កងទ័ពវៀតណាម បានចូលឈ្លានពានកម្ពុជា ផ្ដួលរំលំរបបវាលពិឃាត ប៉ុល ពត ដោយដណ្ដើមកាន់កាប់បានទីក្រុងភ្នំពេញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយវាយបណ្ដេញកងទ័ពខ្មែរក្រហមរហូតដល់ព្រំដែនខ្មែរ-ថៃ។ បន្ទាប់មកនៅក្នុងឆ្នាំ១៩៨៤ ដើម្បីទប់ស្កាត់ការជ្រៀតចូលនៃកងទ័ពខ្មែរក្រហម និងអ្នកតស៊ូនៃចលនាផ្សេងទៀតមកក្នុងទឹកដីខ្មែរ មេបញ្ជាការកងទ័ពវៀតណាម លោក ឡឺ ដឹក ថូ (Le Duc Tho) បានបង្កើតផែនការ «ក៥» ដោយកេណ្ឌ និងបង្ខំពលរដ្ឋខ្មែរឲ្យទៅកាប់ព្រៃសាងសង់ជញ្ជាំងក្រវាត់ការពារព្រំដែនកម្ពុជា-ថៃ។ ប្រជាជនខ្មែររាប់សិបពាន់នាក់ បានស្លាប់ក្នុងយុទ្ធនាការផែនការ «ក៥» នោះ។ ទោះជាយ៉ាងណា ស្ថិតិស្លាប់ពិតប្រាកដគ្មាននរណាដឹងច្បាស់ទេ ពីព្រោះរដ្ឋាភិបាលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន នាពេលនោះ មិនបានបញ្ចេញរបាយការណ៍ប្រកបដោយតម្លាភាពនោះឡើយ។
សូមអញ្ជើញស្តាប់បទសម្ភាសន៍របស់ លោក ជី វិតា ជាមួយ លោក ប្រ៊ែដ អាដាម (Brad Adams) នៃអង្គការសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ស្ដីពីបញ្ហាផែនការ «ក៥» នេះ ដែលលោកបានបញ្ចូលទៅក្នុងរបាយការណ៍សិទ្ធិមនុស្សចុងក្រោយរបស់លោក ដែលមានសេចក្តីដូចតទៅ៖
លោក ជី វិតា៖ ជម្រាបសួរ លោក ប្រ៊ែដ អាដាម! សូមលោកជួយប្រាប់ខ្ញុំផងថា ហេតុអ្វីបានជាលោកចេញរបាយការណ៍ដែលមានចំណងជើងថា «៣០ឆ្នាំក្រោមការគ្រប់គ្រងរបស់ លោក ហ៊ុន សែន» យ៉ាងទូលំទូលាយមួយនៅពេលថ្មីៗនេះ?
លោក ប្រ៊ែដ អាដាម៖ បាទ! វាជារឿងមិនធម្មតាទេដែលនរណាម្នាក់នៅលើលោកនេះ កាន់អំណាចបានយូររហូតដល់ ៣០ឆ្នាំនោះ។ យោងតាមការគណនារបស់យើង លោក ហ៊ុន សែន គឺជាមេដឹកនាំនយោបាយម្នាក់ក្នុងចំណោម ៦នាក់ ដែលកាន់អំណាចយូរជាងគេនៅលើលោកនេះ។ នេះមិនរាប់បញ្ចូលមេដឹកនាំជាព្រះមហាក្សត្រទេ។ ដោយហេតុថាវាមិនធម្មតានោះហើយ ទើបនាំឲ្យគេឯងមានការចាប់អារម្មណ៍ ដែលញ៉ាំងឲ្យមានសំណួរថា តើអ្នកនយោបាយម្នាក់ទោះជានៅប្រទេសណាក៏ដោយ កម្ពុជាក្តី ឬហ្ស៊ីមបាវ៉េ (Zimbabwe) ក្រោមការដឹកនាំរបស់ លោក រ៉ូបឺត មូក្កាបេ (Robert Mugabe) ក្តី ឬនៅប្រទេសអូហ្គង់ដា (Uganda) ក្រោមការដឹកនាំរបស់ លោក មូសេវេនៀ (Museveni) ក្តី ធ្វើដូចម្តេចបានជាអាចនៅកាន់អំណាចបានយូរម្ល៉េះ?
