ក្រសួងយុត្តិធម៌ បង្ហាញលទ្ធផលនៃការដោះស្រាយសំណុំរឿងកកស្ទះតាមសាលាដំបូងរាជធានី-ខេត្តក្នុងរយៈពេលជាង១ខែ មកនេះ ប្រព្រឹត្តទៅផ្អែកតាមមូលដ្ឋានច្បាប់ និងយុត្តិធម៌ត្រឹមត្រូវ។ រីឯសង្គមស៊ីវិល នៅតែជំរុញឱ្យក្រសួង និងតុលាការពន្លឿននីតិវិធីបន្ថែមទៀត និងធានាថា ការដោះស្រាយសំណុំរឿងទាំងនោះ ប្រកបដោយតម្លាភាព យុត្តិធម៌ និងគ្មានការរើសអើងសំណុំរឿង នយោបាយ។
ក្រសួងយុត្តិធម៌បង្ហាញថា លទ្ធផលនៃការអនុវត្តយុទ្ធនាការក្នុងរយៈពេល៤២ថ្ងៃកន្លងមកនេះ សំណុំរឿងព្រហ្មទណ្ឌដែលត្រូវបានជំនុំជម្រះរួចនៅតាមសាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេស មាន ៣.៤៥៤សំណុំរឿង ស្មើនឹង២៧ភាគរយនៃសំណុំរឿងដែលបានកកស្ទះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា យុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះក្នុងតុលាការនេះ ធ្វើឡើងតាមយន្តការនិងនីតិវិធីរបស់តុលាការ ដោយផ្អែកលើមូលដ្ឋានច្បាប់។ លោករំពឹងទុកថា សាលាដំបូងរាជធានី-ខេត្ត នឹងខិតខំដោះស្រាយសំណុំរឿងកកស្ទះនៅតាមអង្គភាពឱ្យចប់សព្វគ្រប់នៅត្រឹមដំណាច់ឆ្នាំ២០២០ ដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារដែលដាក់ចេញដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គឺលឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ៖ «យុទ្ធនាការនេះដូចបានបញ្ជាក់ជូនតាំងពីដើមមកអ៊ីចឹង គឺផ្តោតលើសំណុំរឿងព្រហ្មទណ្ឌទូទៅ មិនពាក់ព័ន្ធរឿងនយោបាយ ឬមិននយោបាយអីនោះទេ ដោយផ្អែកលើមូលដ្ឋានច្បាប់ដែលមានជាធរមាន ហើយការអនុវត្តវិធានការនេះមានវិធីសាស្ត្រ និងយុទ្ធសាស្ត្រ និងមានយន្តការនៃការតាមដានត្រួតពិនិត្យផ្អែកទៅលើអភិក្រមដែលបានដាក់ចេញ»។
ក្រសួងយុត្តិធម៌បានចាប់ផ្ដើមអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ចាប់តាំងពីថ្ងៃទី១៨ ឧសភា មក បន្ទាប់ពីពិនិត្យឃើញថា សំណុំរឿងបានកើនឡើងជាគំហុកនៅតាមសាលាដំបូងរាជធានី-ខេត្ត រហូតដល់ជិត ៤ម៉ឺនសំណុំរឿង ដោយមិនទាន់រាប់បញ្ចូលសំណុំរឿងដែលស្ថិតនៅក្នុងដំណាក់កាលសាលាឧទ្ធរណ៍ និងតុលាការកំពូលនោះឡើយ។
ទន្ទឹមនឹងការអនុវត្តយុទ្ធនាការថ្មីនេះ ក្រសួងយុត្តិធម៌ ក៏បានសម្រេចបង្កើតក្រុមការងារបច្ចេកទេស រៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែរ ក្នុងគោលបំណងចូលរួមកាត់ បន្ថយការកកស្ទះសំណុំរឿងកើនឡើងក្នុងតុលាការ និងបង្ខិតសេវាយុត្តិធម៌ទៅជិតពលរដ្ឋមូលដ្ឋាន ព្រមទាំងបង្កើតសុខដុមរមនាសម្រាប់ពលរដ្ឋនៅក្នុងសហគមន៍។
ទោះជាយ៉ាងណា លោក ជិន ម៉ាលីន សុំមិនទាន់ធ្វើអត្ថាធិប្បាយលម្អិតអំពីយន្តការដោះស្រាយ និងវិវាទប្រភេទណា ដែលអាចដោះស្រាយក្រៅប្រព័ន្ធតុលាការនោះទេ ដោយបញ្ជាក់ថា ក្រុមការងារ កំពុងសិក្សាស្រាវជ្រាវ និងតាក់តែងគោលនយោបាយនេះនៅឡើយ៖ «ការរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺជាកម្មវិធីមួយនៃកម្មវិធីកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌របស់យើង