អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន ៩៥អង្គការ បានថ្កោលទោសយ៉ាងដាច់អហង្កការ ចំពោះការកាត់ទោសមេសហជីព រួចហើយព្យូរទោសពួកគាត់វិញ ដោយចាត់ទុកថា នេះការធ្វើទុក្ខបុកម្នេញ មិនមែនបើកចំហសេរីភាពទេ។
ក្នុងសេចក្តីប្រកាសព័ត៌មានរួម នៅថ្ងៃទី២៤ ខែធ្នូ អង្គការទាំង ៩៥ ដែលមានមូលដ្ឋាននៅកម្ពុជា និងនៅទូទាំងពិភពលោក ស្នើសុំឲ្យរបបលោក ហ៊ុន សែន បញ្ឈប់ការដាក់ទោសទណ្ឌលើសហជីព។
ជំហររបស់អង្គការទាំងនេះ គឺធ្វើឡើងឆ្លើយតបទៅនឹងសាលក្រមរបស់សាលាដំបូង រាជធានីភ្នំពេញ ដែលកាលពីថ្ងៃទី១៤ ខែធ្នូ បានផ្តន្ទាទោសថ្នាក់ដឹកនាំសហជីពឯករាជ្យ ចំនួនប្រាំមួយរូប រូមមានលោក អាត់ ធន លោក រ៉ុង ឈុន អ្នកស្រី យ៉ាង សុភ័ណ្ឌ លោក ជា មន្នី លោក ប៉ាវ ស៊ីណា និង អ្នកស្រី ម៉ម ញឹម។ អ្នកទាំងនេះ ត្រូវបានតុលាការផន្ទាទោស ដាក់ពន្ធនាគារពីរឆ្នាំ និងប្រាំមួយខែ តែទោសទាំងអស់ត្រូវព្យួរទាំងស្រុង។ ប៉ុន្តែអ្នកទាំងអស់ត្រូវបង់សំណងរួមគ្នា ចំនួន ៣៥លានរៀល (ប្រហែល ៨.៦០០ដុល្លារ) សងទៅដើមបណ្តឹងរដ្ឋប្បវេណីពីររូប ទោះបីដើមបណ្តឹងមួយរូប បានដកបណ្តឹងទារសំណងនេះរួចហើយក្តី។
អង្គការទាំង ៩៥ នេះ ចាត់ទុកសេចក្តីសម្រេចរបស់តុលាការ គឺជាគំរូផ្សេងទៀត នៃការធ្វើទុក្ខបុកម្នេញលើមន្រ្តីសហជីពឯករាជ្យ។ ការកាត់ឲ្យជាប់ទោសនេះ បើទោះបីជាព្យួរទោសក៏ដោយ ជាសញ្ញាណដែលបញ្ជាក់ថា សិទ្ធិសេរីភាពសមាគម និងអ្នកសហជីពឯករាជ្យ នៅតែស្ថិតក្រោមការគម្រាមកំហែង ដោយផ្ទាល់ ក្នុងប្រទេសកម្ពុជា។
នាយកប្រតិបត្តិនៃអង្គការសង់ត្រាល់ លោក មឿន តុលា ថ្លែងថា កម្មករ និងអ្នកសហជីពឯករាជ្យ មិនគួររងការធ្វើទុក្ខបុកម្នេញ ក្នុងការអនុវត្តសិទ្ធិ សេរីភាព សមាគម និង ការចរចាជាសមូហភាព ដោយសារតែការជាប់ទោសទណ្ឌ ក្នុងការអនុវត្តសកម្មភាពស្របច្បាប់របស់សហជីពនោះទេ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន និង ប្រធានសម្ព័ន្ធសហជីពកម្ពុជាអ្នកស្រី យ៉ាង សុភណ្ឌ ត្រេកអរនឹងសេចក្តីប្រកាសព័ត៌មានរបស់អង្គការសង្គមស៊ីវិលទាំងនេះ ដោយចាត់ទុកថា នេះជាការលើកទឹកចិត្តបន្ថែម ដល់ការការងារតស៊ូមតិដើម្បីសិទ្ធិ និងប្រយោជន៍កម្ពុជា។ អ្នកទាំងពីរ មិនសុខចិត្តនឹងសេចក្តីសម្រេចរបស់តុលាការជាន់ទាបនេះទេ ហើយនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែល អង្គការទាំងអស់នេះ ស្នើឲ្យសហគមន៍អន្តរជាតិ ជាពិសេសសហភាពអឺរ៉ុប ត្រូវពិនិត្យឡើងវិញ ចំពោះឥរិយាបទរបបលោក ហ៊ុន សែន ដែលបន្ធូរបន្ថយ ដែលអាចគ្រាន់តែជាការផ្គាប់ចិត្ត កុំឲ្យដកការអនុគ្រោះពន្ធប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
