ពលរដ្ឋ​២​គ្រួសារ​នៅ​ខែត្រ​ក្រចេះ​អំពាវនាវ​ឲ្យ​តុលាការ​ដោះលែង​តំណាង​ម្នាក់

ដោយ ម៉ែន សុធីរ
2017-05-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​រស់នៅ​ឃុំ​អូរគ្រៀង ស្រុក​សំបូរ ខែត្រ​ក្រចេះ លោក ស៊ី សែន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៥។
ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​រស់នៅ​ឃុំ​អូរគ្រៀង ស្រុក​សំបូរ ខែត្រ​ក្រចេះ លោក ស៊ី សែន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៥។
RFA/Men Sothyr

ពលរដ្ឋ​ពីរ​គ្រួសារ​រស់នៅ​ឃុំ​អូរគ្រៀង ស្រុក​សំបូរ ខែត្រ​ក្រចេះ អំពាវនាវ​ឲ្យ​សាលា​ដំបូង​ខែត្រ​នេះ​ដោះលែង​ពលរដ្ឋ​ម្នាក់ ដែល​ត្រូវ​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខែត្រ​ក្រចេះ លោក អេង ចំណាប់ សម្រេច​ឃុំ​ខ្លួន​តាម​ពាក្យ​បណ្ដឹង​របស់​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​ខែត្រ​ស្ទឹងត្រែង រឿង​ជម្លោះ​ដីធ្លី។ មន្ត្រី​សិទ្ធិ​មនុស្ស​ចាត់​ទុក​ការ​ឃុំ​ខ្លួន​នេះ ថា​ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​គំរាម​កំហែង​សិទ្ធិ​ពលរដ្ឋ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​សាលា​ដំបូង​ខែត្រ​ក្រចេះ សម្រេច​ឃុំ​ខ្លួន​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ម្នាក់​ឈ្មោះ សឹម សួន កាល​ពី​ថ្ងៃ​ទី​២៦ មេសា ដោយ​ចោទ​ពី​បទ​រំលោភ​ទំនុក​ចិត្ត។

តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ពីរ​គ្រួសារ គឺ​លោក ស៊ី សែន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ ឧសភា ថា ពលរដ្ឋ​ពីរ​គ្រួសារ​មាន​ដី​ប្រហែល ១​ហិកតារ ដែល​គ្រប់គ្រង​តាំង​ពី​ឆ្នាំ​២០០៤ ឋិត​នៅ​ភូមិ​អូរព្រះ ឃុំ​អូរគ្រៀង ស្រុក​សំបូរ ខែត្រ​ក្រចេះ ជា​ប្រភេទ​ដី​លំនៅឋាន មាន​ផ្ទះ​ពីរ​ខ្នង និង​មាន​អាជ្ញាធរ​ភូមិ-ឃុំ​ដឹង​ឮ តែ​រហូត​ដល់​ឆ្នាំ​២០០៩ ស្រាប់​តែ​លោក ដួង ស៊ីវត្ថា ជា​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​ខែត្រ​ស្ទឹងត្រែង ប្ដឹង​ទាមទារ​ដី​នោះ។

ការ​ប្ដឹងផ្ដល់​បាន​អូស​បន្លាយ​ដល់​ឆ្នាំ​២០១៧ រហូត​ដល់​ចុង​ខែ​មេសា តុលាការ​សម្រេច​ឲ្យ​ពលរដ្ឋ​ពីរ​គ្រួសារ​ចូល​បំភ្លឺ និង​សម្រេច​ឃុំ​ខ្លួន​លោក សឹម សួន។ លោក ស៊ី សែន ចាត់​ទុក​ការ​ឃុំ​ខ្លួន​នេះ ថា​ជា​រឿង​អយុត្តិធម៌ និង​កំពុង​គាប​សង្កត់​សេរីភាព​តវ៉ា​ដោយ​សន្តិវិធី​របស់​ពលរដ្ឋ​ស្លូត​ត្រង់៖ «ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌​ហ្នឹង​ហើយ បើ​គ្មាន​គ្រប់គ្រាន់​ផង! ឃុំ​ខ្លួន​ចាប់​ឃុំ​ខ្លួន​ចឹង វា​ខុស​ហ្នឹង​ហើយ។ រាល់​ថ្ងៃ​ខ្ញុំ​បារម្ភ​ដែរ​ហ្នឹង​ហើយ​ចំពោះ​ដីកា​បង្ហាញ​ខ្លួន​ចឹង។ ខ្ញុំ​បារម្ភ​ដែរ​រាល់​ថ្ងៃ។ ខ្ញុំ​មាន​ទៅ​ខុស​អី ឯកសារ​ខ្ញុំ​មាន​គ្រប់គ្រាន់ អាជ្ញាធរ​មូលដ្ឋាន​ដឹង​ឮ»

កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០១៧ ចៅក្រម​សាលា​ដំបូង​ខែត្រ​ក្រចេះ ឈ្មោះ អេង ចំណាប់ បាន​កោះ​ហៅ​ពលរដ្ឋ​ពីរ​គ្រួសារ​ឈ្មោះ ស៊ី សែន និង​ឈ្មោះ សឹម សួន ឲ្យ​ស្រាយ​បំភ្លឺ​ពី​បទ​រំលោភ​ទំនុក​ចិត្ត​តាម​មាត្រា​១៨៦ ១៨៧ និង ១៨៨ នៃ​ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ​២០០៧ ក៏ប៉ុន្តែ​មាន​តែ​ពលរដ្ឋ​មួយ​គ្រួសារ​ទេ​ដែល​ចូល​ខ្លួន​ស្រាយ​បំភ្លឺ គឺ​លោក សឹម សួន ហើយ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ភ្លាមៗ ក្រោយ​ពី​សាកសួរ។ រីឯ​លោក ស៊ី សែន បាន​ដាក់​ពាក្យ​ស្នើសុំ​ពន្យារ​ពេល​ចូល​បំភ្លឺ។

