យុវជន​ខ្មែរ​ថាវរៈ​ស្នើសុំ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ទម្លាក់​បទ​ចោទ​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ពួកគេ

សាលា​ឧទ្ធរណ៍​នឹង​បើកសវនាការ​ករណី​សកម្មជន​បរិស្ថាន និង​នយោបាយ​ចំនួន​១០​នាក់ ដែល​បាន​ជាប់ឃុំ​១៤​ខែ ក្រោម​បទ​ចោទ ញុះញង់​នៅ​ថ្ងៃទី​២៩ កក្កដា នេះ​។ អតីត​ក្រុម​យុវជន​ខ្មែរ​ថាវរៈ លោក កើត សារ៉ាយ ស្នើ​សុំ​ឱ្យ​សាលាឧទ្ធរណ៍​ទម្លាក់​បទ​ចោទ​របស់​សាលាដំបូង​ភ្នំពេញ​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ក្រុម​របស់​ពួក​លោក។

អតីត​សមាជិក​ក្រុម​ខ្មែរ​ថាវរៈ និង​បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ប្រាប់​អាស៊ីសេរី​ឱ្យ​ដឹង​ថា លោក និង​យុវជន​ខ្មែរ​ថាវរៈ នឹង​ទៅ​ចូលរួម​សវនាការ​សាលាឧទ្ធរណ៍​ភ្នំពេញ​នៅ​ព្រឹក ថ្ងៃទី​២៩ កក្កដា​នេះ​ដើម្បី​ឆ្លើយ​បំភ្លឺ និង​ស្នើសុំ​សាលា​ឧទ្ធរណ៍​ទម្លាក់​បទ​ចោទ​ដើម្បី​ផ្ដល់​យុត្តិធម៌​មក​លើ​ក្រុម​របស់​លោក​។ លោក​បន្ថែម​ថា សកម្មភាព​របស់​ក្រុម​ខ្មែរ​ថាវរៈ​ធ្វើ​កន្លងមក គឺជា​ការ​បំពេញ​ភារកិច្ច​ក្នុង​នាម​ជា​ពលរដ្ឋ​សកម្ម ដើម្បី​ទាមទារ​ដោះលែង​លោក រ៉ុង ឈុន ដែល​ជា​មនុស្ស​ស្អាតស្អំ ហើយ​ផែនការ​ធ្វើបាតុកម្ម ដែល​ក្រុម​ខ្មែរ​ថាវរៈ​បាន​គ្រោង​ធ្វើ​កន្លងទៅ គឺ​ក្នុង​ទម្រង់​បែប​អហិង្សា​ដែល​មិន​ខុស​ទៅ​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា​នោះ​ទេ៖ «វា​ជា​រឿង​អយុត្តិធម៌​ពីព្រោះ​បើ​គិត​ពី​ព្យសនកម្ម នៃ​អ្វី​ដែល​ពួក​ខ្ញុំ​ធ្វើ​ហ្នឹង​វា​គ្រាន់តែ​ជា​ការ​សម្ដែង​មតិ ហើយ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​គោលដៅ​ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ ហើយក៏​ជា​ការ​ក្នុង​ការចូលរួម​ខ្វល់ខ្វាយ​ដល់​បញ្ហា​នៅក្នុង​ប្រទេស​តាមរយៈ​ក្នុងនាម​ខ្លួនឯង​ជា​ម្ចាស់​ប្រទេស ម្ចាស់​ទឹកដី​តែ​ប៉ុណ្ណឹង»

តុលាការ​ដំបូង​ភ្នំពេញ​កាល​ពី​ខែ​តុលា ២០២១ បាន​សម្រេច​ផ្ដន្ទាទោស សកម្មជន​សរុប ១៤​នាក់ ឱ្យ​ជាប់​ពន្ធនាគារ​ពី​២០​ខែ ទៅ​២​ឆ្នាំ ពី​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិ​សង្គម ដោយ​ក្នុង​នោះ​រួមមាន ១.​អ្នកស្រី ឈឿន ដារ៉ាវី ២.​កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ៣.​លោក ហ៊ុន វណ្ណៈ ៤. លោក កើត សារ៉ាយ ៥. លោក ថា ឡាវី ដែល​ជា​សកម្មជន​ក្រុម​ខ្មែរ​ថាវរៈ និង​សមាជិក​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ២​នាក់ ហើយ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។