"គោល​នយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ទាមទារ​ឱ្យ​តម្លាភាព និង​ទំនុក​ចិត្ត​ពី​ពលរដ្ឋ"

0:00 / 0:00

អ្នកច្បាប់ និង​សង្គម​ស៊ីវិល​ស្វាគមន៍​ការ​រៀបចំ​គោល​នយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ប៉ុន្តែ​ទាមទារ​ឱ្យ​ក្រសួងយុត្តិធម៌​បង្កើត​គោល​នយោបាយ​នេះ មាន​យន្តការ​ច្បាស់លាស់ តម្លាភាព យុត្តិធម៌ និង​ទទួល​បាន​ទំនុក​ចិត្ត​ពី​ពលរដ្ឋ ទើប​មាន​ប្រសិទ្ធភាព។

នាយករង​ទទួលបន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស នៃ​អង្គការ​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ការរៀបចំ​គោល​នយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​តុលាការ ជា​ចំណុច​វិជ្ជមាន​សម្រាប់​វិស័យ​យុត្តិធម៌ និង​ជួយ​បង្ក​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ កាត់បន្ថយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តុលាការ និង​កាត់បន្ថយ​ការរំលោភ​សិទ្ធិមនុស្ស។

លោក​បន្ត​ថា ប្រសិនបើ​គោលនយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ មាន​យន្តការ​ច្បាស់លាស់ និង​តម្លាភាព នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​ប្ដឹងផ្ដល់​របស់​ពលរដ្ឋ​នៅ​តាម​តុលាការ ជួយ​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ បង្ក​ភាព​សុខដុមរមនា​ឱ្យ​ដល់​ពលរដ្ឋ​៖ «យើង​ឃើញ​ថា យន្តការ​ថ្មី​នេះ វា​ល្អ​ក្នុង​ការ​បង្កើត​គោលនយោបាយ​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ។ ក៏ប៉ុន្តែ​អ្វី​ក៏ដោយ​វា ទី​១​វា​ស្ថិត​នៅ​លើ​គោលនយោបាយ ហើយ​និង​យន្តការ​ច្បាស់លាស់ នៅ​ក្នុង​ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ហ្នឹង គឺ​យន្តការ​តម្លាភាព ហើយ​និង​យុត្តិធម៌ និង​ជំនឿ​ទំនុក​ចិត្ត ដែល​អាច​ទទួល​យក​បាន​។ អាហ្នឹង វា​ជា​រឿង​មួយ​សំខាន់ ហើយ​មួយទៀត គឺ​ប្រសិន​ភាព​នៅ​ក្នុង​ការ​ដោះស្រាយ​ហ្នឹង វា​ជា​រឿង​មួយ​សំខាន់​បំផុត»។

លោក អំ សំអាត សង្កេត​ឃើញ​ថា កន្លង​មក​ក្រសួង​យុត្តិធម៌ ក៏បាន​ដាក់​ចេញ​យន្តការ​ផ្នែក​យុត្តិធម៌ តាម​ស្រុក ដើម្បី​ដោះស្រាយ​វិវាទ​ក្រៅ​តុលាការ សម្រាប់​រឿង​តូចៗ​ដែរ តែ​គ្មាន​ប្រសិទ្ធភាព ព្រោះ​មិន​ទាន់​មាន​គោលនយោបាយ​ច្បាស់លាស់។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធិ កាលពី​ថ្ងៃ​ទី​២៦ មិថុនា សម្រេច​បង្កើត​ក្រុមការងារ​បច្ចេកទេស ១៥​នាក់ ដើម្បី​ឱ្យ​រៀបចំ​គោលនយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ។ គោលបំណង ដើម្បី​ស្រាវជ្រាវ និង​រៀបចំ​គោលនយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ។អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី រដ្ឋមន្ត្រី លោក កើត រិទ្ធិ និង​អ្នកនាំពាក្យ​ក្រសួង លោក ជិន ម៉ាលីន បានទេ នៅ​ថ្ងៃ​ទី២ កក្កដា ដោយសារ​មិន​ទទួល​ទូរស័ព្ទ។