ករណីមេដឹកនាំជាប់ឆ្នោតឡើងវិញតាមបែបប្រជាធិបតេយ្យ កាន់អំណាចរហូតដល់ ៣០ឆ្នាំនោះ វាគ្មានទេក្នុងលោកនេះ។ អ្នកណាដែលកាន់អំណាចបាន ៣០ឆ្នាំ គឺជាមេដឹកនាំផ្ដាច់ការ។ គ្មាននរណាអាចឈ្នះការបោះឆ្នោតដែលមានលក្ខណៈសេរី និងយុត្តិធម៌ជាប់ៗគ្នារហូតយូរយ៉ាងដូច្នេះទេ គ្មានទេ។ ស្ទើរគ្រប់ប្រទេសទាំងអស់ ប្រជាជនឆ្អែតឆ្អន់នឹងមេដឹកនាំមុខដដែលៗណាស់។ នៅក្នុងប្រទេសកម្ពុជា ប្រជាជនឆ្អែតឆ្អន់នៅពេលឮសំឡេង លោក ហ៊ុន សែន ហើយពួកគេក៏ឆ្អែតឆ្អន់នៅពេលឃើញមុខ លោក ហ៊ុន សែន។ រឿងបែបនេះក៏ពិតជាកើតមានដូចគ្នានៅប្រទេសផ្សេងទៀត ដូចជា ប្រទេសហ្ស៊ីមបាវ៉េ គឺប្រជាជនឆ្អែតឆ្អន់រស់ក្រោមការដឹកនាំរបស់ លោក រ៉ូបឺត មូក្កាបេ។
ដូច្នេះហើយទើបយើងសម្រេចចិត្តថា យើងគួរពិនិត្យមើលដើម្បីចង់ដឹងថា តើគេកាន់អំណាចយូរយ៉ាងនេះបានដោយរបៀបណា? ហើយយើងកត់ត្រាទុកនូវព្រឹត្តិការណ៍ទាំងឡាយដែលកើតមានឡើងក្រោមការដឹកនាំរបស់អ្នកដឹកនាំទាំងនោះ។ នៅកម្ពុជា លោក ហ៊ុន សែន ជាអ្នកនយោបាយម្នាក់ដែលមានឥទ្ធិពលខ្លាំងក្លា គ្របដណ្ដប់ពេញទីលើឆាកនយោបាយអស់រយៈពេលជិត ៣០ឆ្នាំកន្លងមកនេះ។ ស្ទើរគ្រប់រឿងរ៉ាវតែទាំងអស់ លោក ហ៊ុន សែន ជាអ្នកសម្រេចលើជោគវាសនាប្រទេសកម្ពុជា តែម្នាក់ឯង។ គាត់ជាអ្នកសម្រេចលើកិច្ចការសំខាន់ៗទាំងអស់។ មនុស្សជាច្រើនមើលឃើញយ៉ាងនេះ។ លោក ហ៊ុន សែន ត្រួតត្រាគ្របសង្កត់លើគណបក្សប្រជាជនកម្ពុជា រហូតដល់ចំណុចមួយដែលគ្មាននរណាហ៊ានហើបមាត់ប្រកែក នូវអ្វីដែលគាត់និយាយចេញមកទេ។ គាត់ត្រួតត្រាលើតុលាការ លើយោធា និងប៉ូលិស។ ដូច្នេះ គាត់ជាមនុស្សសំខាន់មានឥទ្ធិពលប៉ះពាល់ដល់ជីវិតរបស់ពលរដ្ឋទាំងមូលក្នុងប្រទេស។ ដូច្នេះហើយ ពីជ្រុងទិដ្ឋភាពសិទ្ធិមនុស្ស យើងមើលឃើញថាវាសំខាន់ណាស់ ដែលត្រូវកត់ត្រាទុកនូវប្រវត្តិរឿងរ៉ាវ និងអតីតភាពរបស់គាត់។
លោក ជី វិតា៖ ប៉ុន្តែ លោក ហ៊ុន សែន មានប្រសាសន៍ថា លោកមិនខ្វល់ថាយូរប៉ុណ្ណានោះទេ ដរាបណាប្រជាជនបោះឆ្នោតជូនលោក។
