អ្នកជំនាញថា អាជ្ញាធរគួរអប់រំ បើរកឃើញថា អ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានមិនពិត
2025.01.23

អ្នកជំនាញផ្នែកសារព័ត៌មានថា អាជ្ញាធរគួរតែប្រើប្រាស់វិធានការអប់រំលើអ្នកសារព័ត៌មាន បើសិនជារកឃើញថា ពួកគេបានផ្សព្វផ្សាយព័ត៌មានមិនពិត។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានចាប់ខ្លួនអ្នកសារព័ត៌មានចំនួន២នាក់ ដោយចោទពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ បង្កឲ្យមានភាពចលាចលក្នុងសង្គម។
អ្នកជំនាញផ្នែកសារព័ត៌មានលើកឡើងថា បើផ្អែកលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ស្ដីពីរបបសារព័ត៌មាន គឺពុំអ្នកសារព័ត៌មានណាត្រូវបានចាប់ខ្លួន ឬឃុំខ្លួនដោយសារការបំពេញការងារវិជ្ជាជីវៈរបស់ពួកគាត់ឡើយ។
ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (Camboja) លោក ណុប វី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២២ ខែមករាថា លោកយល់ថា ពុំមានអ្នកសារព័ត៌មានណាមួយ មានចេតនាបង្កភាពវឹកវរក្នុងសង្គម ឬធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិឡើយ ។ លោកពន្យល់ថា នៅក្នុងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ពុំមានចំណុចណាមួយ ដែលនិយាយអំពីការផ្ដន្ទាទោស ឬចោទប្រកាន់ ឬចាប់អ្នកសារព័ត៌មានដាក់ពន្ធនាគារឡើយ ក្នុងករណីពួកគេផ្សព្វផ្សាយនូវព័ត៌មានមិនពិត ក៏ប៉ុន្តែគេតម្រូវឲ្យអ្នកសារព័ត៌មានរូបនោះ ផ្សព្វផ្សាយកែតម្រូវឡើងវិញ។
លោក ណុប វី៖ «មែនទែនទៅសម្រាប់ខ្ញុំ ខ្ញុំយល់ថា កម្រិតធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺជាកម្រិតមួយ ដែលយើងមានការអប់រំ ដើម្បីធានាថា ការអប់រំនេះ ធ្វើឲ្យអ្នកសារព័ត៌មានគាត់បានយល់ ។ ទី២មិនត្រឹមតែគាត់បានយល់ប៉ុណ្ណោះទេ ឬនៅពេលពួកគាត់ធ្វើសេចក្ដីរាយការណ៍រឿងផ្សេងៗតទៅទៀត គាត់នឹងមិនដើរជាន់ដានដដែលៗថា រឿងណាដែលគាត់ត្រូវធ្វើសេចក្ដីរាយការណ៍ ហើយរឿងណា ដែលគាត់ត្រូវធ្វើការផ្ទៀងផ្ទាត់ព័ត៌មាន»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមករា បានឃាត់ខ្លួនចាងហ្វាងសារព័ត៌មានពីរនាក់ ដែលបានបង្ហោះវីដេអូព័ត៌មាន កាលពីថ្ងៃទី២០ មករា ដែលអាជ្ញាធរចោទថា វីដេអូនោះមានខ្លឹមសារញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បំភ្លៃខុសពីការពិត ។ ការឃាត់ខ្លួននេះ ធ្វើឡើងតាមបទបញ្ជារបស់ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន និងសម្របសម្រួលដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង ។ នេះ បើតាមចេញសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា នៅថ្ងៃទី២២ ខែមករា ជុំវិញការឃាត់ខ្លួនចាងហ្វាងសារព័ត៌មានចំនួន២ស្ថាប័ន ។ ចាងហ្វាងសារព័ត៌មានទាំង២នាក់នោះ គឺចាងហ្វាងអង្គភាពសារព័ត៌មាន អេស អេ ធីវី ខេអេច (www.satvkh.com) ដែលជាម្ចាស់ផេកហ្វេសប៊ុក (Facebook page) អេស អេ ធីវី អេចឌី ឡាយ ២៤ (S.A TVHD Live 24h) ឈ្មោះ ដួង អក្ខរា មានអាយុ៤៣ឆ្នាំ និងចាងហ្វាងអង្គភាពសារព័ត៌មានខេមបូឌាស្ដាដេលីញូយ៍ (CambodiaStardailyNews) ឈ្មោះ ឡាយ សុជាតិ អាយុ ៥០ឆ្នាំ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ការឃាត់ខ្លួននេះ ធ្វើឡើងដោយផ្អែកលើតាមអង្គហេតុ និងអង្គច្បាប់ នៃការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ដែលមានចែងនៅក្នុងច្បាប់ ដោយមិនជាប់ពាក់ព័ន្ធទៅនឹងការគាបសង្កត់ ឬការបំភិតបំភ័យដល់អ្នកសារព័ត៌មាន លើសិទ្ធិបញ្ចេញមតិនោះទេ។
