តុលាការនៃរបបលោក ហ៊ុន សែន ចេញដីកាសម្រេច មិនទម្លាក់ចោលបទចោទលើ លោក កឹម សុខា នោះទេ។ ការបដិសេធនេះ បន្ទាប់ពីសហមេធាវី លោក កឹម សុខា ដាក់ពាក្យស្នើសុំទម្លាក់បទ ចោទ លើលោក កឹម សុខា ជាលើកទី៣ កាលពីចុងខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ។ អ្នកវិភាគ យល់ថា របបលោក ហ៊ុន សែន មិនងាយដោះលែងលោក កឹម សុខា ងាយៗនោះទេ លុះត្រាតែមានសម្ពាធ អន្តរជាតិកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។
តុលាការនៃរបបលោក ហ៊ុន សែន នៅតែបន្តរក្សាបទចោទនិងបន្តត្រួតពិនិត្យលើប្រធានគណបក្ស សង្គ្រោះជាតិ លោក កឹម សុខា ដដែល។
ស្របពេលគ្នានេះ តុលាការ ក៏បានបន្តកោះហៅសាក្សីសួរនាំបន្ថែមទៀត ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោក កឹម សុខា លួចសហការជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៧។
ដីកាសម្រេចរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី ដែលអាស៊ីទទួល បាននៅថ្ងៃទី៦ ខែមករា បង្ហាញថា នីតិវិធីស៊ើបសួរលើសំណុំរឿងលោក កឹម សុខា កំពុងដំណើរការទៅមុខ ដូច្នេះទើបតុលាការសម្រេចបដិសេធទម្លាក់ចោលការចោទប្រកាន់នេះ។
ការបដិសេធនេះ បន្ទាប់ពីសហមេធាវីការពារក្តីឲ្យលោក កឹម សុខា បានដាក់ពាក្យស្នើសុំជាលើកទី៣ ទៅកាន់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំឲ្យទម្លាក់បទចោទលើលោក កឹម សុខា ។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបពីមេធាវីលោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី បានទេ ដោយអ្នក ស្រីបង្វែរឲ្យសួរលោកមេធាវី ផែង ហេង វិញ ប៉ុន្តែទូរស័ព្ទលោកមិនអាចទាក់ទងបាន។
ទោះយ៉ាងណាក្តី ក្រុមមេធាវីលោក កឹម សុខា ធ្លាប់លើកឡើងថា ការស្នើសុំនេះដោយសារការស៊ើប អង្កេតលើសំណុំរឿងរបស់លោក កឹម សុខា មានរយៈពេលជាងមួយឆ្នាំហើយ ដែលគួរតែបញ្ចប់។ ម្យ៉ាងទៀត រហូតមកដល់ពេលនេះ ក៏មិនទាន់ឃើញភស្តុតាងណាមួយ ដែលអាចដាក់បន្ទុកលើលោក កឹម សុខា ដូចការចោទប្រកាន់ដែរ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលរបបលោក ហ៊ុន សែន រំលាយចោល គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលខកព្រះទ័យ និងសោកស្ដាយយ៉ាងខ្លាំងចំពោះដីកាសម្រេចរបស់តុលាការ ព្រោះវាគ្មានភាពយុត្តិធម៌ និងផ្ទុយពីបំណងរបស់សហគមន៍អន្តរជាតិ។ ព្រះអង្គម្ចាស់ មានព្រះ បន្ទូលទៀតថា សហគមន៍ជាតិ និងសហគមន៍អន្តរជាតិ សុទ្ធតែមើលឃើញសំណុំរឿងលោក កឹម សុខា គឺជាសំណុំរឿងសិប្បនិម្មិត ព្រោះអូសបន្លាយពេលជិតមួយឆ្នាំកន្លះហើយនៅតែមិនទាន់អាចបើកសវនាការ ជំនុំជម្រះក្តី និងរកភស្តុតាងណាមួយដើម្បីដាក់បន្ទុកលើលោក កឹម សុខា ដោយចេះតែពន្យារពេលទៅមុខប៉ុណ្ណោះ។ «»