តែ​យ៉ាងណា លោក ជិន ម៉ាលីន ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា គោលនយោបាយ​នេះ​ស្ថិត​ក្នុង​ការសិក្សា​ស្រាវជ្រាវ ជា​លក្ខណៈ​វិទ្យាសាស្ត្រ ហើយ​ត្រូវ​សិក្សា​តាម​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ជា​លក្ខណៈ​អន្តរជាតិ និង​ស្រាវជ្រាវ​លិខិត​បទដ្ឋាន​អន្តរជាតិ​នានា ក្នុង​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ហើយ​កែច្នៃ​ឱ្យ​ស្របតាម​ច្បាប់​ជាតិ ដែល​ពលរដ្ឋ​អាច​ទទួល​យក​បាន។

លោក​បន្ត​ថា ការរៀបចំ​គោលនយោបាយ​នេះ ក្នុង​គោលដៅ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ដោយ​បង្ខិត​សេវា​យុត្តិធម៌​ឱ្យ​នៅ​ជិត​ពលរដ្ឋ កាត់បន្ថយ​ការ​កកស្ទះ​សំណុំរឿង​កើន​ឡើង​នៅ​តាម​តុលាការ និង​ជា​ការ​បង្កើត​ភាព​សុខដុមរមនា ដល់​ពលរដ្ឋ​៖ «គោលដៅ​៣ ទី​១​គឺ​បង្ខិត​សេវា​ហ្នឹង ឱ្យ​ទៅ​ជិត​ប្រជាពលរដ្ឋ នៅ​តាម​សហគមន៍ បាន​ន័យ​ថា គាត់​មាន​វិវាទ​អ្វី​នៅ​ក្នុង​សហគមន៍ គាត់​អាច​ប្រើ​យន្តការ​ហ្នឹង​បាន ឆាប់​លឿន នៅ​ក្បែរ​គាត់​។ ទី ២ ដោះស្រាយ និង​កាត់បន្ថយ​ភាព​កកស្ទះ​សំណុំរឿង ដែល​កើន​ឡើងជា​គំហុក នៅ​តាម​តុលាការ ហើយ​ទី​៣ ដើម្បី​បង្កើត​នូវ​ភាព​សុខដុមរមនា ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍។ បាន​ន័យ​ថា បើសិនជា​គាត់​មាន​វិវាទ គាត់​មក​ពឹងពាក់​យន្តការ​ហ្នឹង ហើយ​យន្តការ​ហ្នឹង អា​ចរក​វិធី​ដោះស្រាយ ហើយ​គាត់​ឯកភាព​គ្នា ស្រុះស្រួល​គ្នា អាហ្នឹង គឺ​គាត់​អាច​រស់នៅ​ក្នុង​ភាព​សុខដុមរមនា​ជាមួយគ្នា តទៅទៀត ជៀសវាង​ការ​ទៅ​តុលាការ​។ តែ​ទៅ​តុលាការ គេ​កាត់​មាន​អ្នកឈ្នះ មាន​អ្នក​ចាញ់ អាច​កើតមាន​អំពើ​ហិង្សា​ក្នុង​សង្គម»។

ប៉ុន្តែ លោក កើត រិទ្ធិ បញ្ជាក់​សេចក្ដី​សម្រេច​ថា ក្រុមការងារ​នេះ មាន​បេសកកម្ម សម្របសម្រួល​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ចូលរួម​ប្រឹក្សា ផ្ដល់​អនុសាសន៍ ផ្ដល់​ឯកសារ និង​ត្រូវ​ដើរ​តួនាទី​ជា​មន្ត្រី​បង្គោល​ក្នុង​ការ​សម្របសម្រួល រៀបចំ និង​អនុវត្ត​គោលនយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ។

សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​មេធាវី សួស វណ្ណៈ យល់ថា ការ​បង្កើត​គោល​នយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ជា​រឿង​ល្អ តែ​ទាមទារ​ឱ្យ​មហាជន និង​អ្នក​អនុវត្ត​ច្បាប់ គាំទ្រ​គោលនយោបាយ​នោះ​សិន នៅ​ពេល​ដាក់​ចេញ ទើប​ការអនុវត្ត​ទៅ វា​មាន​ប្រសិទ្ធភាព​សិន។

លោក​មេធាវី សង្កេត​ឃើញ​ថា ការ​ដាក់​ចេញ​គោលនយោបាយ​កាត់បន្ថយ​ការ​កកស្ទះ​សំណុំរឿង​តាម​សាលា​ជម្រះក្ដី នៅ​មិនទាន់​ទទួល​បាន​ជោគជ័យ​ទេ ហើយ​ក្រសួង​ប្រញាប់​រៀបចំ​គោលនយោបាយ​ថ្មី​មួយទៀត អាច​ជា​រឿង​ប្រញាប់​ពេក​៖ «ខ្ញុំ​គិត​ថា ការ​បង្កើត​ហ្នឹង វា​ល្អ​ហើយ​។ ប៉ុន្តែ​សូម​ឱ្យ​ការ​បង្កើត​យន្តការ​មួយៗ​ហ្នឹង ឱ្យ​មហាជន ឬ​អ្នក​អនុវត្ត​ច្បាប់ ទាំងឡាយ ទាំងពួង​មើល​ឃើញ​ច្បាស់​នឹង​ភ្នែក​ថា អូ​ !​ ពិតប្រាកដ​របស់​គេ​មែន ចេញ​មក​អាច​យក​ជា​ការ​បាន​មែន​។ អាហ្នឹង បាន​គេ​ហៅថា មតិ​មហាជន​ទទួលយក​ហើយ គឺ​យន្តការ​ហ្នឹង គំនិត​ហ្នឹង គឺថា មាន​ប្រសិទ្ធភាព ហើយ»។

របាយការណ៍​របស់​អង្គការ​មូលនិធិ​អាស៊ី បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា ធ្លាប់​បាន​ដាក់​ឱ្យ​ដំណើរការ ប្រព័ន្ធ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​មួយ​រួច​មក​ហើយ មាន​ឈ្មោះថា មណ្ឌល​សេវាកម្ម​យុត្តិធម៌ ដែល​មាននៅ​កម្រិត​ថ្នាក់​ស្រុក និង​ខណ្ឌ​មួយ​ចំនួន និង​មាន​គណៈកម្មការ​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ​តាម​ឃុំ-សង្កាត់។

ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ នៅ​កម្រិត​ថ្នាក់​ស្រុក​ខណ្ឌ និង​ឃុំ​សង្កាត់​កន្លង​មក ជា​ប្រភេទ​តូចតាច ជម្លោះដីធ្លី វិវាទ​ក្នុង​គ្រួសារ និង​ប្រភេទ​បទល្មើស​លហុ ជាដើម ដែល​មិនមែន​ស្ថិត​ក្នុង​រឿងក្ដី​ព្រហ្មទណ្ឌ​ឡើយ។

នាយករង​ទទួលបន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស នៃ​អង្គការ​លីកាដូ លោក អំ សំអាត សង្កេត​ឃើញ​ថា រឿងក្ដី​លហុ​មួយ​ចំនួន ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ជាហេតុ​ធ្វើ​ឱ្យ​សំណុំរឿង​កកស្ទះ និង​ខាត​ពេល​ពលរដ្ឋ​។ លោក​បន្ត​ថា ឯ​ករណី​ព្រហ្មទណ្ឌ​ខ្លះ មានការ​ព្យាយាម​សម្របសម្រួល ក្រៅ​ប្រព័ន្ធតុលាការ​ដែរ ដូច​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​មនុស្ស​ស្លាប់​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។