សមាជិកក្រុមប្រឹក្សាខេត្តកូតាគណបក្សប្រឆាំង យល់ថា ការអនុម័តសេចក្ដីស្នើវិសោធនកម្មច្បាប់ចំនួន២ ដើម្បីបង្កើនចំនួនក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងដើម្បីកែប្រែការគ្រប់គ្រងរដ្ឋបាល នឹងមិនអាចបម្រើផលប្រយោជន៍ជាតិបានទេ តែជាការធ្វើឡើងដើម្បីពង្រីកអំណាច និងមហិច្ឆតា របស់បក្សកាន់អំណាចតែប៉ុណ្ណោះ។
សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ នៃគណបក្សសង្គ្រោះជាតិ ដែលរបបក្រុងភ្នំពេញដកហូតយកតំណែង ដោយសារមិនចុះចូលជាមួយបក្សកាន់អំណាច លោក ថៃ ធីម អះអាងថា ចំនួនសមាជិកក្រុមប្រឹក្សាសព្វថ្ងៃ មិនចាំបាច់បន្ថែមទេ ព្រោះវាលើសពី តម្រូវការទៅហើយ។ លោក ថៃ ធីម យល់ថា បំណងនៃការបង្កើនសមាជិកក្រុមប្រឹក្សា គឺគ្មានអ្វីក្រៅពីមហិច្ឆតាពង្រីកអំណាចរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឆ្លើយតបនឹងអ្វីដែលមេដឹកនាំរបប ហៅថា នយោបាយឈ្នះឈ្នះ នោះទេ៖ «បង្កើនអាសនៈទាំងអស់នោះ ដើម្បីដាក់មនុស្សរបស់គាត់ ( សមាជិកគណបក្សប្រជាជនកម្ពុជា ) ។ បើសិនគាត់ ( លោក ហ៊ុន សែន ) មិនបង្កើនសមាជិកក្រុមប្រឹក្សា ស្រុក ខណ្ឌ រាជធានី នេះទេ មនុស្សរបស់គាត់សល់ច្រើន។ ដូច្នេះ អានយោបាយឈ្នះឈ្នះរបស់គាត់ហ្នឹង វាអត់មានប្រយោជន៍អ្វីសម្រាប់ជាតិទេ គឺប្រយោជន៍សម្រាប់តែគណបក្សរបស់គាត់ប៉ុណ្ណោះ»។
ប្រតិកម្មរបស់មន្ត្រីបក្សប្រឆាំងនេះ ធ្វើឡើងភ្លាមៗ ក្រោយពីរដ្ឋសភាឯកបក្សនៃរបបលោក ហ៊ុន សែន អនុម័តវិសោធនកម្មច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលដែនដី រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ទោះជាយ៉ាងនេះក្តី មន្ត្រីរដ្ឋសភាឯកបក្ស អះអាងការពារវិសោធនកម្មច្បាប់ទាំងនេះ ថាមានសារសំខាន់ និងបន្ទាន់។ អ្នកនាំពាក្យ និងជាអគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី៣ ខែមករា នៅក្រោយការអនុម័តច្បាប់ថា សេចក្ដីស្នើច្បាប់ទាំងពីរ ត្រូវបានរដ្ឋសភា ចាត់ទុកជាច្បាប់ប្រញាប់ និងត្រូវបញ្ជូនទៅព្រឹទ្ធសភារួចហើយ ក្រោយពេលអនុម័តរួចរាល់។
ចំណែកឯអនុប្រធានគណបក្សប្រជាជនកម្ពុជាលោក ស ខេង និង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី៣ ខែមករា ការពារច្បាប់នេះដែរ ដោយលោកអះអាងថា មានហេតុផលសំខាន់ពីរយ៉ាង គឺទីមួយដោយសារចំនួនពលរដ្ឋ នៅខេត្តខណ្ឌនីមួយៗ បានកើនឡើង និងទីពីរគឺដើម្បីអនុវត្តនយោបាយផ្ទេរអំណាចទៅថ្នាក់មូលដ្ឋាន៖ «ផ្ទេរសិទ្ធិអំណាច ផ្ទេរធនធាន ទាំងធនធានថវិកា និងធនធានមនុស្ស ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រាជធានី ខេត្តក្រុង ស្រុកខណ្ឌនេះ ក្នុងបំណងធ្វើម៉េចឲ្យរដ្ឋបាល ដែលនៅកៀកកិតជាមួយពលរដ្ឋ មានសិទ្ធិអនុវត្តកិច្ចការរបស់ខ្លួន ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ»។
ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មាត្រា២៩ ៣០ ៣១ ៣២ ចែងថា ក្រុមប្រឹក្សា មានតួនាទី ចាត់ចែងកិច្ចការ ចាំបាច់នានា ដើម្បីសម្រេចនូវគោលបំណង ក្នុងការបង្កើត ការជំរុញ និងការធ្វើឱ្យមានចិរភាព ដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងដើម្បីបំពេញមុខងារ ភារកិច្ច ដែលបានប្រគល់ និងបានធ្វើប្រតិភូកម្មតាមច្បាប់។ ក្រុមប្រឹក្សាមានសិទ្ធិអំណាច ធ្វើសេចក្ដីសម្រេច ខាងបញ្ញត្តិ គឺការចេញដីកា និងសេចក្ដីសម្រេចខាងប្រតិបត្តិ គឺការធ្វើសេចក្ដីសម្រេច នៅក្នុងអង្គប្រជុំរបស់ក្រុមប្រឹក្សា។ ក្រុមប្រឹក្សា ត្រូវបំពេញមុខងារ និងភារកិច្ច ដោយធ្វើសេចក្ដីសម្រេច នៅក្នុងអង្គប្រជុំក្រុមប្រឹក្សារបស់ខ្លួន និងត្រូវធានាថា សេចក្ដីសម្រេចនោះ ត្រូវបានអនុវត្ត។
ទោះច្បាប់ចែងថាសមាជិកក្រុមប្រឹក្សាមានសិទ្ធិអំណាចបែបនេះ ក៏លោក ថៃ ធីម ប្រាប់ថា ពេលប្រតិបត្តិជាក់ស្ដែង ក្រុមប្រឹក្សាខេត្ត គ្មានសិទ្ធិអំណាចអ្វីទៅបញ្ជាគណៈអភិបាលខេត្ត ដូចច្បាប់កំណត់ទេ គឺបានត្រឹមតែអង្គុយស្ដាប់ និងចាំលើកដៃគាំទ្រ៖ «អ៊ីចឹង ខ្ញុំយល់ថា វា ( ការបង្កើនសមាជិកក្រុមប្រឹក្សា ) អត់ចំណេញអ្វីទាល់តែសោះ។ ក្នុងបរិបទនយោបាយសព្វថ្ងៃ ក្រុមប្រឹក្សាចំនួនដ៏ច្រើនលើសលប់នេះ វាគ្រប់គ្រាន់ណាស់ទៅហើយ ពីព្រោះក្រុមប្រឹក្សាសព្វថ្ងៃនេះ គ្មានសិទ្ធិអ្វី សម្រេចទៅលើគណៈអភិបាលទេ គ្រាន់តែទៅអង្គុយ ( ពេលប្រជុំ ) ហើយចាំតែលើកដៃ សម្រាប់ការអនុម័តកម្មវិធីគោលនយោបាយរបស់គណៈអភិបាលទេ»។
នៅក្នុងសេចក្ដីស្នើច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីភ្នំពេញខេត្ត ក្រុង ស្រុក ខណ្ឌ អាសនៈក្រុមប្រឹក្សាដល់ ២៧អាសនៈ។ ក្រុមប្រឹក្សាខេត្ត កើន ១២ អាសនៈ គឺពី១៥ ទៅ ២៧អាសនៈ។ ចំណែកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌនីមួយៗ នឹងកើន ១០ អាសនៈ គឺពី ១១ ទៅ ២១ អាសនៈ។ កាលពីបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ ឆ្នាំ២០១៤ មានក្រុមប្រឹក្សាជាប់ឆ្នោតសរុបជិត បីពាន់នាក់ (២,៩៣១) នៅទូទាំងប្រទេស។ បើតាមច្បាប់ថ្មីនេះ អាសនៈទាំងនេះ នឹងកើនប្រហែលពាក់កណ្តាលបន្ថែមទៀត នៅក្នុងការបោះឆ្នោតអសាកល នៃក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ នៅអាណត្តិទីបី ដែលគ្រោងនឹងធ្វើនៅ ខែឧសភា ឆ្នាំ២០១៩ ខាងមុខ។
កន្លងមករបបលោក ហ៊ុន សែន ក៏ធ្លាប់រងការរិះគន់ជាប្រចាំ ថាធ្វើច្បាប់ថ្មី ជាបន្ទាន់ និងប្រញាប់ ដើម្បីឆ្លើយតបទៅតាមការចង់បាន ក្នុងការបន្តក្រាញអំណាចរបស់បក្សនេះ ជាពិសេសដើម្បីបែកចែកអំណាច និងតួនាទីទៅដល់តែមន្ត្រី និងបក្សពួករបស់គណបក្សកាន់អំណាច។ មិនថាមន្ត្រីបក្សប្រឆាំង ឬអង្គការសង្គមស៊ីវិលនោះទេ គឺសុទ្ធតែមើលឃើញ នូវភាពមន្ទិលនៃវិសោធនកម្មច្បាប់ទាំងនេះ។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ចំនួនក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បច្ចុប្បន្ន មានភាពសមល្មមហើយ មិនចាំបាច់បន្ថែមទៀតទេ។ សង្គមស៊ីវិលរូបនេះ ផ្ដល់ទស្សនៈថា របបក្រុងភ្នំពេញ ត្រូវបង្កើនគុណភាព ផ្ទេរភារកិច្ច ធនធាន ថវិកា ដើម្បីឲ្យក្រុមប្រឹក្សាសកម្មជាងនេះ ត្រូវបង្កើតយន្តការការងាររបស់ក្រុមប្រឹក្សា ឬការកំណត់លក្ខណៈសម្បត្តិ របស់ក្រុមប្រឹក្សាឲ្យប្រសើរជាងនេះ និងត្រូវបញ្ចូលសមាសភាព យុវជន យុវតី ជំនួសក្រុមប្រឹក្សាចាស់ជរា ជាដើម។ មិនតែប៉ុណ្ណោះ លោក សន ជ័យ យល់ថា រឿងនេះជាបំណងផ្នែកប្រយោជន៍នយោបាយ ជាងប្រយោជន៍ និង តម្រូវការជាក់ស្ដែងនៅមូលដ្ឋាន។ ម្យ៉ាងទៀត ការបង្កើតអាសនៈបន្ថែមនេះ អាចជាការជួយរកមុខតំណែង ឲ្យមន្ត្រីគណបក្សកាន់អំណាច ដែលចូលនិវត្ត ដើម្បីបានបន្តការងារយូរតទៅទៀត៖ «មន្ត្រីដែលចូលនិវត្ត នៅក្នុងជួរគណបក្សកាន់អំណាច ក៏ទំនងជាត្រូវបានការយកចិត្តទុកដាក់ ក្នុងការផ្ដល់ជាតំណែង និងតួនាទី ដែលកើនក្នុងវិសោធនកម្មច្បាប់នោះ។ ជាទិដ្ឋភាព ដែលមើលឃើញ អំពីការយកចិត្តទុកដាក់ ឬការរៀបចំក្នុងបរិបទនយោបាយ ច្រើនជាងការអនុវត្តការងាររដ្ឋបាលសាធារណៈ»។
ចំពោះអ្នកវិភាគបញ្ហាសង្គមវិញ ប្រសិទ្ធភាពការងារ មិនមែនអាស្រ័យលើបរិមាណទេ តែត្រូវយកចិត្តទុកដាក់លើគុណភាព ដែលក្នុងន័យនេះ គឺគេមិនត្រូវបង្កើនតួនាទី និងមុខតំណែងបន្ថែមឲ្យច្រើនស្អេកស្កះបែបនេះនោះទេ ប៉ុន្តែ ត្រូវពិនិត្យមើលអំពីតុល្យភាពអំណាចរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ដើម្បីធ្វើយ៉ាងណា ឲ្យរបៀបគ្រប់គ្រងរដ្ឋបាល មានលក្ខណៈសុក្រឹត និងប្រសិទ្ធភាព។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ យល់ថា ក្នុងប្រព័ន្ធដឹកនាំបែបឯកបក្ស ដូចសព្វថ្ងៃ បើទោះបន្ថែមបរិមាណ ឬមិនបន្ថែម ក៏គុណភាពរបស់ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ នៅតែដដែល គឺគ្មានលទ្ធភាព អាចកោះហៅសួរនាំ តវ៉ា ឬផ្ដល់យោបល់ ឲ្យគណៈអភិបាលបានទេ។ អ្នកវិភាគផ្ដល់យោបល់ថា របបក្រុងភ្នំពេញ គួរផ្ដល់ជូនតំណែង និងសេរីភាព ឲ្យសមាជិកក្រុមប្រឹក្សាកូតាបក្សប្រឆាំងវិញ ទើបអាចមានលទ្ធភាពខ្លះ ក្នុងការឃ្លាំមើលការប្រតិបត្តិរបស់គណៈអភិបាល ដែលជាក្រុមប្រតិបត្តិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