លោក ប្រ៊ែដ អាដាម៖ ប៉ុន្តែយើងដឹងថា ប្រជាពលរដ្ឋមិនបានបោះឆ្នោតឲ្យគាត់ទេ។ ចូរពិនិត្យមើលប្រវត្តិសាស្ត្រ លោក ហ៊ុន សែន ចូលរួមបោះឆ្នោតសកលលើកទី១ នៅឆ្នាំ១៩៩៣ គឺ ៨ឆ្នាំក្រោយគាត់ធ្វើជានាយករដ្ឋមន្ត្រី នៅឆ្នាំ១៩៨៥។ ក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩៣ គាត់ចាញ់ឆ្នោត។ ប៉ុន្តែ លោក ហ៊ុន សែន និងគណបក្សប្រជាជន របស់គាត់យំឡាំប៉ាមិនទទួលស្គាល់លទ្ធផលបោះឆ្នោតទេ ហើយគំរាមបង្កសង្គ្រាម។ ពេលនោះ លោក ហ៊ុន សែន បានគំរាមបញ្ឆោតថានឹងរឹបយកខេត្តចំនួន៧ ដើម្បីពុះបំបែកទឹកដីកម្ពុជា ជាពីរ។ ពេលនោះ កងទ័ពរក្សាសន្តិភាពអង្គការសហប្រជាជាតិ មិនចង់ប្រឈមការបាត់បង់ជីវិត ក៏អនុញ្ញាតឲ្យមានការសម្របសម្រួលនយោបាយ។ ពេលនោះហើយ ទើបមាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលអាណត្តិទី១ ដល់ទៅពីរក្បាលនាពេលនោះ។ ការបោះឆ្នោតជាបន្តបន្ទាប់មកទៀត ត្រូវបានក្រុមអ្នកសង្កេតការណ៍ឯករាជ្យវាយតម្លៃថាមិនសេរី និងមិនយុត្តិធម៌។
បន្ទាប់មកនៅអំឡុងពេលរដ្ឋប្រហារឆ្នាំ១៩៩៧ និងអំឡុងពេលបាតុកម្មតវ៉ាដ៏ទ្រង់ទ្រាយធំប្រឆាំងនឹងលទ្ធផលបោះឆ្នោតឆ្នាំ១៩៩៨ កងកម្លាំងទាហាន និងប៉ូលិសរបស់ លោក ហ៊ុន សែន បានសម្លាប់មនុស្សជាច្រើន។ អ្នកដែលស្លាប់ទាំងនោះមានទាំងព្រះសង្ឃផង ដែលបានងើបប្រឆាំងនឹងលទ្ធផលបោះឆ្នោត និងការបន្តក្រាញកាន់អំណាចរបស់ លោក ហ៊ុន សែន។ ពេលនោះ ខ្ញុំធ្វើការជាមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសកម្ពុជា។ ពេលនោះ យើងបានឃើញសាកសពព្រះសង្ឃ ទាំងនៅដណ្ដប់ស្បង់ចីវរអណ្ដែតទឹកនៅក្នុងទន្លេបាសាក់។ និយាយជារួម យើងនៅរង់ចាំមើលថា តើ លោក ហ៊ុន សែន នឹងឈ្នះការបោះឆ្នោតដែលមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅពេលណា? ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់ឃើញមាននៅឡើយទេ។
លោក ជី វិតា៖ របាយការណ៍របស់លោកដែលមានចំណងជើងថា «៣០ឆ្នាំក្រោមការគ្រប់គ្រងរបស់ លោក ហ៊ុន សែន» រៀបរាប់ពីបញ្ហា និងព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងនោះមាន ផែនការ «ក៥» ផង ដែលកើតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ក្រោមការគ្រប់គ្រងនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។
