ក្រសួង​មហាផ្ទៃ​មិន​ទាន់​ទទួល​បាន​ដីកា​ឲ្យ​ចាប់​ខ្លួន​លោក កឹម សុខា នៅ​ឡើយ​ទេ

0:00 / 0:00

ខណៈ​ក្រុម​យោធា​នៅ​តែ​ធ្វើ​សកម្មភាព​នៅ​ក្បែរៗ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ដដែល​នោះ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ដីកា​ឲ្យ​ចាប់​ខ្លួន​លោក កឹម សុខា នៅ​ឡើយ​ទេ។ ការ​ថ្លែង​បែប​នេះ​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ស្រប​ពេល​ដែល​ក្រុម​អន្តរាគមន៍​ជើង​ទឹក​បន្ត​ជិះ​អូប័រ​ឆ្វែល​នៅ​ឯ​ត្រើយ​ម្ខាង​ទន្លេ​បាសាក់​នៅ​ពី​ក្រោយ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ថា ក្រសួង​មហាផ្ទៃ មិន​ទាន់​ទទួល​ដីកា​ពី​តុលាការ​ឲ្យ​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឡើយ​ទេ៖ « គ្រាន់​តែ​អាច​បញ្ជាក់​បាន​ថា​មក​ដល់​ពេល​នេះ មិន​មាន​ដីកា​ឲ្យ​ចាប់​ខ្លួន​លោក កឹម សុខា ទេ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ណែនាំ​សកម្មជន​មក​ការពារ​លោក កឹម សុខា»

ការ​ថ្លែង​បែប​នេះ​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បន្ទាប់​ពី​កង​អន្តរាគមន៍​ពិសេស​មាន​ទាំង​ផ្លូវ​គោក ផ្លូវ​អាកាស និង​ផ្លូវ​ទឹក​ប្រដាប់​ដោយ​អាវុធ នាំ​គ្នា​ល្បាត​ជុំវិញ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ជា​កន្លែង​ដែល​លោក កឹម សុខា កំពុង​ស្នាក់នៅ​បណ្ដោះអាសន្ន​ជាច្រើន​ខែ​មក​ហើយ។

នៅ​ពេល​ធ្វើ​សកម្មភាព​នេះ ក្រសួង​ការពារ​ជាតិ មិន​បាន​ពន្យល់​ជា​ផ្លូវ​ការ​នោះ​ទេ។ ក្រោយ​ពេល​មាន​ការ​រិះគន់​សកម្មភាព​នេះ​ពី​សំណាក់​គណបក្ស​សង្គ្រោះ​ជាតិ អ្នក​វិភាគ និង​ពលរដ្ឋ ក្រសួង​ការពារ​ជាតិ សម្រេច​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ពន្យល់​ថា ការ​ចល័ត​កម្លាំង​កងទ័ព​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល គឺ​ជា​ការ​ហ្វឹកហ្វឺន​សាកល្បង​សមត្ថភាព​កម្លាំង​ចល័ត​របស់​ក្រសួង​ការពារ​ជាតិ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ ច្រាន​ចោល​នូវ​ការ​ចោទ​ប្រកាន់​ពី​អ្នក​នយោបាយ និង​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ជន​ទាំងឡាយ​ដែល​មាន​ចេតនា​បង្ខូច​កិត្តិយស​កង​យោធា ដែល​កំពុង​ការពារ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់។

ទោះ​បី​ជា​យ៉ាង​ណា​ក្តី នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា គេ​មិន​ឃើញ​កង​អន្តរាគមន៍​ពិសេស​ផ្លូវ​គោក និង​ ផ្លូវ​អាកាស ធ្វើ​សកម្មភាព​នៅ​បរិវេណ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ទៀត​ទេ។ ប៉ុន្តែ​ក្រុម​កងទ័ព​ជើង​ទឹក​នៅ​តែ​បន្ត​សកម្មភាព​ទៅ​មក​នៅ​ពី​ក្រោយ​ទីស្នាក់ការ​គណបក្ស​ដដែល។

