម គិមយ៉ា មាន​ការ​រៀបចំ​ជា​ប្រព័ន្ធ ដោយ​មាន​មេខ្លោង​នៅ​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។