ក្រសួង​មហាផ្ទៃ​យល់​ព្រម​ទទួល​យក​មាត្រា​ចំនួន១៧ នៃ​ច្បាប់​ស្ដីពី​សមាគម ​អង្គការ​​យក​ទៅ​ជជែក​​​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​

0:00 / 0:00

ជំនួប​រវាង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ ៥០០ស្ថាប័ន​និង​តំណាង​ក្រសួង​មហាផ្ទៃ​បាន​បិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃ​ទី៦ ខែ​កក្កដា បន្ទាប់​ពី​ពួក​គេ​បាន​ជួប​គ្នា​ជា​ច្រើន​ខែ​កន្លងទៅ ​ដើម្បី​ជជែក​​ពិគ្រោះ​យោបល់​​កែប្រែ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ កិច្ច​ប្រជុំ​លើក​ទី៦ និង​ជា​លើក​ចុង​ក្រោយ​នេះ​ក្រសួង​មហាផ្ទៃ​យល់​ព្រម​ទទួល​យក​មាត្រា​ចំនួន១៧ នៃ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​យក​ទៅ​ជជែក​​​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​តាម​សំណើ​​អង្គការ​សង្គម​ស៊ីវិល​​ដើម្បី​ធ្វើ​វិសោធនកម្ម។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ចុះ​ហត្ថលេខា​ពី​តំណាង​​​ក្រសួង​មហាផ្ទៃ​និង​តំណាង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចុះ​ថ្ងៃ​ទី៦ ខែកក្កដា ​​​ឱ្យ​ដឹង​ថា​ មាត្រា​ចំនួន១៧ ដែល​ជា​សំណើ​របស់​ក្រុម​អង្គការសង្គមស៊ីវិល​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ​លើក​យក​មក​ពិភាក្សា និង​ពិគ្រោះ​យោបល់​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​របស់​រដ្ឋាភិបាល​​​​​​​រួមមាន​៖ មាត្រ១ មាត្រា៣ ៤ ៧ ៨ ៩ ១០ ១១ ២០ ២៤ ២៥ ២៦ ២៧ ៣០ ៣១ ៣២ និង​មាត្រា៣៥។

ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន​​ ដែល​ចូល​រួម​​ក្នុង​កិច្ច​ពិភាក្សា​នេះ​ឱ្យ​អាស៊ី​សេរី​ដឹង​ថា មាត្រា​ទាំង​១៧ ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​កែប្រែ ឬ​ធ្វើ​វិសោធនកម្ម​នេះ គឺ​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​​ក្នុង​ការ​បំពេញ​ការងារ​​​របស់​ខ្លួន ដើម្បី​លើក​កម្ពស់​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ជាដើម។ លោក​បន្ត​ថា ការ​ជជែក​កន្លង​មក​អង្គការ​សង្គម​ស៊ីវិល​បាន​ឈរ​លើ​ករណី​ជាក់ស្ដែង​ដែល​អង្គការ​សង្គម​ស៊ីវិល​ជួប​ប្រទះ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ថា បើ​រដ្ឋាភិបាល​យល់​ព្រម​កែប្រែ​មាត្រា​ទាំង​នេះ​នឹង​​​ធ្វើ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​អាច​បំពេញ​ការងារ​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​ជាង​សព្វ​ថ្ងៃ​នេះ៖ «យើង​យល់​ថា​ មាន​បញ្ហា​ប្រឈម​ និង​មាន​ការ​លំបាក​ជា​ច្រើន​ក្នុង​អនុវត្តន៍​អញ្ចឹង​អ្វី​ដែល​យើង​អនុវត្តន៍​ទៅ​មាន​បញ្ហា​ប្រឈម​ និង​បញ្ហា​លំបាក​គឺ​យើង​ស្នើ​ឱ្យ​ក្រសួង​មហាផ្ទៃ​ជួយ​សម្របសម្រួល​ហើយ​ដាក់​ទៅ​ជូន​រដ្ឋាភិបាល​ដើម្បី​ឱ្យ​រដ្ឋាភិបាល​ជជែក​ពិភាក្សា​នឹង​ស្នើ​បន្ត​ទៅ​រដ្ឋសភា​ជាតិ​ ដើម្បី​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ហ្នឹង»