ដូច្នេះក្រុមការងារ នេះរៀបចំឡើងគឺដើម្បីធ្វើការសិក្សាស្រាវជ្រាវជាលក្ខណៈវិទ្យាសាស្ត្រ ហើយនឹងតាក់តែងនូវគោលនយោបាយស្តីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហើយសួរថា គោលនយោបាយនេះ មានទម្រង់បែបណា និងយន្តការបែបណា នឹងធ្វើការបញ្ជាក់តាមក្រោយ នៅក្រោយពេលដែលក្រុមការងារធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំតាក់តែងគោលនយោបាយនេះ»។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត សាទរចំពោះការអនុវត្តយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះក្នុងតុលាការ និងការរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ទោះជាយ៉ាងណា លោកបន្តថា ផ្អែកតាមចំនួនសំណុំរឿងដែលកំពុងកកស្ទះនោះ តុលាការ គួរតែខិតខំពន្លឿននីតិវិធីបន្ថែមទៀត ដើម្បីកាត់បន្ថយ ភាពចង្អៀតណែនក្នុងពន្ធនាគារ និងឆាប់បញ្ចប់សំណុំរឿងដែលអូនបន្លាយពេលជាច្រើនឆ្នាំកន្លងមក ប៉ុន្តែត្រូវធានាថា ការដោះស្រាយនោះ មានយុត្តិធម៌ មានតម្លាភាពសម្រាប់អ្នកពាក់ព័ន្ធក្នុងសំណុំ រឿងគ្រប់ៗគ្នា។ ទន្ទឹមគ្នានេះ លោកក៏ស្នើសុំកុំឱ្យមានការរើសអើងលើសំណុំរឿងនយោបាយផងដែរ៖ «រឿងខ្លះគឺមានជនដែលត្រូវចោទ និងជនជាប់ចោទជាអ្នកនយោបាយនិងជាសកម្មជននយោបាយ ដូច្នេះហើយបើសិនជាដំណើរការទម្រង់នេះ មិនបានពន្លឿនឱ្យបានស្មើភាពគ្នាទេ នាំឱ្យមានការរិះគន់ និងមានការលើកឡើងថា អាចមានការពាក់ព័ន្ធនឹងការរើសអើងនិន្នាការនយោបាយ។ ខ្ញុំនៅតែដដែល គឺស្នើសុំឱ្យធ្វើយ៉ាងណា ពន្លឿននីតិវិធីនេះប្រកបទៅតាមនីតិវិធី ទៅតាមផ្លូវច្បាប់ មានតម្លាភាពនិងមានយុត្តិធម៌ និងជៀសវាងអគតិធម៌ទាំង៤»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បន្តថា ចំពោះការរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការវិញ គឺជាចំណុចវិជ្ជមានមួយទៀត ប៉ុន្តែលោកមិនទាន់ហ៊ានវាយតម្លៃអំពីប្រសិទ្ធភាពនៃការអនុវត្តយន្តការនេះនៅឡើយទេ។ លោកយល់ថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺភាគច្រើនដោះស្រាយសំណុំរឿងស៊ីវិល ឬបទល្មើសដែលស្រាលដូចជាបទល្មើសលហុជាដើម ប៉ុន្តែមិនមែនសម្រាប់ដោះស្រាយបទល្មើសឧក្រិដ្ឋ និងបទល្មើសព្រហ្មទណ្ឌនោះទេ៖ «រឿងរ៉ាវខ្លះដូចជារឿងស៊ីវិល ពាក់ព័ន្ធនឹងរឿងដីធ្លី បញ្ហាវិវាទនៅក្នុងគ្រួសារ បញ្ហាវិវាទរវាងបុគ្គលនិងបុគ្គល ដោយរឿងខ្លះវាមិនមែនជារឿងធំដុំដែលអាច បញ្ចប់បាននៅក្នុងមូលដ្ឋាន និងតាមរបៀបក្រៅប្រព័ន្ធតុលាការ គឺជាការកាត់បន្ថយមួយដែរចំពោះការកកស្ទះសំណុំរឿងក្នុងតុលាការ និងធ្វើឱ្យប្រជាពលរដ្ឋមិនខាតពេលវេលាច្រើន នៅក្នុងដំណើរការរឿងក្តីដែលមិនសូវមានប្រយោជន៍និងមិនសូវធំដុំសម្រាប់ពួកគាត់»។