នៅពេលនេះ ខ្ញុំចង់ច្បិចយករឿងផែនការ «ក៥» មកជជែកជាមួយលោក។ ផែនការ «ក៥» គឺជាកម្មវិធីកេណ្ឌប្រជាពលរដ្ឋខ្មែរជាច្រើនសែននាក់ក្នុងឆ្នាំ១៩៨៤ បង្ខំឲ្យទៅកាប់ព្រៃសាងសង់រនាំង ឬរបងការពារនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់មិនឲ្យខ្មែរអ្នកតស៊ូនៅក្នុងព្រៃតាមព្រំដែនថៃ អាចជ្រៀតចូលទឹកដីខ្មែរបាន។ លោកបានប្រៀបធៀបការសាងសង់រនាំងក្រវាត់ការពារព្រំដែននាពេលនោះ ទៅនឹងជញ្ជាំងប៊ែរឡាំង (Berlin Wall) ខណ្ឌចែកប្រទេសអាល្លឺម៉ង់ ជាពីរ ក្រោយសង្គ្រាមលោកលើកទី២។ អ្នកស្រាវជ្រាវខ្លះឲ្យឈ្មោះថា ជញ្ជាំងឫស្សី។
ចំពោះលោក តើផែនការ «ក៥» នេះ ជាព្រឹត្តិការណ៍សំខាន់យ៉ាងម៉េចទៅ ទើបលោកត្រូវកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រ?
លោក ប្រ៊ែដ អាដាម៖ បាទ! កម្មវិធី «ក៥» គឺជាផែនការរបស់កងទ័ពវៀតណាម ដែលគ្រប់គ្រងកម្ពុជា នាពេលនោះ។ និយាយរួម គឺវៀតណាម ចង់សាងសង់ជញ្ជាំងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីមិនឲ្យខ្មែរក្រហម និងកងទ័ពអ្នកតស៊ូក្នុងព្រៃដទៃទៀត ចូលមកក្នុងទឹកដីកម្ពុជា បាន។ បើគ្រាន់តែមានបំណងបែបនោះ មិនជាការស្អីទេ ពីព្រោះវាជាយុទ្ធវិធីយោធា។ បញ្ហាត្រង់ថា អាជ្ញាធរដែលឋិតក្រោមបង្គាប់ លោក ហ៊ុន សែន បានចាប់បង្ខំ និងចល័តប្រជាពលរដ្ឋខ្មែររាប់សែននាក់ឲ្យក្លាយជាកម្លាំងពលករដោយបង្ខំ បណ្ដាលឲ្យពួកគេស្លាប់ច្រើនណាស់ គឺស្លាប់ដោយសារជំងឺ និងជាន់មីន។ ពលកររងការចាប់បង្ខំទាំងនោះ មិនទទួលបានការត្រៀមហ្វឹកហ្វឺនមុននឹងបញ្ជូនទៅ មិនទទួលបានសម្ភារៈឧបករណ៍ ថ្នាំសង្កូវ និងស្បៀងអាហារសមរម្យ មុននឹងបញ្ជូនទៅព្រំដែននោះឡើយ។ សូម្បីតែមុងក៏មិនមានមុងគ្រប់គ្រាន់ដែរ។ ដល់ពេលមានជំងឺគ្រុនចាញ់ ក៏មិនមានថ្នាំព្យាបាល។
ខ្ញុំបានសម្ភាសមន្ត្រីគណបក្សប្រជាជន ជាច្រើននាក់។ ពួកគេបានប្រាប់ខ្ញុំថា កម្មវិធី «ក៥» នោះហើយ ដែលធ្វើឲ្យប្រជាជនខ្មែរស្អប់មន្ត្រីគណបក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលក្រោយមកក៏ដូរឈ្មោះមកគណបក្សប្រជាជនកម្ពុជា នេះខ្លាំងណាស់។ ពួកមន្ត្រីបក្សទាំងនោះនិយាយថា ផែនការ «ក៥» នោះ ស្ទើរធ្វើឲ្យរដ្ឋាភិបាលពេលនោះរលំដួល។ មនុស្សជាច្រើន ត្រូវបានចាប់បង្ខំឲ្យទៅធ្វើការកាប់ឆ្ការព្រៃជាប់ព្រំដែនកម្ពុជា-ថៃ។ អ្នកដែលមានកូននិយាយថា បើកូនរបស់ខ្លួនត្រូវបានគេចាប់បញ្ជូនទៅ គឺស្មើគ្នានឹងទទួលទោសប្រហារជីវិត។ សមាជិកថ្នាក់ដឹកនាំបក្សម្នាក់ គឺលោក ស៊ិន សេន ដែលពេលនោះលោកជាអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខ បាននិយាយថា ៩០ភាគរយនៃស្បៀងដែលបានបញ្ជូនទៅឲ្យពលករត្រូវបានបាត់បង់ទៅក្នុងអំពើពុករលួយ។ ដូច្នេះ ស្បៀងដែលបញ្ជូនទៅមិនបានដល់ដៃពលករទេ។ ពួកគេខឹងសម្បារយ៉ាងខ្លាំង។