ការឃាត់ខ្លួននេះធ្វើឡើងទោះបីសារព័ត៌មានទាំងពីរ បានលុបចោលនូវវីដេអូរបស់ខ្លួនលើទំព័រហ្វេសប៊ុក ដែលចុះផ្សាយកាលពីថ្ងៃទី២០ មករា ហើយក៏ដោយ។
មាត្រា១០ នៃច្បាប់ស្ដីពីរបបសារព័ត៌មាន ចែងថា ជនណាម្នាក់ដែលយល់ថា អត្ថបទណាមួយ ទោះជាសរសេរបញ្ឆិតបញ្ឆៀងក៏ដោយ រូបគំនូរ ឬរូបថតណាមួយ នៃសារព័ត៌មានណាមួយ ដែលមានលក្ខណៈខុសពីការពិត ធ្វើឲ្យខូចខាតដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ខ្លួន មានសិទ្ធិទាមទារឲ្យសារព័ត៌មាននោះកែតម្រូវ ឬមានសិទ្ធិឆ្លើយតប និងធ្វើបណ្ដឹងបរិហារកេរ្តិ៍ ពីបទមួលបង្កាច់ ឬពីបទជេរប្រមាថ ចំពោះការប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ខ្លួន។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងស្ថាប័នសារព័ត៌មានខេមបូឌាស្ដាដេលីញូយ៍ និងសារព័ត៌មាន អេស អេ ធីវី ខេអេច ដើម្បីសុំការឆ្លើយតបជុំវិញបញ្ហានេះ បាននៅឡើយទេនៅថ្ងៃទី២២ ខែមករា។
ទោះបីជាយ៉ាងនេះក្ដី លោក ណុប វី មានប្រសាសន៍ថា កន្លងទៅនៅពេលអង្គភាពសារព័ត៌មានណា បានផ្សព្វផ្សាយនូវព័ត៌មាន ដែលនៅមិនទាន់គ្រប់ជ្រុងជ្រោយ ឬមានលក្ខណៈមិនពិត ស្ថាប័នរដ្ឋពាក់ព័ន្ធអាចចេញសេចក្ដីបំភ្លឺអំពីរឿងនោះ ហើយពលរដ្ឋនឹងអស់ជំនឿលើការផ្សព្វផ្សាយរបស់ស្ថាប័នសារព័ត៌មាននោះ។
លោក ណុប វី៖ «ក្នុងពេលបច្ចុប្បន្នមែនទែនទៅ បើសិនជាអ្នកសារព័ត៌មានគាត់ផ្សព្វផ្សាយចេះតែផ្សព្វផ្សាយព័ត៌មានមិនពិត ផ្សព្វផ្សាយព័ត៌មានច្នៃប្រឌិតផ្សេងៗ វានឹងធ្វើឲ្យប៉ះពាល់ដល់ការជឿទុកចិត្តរបស់សាធារណជនដល់រូបគាត់ទៅវិញទេ ថ្ងៃណាមួយគឺពួកគាត់នឹងបាត់បង់ការគាំទ្រ ។ ចំណែកស្ថាប័នសាធារណៈរបស់គាត់ លោកមានមធ្យោបាយច្រើននៅក្នុងការចេញសេចក្ដីបំភ្លឺ ឧទាហរណ៍ដូចជាការបំភ្លឺរបស់ក្រសួងមហាផ្ទៃ សេចក្ដីប្រកាសព័ត៌មានរបស់គាត់ ដែលនេះយើងឃើញមានការផ្សព្វផ្សាយលើបណ្ដាញសង្គមបានទូលំទូលាយដែលតិច ឬច្រើនខ្ញុំជឿថា បងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់បណ្ដាញសង្គម គឺគាត់យល់ច្បាស់ថា ព័ត៌មានណាមួយ ដែលត្រឹមត្រូវ ព័ត៌មានណាមួយ ដែលមិនពិត»។
របាយការណ៍របស់សម្ព័ន្ធអ្នកសារព័ត៌មានខេមបូចា ឃ្លាំមើលប្រចាំត្រីមាសស្ដីពីស្ថានភាពអ្នកសារព័ត៌មាននៅកម្ពុជា ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២៤ ឱ្យដឹងថា ការយាយីលើអ្នកសារព័ត៌មាន មានចំនួន ៧ករណី ធ្វើឲ្យប៉ះពាល់ដល់អ្នកសារព័ត៌មាន ១១នាក់ ។ រីឯការយាយីតាមប្រព័ន្ធតុលាការ មាន ៦ករណី ដោយមានអ្នកសារព័ត៌មាន ១០នាក់ ត្រូវបានកោះហៅទៅសាកសួរនាំ ឃុំខ្លួន និងផ្ដន្ទាទោស ដែលធ្វើឡើងដោយនគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន។
កាលចុងឆ្នាំ២០២៤ អ្នកសារព័ត៌មានលោក ឈឿង ឈឹង ដែលរាយការណ៍ឱ្យគេហទំព័រកម្ពុជាអភិវឌ្ឍន៍ នៅខេត្តសៀមរាប បានស្លាប់ដោយសារការលបបាញ់ប្រហារឱ្យរបួសធ្ងន់ បន្ទាប់ពីលោកចុះទៅស៊ើបអង្កេតបទល្មើសកាប់ទន្ទ្រានដីព្រៃអភិរក្ស នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង កាលពីល្ងាចថ្ងៃទី៤ ធ្នូ។
ចំណែកឯអង្គការសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានដាក់ពិន្ទុប្រទេសកម្ពុជាជាប់ក្នុងចំណាត់ថ្នាក់ទី១៥១ ក្នុងចំណោម ១៨០ប្រទេស ដែលជាចំណាត់ថ្នាក់អន់ លើសន្ទស្សន៍សេរីភាពសារព័ត៌មានរបស់ពិភពលោក សម្រាប់ឆ្នាំ២០២៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។