រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់កំហិតឲ្យមន្ត្រីរាជការនៅក្នុងក្រសួងនេះ ដែលកំពុងប្រកបវិជ្ជាជីវៈមេធាវី ជ្រើសរើសការងារតែមួយគត់ រវាងក្របខ័ណ្ឌរដ្ឋ និងការងារមេធាវី។ អ្នកឃ្លាំមើល និងមេធាវី ស្វាគមន៍ចំណាត់ការនេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រកឃើញថា មន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងនេះ កំពុងប្រកបវិជ្ជាជីវៈមេធាវី ទាំងខ្លួន កំពុងបំពេញមុខងារជាមន្ត្រីសាធារណៈ។ លោក ស ខេង អះអាងថា ការប្រកបវិជ្ជាជីវៈទាំងពីរ ក្នុងពេលតែមួយ គឺផ្ទុយពីច្បាប់គ្រប់គ្រងមន្ត្រីរាជការស៊ីវិល ច្បាប់គ្រប់គ្រងមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងផ្ទុយពីច្បាប់ស្ដីពីលក្ខន្តិកមេធាវី។
ទោះយ៉ាងណា លោក ស ខេង មិនប្រើវិធានការលុបឈ្មោះ មន្ត្រីរាជការទាំងនោះចោលទេ ដោយកំហិតឲ្យមន្ត្រីជ្រើសរើសការងារមួយ ក្នុងចំណោម មន្ត្រីរាជការ ឬទៅប្រកបវិជ្ជាជីវៈមេធាវី។ លោក ផ្ដល់ ជម្រើសឲ្យមន្ត្រីដែលមានមុខងារ ជាមេធាវីផង ជាមន្ត្រីក្រសួងមហាផ្ទៃផង អាចដាក់ពាក្យសុំ មិនប្រកបវិជ្ជាជីវៈ ឬសុំនៅក្រៅបញ្ជីមេធាវី តាមច្បាប់គោលការណ៍ច្បាប់ស្ដីពីលក្ខន្តិកមេធាវី ឬ ជ្រើសយកមុខងារមេធាវី ដោយសុំលាលែងក្របខ័ណ្ឌមន្ត្រីរាជការ ឬសុំស្ថិតក្នុងភាពទំនេរ ដោយគ្មានប្រាប់បៀវត្ស តាមបែបបទ នីតិវិធីរបស់ក្រសួងមហាផ្ទៃ។
កន្លងមក លោក ស ខេង ធ្លាប់បានបញ្ជាឲ្យមន្ត្រីក្រសួងមហាផ្ទៃ ដែលមានងារជាឧកញ៉ាផង ជាមន្ត្រីក្រសួងមហាផ្ទៃផង លាលែងក្របខ័ណ្ឌ ឬលាលែងងារជាឧកញ៉ា ម្ដងហើយ កាលពីឆ្នាំ២០១៩។
ចំណែកពាក់ព័ន្ធនឹងការងារប្រកបវិជ្ជាជីវៈមេធាវីនេះដែរ លោក ស ខេង បញ្ជាឲ្យអង្គភាពនានា ចំណុះ ឲ្យក្រសួងមហាផ្ទៃ ត្រូវចាត់ការស្រាវជ្រាវ និងរៀបចំបញ្ជីឈ្មោះ មន្ត្រីរាជការ ដែលកំពុងប្រកបវិជ្ជាជីវៈមេធាវី ដាក់ឲ្យអនុវត្តលាឈប់ពីក្របខ័ណ្ឌ ឬលាឈប់ពីវិជ្ជាជីវៈមេធាវី។
សមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកការិយាល័យមេធាវី ប៊ីប៊ីស៊ី (BBC) លោកមេធាវី សួស វណ្ណៈ គាំទ្រ វិធានការនេះ។ លោក ថា ច្បាប់ស្ដីពីលក្ខន្តិកមេធាវី តម្រូវឲ្យមានវិសមត្ថភាពការងារ ឬមិនអាចប្រកបការងារផ្សេង ប៉ុន្តែ លោក សង្កេតឃើញថា មានមន្ត្រីរាជការខ្លះ ដែលមានឋានៈធំៗ នៅក្រសួងមហាផ្ទៃ កំពុងប្រកបវិជ្ជាជីវៈមេធាវីពិតមែន។
