ទាំងបព្វជិត និងគ្រហស្ថ ថា ប្រព័ន្ធយុត្តិធម៌ខ្មែរសព្វថ្ងៃ កាន់តែធ្វើឱ្យរាស្ត្រអស់ជំនឿ ក្រោយដោះលែងកូនស្រីអ្នកមានទ្រព្យ និង អំណាចម្នាក់ពីពន្ធនាគារយ៉ាងប្រញាប់ ទោះជាជននោះបានធ្វើឱ្យនិស្សិតស្រីម្នាក់ស្លាប់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍។
ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ចាត់ទុកការសម្រេចរបស់តុលាការនៃរបបលោក ហ៊ុន សែន ដែលកាត់ទោសអ្នកប្រព្រឹត្តខុស ដែលជាកូនស្រីរបស់អ្នកមានទ្រព្យធន និងអំណាច រហូតដល់ស្លាប់មនុស្ស ឱ្យជាប់ពន្ធនាគារ ត្រឹមរយៈពេលពីរខែបែបនេះ គឺបង្ហាញអំពីភាពអន់ នៃប្រព័ន្ធយុត្តិធម៌ខ្មែរ និង វិបត្តិនៃភាពអយុត្តិធម៌សង្គម ដែលកែមិនឡើង។
ព្រះតេជព្រះគុណ បន្ថែមថា របបលោក ហ៊ុន សែន តែងតែវាយប្រហារ និងចោទអ្នកដែលរិះគន់ប្រព័ន្ធតុលាការខ្មែរ ថាជាជនអគតិ ប៉ុន្តែ ទង្វើរបស់តុលាការនេះ បង្ហាញច្បាស់ដោយខ្លួនឯងថា តុលាការខ្មែរខ្វះសុចរិតភាព ធ្វើឱ្យរាស្ត្របាត់បង់ជំនឿ៖ «ទោសទណ្ឌបើតាមគោលការណ៍ពុទ្ធសាសនា គឺគរុទោស ទោសដែលធ្ងន់ មិនអាចឈិនឆៃបាន។ មិនអាចកាត់ទោស កាត់គ្រាន់តែបង្គ្រប់កិច្ច។ មាត្រាច្បាប់មានហើយ យកមាត្រាច្បាប់គ្រាន់តែទៅសូត្រប្រាប់អ្នកទន់ខ្សោយ វាបង្ហាញឱ្យឃើញនូវស្តង់ដារពីរ ដូចខ្មែរថា ដូចអ្នកវិភាគគេថាគ្រប់គ្នាហ្នឹង គឺគេថាមិនខុសទេ»។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ប្រដូចភាពអយុត្តិធម៌ ក្នុងប្រព័ន្ធតុលាការខ្មែរនេះ ទៅករណីព្រះសង្ឃ ហន សុផាន្នី ដែលជាសមាជិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមខេត្តបាត់ដំបង គង់នៅវត្តដំរីស ដែលកំពុងជាប់ពន្ធនាគារ ជិតពីរឆ្នាំមកហើយ ដោយសារតែកាន់កាំភ្លើងជ័រ បង្ហោះតាមហ្វេសប៊ុកសោះ។
ព្រះសង្ឃ ហន សុផាន្នី ជាប់ឃុំតាំងពីខែមិថុនា ឆ្នាំ២០១៧ ក្រោយសាលាដំបូងខេត្តបាត់ដំបង កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ក្រោមបទចោទថា បាន «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋ» ករណីកាំភ្លើងជ័រនោះ។
ប្រតិកម្មនេះ ធ្វើឡើងក្រោយពេលមន្ត្រីពន្ធនាគារ កាលពីថ្ងៃទី២៧ ខែឧសភា បានដោះលែង កញ្ញា ឃុនម៉ី ហៅ យិន ម៉ាណា អាយុ ១៦ឆ្នាំ ជាកូនស្រីរបស់សមាជិកក្រុមប្រឹក្សាអាជ្ញាធរអប្សរារូបនេះ ក្រោយអនុវត្តទោសជាប់ពន្ធនាគារ បានចំនួន ២ខែគត់ ក្នុងសំណុំរឿងបើកឡានបុកនិស្សិតស្រីម្នាក់ស្លាប់ កាលពីចុងខែមីនា នៅខណ្ឌទួលគោក។
រយៈពេលពីរខែមុនការដោះលែងនេះ កញ្ញា យិន ម៉ាណា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទបើកបរដោយធ្វេសប្រហែលបណ្ដាលឱ្យអ្នកដទៃស្លាប់ និងត្រូវបានឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ)។ ដំបូងចៅក្រមបានសម្រេចដាក់ទោសពន្ធនាគារ កញ្ញា យិន ម៉ាណា ១ឆ្នាំ។ ប៉ុន្តែ លុះដល់ថ្ងៃទី១៧ ឧសភា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អ៊ុក សុវណ្ណារិទ្ធិ សម្រេចសម្រួល ឱ្យអនុវត្តទោសពន្ធនាគារត្រឹមតែពីរខែវិញ និងព្យួរទោស ១០ខែទៀតដែលនៅសល់នោះ។