នៅពេលខ្ញុំមកធ្វើការនៅកម្ពុជា ឆ្នាំ១៩៩៣ ខ្ញុំនៅតែឮប្រជាជនខ្មែរជាច្រើននិយាយអំពីផែនការ «ក៥» នោះ។ ពួកនៅតែមានអារម្មណ៍តក់ស្លុត និងខឹងសម្បារអំពីសោកនាដកម្មនោះ។ ពួកគេខឹងនៅពេលនិយាយពីឈ្មោះ ហ៊ុន សែន និងឈ្មោះ ញឹម វ៉ាន់ដា។ លោក ញឹម វ៉ាន់ដា ពេលនោះត្រូវ លោក ហ៊ុន សែន តែងតាំងឲ្យទទួលខុសត្រូវកិច្ចការសំខាន់មួយផ្នែកនៃផែនការ «ក៥» នោះ។ ចូលមកដល់ឆ្នាំ១៩៩៣ ក្រោយពេលបោះឆ្នោត លោក ញឹម វ៉ាន់ដា ត្រូវបាន លោក ហ៊ុន សែន តែងតាំងឲ្យធ្វើជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលថ្មីទៀត ដែលប្រការនេះបានធ្វើឲ្យមនុស្សជាច្រើនខឹងសម្បារ។ ដូច្នេះ រឿងនេះសំខាន់ណាស់ ហើយមនុស្សវ័យចំណាស់នៅកម្ពុជា នៅតែនិយាយអំពីរឿង «ក៥»។
លោក ជី វិតា៖ លោកនិយាយថា លោក ស៊ិន សេន បានប្រាប់លោកថា លោក ហ៊ុន សែន ជាអ្នកដឹកនាំផែនការ «ក៥»។ តើតួនាទីរបស់គាត់ក្នុងផែនការ «ក៥» នោះ ជាអ្វីឲ្យជាក់លាក់ទៅ?
លោក ប្រ៊ែដ អាដាម៖ លោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនៅដើមឆ្នាំ១៩៨៥ ប៉ុន្តែគាត់ធ្វើជានាយករដ្ឋមន្ត្រីស្តីទីតាំងពីឆ្នាំ១៩៨៤ មកម្ល៉េះ នៅពេលគាត់ធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស។ ចំណែក លោក ស៊ិន សេន ជាអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខ នាពេលនោះ។ មិនមែនតែ លោក ស៊ិន សេន ទេ លោក គង់ គាំ ដែលជារដ្ឋមន្ត្រីក្រសួងការបរទេស នាពេលនោះ ក៏បានប្រាប់ខ្ញុំដែរ។ លោក ហ៊ុន សែន មិនអាចប្រកែកបានទេអំពីឧក្រិដ្ឋកម្មនៃផែនការ «ក៥» ពីព្រោះលោកជាមន្ត្រីថ្នាក់កំពូលម្នាក់នៅពេលនោះ។ លោក ហ៊ុន សែន អាចប្រកែកថា គាត់ត្រូវបានវៀតណាម បង្ខំនៅពេលនោះ ពីព្រោះវៀតណាម គ្រប់គ្រងកម្ពុជា ហើយមនុស្សជាច្រើនមើលឃើញថា វៀតណាម មានឥទ្ធិពលខ្លាំងណាស់ និងជាអ្នកសម្រេចស្ទើររាល់កិច្ចការប្រទេសជាតិទាំងអស់។ ដូច្នេះ គាត់អាចនិយាយថា គាត់ជាអ្នកចូលរួមចំណែកបង្កើត និងអនុវត្តដឹកនាំផែនការ «ក៥» ពិតមែន ប៉ុន្តែវាមិនមែនជាកំហុសគាត់ទេ ពីព្រោះគាត់ត្រូវបានវៀតណាម បង្ខិតបង្ខំ។ ទោះជាយ៉ាងណា សម្រាប់ច្បាប់អន្តរជាតិ លេសដោះសាថាត្រូវគេបង្ខំនេះ វាមិនគ្រប់គ្រាន់សម្រាប់ធ្វើជាមូលដ្ឋានការពារខ្លួនទេ។