កន្លងមក សង្គមស៊ីវិល សង្កេតឃើញថា អាជ្ញាធរពាក់ព័ន្ធ តែងតែឃុបឃិតគ្នា សម្របសម្រួលដោះស្រាយបញ្ចប់សំណុំរឿងព្រហ្មទណ្ឌក្រៅប្រព័ន្ធតុលាការ ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ ករណីហិង្សាធ្ងន់ធ្ងរ និងករណីចាប់រំលោភសេពសន្ថវៈជាដើម ដែលធ្វើឱ្យជនល្មើសមិនរាងចាល និងកើតមានបទល្មើសទាំងនេះកាន់តែកើនឡើង។ ចំណែក សំណុំរឿងស្រាលៗ ឬបទល្មើសលហុ ដូចវិវាទដីធ្លីជាដើម អាជ្ញាធរពាក់ព័ន្ធហាក់មិនបានយកចិត្តទុកដាក់ដោះស្រាយនោះទេ បែរជារុញទៅតុលាការដែលជាហេតុធ្វើឱ្យសំណុំរឿងកកស្ទះ ក្នុងតុលាការនិងខាតពេលវេលារបស់ពលរដ្ឋ។
បើទោះបីជា ក្រសួងយុត្តិធម៌អះអាងថា យុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះក្នុងតុលាការ និងការរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺជាទិសដៅធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ សម្រាប់ពន្លឿនការរកយុត្តិធម៌ជូនពលរដ្ឋ លើកកម្ពស់គុណភាពរបស់ស្ថាប័នតុលាការ និងរួមចំណែកកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារក្តី ប៉ុន្តែសម្រាប់ក្រុមអ្នកនយោបាយ បក្សប្រឆាំង នៅតែមិនមានជំនឿនោះឡើយ។
យុវជនគណបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួននៅក្រៅប្រទេស លោក នាង សុឃុន លើកឡើងថា តុលាការកម្ពុជាគ្រប់ជាន់ថ្នាក់ នៅតែគ្មានឯករាជ្យភាព ឃុបឃិតគ្នាពុករលួយ បម្រើតែក្រុមអ្នកមានលុយ និងមានអំណាច មិនបានផ្ដល់យុត្តិធម៌សម្រាប់ពលរដ្ឋស្លូតត្រង់នោះទេ។ លោកយល់ថា ប្រសិនបើក្រសួងយុត្តិធម៌ និងតុលាការ ចង់ឱ្យសាធារណជនមានទំនុកចិត្តនោះ ត្រូវតែមានភាពក្លាហានទម្លាក់ចោលរាល់បទចោទប្រកាន់ដែលមានចរិតនយោបាយបែបប្រឌិត និងដោះលែងសកម្មជននិងមន្ត្រីបក្សប្រឆាំងរួមទាំងអ្នកទោសមនសិការដទៃទៀត ព្រមទាំងត្រូវបញ្ឈប់ទង្វើចាប់ចង និងចោទប្រកាន់ទាំងគ្មានមូលដ្ឋានលើអ្នករិះគន់រដ្ឋាភិបាលតទៅទៀត។
យុវជនគណបក្សប្រឆាំងរូបនេះ បន្តថា ការដោះស្រាយសំណុំរឿងដែលពាក់ព័ន្ធនឹងរឿងនយោបាយជាងមួយរយករណី គឺមិនត្រឹមតែកាត់បន្ថយសំណុំរឿងកកស្ទះក្នុងតុលាការទេ ថែមទាំងជួយបន្ធូរបន្ថយភាពតានតឹងផ្នែកនយោបាយ និងជួយឱ្យកម្ពុជាគេចផុតពីការដាក់ទណ្ឌកម្មផ្សេងៗពីសហគមន៍អន្តរជាតិផងដែរ៖ «យុទ្ធនាការនេះ តាមខ្ញុំយល់គឺក្រសួងយុត្តិធម៌ គួរតែពន្លឿនមុនគេ គឺពន្លឿនសំណុំរឿងទាំងឡាយទាំងរឿងក្តីមេបក្សប្រឆាំង ទាំងរឿងសកម្មជនរបស់គណបក្ស សង្គ្រោះជាតិ ក៏ដូចជារឿងនយោបាយដៃទៀត ឱ្យបានលឿនព្រោះថា ឥឡូវនេះកម្ពុជារបស់យើង កំពុងតែប្រឈមនឹងវិបត្តិនយោបាយយ៉ាងខ្លាំង ហើយវិបត្តិនយោបាយនេះ ធ្វើឱ្យមានវិបត្តិ សេដ្ឋកិច្ច និងធ្វើឱ្យពលរដ្ឋបាត់ការងារធ្វើ»។
កាលពីឆ្នាំ២០១៩ អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានចេញរបាយការណ៍មួយស្ដីពីសន្ទស្សន៍នៃការគោរពនីតិរដ្ឋ ដោយបានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា នៅជិតបាតតារាង គឺជាប់លេខ១១២ក្នុងចំណោម ១១៣ប្រទេសដែលមានកេរ្តិ៍ឈ្មោះអសោចខាងការមិនគោរព និងរំលោភប្រព័ន្ធនីតិរដ្ឋ។ របាយការណ៍នេះបញ្ជាក់ថា ចំណាត់ថ្នាក់យុត្តិធម៌របស់កម្ពុជាដោយសារតែមានការជ្រៀតជ្រែកពីរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