នៅថ្ងៃនេះដែរ អាស៊ីសេរី ក៏ទើបតែទទួលបានដីការបស់សាលាដំបូងរាជធានីភ្នំពេញមួយទៀត គឺកោះហៅអតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ដែលងាកទៅគាំទ្រគណបក្សកាន់អំណាចវិញ គឺលោក គង់ គាំ ឲ្យចូលបំភ្លឺសំណុំរឿងលោក កឹម សុខា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។ គិតត្រឹមថ្ងៃនេះ យ៉ាងហោចណាស់ មានមនុស្ស ១០នាក់ ត្រូវបានចៅក្រមស៊ើបសួរ កោះហៅឱ្យចូលខ្លួនធ្វើជាសាក្សី ក្នុងសំណុំរឿងចោទប្រកាន់មេបក្សប្រឆាំង។
អ្នកវិភាគវ័យក្មេង លោក បុង ដែត លើកឡើងថា សំណុំរឿងមេបក្សប្រឆាំងនេះ គឺជាសំណុំរឿងនយោបាយ ដែលកាត់ក្ដីដោយតុលាការមិនឯករាជ្យស្ថិតក្រោមអំណាចរបបក្រុងភ្នំពេញ ដូច្នេះ ក្រុម មេធាវី លោក កឹម សុខា គ្មានឥទ្ធិពលអ្វីដើម្បីឲ្យតុលាការនេះ ទម្លាក់ចោលការចោទប្រកាន់លើ លោក កឹម សុខា នោះទេ។ ម្យ៉ាងទៀត លោក ហ៊ុន សែន ចង់ទុកលោក កឹម សុខា បែបនេះ ដើម្បីបំបែកបំបាក់គណបក្សសង្គ្រោះជាតិ។ លោក បុង ដែត យល់ថា របបលោក ហ៊ុន សែន អាចនឹងទម្លាក់ចោលការចោទប្រកាន់ និងផ្ដល់សេរីភាពទាំងស្រុងដល់លោក កឹម សុខា លុះត្រាតែសហគមន៍អន្តរជាតិ បន្តដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរបន្ថែមទៀតលើរបបដឹកនាំសព្វថ្ងៃ។ «»
លោក សម រង្ស៊ី និងក្រុមអ្នកប្រឆាំង ដោយរួមទាំងសហគមន៍អន្តរជាតិ និងប្រទេសប្រជាធិបតេយ្យ ធំៗខ្លះទៀត បានព្យាយាមជាដដែល ក្នុងការទាមទារឲ្យទម្លាក់បទចោទ និងផ្ដល់សេរីភាពឲ្យបានពេញលេញជូនលោក កឹម សុខា។
លោកត្រូវបានសមត្ថកិច្ច ចូលទៅចាប់ខ្លួនដល់ផ្ទះ កាលពីពាក់កណ្ដាលអធ្រាត្រថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ លោកត្រូវបានតុលាការចោទប្រកាន់ពីបទសន្និដ្ឋិភាពជាមួយបរទេស ឬលួចសហការជាមួយបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា និងបានដាក់ឃុំឃាំងក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជិតព្រំដែនវៀតណាម បានមួយឆ្នាំ។ ចៅក្រមស៊ើបសួរ ទើបតែសម្រេចឲ្យ លោករស់នៅក្រៅឃុំជាបណ្ដោះអាសន្ន ក្រោមហេតុផលថា គិតគូរពីសុខភាពរបស់លោក។ ប៉ុន្តែ ចៅក្រមស៊ើបសួរ បានដាក់បម្រាមយ៉ាងតឹងរ៉ឹង ដោយមិនអនុញ្ញាតឲ្យលោក ទៅណាឆ្ងាយពីផ្ទះឡើយ ហើយមិនឲ្យជួបជនបរទេស ដែលពាក់ព័ន្ធនឹងសំណុំរឿង រួមទាំងអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