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ បាន​ទេ​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា។ ប៉ុន្តែ​លោក​បាន​ផ្តល់​សម្ភាស​ឲ្យ​វិទ្យុ​ស្ត្រី ១០២ ដោយ​បញ្ជាក់​ថា កងទ័ព​ចង់​ធ្វើ​លំហាត់​សមយុទ្ធ​នៅ​ទីណា​កន្លែង​ក៏​បាន​ដែរ។

លោក​ឲ្យ​ដឹង​ដែរ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦ កងទ័ព​ជើង​ទឹក​ប្រើ​នាវា ៨​គ្រឿង និង​អូប័រ ២២​គ្រឿង ដើម្បី​បន្ត​ហ្វឹកហ្វឺន​នៅ​ក្នុង​ការ​ទប់ទល់​នឹង​គ្រោះ​មហន្តរាយ​ផ្សេងៗ​នៅ​តាម​ដង​ទន្លេ​សាប និង​ទន្លេ​បាសាក់។

ការ​ធ្វើ​សកម្មភាព​សមយុទ្ធ​កណ្ដាល​ក្រុង​ភ្នំពេញ​របស់​ក្រសួង​ការពារ​ជាតិ ដ៏​កម្រ​បែប​នេះ ក្រោយ​ពេល​មេ​ទ័ព​ដែល​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក​ផ្កាយ​មាស​៤ គន់ គីម ប្រកាស​ថា លោក​នឹង​ជួយ​ចាប់​ខ្លួន​លោក សម រង្ស៊ី និង​លោក កឹម សុខា បើ​មាន​សំណើ​ពី​តុលាការ។

អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ សង្កេត​ឃើញ​ថា ចាប់​តាំង​ពី​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ រួច​មក សកម្មភាព​កងទ័ព​មាន​ការ​ចូលរួម​ការងារ​ផ្ទៃ​ក្នុង​ច្រើន « មិន​ឃើញ​ក្រសួង​មហាផ្ទៃ មិន​សូវ​ជា​ចេញ​មុខ។ ខ្ញុំ​ឃើញ​តែ​ខាង​កងទ័ព​ចេញ​មុខ​ច្រើន​លើ​ការងារ​ផ្ទៃ​ក្នុង​ដែល​ជា​ការងារ​របស់​ក្រសួង​មហាផ្ទៃ។ យូរៗ​ទៅ​ដូច​ការ​គ្រប់គ្រង​រដ្ឋ ក្លាយ​ជា​របប​យោធា»

ដោយឡែក​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ស្នើ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ តាមដាន​រាល់​ដំណើរ​ការ​របស់​តុលាការ​លើ​សំណុំ​រឿង​លោក កឹម សុខា ព្រោះ​តុលាការ​នៅ​កម្ពុជា ពឹងពាក់​មិន​បាន​ទេ។ លោក អេង ឆៃអ៊ាង ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ថា​ការ​ធ្វើ​ការងារ​របស់​តុលាការ តែងតែ​រំលោភ​នីតិវិធី​ម្តង​ហើយ​ម្តង​ទៀត៖ « ខ្ញុំ​នាម​គណបក្ស​សង្គ្រោះ​ជាតិ សុំ​អំពាវនាវ​ឲ្យ​បង​ប្អូន​ទាំងអស់​គ្នា​ចូលរួម​តាម​ឃ្លាំ​មើល​ទាំងអស់​គ្នា។ យើង​អត់​ដឹង​ថា ស្ថានការណ៍​ហ្នឹង​នឹង​វិវឌ្ឍន៍​ទៅ​ដល់​ណា​ទេ »

ជុំវិញ​សំណុំ​រឿង​នេះ​ដែរ ក្រុម​មេធាវី​របស់​លោក កឹម សុខា បាន​ប្ដឹង​ទៅ​តុលាការ​កំពូល ដោយ​ចោទ​ប្រកាន់​ថា សាលា​ឧទ្ធរណ៍​ធ្វើ​ខុស​នីតិវិធី​ដែល​សវនាការ​នឹង​បើក​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា។

ក្រុម​មេធាវី​ក៏​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​ដែរ​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ​ធ្វើ​ខុស​នីតិវិធី ដែល​សវនាការ​នឹង​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា។

នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​លើ​ករណី​មិន​ចូល​ខ្លួន​របស់​លោក កឹម សុខា ក្នុង​នាម​ជា​សាក្សី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។