តាមច្បាប់ចរាចរណ៍ផ្លូវគោកឆ្នាំ ២០១៥ និង វិសោធនកម្មឆ្នាំ ២០១៧ ត្រង់មាត្រា៨៥ ស្តីពី ចែងថា ជនណាបើកបរដោយធ្វេសប្រហែល ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្ដាលឱ្យ អ្នកដទៃស្លាប់ ត្រូវផ្ដន្ទាទោសពី ១ឆ្នាំ ទៅ ៣ឆ្នាំ។ អំពើល្មើសខាងលើនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ បើបានប្រព្រឹត្តក្នុងករណី បើកបរដោយគ្មានប័ណ្ណបើកបរ ឬ រត់គេចខ្លួនពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេះពីការទទួលខុសត្រូវ។
បើតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ បង្ហាញថា កញ្ញា យិន ម៉ាណា មានអាយុ ១៦ ឆ្នាំប៉ុណ្ណោះ ពេលត្រូវចាប់ និងឃុំខ្លួន។ តាមច្បាប់ចរាចរណ៍ផ្លូវគោក ដែលធ្វើវិសោធនកម្មនៅឆ្នាំ ២០១៧ ត្រង់មាត្រា ៤១ ថ្មី មិនអនុញ្ញាតឱ្យជនណាម្នាក់ បើកបរម៉ូតូ ឬ រថយន្ត ក្រោមអាយុ ១៨ ឆ្នាំ នោះឡើយ។ ជាងនេះទៅទៀត ក្រោយការបុកស្លាប់អ្នកជិះម៉ូតូភ្លាម កញ្ញា យិន ម៉ាណា បានបើករថយន្តគេច ពីកន្លែងកើតហេតុ។
ជុំវិញករណីនេះ ប្រជាពលរដ្ឋទាមទារឱ្យមានការស៊ើបអង្កេត អំពីភាពមិនប្រក្រតី ក្នុងការសម្រេចក្តី។
អាស៊ីសេរី មិនទាន់អាចទាក់ទង សុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ ជុំវិញរឿងនេះបាននៅឡើយទេ។ ប៉ុន្តែ លោក គឹម សន្តិភាព ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដកស្រង់សម្ដីជុំវិញករណីនេះ ថាការសម្រេចណាមួយ គឺជាឆន្ទានុសិទ្ធិរបស់ចៅក្រម។ លោកថា បើភាគីក្នុងរឿងក្តី មិនពេញចិត្ត លើសេចក្ដីសម្រេចនេះ ពួកគេអាចប្ដឹងជំទាស់បាន។
អាស៊ីសេរី មិនទាន់អាចទាក់ទងសុំការបំភ្លឺពីខាងគ្រួសារជនរងគ្រោះបាននៅឡើយដែរ។ ប៉ុន្តែ កន្លងមក គ្រួសារជនរងគ្រោះ ស្រុះស្រួលព្រមទទួលយកសំណងរដ្ឋប្បវេណី ពីខាងភាគីបង្កគ្រោះថ្នាក់។
ទោះជាយ៉ាងនេះក្តី មន្ត្រីជាន់ខ្ពស់សមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ថាការព្រមទទួលសំណងរដ្ឋប្បវេណី គ្រាន់តែជាការបំពេញកិច្ចសម្រាប់សំណងផ្លូវចិត្ត ដល់ជនរងគ្រោះខ្លះប៉ុណ្ណោះ ចំណែកឯនីតិយុត្តិធម៌ព្រហ្មទណ្ឌ ត្រូវបន្ត និងមានតម្លាភាព ដើម្បីយុត្តិធម៌សង្គមផង និង ដើម្បីសុចរិតភាពនៃស្ថាប័នតុលាការផង៖ «យើងអត់ដឹងថា តើនៅក្រោយការសម្របសម្រួលនោះមានអ្វីកើតឡើង។ បើនិយាយអំពីអំពើអយុត្តិធម៌វិញ យើងមិនសំដៅតែលើសំណង លើជនរងគ្រោះទេ ប៉ុន្តែ បញ្ហានេះវាជះឥទ្ធិពលអាក្រក់ដល់សង្គមយើង។ យើងអត់ចង់ឱ្យមានវប្បធម៌បែបហ្នឹងទេ»។
ទោះជាមន្ត្រីសិទ្ធិមនុស្សរូបនេះ មិនចង់ឃើញយ៉ាងណាក៏ដោយ អង្ករវាក្លាយទៅជាបាយទៅហើយ ដោយកញ្ញា យិន ម៉ាណា បានចេញពីពន្ធនាគារបាត់ទៅហើយដែរ។ អ្វីដែលនៅសល់ គឺចម្លើយទៅនឹងចម្ងល់ ដែលថា តើនឹងមានចំណាត់ការណាមួយ ដើម្បីស៊ើបអង្កេតក្នុងរឿងនេះ ដែរឬទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