មន្ត្រីគណបក្សប្រជាជនកម្ពុជា មួយចំនួន បានប្រាប់ខ្ញុំថា បើទោះជានៅពេលនោះគ្មាននរណាពេញចិត្តផែនការ «ក៥» ហើយចង់បញ្ឈប់ក៏ដោយ ក៏គ្មានមន្ត្រីណាម្នាក់ហ៊ានហើបមាត់និយាយជាមួយ លោក ហ៊ុន សែន ឬវៀតណាម ឡើយ។
លោក ជី វិតា៖ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ នោះ កម្ពុជា ឋិតក្នុងសភាពក្រីក្រខ្លាំងនៅឯកោពីសហគមន៍អន្តរជាតិ ដោយសារតែវៀតណាម ឈ្លានពាន និងគ្របគ្រង ហើយទ័ពព្រៃខ្មែរក្រហម ក៏នៅមានកម្លាំងខ្លាំងក្លាណាស់។ ដូច្នេះ តើលោកមិនគិតថា ផែនការ «ក៥» នោះ វាជាយុទ្ធសាស្ត្រយោធាចាំបាច់ ដើម្បីការពារមិនឲ្យខ្មែរក្រហម វិលត្រឡប់មកកាន់អំណាចវិញទេ?
លោក ប្រ៊ែដ អាដាម៖ អូ! គ្មាននរណាប្រកែករឿងយុទ្ធសាស្ត្រយោធាការពារជាតិនោះទេ។ ខ្លួនខ្ញុំផ្ទាល់មិនពេញចិត្តទាល់តែសោះ ដែលចិន សហរដ្ឋអាមេរិក និងថៃ ផ្តល់ជំនួយឲ្យកងទ័ពខ្មែរក្រហម នៅពេលនោះ។ យ៉ាងណាក៏ដោយចុះ កម្ពុជា មានសិទ្ធិពេញទីក្នុងការប្រើប្រាស់យុទ្ធវិធីយោធាការពារប្រទេសរបស់ខ្លួន ប៉ុន្តែកម្ពុជា មិនអាចចាប់មនុស្សរាប់សែននាក់ បង្ខំឲ្យចូលរួមធ្វើសង្គ្រាមដូច្នោះបានទេ។ ចូរក្រឡេកមើលប្រទេសមីយ៉ាន់ម៉ា ឬភូមា។ សហគមន៍អន្តរជាតិ បានថ្កោលទោស និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសមីយ៉ាន់ម៉ា ដោយសារតែប្រទេសនេះបានប្រើប្រាស់កម្លាំងពលករដោយបង្ខំនៅពេលធ្វើសង្គ្រាម។ វាជាការរំលោភច្បាប់អន្តរជាតិ។
លោក ជី វិតា៖ ពលរដ្ឋខ្មែរជាច្រើនពាន់នាក់បានស្លាប់ក្នុងពលកម្មបង្ខំនៃផែនការ «ក៥» នោះ ដោយសារជាន់មីន គ្រុនចាញ់ និងខ្វះស្បៀង។ ពលរដ្ឋខ្មែរខ្លះបានហៅផែនការ «ក៥» ថា ជាផែនការប្រល័យពូជសាសន៍ខ្មែររបស់រដ្ឋាភិបាលវៀតណាម។ ក្នុងរបាយការណ៍របស់លោក ក៏បញ្ជាក់ដែរថា អ្នកដែលផ្ដួចផ្ដើមបង្កើតផែនការ «ក៥» គឺមន្ត្រីយោធាជាន់ខ្ពស់វៀតណាម ឈ្មោះ ឡេ ដឹក ថូ (Le Duc Tho) ដែលជាអ្នកទទួលខុសត្រូវគ្រប់គ្រងកម្ពុជា នាពេលនោះ។ តើលោកមានយោបល់យ៉ាងណាចំពោះការលើកឡើងនេះ?