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខែត្រ​ក្រចេះ ដែល​ទើប​ផ្លាស់ប្ដូរ​មក​បំពេញ​ការងារ​ថ្មី គឺ​លោក អេង ចំណាប់ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៧ ឧសភា។

ចំណែក​នាយ​ការិយាល័យ​នគរបាល​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខែត្រ​ស្ទឹងត្រែង លោក ដួង ស៊ីវត្ថា ដែល​ជា​ដើម​បណ្ដឹង ឆ្លើយតប​ថា រឿង​ក្តី​នេះ​សម្រេច​លើ​តុលាការ​ដោះស្រាយ​ផ្អែក​លើ​ឯកសារ​ពាក់ព័ន្ធ​នានា។ លោក​បន្ត​ថា លោក​ពុំ​បាន​យក​អំណាច​គាប​សង្កត់​ពលរដ្ឋ​នោះ​ទេ ហើយ​ការ​សម្រេច​រឿង​ក្តី​នេះ វា​អាស្រ័យ​លើ​ឆន្ទានុសិទ្ធិ​របស់​តុលាការ ផ្អែក​តាម​ច្បាប់៖ «គាត់​យល់​ថា​គាត់​អយុត្តិធម៌ ខ្ញុំ​ក៏​អយុត្តិធម៌​ដែរ។ អ៊ីចឹង​ហើយ​បាន​ខ្ញុំ​រក​ផ្លូវ​ច្បាប់​ឲ្យ​តុលាការ​គាត់​វិនិច្ឆ័យ​ទៅ។ ផ្តល់​យុត្តិធម៌​មាន​តែ​តុលាការ​ទេ អ្នក​ណា​អ្នក​ខុស​អ្នក​ណា​អ្នក​ត្រូវ»

ករណី​នេះ​ដែរ មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក (ADHOC) ខែត្រ​ក្រចេះ លោក ប៊ី វណ្ណនី ចាត់​ទុក​ការ​សម្រេច​ឃុំ​ខ្លួន​ពលរដ្ឋ​ពី​សំណាក់​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខែត្រ​ក្រចេះ លោក អេង ចំណាប់ ថា​ជា​រឿង​មិន​ត្រឹមត្រូវ និង​ជា​ការ​គំរាម​កំហែង​ដល់​ពលរដ្ឋ​មាន​ជម្លោះ​ជាមួយ​មន្ត្រី​នគរបាល​រូប​នេះ។ លោក​រក​ឃើញ​ថា ការ​ស៊ើប​អង្កេត​រឿង​ក្តី​របស់​តុលាការ ហាក់​ពុំ​ទាន់​គ្រប់​ជ្រុងជ្រោយ ហើយ​មាន​ចំណុច​ខ្លះ​ខ្វះ​ចន្លោះ​ច្រើន៖ «យើង​គិត​ថា​វា​ជា​រឿង​អយុត្តិធម៌​ចំពោះ​ប្រជាពលរដ្ឋ ហើយ​នេះ​ជា​ការ​ឃុំ​ខ្លួន​មួយ​ដែល​រំលោភ​ទៅ​លើ​សិទ្ធិ​ប្រជាពលរដ្ឋ​ក្នុង​ការ​តវ៉ា​ទៅ​តាម​នីតិវិធី​ច្បាប់»

កាល​ពី​ឆ្នាំ​២០០៩ ប្រធាន​គណៈកម្មការ​សុរិយោដី​ស្រុក​សំបូរ ខែត្រ​ក្រចេះ បាន​បង្កើត​កិច្ចព្រមព្រៀង​ដើម្បី​បញ្ចប់​វិវាទ ដោយ​តម្រូវ​ឲ្យ​ដើម​ចោទ លោក ដួង ស៊ីវត្ថា ដូរ​ដី​មួយ​កន្លែង​ត្រង់​មាត់​អូរ​ខាង​ក្រោយ​ដី​កំពុង​មាន​ទំនាស់​ឲ្យ​ទៅ​លោក ស៊ី សែន។ ចំណែក​ដើម​ចោទ​លោក ដួង ស៊ីវត្ថា ត្រូវ​ប្រគល់​ដី​មាន​ក្បាល ១០​ម៉ែត្រ ជាប់​ព្រំប្រទល់​បន្ទាយ​ទាហាន​វីរ​លេខ​៤២២ ឲ្យ​ទៅ​លោក ស៊ី សែន គ្រប់គ្រង ក៏ប៉ុន្តែ​លោក ស៊ី សែន អះអាង​ថា កិច្ចព្រមព្រៀង​របស់​គណៈកម្មការ​សុរិយោដី គឺ​មាន​តែ​ក្នុង​ក្រដាស ព្រោះ​លោក ដួង ស៊ីវត្ថា ពុំ​មាន​ដី​សម្រាប់​ប្រគល់​ក្នុង​ការ​ដោះដូរ​នោះ​ទេ។ ចំណែក​ពាក្យ​បណ្ដឹង​របស់​លោក ដួង ស៊ីវត្ថា មាន​បំណង​ចង់​គ្រប់គ្រង​ដី​កំពុង​មាន​ជម្លោះ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល