សង្គម​ស៊ីវិល​ស្នើ​អាជ្ញាធរ​ឱ្យ​អនុវត្ត​​ច្បាប់​​ឱ្យ​បាន​ស្មើភាព​គ្នា​ដោយ​គ្មាន​ការ​យោគយល់

ដោយ សន ចាន់រដ្ឋា
2019-03-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្នងការ​នគរបាល​រាជធានីភ្នំពេញ លោក ស ថេត។
ស្នងការ​នគរបាល​រាជធានីភ្នំពេញ លោក ស ថេត។
រូប​ពី​ហ្វេសប៊ុក លោក ស ថេត

សង្គម​ស៊ីវិល​លើកឡើង​ថា​ អាជ្ញាធរ​គួរ​អនុវត្តន៍​ច្បាប់​ភ្លាម​ៗ ជាជាង​ការយោគយល់​ ចំពោះ​ជន​បង្ក​ដែល​បើក​រថយន្ត​ បុក​និស្សិត​ស្រី​ម្នាក់​ ដែល​ជិត​បញ្ចប់​ការសិក្សា​រហូតដល់​ស្លាប់​ កាលពី​ថ្ងៃ​ទី​២៦​ ខែ​មីនា។

ការ​លើកឡើង​នេះ​ បន្ទាប់ពី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោក ស ថេត កាលពី​ថ្ងៃ​ទី២៧ ខែ​មីនា​ បានសម្រេច​ទុក​ពេល​ដល់​ ក្រុម​គ្រួសារ​អ្នក​បើក​រថយន្ត​បុក​គេ​ស្លាប់​ រយៈពេល​បី​ថ្ងៃ​ដើម្បី​នាំ​ខ្លួន​ជន​បង្ក​ ដែល​ជា​កូនស្រី​ ចូល​មក​បង្ហាញខ្លួន​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់។

គ្រោះថ្នាក់​ចរាចរណ៍​ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី២៦ ខែ​មីនា​ បង្ក​ដោយ​នារី​ម្នាក់​ឈ្មោះ​ យិន ម៉ាណា ដែល​ជា​កូន​របស់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​ លោក យិន ង្គិច បាន​ធ្វើ​ឱ្យ​និស្សិត​ស្រី​វ័យ​ ជាង ម្ភៃ​ឆ្នាំ ដែល​ជិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ម្នាក់​ឈ្មោះ ឌុំ រីដា បាន​ស្លាប់។ ឪពុក​របស់​ជន​បង្ក​លោក យិន ង្គិច​ កាលពី​ថ្ងៃ​ទី​២៧​ ខែ​មីនា​ បាន​ទទួលស្គាល់​ថា​ អ្នក​បើក​រថយន្ត​បុក​ជនរងគ្រោះ​នោះ​គឺ​ពិតជា​កូនស្រី​របស់​ខ្លួន​ឈ្មោះ​ យិន ម៉ាណា ប្រាកដ​មែន។ គ្រួសារ​ជន​បង្ក​ក៏​បាន​ផ្ដល់​ប្រាក់​ចំនួន​ប្រាំ​ពាន់​ដុល្លារ ដើម្បី​ចូលរួម​បុណ្យសព​និស្សិត ឌុំ រីដា ដែល​ត្រូវ​កូនស្រី​របស់​ខ្លួន​ បើក​ឡាន​បុក​រហូត​ដល់​ស្លាប់។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត​ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​ ២៨​ ខែ​មីនា ថា​ អាជ្ញាធរ​គួរ​ពន្លឿន​ចំណាត់ការ​របស់​ខ្លួន​ ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​ឱ្យ​បាន​ឆាប់។ លោក​ថា​ ការយោគយល់​មិន​អនុវត្ត​ច្បាប់​ភ្លាម​ៗ ចំពោះ​គ្រួសារ​ជន​បង្ក ដែល​ជា​មន្ត្រី​រាជការ​ នឹង​នាំ​ឱ្យ​មានការ​រិះគន់​ពីសំណាក់​សាធារណៈ​ចំពោះ​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ៖ «ជនរងគ្រោះ​គាត់​ចង់​តែ​បាន (យុត្តិធម៌) ឆាប់​ទេ ទីពីរ​ការ​ធ្វើ​ការ​ក៏​យើង​មិន​អាច​រង់ចាំ​អ្នក​ចូល​ដែរ​ ចុះបើ​ចេះ​តែ​ពន្យារ​ទៅ​យើង​ធ្វើ​ម៉េច រឿង​ហ្នឹង​យើង​ត្រូវ​តែ​អនុវត្តន៍​តាម​វិធានការ តាម​ផ្លូវ​ច្បាប់ ហើយ​យើង​ធ្វើ​ម៉េច​កុំ​អោយ​គេ​មើល​ឃើញ​ថា​ការអនុវត្ត​ច្បាប់​ហ្នឹង​វា​មិន​ស្មើ​ភាព​គ្នា ថា ប្រសិន​បើ​រាស្ត្រ​សាមញ្ញ​អី​យើង​អនុវត្ត​ភ្លាមៗ ហើយ​បើ​សិន​ទាក់ទង​អ្នក​ធ្វើការ ឬ​មាន​ឪពុក​ធានា​ហើយ​យើង​ពន្យារ​អ៊ីចឹង​ធ្វើ​ឱ្យ​មាន​ការរិះគន់​ទៅ​វិញ»

សង្គម​ស៊ីវិល​ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​មានការ​អប់រំ​បន្ថែម​អំពី​ការ​បើកបរ​ និង​រឹត​បន្តឹង​ជុំវិញ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ ជាពិសេស​ការ​ត្រួតពិនិត្យ​លើ​ការ​ប្រើ​ប្រាស់​គ្រឿងស្រវឹង​ និង​គ្រឿងញៀន​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែលគេ​សង្កេតឃើញ​ថា កើតមាន​ជា​ញឹកញាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សង្គម​ស៊ីវិល​ក៏​ស្នើ​ដល់​អាជ្ញាធរ​ឱ្យ​អនុវត្ត​ច្បាប់ ដោយ​ស្មើភាព​គ្នា​ មិន​គួរ​មាន​ការ​យោគយល់​ចំពោះ​បុគ្គល​ណា​ម្នាក់​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល