ព្រះមហាក្សត្រ​តែងតាំង​សមាសភាព​ចៅក្រម​សាលាឧទ្ធរណ៍​ភូមិ​ភាគ​ទាំង​៣

ដោយ មួង ណារ៉េត
2020.03.22
ប្រជុំ​សភា ថ្ងៃ​ដំបូង ២០១៣ ៦២២ ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ថតរូប​ជាមួយ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​​ព្រឹក​ថ្ងៃ​២៣ កញ្ញា ២០១៣។
RFA

ព្រះមហាក្សត្រ បាន​តែងតាំង​សមាសភាព​ចៅក្រម​សម្រាប់​សាលាឧទ្ធរណ៍​ភូមិ​ភាគ រួចរាល់​ហើយ មក​ដល់​ពេល​នេះ ហើយ​សាលាឧទ្ធរណ៍​ភូមិភាគ ទាំង​៣ នឹង​ដំណើរការ​រឿងក្ដី ចាប់ពី​ថ្ងៃ​ទី១ ខែ​មេសា តទៅ។ អ្នក​ច្បាប់​សង្គម​ស៊ីវិល សុទ្ធតែ​ហៅ​ការ​បង្កើត​សាលាឧទ្ធរណ៍​បន្ថែម​នេះ​ថា ជា​ការ​ល្អ តែ​មិន​ទុកចិត្ត​ថា នឹង​អនុវត្ត​ប្រកបដោយ​យុត្តិធម៌​ជាង​មុន​ឬទេ។

សមាជិក​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក សំ សុគង់ ស្វាគមន៍​ការរៀបចំ និង​បង្កើត​សាលាឧទ្ធរណ៍​តាម​ភូមិភាគ ដើម្បី​កាត់បន្ថយ​ការ​រាំងស្ទះ​សំណុំរឿង​ក្ដី និង​ជួយ​ឱ្យ​ជនជាប់ចោទ មាន​វត្តមាន​ក្នុង​សវនាការ​ឧទ្ធរណ៍។

តែ​យ៉ាងណា លោក​មេធាវី សំ សុគង់ សង្កេតឃើញ​ថា សមាសភាព​ចៅក្រម និង​ព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍​ភូមិភាគ​ទាំង​៣ ដែល​ព្រះមហាក្សត្រ​បាន​តែងតាំង តាម​ការ​ស្នើ​សុំ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ ភាគច្រើន​មាន​វ័យ​ក្មេងៗ នៅ​ពេល​ដែល​ចៅក្រម និង​ព្រះរាជអាជ្ញា​រង នៅ​សាលាដំបូង មាន​វ័យ​ចំណាស់​ជាង។ លោក​ពន្យល់​ថា សាលាឧទ្ធរណ៍ គឺជា​ស្ថាប័ន​តុលាការ ដែល​មាន​កម្រិត​ខ្ពស់​ជាង​សាលាដំបូង ដូច្នេះ​គួរតែ​ស្នើសុំ​តែងតាំង​ចៅក្រម និង​តំណាង​អយ្យការ ដែល​មាន​វ័យ​ចាស់ និង​បទពិសោធន៍​ច្រើនជាង​ចៅក្រម​សាលាដំបូង។

ព្រះមហាក្សត្រ បាន​ចេញ​ព្រះរាជក្រឹត្យ តែងតាំង​សមាសភាព​ចៅក្រម​សាលាឧទ្ធរណ៍​ភូមិភាគ​ទាំង​៣ ចំនួន ១៨ នាក់ នៅ​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ បាត់ដំបង និង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១៩ មីនា។

ក្នុងចំណោម​ចៅក្រម​ទាំង​១៨​នាក់ ដែល​តែងតាំង​នោះ មាន​ចៅក្រម​មួយ​ចំនួន​ធ្លាប់​មាន​ប្រវត្តិ​ល្បីល្បាញ ក្នុង​ការ​កាន់​សំណុំ​រឿងក្ដី​នយោបាយ បញ្ជា​ឲ្យ​ឃុំឃាំង​សកម្មជន​បក្ស​ប្រឆាំង ដោយ​ចោទ​ថា ចូលរួម​គំនិត​ក្បត់​ជាមួយ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មាន​ចេតនា​ចង់​ផ្ដួល​រំលំ​របប​ក្រុងភ្នំពេញ នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា ជាដើម។

ចៅក្រម​ទាំងនោះ​រួមមាន លោក រៀល សុភិន និង​លោក អ៊ី ឃាង ជាដើម។

សាលាឧទ្ធរណ៍​ភូមិភាគ​នេះ ក្រសួង​យុត្តិធម៌ អះអាង​ថា បាន​សិក្សា និង​មាន​គម្រោង​បង្កើត​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ទើបតែ​សម្រេច​ស្នើ​សុំ ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​បង្កើត នៅ​ឆ្នាំ​២០១៧។

ជិត​មួយ​ឆ្នាំ​ក្រោយមក គឺ​នៅ​ខែ​មីនា​នេះ ការ​ស្នើសុំ​តែងតាំង​សមាសភាព​ចៅក្រម​ម្ដងទៀត​នេះ ក៏​ត្រូវ​បាន​ធ្វើ​ឡើង។

ទោះ​យ៉ាងណា សាលាឧទ្ធរណ៍​តំបន់ នឹង​ដាក់​ឲ្យ​ដំណើរការ​រឿងក្ដី ជា​ផ្លូវការ នៅ​ដើម​ខែ​មេសា។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ឧត្ដមក្រុមប្រឹក្សា​អង្គចៅក្រម លោក សំ ប្រជាមានិត និង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថា តើ​សាលាឧទ្ធរណ៍​ភ្នំពេញ នឹង​បង្វែរ​សំណុំរឿង​ក្ដី​ចាស់ ឲ្យ​ទៅ​ជម្រះ​នៅ​ឧទ្ធរណ៍​តំបន់ ឬ​អត់​ទេ?

តែ​យ៉ាងណា លោក​ទាំងពីរ ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ការ​បង្កើត​សាលាឧទ្ធរណ៍​តំបន់​ទាំង​៣ គឺជា​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ និង​ក្នុង​គោលបំណង បង្ខិត​សេវា​យុត្តិធម៌ ឱ្យ​នៅ​កៀក​ពលរដ្ឋ និង​ធានា​សិទ្ធិ ទទួល​បាន​យុត្តិធម៌​របស់​ពលរដ្ឋ។

កន្លងមក សវនាការ​ឧទ្ធរណ៍​ខ្លះ មិន​បាន​នាំ​ជនជាប់ចោទ ដែល​កំពុង​ជាប់​ឃុំឃាំង ក្នុង​ពន្ធនាគារ​តាម​ខេត្ត មក​ឡើង​ឧទ្ធរណ៍ ដោយ​ផ្ទាល់​ទេ គឺ ធ្វើឡើង​តែ​តាមរយៈ​មេធាវី​ប៉ុណ្ណោះ ដោយសារតែ​មន្ត្រី​សាលាឧទ្ធរណ៍​អះអាង​ថា ជនជាប់ចោទ​ជាប់ពន្ធនាគារ​នៅ​ឆ្ងាយ​ពេក ឬ​គ្មាន​លទ្ធភាព ដឹក​ជនជាប់ចោទ មក​ចូលរួម​សវនាការ​ឧទ្ធរណ៍​។

ករណី​នេះ កើតឡើង​ជាក់ស្ដែង​ញឹកញាប់​ណាស់ ដូចជា ករណី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កាលពី​ជាប់ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ នៅ​ជាប់​ព្រំដែន​វៀតណាម ករណី​សកម្មជន​បក្ស​ប្រឆាំង​សង្កាត់​ប៉ោយប៉ែត លោក ចៅ វាសនា ជាដើម។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​បង្កើត​សាលាឧទ្ធរណ៍​តំបន់ និង​រំពឹង​ថា លែងកើត​មាន​ករណី​សំណុំរឿង​កកស្ទះ នៅ​ដំណាក់កាល​ឧទ្ធរណ៍ តទៅទៀត។

អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក សឹង សែនករុណា កត់​សម្គាល់​ថា ពលរដ្ឋ​ក្រីក្រ​នៅ​ខេត្ត​ឆ្ងាយៗ មិន​មាន​លទ្ធភាព​ឡើង​មក​តតាំង​ក្តី​នៅ​សាលាឧទ្ធរណ៍​នៅ​រាជធានី​ភ្នំពេញ​ឡើយ​។ ហេតុដូច្នេះ​ពួកគាត់​ត្រូវ​បាត់​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​ស្មើភាព​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់។

លោក​យល់​ថា សាលាឧទ្ធរណ៍​ភូមិភាគ ក៏​នឹង​អាច​ធ្វើ​ឲ្យ​ការ​កកស្ទះ​សំណុំរឿង នៅ​ដំណាក់កាល​ឧទ្ធរណ៍ កន្លង​មក បាន​ប្រសើរ​ឡើងវិញ​ដែរ។

តែ​យ៉ាងណា អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ មិន​រំពឹង​ខ្ពស់​ថា សាលាឧទ្ធរណ៍​ភូមិភាគ​ថ្មី​ទាំង​៣​នេះ អាច​ផ្ដល់​យុត្តិធម៌​ឲ្យ​ពលរដ្ឋ​ប្រសើរ​ជាង​មុន​បាន​ទេ។ លោក​ជំរុញ ឲ្យ​ការ​កាត់​ក្ដី នៅ​សាលាឧទ្ធរណ៍​ភូមិភាគ ធ្វើ​ឲ្យ​ពលរដ្ឋ​ទទួល​យក​បាន លែង​រង​ការរិះគន់ ពី​ក្រុម​អ្នកឃ្លាំមើល ទើប​ហៅថា ជា​ការ​កែទម្រង់​យុត្តិធម៌​ពិត​ប្រាក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។