អ្នក​ផលិត​ខ្សែ​ភាពយន្ត​ជនជាតិ​អូស្ត្រាលី ដាក់​លិខិត​សុំ​ទោស​លោក ហ៊ុន សែន ដើម្បី​បាន​នៅ​ក្រៅ​ឃុំ

ដោយ ទីន ហ្សាការីយ៉ា
2018-07-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​អូស្ត្រាលី លោក ជេមស៍ រីកឃិតសិន (James Ricketson) នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៧។ លោក​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​បង្ហោះ​ដ្រូន ថត​សកម្មភាព​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី​៣ មិថុនា។
ជនជាតិ​អូស្ត្រាលី លោក ជេមស៍ រីកឃិតសិន (James Ricketson) នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៧។ លោក​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​បង្ហោះ​ដ្រូន ថត​សកម្មភាព​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី​៣ មិថុនា។
រូបថតគេ​ផ្ដល់​ឲ្យ

អ្នក​ផលិត​ខ្សែភាពយន្តឯកសារ​ជនជាតិ​អូស្ត្រាលី​វ័យ ៦៩​ឆ្នាំ លោក ជែម រីកឃិតសិន (Jame Ricketson) សុំ​ទោស​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះ​ការ​ថ្លែង​របស់​លោក​នៅ​ក្នុង​បណ្ដាញ​សារ​ព័ត៌មាន​ក្នុង​ស្រុក ដែល​លោក​អះអាង​ថា ករណី​នេះ​បាន​រំខាន​ដល់​ប្រទេស​កម្ពុជា និង​មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់។ ការដាក់លិខិត​សុំ​ទោស​លោក ហ៊ុន សែន នៅ​មុន​ពេល​សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​ជំនុំជម្រះ​ក្ដី​លោក នៅ​ពេល​ខាង​មុខ។

សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើក​សវនាការ​លោក ជែម រីកឃិតសិន (Jame Ricketson) នៅ​ថ្ងៃ​ច័ន្ទ ទី១៦ កក្កដា ពាក់ព័ន្ធ​នឹង​ករណី​ចោទ​ប្រកាន់​ពី​បទ​ប្រមូល​ផ្ដុំ​ព័ត៌មាន​ជា​អាទិ៍ ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ។

មេធាវីការពារក្ដី លោក ជែម រីកឃិតសិន (Jame Ricketson) អ្នកស្រី ពឹង យក់ហៀប ឲ្យ​ដឹង​ថា កូន​ក្ដី​របស់​អ្នកស្រី បាន​ដាក់​លិខិត​សុំ​ទោស​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី១១ កក្កដា តាម​រយៈ​អ្នក​បកប្រែ​របស់​លោក។ អ្នកស្រី​បន្ថែម​ថា អ្នកស្រី​គ្មាន​យោបល់​ទៅ​លើ​ការ​ដាក់​លិខិត​សុំ​ទោស​នេះ​ទេ ព្រោះ​នេះ​ជា​សិទ្ធិ​របស់​កូន​ក្ដី​អ្នកស្រី។ រី​ឯ​ការ​ជម្រះ​ក្ដី​វិញ គឺ​ក្រុម​មេធាវី​ធ្លាប់​បាន​សុំ​សាលា​ដំបូង​ពន្យារ​ពេល​បើក​សវនាការ​ម្ដង​រួច​មក​ហើយ កាល​ពី​ខែ​មិថុនា ដោយសារ​តែ​តុលាការ​ជូន​ដំណឹង​មក​អ្នកស្រី ពី​ការ​ជំនុំជម្រះ​ក្ដី​នេះ រយៈ​ពេល​ខ្លី​ពេក ក្រុម​មេធាវី​រៀបចំ​ខ្លួន​ការពារ​ក្ដី​មិន​ទាន់ ហើយ​ក៏​សុំ​ពន្យារ​ពេល​ដល់​ថ្ងៃ​ទី១៦ កក្កដា៖ «ពួក​ខ្ញុំ​ពន្យារ​ពេល​ម្ដង​ដោយសារ​អញ្ជើញ​ពួក​ខ្ញុំ​តែ​រយៈ​ពេល​កន្លះ​ខែ ពួក​យើង​អត់​ទាន់​បាន​សំណុំរឿង​យក​មក​អាន​ចុះ​ឡើង តើ​មាន​ភស្ដុតាង​អី​ខ្លះ យក​មក​ដាក់​បន្ទុក​កូន​ក្ដី ហើយ​គេ​ព្រម​នៅ​ថ្ងៃ​ទី១៦ មិន​ដឹង​ជា​គេ​បើក​សវនាការ ឬ​មិន​បើក។ តែ​ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​ត្រូវ​តែ​ទៅ»

