លោក ហ៊ុន សែន ជំរុញជាថ្មីទៀតឱ្យស្ថាប័នពាក់ព័ន្ធ គិតគូរបង្កើតច្បាប់គ្រប់គ្រងអ៊ិនធើណិត
2019.03.04
មេដឹកនាំរបបក្រុងភ្នំពេញ នៅថ្ងៃទី៤ មីនា បញ្ជាឱ្យស្ថាប័នពាក់ព័ន្ធពិនិត្យលើការប្រើប្រាស់ពាក្យសម្ដីលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីចៀសវាងមិនឱ្យប៉ះពាល់ដល់សង្គមជាតិ។ អ្នកជំនាញផ្នែកសារព័ត៌មានថា ចំណាត់ការនេះគឺជាគំរាមកំហែងដល់សិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ឱ្យស្ថាប័នជំនាញគិតគូរពីការបង្កើតច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ក្រោមហេតុផលថា ប្រទេសមួយចំនួនបានបង្កើត និងកំពុងអនុវត្តច្បាប់នេះ ដើម្បីប្រឆាំងនឹងអំពើល្មើសច្បាប់លើប្រព័ន្ធអ៊ិនធើណិត។ ក៏ប៉ុន្តែបុរសខ្លាំងខាងប្រើអំពើហិង្សារូបនេះ អះអាងថា លោកនឹងមិនបិទហ្វេសប៊ុក និងបណ្ដាញសង្គមដទៃទៀតនោះឡើយ ព្រោះបច្ចេកវិទ្យាថ្មីៗទាំងនេះមានប្រយោជន៍នៅក្នុងសង្គម និងជាតម្រូវការរបស់ពលរដ្ឋ៖ «យើងក៏ត្រូវធ្វើការអប់រំជាបណ្តើរៗ ក្នុងចំណោមប្រជាពលរដ្ឋរបស់យើងទៅលើការប្រើប្រាស់ពាក្យសម្ដី ហើយក៏ដូចជាវិធានការច្បាប់មួយចំនួនផងដែរ។ នៅប្រទេសមួយចំនួនបានបង្កើតច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយហើយ ហើយនៅប្រទេសមួយចំនួនកំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋអ៊ិនធើណិត អ៊ីចឹងកម្ពុជាក៏ត្រូវគិតគូរអំពីបញ្ហានេះផងដែរ»។
នេះជាលើកទីពីរហើយដែលលោក ហ៊ុន សែន បង្ហាញបំណងចង់ឱ្យមានច្បាប់ស្ដីពីការគ្រប់គ្រងលើប្រព័ន្ធអ៊ិនធើណិត។ នៅក្នុងជំនួបជាមួយក្រុមអ្នកកាសែត កាលពីមករាកន្លងទៅ លោកក៏បានស្នើឱ្យក្រសួងព័ត៌មាន និងភាគីពាក់ព័ន្ធពិភាក្សាគ្នា ដើម្បីបង្កើតច្បាប់គ្រប់គ្រងលើឧក្រិដ្ឋកម្មព័ត៌មានវិទ្យា និងប្រឆាំងព័ត៌មានក្លែងក្លាយ ព្រមទាំងធ្វើវិសោធនកម្មច្បាប់ស្ដីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ ផងដែរ។
ប្រតិកម្មរបស់លោក ហ៊ុន សែន ដែលចង់ឱ្យមានច្បាប់គ្រប់គ្រងអ៊ិនធើណិតនេះ ក៏ធ្វើឡើងបន្ទាប់ពីទំព័រហ្វេសប៊ុករបស់លោកត្រូវបានជនអនាមិកលួចយកទៅគ្រប់គ្រងមួយរយៈពេលខ្លី កាលពីពេលថ្មីៗ នេះដែរ។
នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ណុប វី ថ្លែងថា អ្វីដែលរឿងគួរឱ្យព្រួយបារម្ភនោះ គឺច្បាប់គ្រប់គ្រងអ៊ិនធើណិតនេះ អាចនឹងត្រូវបានប្រើប្រាស់ដើម្បីជាផលប្រយោជន៍នយោបាយរបស់គណបក្សកាន់អំណាច ជាពិសេសគឺការប្រើប្រាស់ក្នុងគោលដៅរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ៖ «ការបម្រើគំនិតនយោបាយនេះ គឺនៅក្នុងន័យថា ការប្រើប្រាស់ខ្លឹមសារនៃសេចក្ដីព្រាងហ្នឹង ដែលអាចឈានទៅរឹតត្បិត ឬមួយក៏គ្រប់គ្រងសេរីភាពរបស់ប្រជាពលរដ្ឋនៅក្នុងការបញ្ចេញមតិនៅលើបណ្ដាញសង្គម ឬមួយក៏អ៊ិនធើណិត។ ក៏ប៉ុន្តែបើមិនមានចេតនាក្នុងការប្រើប្រាស់ច្បាប់ហ្នឹង ដើម្បីឈានទៅរឹតត្បិត ឬមួយក៏គាបសង្កត់សេរីភាពបញ្ចេញមតិ ខ្ញុំគិតថា ចេតនានៃច្បាប់ហ្នឹងគឺល្អ ដើម្បីធានាឱ្យមានសុវត្ថិភាពក្នុងការប្រើប្រព័ន្ធអ៊ិនធើណិត ដើម្បីវេរ ឬផ្ទេរប្រាក់ជាដើម»។
អ្នកជំនាញផ្នែកសារព័ត៌មានរូបនេះ ថ្លែងថា រាល់ទម្រង់ទាំងឡាយណាដែលឈានដល់ការគាបសង្កត់ ឬរឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋនោះ គឺមិនមែនជារឿងល្អនោះឡើយ ហើយវានឹងធ្វើឱ្យការអភិវឌ្ឍសង្គមគ្មានតម្លាភាព និងគណនេយ្យភាព៖ «វាគួរតែមានការបើកទូលាយចំពោះសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការចូលរួមបញ្ចេញមតិ ព្រោះយើងដឹងហើយថា ក្នុងសង្គមប្រជាធិបតេយ្យ ប្រជាពលរដ្ឋគាត់ចូលរួមតាមដានពិនិត្យឃ្លាំមើលចំពោះការអនុវត្តកិច្ចការរបស់រដ្ឋាភិបាល ដើម្បីជំរុញឱ្យមានតម្លាភាព ឱ្យមានគណនេយ្យភាព ក្នុងការអភិវឌ្ឍសង្គមជាដើម»។
ថ្វីត្បិតតែកម្ពុជាមិនទាន់មានច្បាប់ស្ដីពីការគ្រប់គ្រងប្រព័ន្ធអ៊ិនធើណិតក្តី ក៏អាជ្ញាធររបបក្រុងភ្នំពេញបានចាត់វិធានការលើអ្នកប្រើប្រាស់ហ្វេសប៊ុក ដែលហ៊ានរិះគន់ចំៗ ឬវាយប្រហាររបបនេះ អស់ជាច្រើននាក់រួចមកហើយ។ ករណីចុងក្រោយគេបង្អស់ គឺចំណាត់ការលើអតីតសកម្មជនគណបក្ស សង្គ្រោះជាតិ ខេត្តស្វាយរៀង លោក គង់ ម៉ាស់ ដែលបានសរសេរសាររិះគន់របបលោក ហ៊ុន សែន ជុំវិញរឿងអសមត្ថភាពក្នុងការគ្រប់គ្រងប្រទេស និងដោះស្រាយបញ្ហាប្រឈមរបស់ជាតិ។ បទចោទដ៏ពេញនិយមបំផុតដែលអាជ្ញាធររបបក្រុងភ្នំពេញប្រើប្រាស់ដើម្បីចាត់ការអ្នកដែលហ៊ានបញ្ចេញមតិរិះគន់នោះ គឺបទញុះញង់ ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌរបស់កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។