លោក ប្រ៊ែដ អាដាម៖ ទេ! ខ្ញុំមិនគិតថាជាអំពើប្រល័យពូជសាសន៍ទេ។ ប៉ុន្តែវាជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ វាជាឧក្រិដ្ឋកម្មសង្គ្រាម និងជាអំពើឃាតកម្ម។ បទចោទទាំងនេះវាអាក្រក់គ្រប់គ្រាន់ហើយ មិនចាំបាច់ដល់បទប្រល័យពូជសាសន៍ ដែលស្តាប់ទៅអាក្រក់ខ្លាំងនោះទេ។
លោក ជី វិតា៖ ដូច្នេះវាជាអំពើរំលោភច្បាប់អន្តរជាតិ។
លោក ប្រ៊ែដ អាដាម៖ ប្រាកដណាស់!
លោក ជី វិតា៖ ដូច្នេះនៅថ្ងៃណាមួយ អង្គការសហប្រជាជាតិ អាចនឹងលើកសំណុំរឿងកប់ចោលនេះឡើង ដើម្បីស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះទេ?
លោក ប្រ៊ែដ អាដាម៖ អាចទៅរួច ពីព្រោះបទល្មើសច្បាប់អន្តរជាតិទាំងអស់នេះមិនមានអាជ្ញាយុកាលទេ។ ប៉ុន្តែខ្ញុំគិតថា វានឹងមិនកើតឡើងទេ។ យើងមិនមែនចេញផ្សាយរបាយការណ៍នេះ ដើម្បីសង្ឃឹមថា នរណាម្នាក់ ឬអង្គការសហប្រជាជាតិ ប្ដឹងកាត់ទោស ហ៊ុន សែន ឬមន្ត្រីរបស់គាត់អំពីរឿងផែនការ «ក៥» ទេ។ វានឹងមិនកើតមានឡើយ។
លោក ជី វិតា៖ ហេតុអ្វី?
លោក ប្រ៊ែដ អាដាម៖ ពីព្រោះបច្ចុប្បន្ន គ្មាននរណាចាប់អារម្មណ៍រឿងផែនការ «ក៥» នេះទេ។ ជាការពិតណាស់ អ្នកដែលប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរបែបនេះ គួរត្រូវផ្ដន្ទាទោស ប៉ុន្តែយោងតាមបរិបទជាក់ស្តែងនាពេលនេះ គ្មានរដ្ឋាភិបាលណាមួយ ឬស្ថាប័នអន្តរជាតិណាមួយចាប់អារម្មណ៍ពិនិត្យមើលរឿងនេះទេ។ តែទោះជាយ៉ាងណាក៏ដោយចុះ យើងបានកត់ត្រាទុកនូវបទឧក្រិដ្ឋជាច្រើនផ្សេងទៀតរបស់ លោក ហ៊ុន សែន និងបក្ខពួករបស់គាត់។ ឧក្រិដ្ឋកម្មដែលមិនទាន់ត្រូវបានផ្ដន្ទាទោសទាំងនោះរួមមាន ហេតុការណ៍គប់គ្រាប់បែកឆ្នាំ១៩៩៧ ប៉ុនប៉ងផ្តាច់ជីវិតមេបក្សប្រឆាំង លោក សម រង្ស៊ី ការសម្លាប់ក្រៅច្បាប់ក្នុងប្រព្រឹត្តិការណ៍រដ្ឋប្រហារក្នុងឆ្នាំ១៩៩៧ ដដែល ឃាតកម្មលើមេដឹកនាំសហជីព អ្នកសារព័ត៌មាន និងសកម្មជនផ្សេងៗទៀតក្នុងរយៈពេលកន្លងមកនេះ។
លោក ជី វិតា៖ ក្នុងរបាយការណ៍របស់លោក លោកនិយាយថា អនុរដ្ឋមន្ត្រីការពារជាតិ លោក កែវ សយ ដែលបានអះអាងថា រដ្ឋធម្មនុញ្ញកម្ពុជា នាពេលនោះបានចែងថា ប្រជាពលរដ្ឋខ្មែរមានកាតព្វកិច្ចរួមចំណែកការពារជាតិ។ ហើយផែនការ «ក៥» គឺជាយុទ្ធនាការការពារជាតិ។ ដូច្នេះលោកថា មិនខុសច្បាប់ទេ។ តើលោកឆ្លើយតបទៅនឹងការលើកឡើងនេះយ៉ាងម៉េចដែរ?