លោកមេធាវី សួស វណ្ណៈ យល់ថា ការប្រកបវិជ្ជាជីវៈជាមេធាវី របស់មន្ត្រីរាជការ គឺខុសច្បាប់មេធាវី ហើយបណ្ដាលឲ្យការបំពេញមុខងាររដ្ឋ ធ្លាក់ចុះពិតមែន។ ជាងនេះទៅទៀត លោកមេធាវី ប្រាប់ថា ការបណ្ដោយឲ្យមន្ត្រីរាជការ អាចប្រកបវិជ្ជាជីវៈមេធាវីបាន ជាការប៉ះពាល់ដល់តម្រូវការការងារ របស់យុវជន ដោយសារនិស្សិតជំនាន់ក្រោយ ពិបាកទទួលបានឱកាសការងារក្នុងវិស័យច្បាប់ ព្រោះមន្ត្រីរាជការដែលមានការងារស្រាប់ បានដណ្ដើមយកការងារទាំងនោះ៖ «ប្រកបវិជ្ជាជីវៈសេរីហ្នឹង គេតម្រូវឲ្យគ្រប់បុគ្គលទាំងឡាយហ្នឹង ដែលត្រូវប្រកបមុខងារជាមេធាវីហ្នឹង បើសិនជាចង់ធ្វើត្រូវតែលះបង់ពីការងារផ្សេងៗ។ ដាក់ពាក្យឈប់ resign អ្វី ពីកន្លែងផ្សេងៗ អាហ្នឹង មកប្រកបវិជ្ជាជីវៈហ្នឹងមួយបាន។ តែបើសិនជាមកប្រកបមុខងារមេធាវីផង ធ្វើប៉ូលិសផង អ្វីផង អាហ្នឹងអត់ត្រូវទេ គឺខុសច្បាប់ទាំងស្រុងហ្មង ខុសលក្ខន្តិកមេធាវីហ្មងណា។ អ៊ីចឹងបានថា សេចក្ដីសម្រេចហ្នឹងល្អហើយ ឈានទៅរកតម្លាភាព»។
ចំណែកនាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត យល់ថា ការកំហិតរបស់ក្រសួងមហាផ្ទៃនេះ ជាគំរូល្អ សម្រាប់ក្រសួង ស្ថាប័នផ្សេងទៀត។ មន្ត្រីសង្គមស៊ីវិលរូបនេះ លើកទឹកចិត្ត ឲ្យគ្រប់ក្រសួងស្ថាប័នទាំងអស់ ដាក់កំហិត សម្រាប់មន្ត្រីរាជការ ដែលកំពុងបំពេញមុខងារសាធារណៈ មិនត្រូវប្រកបវិជ្ជាជីវៈមេធាវី ឲ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីលក្ខន្តិកមេធាវី៖ «អ៊ីចឹង អានេះ វាជាចំណុចមួយ ដែលចាប់ផ្ដើមកែទម្រង់ដែរហើយ ពីព្រោះមិនទុកបញ្ហាដែលមិនល្អនេះ មិនចេះតែបន្តទៀតទេ ធ្វើម្ដេចដើម្បីលើកកម្ពស់នៃស្ថាប័នវិជ្ជាជីវៈមេធាវីនៃគណៈមេធាវីហ្នឹង ឲ្យវាមានតម្លៃកាន់តែខ្ពស់ ហើយនិងមានប្រសិទ្ធភាពនៅក្នុងការអនុវត្តវិជ្ជាជីវៈរបស់ខ្លួននោះណា»។
បច្ចុប្បន្ន កម្ពុជាមានមេធាវីជាងពីរពាន់ (២.១៥៧)នាក់ ក្នុងនោះ មានមេធាវីពេញសិទ្ធិកំពុងប្រកបវិជ្ជាជីវៈ (១.៥៧៩នាក់) មេធាវីកំពុងធ្វើកម្មសិក្សា (៤០៨នាក់) មេធាវីមិនប្រកបវិជ្ជាជីវៈ (១១៣នាក់) មេធាវីសុំនៅក្រៅបញ្ជី (២៧នាក់) មេធាវីហាមឃាត់សិទ្ធិប្រកបវិជ្ជាជីវៈ (០២នាក់) មេធាវីផ្អាកពីមុខរបរ (០២នាក់) និងមេធាវី ដែលត្រូវបានលុបឈ្មោះចេញពីបញ្ជី (២០នាក់)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
