ពលរដ្ឋពីរគ្រួសាររស់នៅឃុំអូរគ្រៀង ស្រុកសំបូរ ខែត្រក្រចេះ អំពាវនាវឲ្យសាលាដំបូងខែត្រនេះដោះលែងពលរដ្ឋម្នាក់ ដែលត្រូវចៅក្រមស៊ើបសួរនៃសាលាដំបូងខែត្រក្រចេះ លោក អេង ចំណាប់ សម្រេចឃុំខ្លួនតាមពាក្យបណ្ដឹងរបស់មន្ត្រីនគរបាលនៃស្នងការដ្ឋានខែត្រស្ទឹងត្រែង រឿងជម្លោះដីធ្លី។ មន្ត្រីសិទ្ធិមនុស្សចាត់ទុកការឃុំខ្លួននេះ ថាជារឿងអយុត្តិធម៌ និងជាការគំរាមកំហែងសិទ្ធិពលរដ្ឋ។
ការអំពាវនាវនេះ ធ្វើឡើងក្រោយពីសាលាដំបូងខែត្រក្រចេះ សម្រេចឃុំខ្លួនពលរដ្ឋមានជម្លោះដីធ្លីម្នាក់ឈ្មោះ សឹម សួន កាលពីថ្ងៃទី២៦ មេសា ដោយចោទពីបទរំលោភទំនុកចិត្ត។
តំណាងពលរដ្ឋមានជម្លោះដីធ្លីពីរគ្រួសារ គឺលោក ស៊ី សែន ឲ្យដឹងនៅថ្ងៃទី៧ ឧសភា ថា ពលរដ្ឋពីរគ្រួសារមានដីប្រហែល ១ហិកតារ ដែលគ្រប់គ្រងតាំងពីឆ្នាំ២០០៤ ឋិតនៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខែត្រក្រចេះ ជាប្រភេទដីលំនៅឋាន មានផ្ទះពីរខ្នង និងមានអាជ្ញាធរភូមិ-ឃុំដឹងឮ តែរហូតដល់ឆ្នាំ២០០៩ ស្រាប់តែលោក ដួង ស៊ីវត្ថា ជាមន្ត្រីនគរបាលនៃស្នងការដ្ឋានខែត្រស្ទឹងត្រែង ប្ដឹងទាមទារដីនោះ។
ការប្ដឹងផ្ដល់បានអូសបន្លាយដល់ឆ្នាំ២០១៧ រហូតដល់ចុងខែមេសា តុលាការសម្រេចឲ្យពលរដ្ឋពីរគ្រួសារចូលបំភ្លឺ និងសម្រេចឃុំខ្លួនលោក សឹម សួន។ លោក ស៊ី សែន ចាត់ទុកការឃុំខ្លួននេះ ថាជារឿងអយុត្តិធម៌ និងកំពុងគាបសង្កត់សេរីភាពតវ៉ាដោយសន្តិវិធីរបស់ពលរដ្ឋស្លូតត្រង់៖ « ឃុំខ្លួនដោយអយុត្តិធម៌ហ្នឹងហើយ បើគ្មានគ្រប់គ្រាន់ផង ! ឃុំខ្លួនចាប់ឃុំខ្លួនចឹង វាខុសហ្នឹងហើយ។ រាល់ថ្ងៃខ្ញុំបារម្ភដែរហ្នឹងហើយចំពោះដីកាបង្ហាញខ្លួនចឹង។ ខ្ញុំបារម្ភដែររាល់ថ្ងៃ។ ខ្ញុំមានទៅខុសអី ឯកសារខ្ញុំមានគ្រប់គ្រាន់ អាជ្ញាធរមូលដ្ឋានដឹងឮ »។
កាលពីចុងខែមេសា ឆ្នាំ២០១៧ ចៅក្រមសាលាដំបូងខែត្រក្រចេះ ឈ្មោះ អេង ចំណាប់ បានកោះហៅពលរដ្ឋពីរគ្រួសារឈ្មោះ ស៊ី សែន និងឈ្មោះ សឹម សួន ឲ្យស្រាយបំភ្លឺពីបទរំលោភទំនុកចិត្តតាមមាត្រា១៨៦ ១៨៧ និង ១៨៨ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៧ ក៏ប៉ុន្តែមានតែពលរដ្ឋមួយគ្រួសារទេដែលចូលខ្លួនស្រាយបំភ្លឺ គឺលោក សឹម សួន ហើយត្រូវបានតុលាការសម្រេចឃុំខ្លួនភ្លាមៗ ក្រោយពីសាកសួរ។ រីឯលោក ស៊ី សែន បានដាក់ពាក្យស្នើសុំពន្យារពេលចូលបំភ្លឺ។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងចៅក្រមស៊ើបសួរនៃសាលាដំបូងខែត្រក្រចេះ ដែលទើបផ្លាស់ប្ដូរមកបំពេញការងារថ្មី គឺលោក អេង ចំណាប់ ដើម្បីសុំការបំភ្លឺជុំវិញករណីនេះបានទេនៅថ្ងៃទី៧ ឧសភា។
