លោក គង់ ប៊ុនរិទ្ធិ ប្រាប់ថា លោកនឹងគ្មានមេធាវី ចូលអមទេ ព្រោះមិនទាន់មានស្ថាប័នណា ផ្ដល់សេវា មេធាវីឱ្យលោក។ លោកអះអាងថា បានទៅស្នើសុំសេវាមេធាវី ពីសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) អង្គការលីកាដូ (Licadho) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា។ លោកថា មេធាវីសមាគមអាដហុក និងអង្គការលីកាដូ ជាប់រវល់កាន់ក្ដីតាមខេត្ត រីឯនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅមិនទាន់មានការសម្រេចយ៉ាងណាទេ ហើយខាងយូអិន (UN) មិនមានផ្ដល់សេវាមេធាវីទេ។
អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា បញ្ជាក់ថា លោក គង់ ប៊ុនរិទ្ធិ បានទៅរកសេវាផ្នែកច្បាប់ពីអង្គការលោកមែន។ ប៉ុន្តែ មេធាវីសមាគមអាដហុក ជាប់រវល់កាន់ក្ដី នៅតាមសាលាជម្រះក្ដី ផ្សេងទៀតអស់ហើយ នៅថ្ងៃទី១៤ កុម្ភៈ។
ទោះយ៉ាងណា លោក គង់ ប៊ុនរិទ្ធិ ថា នឹងចូលខ្លួន ទៅប្រឈមនឹងការចោទសួររបស់តំណាងអយ្យការក្រុងភ្នំពេញ បើទោះគ្មានមេធាវីក៏ដោយ។
តំណាងអយ្យការចោទប្រកាន់ លោក គង់ ប៊ុនរិទ្ធិ បន្ទាប់ពីលោកបង្ហោះសារមួយក្នុងហ្វេសប៊ុក (facebook) ដោយអះអាងថា បានទទួលព័ត៌មានពីមិត្តភ័ក្ដិ ផ្ញើមកឱ្យ ថា ការប្រឡងសិស្សចៅក្រមជំនាន់ទី១០ មានអំពើពុករលួយជាប្រព័ន្ធ ដោយមេក្លោងទទួលសំណូក គឺ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមានមន្ត្រី ក្នុងក្រសួងយុត្តិធម៌ ចំនួន៥នាក់ ជាអ្នកធ្វើសកម្មភាព ទទួលលុយសំណូកពីបេក្ខជនប្រឡងចូលសិស្សចៅក្រម។ លុយ ដែលសូកសម្រាប់ តំណែងសិស្សចៅក្រម ចាប់ពី ប្រាំមួយម៉ឺន (៦០.០០០) ដុល្លារអាមេរិក ដល់ដប់ប្រាំម៉ឺន (១៥០.០០០) ដុល្លារ ហើយបេក្ខជនខ្លះ បានសូកលុយ តាំងពីកន្លះឆ្នាំ មុនការប្រឡង។
ប៉ុន្តែ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ចេញប្រកាសថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបដិសេធ និង ស្រាវជ្រាវរកមិនឃើញ ភាពមិនប្រក្រតីឡើយ។ លោក គង់ ប៊ុនរិទ្ធិ មិនជឿលើការបកស្រាយនេះទេ ដោយកំពុងបន្តស្វះស្វែងរកកិច្ចអន្តរាគមន៍ ពីស្ថាប័នរដ្ឋនានា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។