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែនករុណា ​ដែល​ចូល​រួម​កិច្ច​ពិភាក្សា​នេះ​ដែរ​ឱ្យ​ដឹង​ថា​ លទ្ធផល​នេះ​គ្រាន់​តែ​បញ្ចប់​រវាង​អង្គការ​សង្គម​ស៊ីវិល​និង​តំណាង​ក្រសួង​មហាផ្ទៃ​ប៉ុណ្ណោះ។ លោក​ថា ការ​កែ​ច្បាប់​នេះ​នៅ​មាន​ដំណើរ​វែង​ឆ្ងាយ​ទៀត​​​ដែល​ដំណើរ​ការ​នេះ​ក្រុម​ជំនាញ​ក្រសួង​មហាផ្ទៃ​ត្រូវ​ធ្វើ​របាយការណ៍​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​​និង​ត្រូវ​យក​ទៅ​ជជែក​ជាមួយ​អន្តរក្រសួង​មុន​ឈាន​ដល់​ការ​ដាក់​ទៅ​រដ្ឋសភា​ដើម្បី​អនុម័ត។ ទោះ​យ៉ាង​ណា​ លោក​ សឹង សែនករុណា ចង់​ឃើញ​ក្រសួង​មហាផ្ទៃ​ ឬ​រដ្ឋាភិបាល​ពន្លឿន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ឱ្យ​លឿន​ត្បិត​អី​ការ​ជជែក​កន្លង​មក​ប្រើ​ពេល​វេលា​ច្រើន​ណាស់​មក​ហើយ៖ «បើ​យើង​ពិនិត្យ​មើល​ការ​ប្រើប្រាស់​ពេល​វេលា​ហ្នឹង​​ច្រើន​សម្រាប់​យើង ដូច​ជា​យូរ​គ្រាន់​បើ​ដែរ ហើយ​យើង​ឃើញ​ថា យ៉ាង​ណា​ក៏​យើង​អាច​ទទួល​បាន​យក​ដែរ​ក្នុង​ការដែល​ផ្ដល់​ឱកាស និង​ការ​ជជែក​ពិភាក្សា​គ្នា​ក្នុង​ពេល​ហ្នឹង​ទោះ​បី​មាន​ករណី​ខ្លះ​យើង​មិន​ពេញ​ក៏​យើង​គិត​ថា ល្អ​ប្រសើរ​ជាង​យើង​មិន​បាន​ជជែក​គ្នា »

លោក សឹង សែនករុណា ​ឱ្យ​ដឹង​ដែរ​ថា ជំនួប​ លើក​ចុង​ក្រោយ​រវាង​ក្រុម​អង្គការសង្គម​ស៊ីវិល​និង​តំណាង​ក្រសួង​មហាផ្ទៃ​នេះ​​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ដាក់​បន្ថែម​ប​ញ្ហា​ប្រឈម​នៃ​រឹត​ត្បិត​សេរីភាព ដែល​សង្គម​ស៊ីវិល​ជួប​ប្រទះ​​ដាក់​ជួន​បន្ថែម​ទៅ​ក្រសួង​ហើយ​ភាគី​ក្រសួង​ក៏​បាន​យល់​ព្រម​ទទួល​សំណើ​បន្ថែម​នេះ​ដែរ។

ក្រុមការងារ​រដ្ឋាភិបាល​​​និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​បាន​រៀប​ចំ​កិច្ច​ពិភាក្សា​និង​ពិគ្រោះ​យោបល់​​​ដើម្បី​ស្វែង​យល់​ពី​គោល​បំណង​​និង​ហេតុផល​ក្នុង​ការ​លើក​សំណើ​ធ្វើ​វិសោធនកម្ម​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​​ដោយ​ចាប់​ផ្ដើម​កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ២០១៩ ដល់​ថ្ងៃ​ទី៦ ខែ​កក្កដា​ ឆ្នាំ២០១០ ដែល​ជា​កិច្ច​ប្រជុំ​លើក​ទី៦ និង​ជា​លើក​ចុង​ក្រោយ។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជ​រដ្ឋាភិបាល​ដោះ​ស្រាយ​សំណើ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល លោក ប៊ុន ហុន បានទេ នៅ​ថ្ងៃ​ទី​០៦​ កក្កដា​ ដោយសារ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល។

សេចក្ដី​ប្រកាស​ដែល​មាន​ចុះ​ហត្ថលេខា​ពី​តំណាង​ក្រសួង​មហាផ្ទៃ​និង​តំណាង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ឱ្យ​ដឹង​ថា ក្រុមការងារ​រដ្ឋាភិបាល ក៏​ដូចជា​ក្រសួងមហាផ្ទៃ​​ប្ដេជ្ញា​រៀបចំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​​​​បន្ត​ទៀត​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​គោល​បំណង​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល និង​ពង្រឹង​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​រង​ភាព​ចម្រូងចម្រាស​តាំង​ពី​ដំណាក់កាល​តាក់តែង​សេចក្ដី​ព្រាង​មក​ម្ល៉េះ ពោល​គឺ​តាំងពី​ជាង ១០ឆ្នាំ​មុន។ នៅ​ឆ្នាំ២០១៥ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អនុម័ត​ច្បាប់​នេះ​ចេញ​ជា​ធរមាន​បាន ព្រោះ​លោក​ខឹង​សម្បារ និង​ចោទ​អង្គការ សមាគម​ខ្លះ​ថា មាន​និន្នាការ​លំអៀង​ទៅ​រក​គណបក្ស​ប្រឆាំង។ បើ​ទោះ​ច្បាប់​នេះ​ចូល​ជា​ធរមាន​ក្ដី តែ​ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ តែង​ជំទាស់​ដោយ​ហៅ​ច្បាប់​នេះ​ថា ជា​ច្បាប់​រឹតត្បិត​សិទ្ធិមនុស្ស មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ៕