ចំណែកនាយការិយាល័យនគរបាលកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខែត្រស្ទឹងត្រែង លោក ដួង ស៊ីវត្ថា ដែលជាដើមបណ្ដឹង ឆ្លើយតបថា រឿងក្តីនេះសម្រេចលើតុលាការដោះស្រាយផ្អែកលើឯកសារពាក់ព័ន្ធនានា។ លោកបន្តថា លោកពុំបានយកអំណាចគាបសង្កត់ពលរដ្ឋនោះទេ ហើយការសម្រេចរឿងក្តីនេះ វាអាស្រ័យលើឆន្ទានុសិទ្ធិរបស់តុលាការ ផ្អែកតាមច្បាប់៖ « គាត់យល់ថាគាត់អយុត្តិធម៌ ខ្ញុំក៏អយុត្តិធម៌ដែរ។ អ៊ីចឹងហើយបានខ្ញុំរកផ្លូវច្បាប់ឲ្យតុលាការគាត់វិនិច្ឆ័យទៅ។ ផ្តល់យុត្តិធម៌មានតែតុលាការទេ អ្នកណាអ្នកខុសអ្នកណាអ្នកត្រូវ »។
ករណីនេះដែរ មន្ត្រីស៊ើបអង្កេតសមាគមអាដហុក (ADHOC) ខែត្រក្រចេះ លោក ប៊ី វណ្ណនី ចាត់ទុកការសម្រេចឃុំខ្លួនពលរដ្ឋពីសំណាក់ចៅក្រមស៊ើបសួរនៃសាលាដំបូងខែត្រក្រចេះ លោក អេង ចំណាប់ ថាជារឿងមិនត្រឹមត្រូវ និងជាការគំរាមកំហែងដល់ពលរដ្ឋមានជម្លោះជាមួយមន្ត្រីនគរបាលរូបនេះ។ លោករកឃើញថា ការស៊ើបអង្កេតរឿងក្តីរបស់តុលាការ ហាក់ពុំទាន់គ្រប់ជ្រុងជ្រោយ ហើយមានចំណុចខ្លះខ្វះចន្លោះច្រើន៖ « យើងគិតថាវាជារឿងអយុត្តិធម៌ចំពោះប្រជាពលរដ្ឋ ហើយនេះជាការឃុំខ្លួនមួយដែលរំលោភទៅលើសិទ្ធិប្រជាពលរដ្ឋក្នុងការតវ៉ាទៅតាមនីតិវិធីច្បាប់ »។
កាលពីឆ្នាំ២០០៩ ប្រធានគណៈកម្មការសុរិយោដីស្រុកសំបូរ ខែត្រក្រចេះ បានបង្កើតកិច្ចព្រមព្រៀងដើម្បីបញ្ចប់វិវាទ ដោយតម្រូវឲ្យដើមចោទ លោក ដួង ស៊ីវត្ថា ដូរដីមួយកន្លែងត្រង់មាត់អូរខាងក្រោយដីកំពុងមានទំនាស់ឲ្យទៅលោក ស៊ី សែន។ ចំណែកដើមចោទលោក ដួង ស៊ីវត្ថា ត្រូវប្រគល់ដីមានក្បាល ១០ម៉ែត្រ ជាប់ព្រំប្រទល់បន្ទាយទាហានវីរលេខ៤២២ ឲ្យទៅលោក ស៊ី សែន គ្រប់គ្រង ក៏ប៉ុន្តែលោក ស៊ី សែន អះអាងថា កិច្ចព្រមព្រៀងរបស់គណៈកម្មការសុរិយោដី គឺមានតែក្នុងក្រដាស ព្រោះលោក ដួង ស៊ីវត្ថា ពុំមានដីសម្រាប់ប្រគល់ក្នុងការដោះដូរនោះទេ។ ចំណែកពាក្យបណ្ដឹងរបស់លោក ដួង ស៊ីវត្ថា មានបំណងចង់គ្រប់គ្រងដីកំពុងមានជម្លោះនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។