លោក ប្រ៊ែដ អាដាម៖ ការបកស្រាយនោះមិនត្រូវទេ។ ប្រទេសមួយអាចកេណ្ឌមនុស្សឲ្យធ្វើកងទ័ពបម្រើជាតិរយៈពេល ២ឆ្នាំ ទៅ ៥ឆ្នាំ។ ប៉ុន្តែត្រូវធ្វើឡើងតាមច្បាប់ត្រឹមត្រូវ ដែលមានការហ្វឹកហ្វឺនល្អត្រឹមត្រូវ និងមានសម្ភារៈឧបករណ៍ត្រឹមត្រូវ មិនអាចចេះតែចាប់មនុស្សយកទៅបោះចោលក្នុងសមរភូមិប្រយុទ្ធបាននោះទេ។ សម្រាប់ផែនការ «ក៥» មានទាំងរបាយការណ៍ និងមនុស្សនិយាយប្រាប់យើងច្រើនណាស់ថា ពេលខ្លះមានការចាប់មនុស្សដែលកំពុងដើរតាមផ្លូវ និងមានអំពើពុករលួយទៀតផង។ ពេលនោះ បើសិនជាអ្នកមានលុយ អ្នកអាចទិញមនុស្សឲ្យទៅជំនួសអ្នក។ ដូច្នេះហើយ ពួកអ្នកមាន និងអ្នកដែលមានខ្សែរយៈខ្នងបង្អែក អាចជួយឲ្យកូនចៅរបស់ខ្លួនគេចផុតពីកំណែនផែនការ «ក៥» នោះ។ ដូច្នេះប្រសិនបើកម្ពុជា មានច្បាប់ជ្រើសរើសកងទ័ពត្រឹមត្រូវ មានការហ្វឹកហ្វឺន និងសម្ភារៈត្រឹមត្រូវ ព្រមទាំងអនុវត្តប្រកបដោយស្មើភាពគ្នាចំពោះមុខច្បាប់ វាជារឿងស្របច្បាប់យ៉ាងពិតប្រាកដ។ អ្នកដឹងទេ សូម្បីតែទាហានក៏ដោយ អ្នកមិនអាចបង្ខំគេឲ្យដើរកាត់គ្រាប់មីនបានទេ។ អ្នកមិនអាចមិនផ្តល់សេវាសុខភាព និងបង្អត់អាហារហូបចុកដល់ពួកគេឡើយ។ ដូច្នេះការឆ្លើយដោះសានោះ មិនអាចទទួលយកបានទេ។
លោក ជី វិតា៖ តើមានអ្នកស្លាប់ប៉ុន្មាននាក់ដោយសារផែនការ «ក៥» ពីឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៨ នោះ?
លោក ប្រ៊ែដ អាដាម៖ យើងមិនអាចដឹងចំនួនស្លាប់ច្បាស់ទេ។ ប៉ុន្តែយើងអាចប៉ាន់ស្មានថា ស្លាប់រាប់សិបពាន់នាក់។
លោក ជី វិតា៖ សូមអរគុណ!
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។