លិខិត​សុំ​ទោស​របស់​អ្នក​ផលិត​ខ្សែ​ភាពយន្ត​អូស្ត្រាលី​លោក James Ricketson ផ្ញើ​ជូន​លោក ហ៊ុន សែន ដែល​កាសែត​ខ្មែរថែម (Khmer Time) បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី១១ កក្កដា មាន​ខ្លឹមសារ​ថា លោក​សូម​អភ័យ​ទោស ចំពោះ​កំហុស​ឆ្គង​របស់​លោក ហើយ​បើ​សិន​ជា​មាន​អ្វី​ដែល​លោក​អាច​ធ្វើ​បាន ដើម្បី​លុប​លាង​កំហុស សូម​ឲ្យ​លោក​ដឹង លោក​នឹង​ធ្វើ​សម្រាប់​លោក​នាយករដ្ឋមន្រ្តី និង​ប្រទេស​កម្ពុជា។ លោក​សូម​អរគុណ​ទុក​ជា​មុន​ចំពោះ​ការ​អនុគ្រោះ​ដល់​លោក​ជា​ជន​បរទេស ដែល​មិន​មាន​ការ​យល់​ដឹង​ច្បាស់លាស់​អំពី​កម្ពុជា​ដូច​ជា​លោក។

លោក ជែម រីកឃិតសិន ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​បណ្តោះអាសន្ន អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ។ តុលាការ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រមូល​ផ្ដុំ​ព័ត៌មាន​ជា​អាទិ៍ ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ការ​ការពារ​ជាតិ តាម​មាត្រា ៤៤៦ ដែល​ចែង​ថា អំពើ​ទទួល ឬ​ប្រមូល​ផ្ដុំ​ដើម្បី​ផ្ដល់​ទៅ​ឲ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស នូវ​ព័ត៌មាន វិធី វត្ថុ ឯកសារ ទិន្នន័យ​ព័ត៌មានវិទ្យា ឬ​សាលាកបត្រ ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ការ​ការពារ​ជាតិ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នំា ទៅ ១០​ឆ្នាំ។

អ្នកស្រី ពឹង យក់ហៀប ជា​មេធាវី​លោក ជែម រីឃិតសិន មាន​ប្រសាសន៍​ថា កូន​ក្ដី​អ្នកស្រី​មិន​បាន​ធ្វើ​ខុស​ឆ្គង​ដូច​ការ​ចោទ​ប្រកាន់​ធ្ងន់ធ្ងរ​តាម​មាត្រា ៤៤៦ នៃ​ក្រម​ព្រហ្មទណ្ឌ​នេះ​ទេ។ អ្នកស្រី​សង្ឃឹម​ថា តុលាការ​នឹង​ដោះ​លែង​កូន​ក្ដី​អ្នកស្រី​វិញ នៅ​ថ្ងៃ​ទី១៦ កក្កដា​នោះ៖ «កន្លង​មក គាត់​ប្រមូល​ព័ត៌មាន​មិន​មែន​មតិ​គាត់​ទាំង​អស់​ទេ។ គាត់​មាន​មតិ​​គ្រប់​មជ្ឈដ្ឋាន ទាក់ទង​រឿង​បញ្ហា​ហ្នឹង ព្រោះ​រឿង​ហ្នឹង គេ​និយាយ​តាំង​ពី​ឆ្នាំ១៩៩៥ មក ហើយ​គាត់​ជា​អ្នកព័ត៌មាន គាត់​មាន​មតិ​កណ្ដាល»

សារព័ត៌មាន​អូស្ត្រាលី ABC បាន​ដកស្រង់​សំដី​លោក ជែម រីកឃិតសិន ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា​ថា លោក​នឹង​ទទួល​បាន​ការ​បកស្រាយ​ពី​តុលាការ​ថា តើ​ហេតុអ្វី​បាន​ជា​ករណី​របស់​លោក ត្រូវ​បន្ត​ដំណើរការ​ទៅ​មុខ​ទៀត​ដូច្នេះ?

លោក ជេមស៍ រីកឃិតសិន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៧ ដោយសារ​តែ​លោក​បាន​បង្ហោះ​យន្តហោះ​ដ្រូន ថត​ក្បួន​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ចុង​ក្រោយ នៃ​ការ​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់ កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៧ ក្នុង​រាជធានី​ភ្នំពេញ។

កូនប្រុស​របស់​លោក ជេមស៍ រីកឃិតសិន (James Ricketson) ឈ្មោះ អ៊ីសាយ ជេសស៊ី រីកឃិតសិន (Jesse Ricketson) អះអាង​ថា ឪពុក​របស់​លោក​អាច​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ ដោយសារ​សុខភាព​កំពុង​ដុនដាប​ជា​ខ្លាំង ហើយ​ត្រូវ​រស់នៅ​ក្នុង​បន្ទប់​តូច​ចង្អៀត​ណែន​តាន់តាប់ គ្មាន​អនាម័យ និង​ខ្វះ​ខាត​ការ​ព្យាបាល​នៅ​ខាងក្នុង​គុក​ថែមទៀត។

លោក ជេមស៍ រីកឃិតសិន ត្រូវបាន​តុលាការ​ឃុំ​ខ្លួន​នៅ​ពន្ធគារ​ព្រៃ​ស ម១។ អ្នកស្រី​មេធាវី ពឹង យក់ហៀប បញ្ជាក់​ថា ឥឡូវ​នេះ​កូន​ក្ដី​របស់​អ្នកស្រី មាន​សុខភាព​គ្រាន់​បើ​ជាង​កាល​ពី​មុន​បន្តិច​ហើយ ហើយ​អ្នកស្រី​រំពឹង​ថា លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង​អនុគ្រោះ​ដល់​កូន​ក្ដី​របស់​អ្នកស្រី ហើយ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ ក្រោយ​ពី​ទទួល​បាន​លិខិត​សុំ​ទោស​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល