មេធាវី ដែលគណៈមេធាវីតម្រូវអោយការពារក្ដីឲ្យឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ អះអាងថា ខ្លួនមានគម្រោងនឹងដាក់ពាក្យពន្យារពេល ចូលរួមសវនាការ ដែលគ្រោងធ្វើនៅថ្ងៃទី១ មីនា ដោយសារថា ពុំទាន់មានសំណុំរឿងនៅក្នុងដៃ ដើម្បីពិនិត្យនៅឡើយ។ ចំណែកក្រុមគ្រួសារ និងអ្នកតាមដានពីព្រឹត្តិការណ៍សង្គមកម្ពុជាវិញ យល់ឃើញសវនាការនេះ នឹងមិនអាចផ្ដល់យុត្តិធម៌សម្រាប់លោកបណ្ឌិត កែម ឡី បានទេ។
មេធាវីការពារក្ដីឲ្យជនសង្ស័យក្នុងសំណុំរឿងនៃបទឧក្រិដ្ឋនេះ នៅមិនប្រាកដនៅឡើយទេថាតើខ្លួននឹងអាចចូលរួមបានទេ នៅថ្ងៃសវនាការខាងមុខនេះ ឬត្រូវដាក់លិខិតពន្យារពេលចូលរួមក្នុងថ្ងៃជំនុំជម្រះ ព្រោះលោកបញ្ជាក់ថា មកដល់ពេលនេះទៅហើយ មិនដឹងថា សំណុំរឿងនេះ មានទំហំបែបណានៅឡើយនោះទេ។
លោក យុង ផានិត ជាមេធាវីការពារក្ដីឲ្យឈ្មោះ អឿត អាត ហៅ ជួប សម្លាប់ ហាក់នៅមានភាពស្ទាក់ស្ទើរនៅឡើយថា តើលោកមានលទ្ធភាពគ្រប់គ្រាន់ ដែលអាចចូលរួមថ្ងៃសវនាការដែរឬយ៉ាងនោះទេ។ លោកបន្តថា សំខាន់ពេលនេះ ក្នុងនាមជាមេធាវីគឺលោកពុំទាន់បានទទួលសំណុំរឿង នៅក្នុងដៃនៅឡើយ ពោលត្រូវរង់ចាំដល់ថ្ងៃច័ន្ទ ដើមសប្ដាហ៍ក្រោយសិន បានអាចទស្សន៍ទាយបាន។លោកបន្ថែមថា ប្រសិនបើសំណុំរឿងនេះ មានទំហំធំ និងស្មុគស្មាញ ប្រាកដណាស់លោកនឹងដាក់លិខិតសុំពន្យារពេលចូលរួម សវនាការហើយ ដោយត្រូវទុកពេលសិក្សាពីសំណុំរឿងឲ្យបានល្អិតល្អន់ជាមុនសិន។ លោកបន្តថា« ខ្ញុំអត់ទាន់សម្រេចច្បាស់ថាត្រូវពន្យារ ឬក៏ត្រូវចូលរួមសវនាការទេ ប៉ុន្តែត្រូវរង់ចាំទទួលសំណុំរឿងថ្ងៃច័ន្ទហ្នឹង គឺបើបានសំណុំរឿងហើយ ខ្ញុំត្រូវសិក្សាមើលសិន » ។
ជុំវិញរឿងក្ដីនៃបទឧក្រិដ្ឋនេះ កាលពីថ្ងៃទី៦ កុម្ភៈ តុលាការក្រុងភ្នំពេញបានកំណត់យកថ្ងៃទី១ ខែ មីនា ជាថ្ងៃបើកសវនាការ ក្រោយពីប្រើពេលជាង ៦ខែ ដើម្បីស៊ើបអង្កេត។ ប្រសិនបើសវនាការនេះ ពុំមានការប្រែប្រួលទេ នៅសល់ពេលប្រហែល ១០ថ្ងៃទៀតទេ នឹងដំណើរហើយ។ ទាក់ទិននឹងបទចោទ ឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតនេះ គឺមានលោក លាង សំណាត់ ជាចៅក្រមជំនុំជម្រះ និង លោក លី សុផាណា ជាតំណាងអយ្យការ។
ប្អូនប្រុសបង្កើតលោកបណ្ឌិត កែម ឡី គឺលោក កែម រិទ្ធិសិទ្ធ បញ្ជាក់ជំហរបោះបង់ក្នុងការចូលរួមសវនាការនេះ ដោយពុំមានជំនឿថា អាចស្វែងរកយុត្តិធម៌ឲ្យបងប្រុសរបស់លោកបាន។ ប៉ុន្តែលោកបញ្ជាក់ថា ប្រសិនបើមានដីកាអញ្ជើញណាមួយជាផ្លូវការលោកនឹងចូលរួមដែរ។ លោកបន្តថា« ខ្ញុំឆ្លើយថាខ្ញុំមិនទៅចូលរួមទេ ពីព្រោះថាការទៅចូលរួមវាដដែលជាដដែលទេ។ ការសម្រេចរបស់តុលាការ គឺថាគេសម្រេចថាយ៉ាងម៉េច គឺអ៊ីចឹងហើយ យើងមិនអាចថាអ្នកឯងសម្រេចខុសបានទេ។ អារឿងហ្នឹងយើងអង្គុយចាំមើលហ្នឹង » ។
ចំណែក លោក សៅ កុសល គណៈកម្មការកសាងចេតិយសម្រាប់សពលោកបណ្ឌិត កែម ឡី វិញឲ្យដឹងថា ប្រសិនបើថ្ងៃសវនាការដែលគ្រោងនឹងដំណើរការនៅដើមខែមីនានេះមិនប្រែប្រួលទេ ក្នុងនាមលោកជាអ្នកតាមដានរឿងក្ដីនេះ នឹងចូលរួមស្ដាប់ និងអង្កេតដែរ។ យ៉ាងណាលោក សៅ កុសល ហាក់ពុំមានជំនឿសោះថា ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នេះជាឃាតកពិតទេ ហើយរឹតតែមិនរំពឹងលើការស្វែងរកយុត្តិធម៌នេះថែមទៀតផង។ ជាងនេះទៀតលោកថា បើពិនិត្យលើអង្គហេតុ ទាំងលោកបណ្ឌិត កែម ឡី និងជនសង្ស័យ គឺពុំធ្លាប់បានទាក់ទងគ្នាទាល់តែសោះពីមុនមកនោះ។ លោកបន្តថា« យើងឃើញថាមហាជនមិនយល់ស្របថា ជួប សម្លាប់ ហ្នឹងជាឃាតកពិតទេ។ បើយើងវិភាគទៅតាមការទំនាក់ទំនងគ្នារវាងលោកបណ្ឌិត កែម ឡី ជាមួយ ជួប សម្លាប់ ឥតមានសោះ ទីមួយ។ ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច យើងឃើញថាវាមិនអាចលោក ជួប សម្លាប់ មានលទ្ធភាពឲ្យលុយលោកបណ្ឌិតខ្ចី ឬមានលុយទិញកាំភ្លើងដើម្បីសម្លាប់កូនបំណុលទេ » ។
ដោយឡែក ទាក់ទិនរឿងចេតិយវិញ លោក សៅ កុសល បញ្ជាក់ថា ក្រោយពីប្រជុំពិគ្រោះយោបល់លើកចុងក្រោយ ទៅលើការកែប្លង់មេ នៅថ្ងៃច័ន្ទទី ២០ កុម្ភៈ រួច គណៈកម្មការនឹងចាប់ផ្ដើមដំណើរការបុកគ្រឹះតែម្ដង ហើយការសាងសង់នឹងចាប់ដំណើរការពីពេលនោះដែរ។
ពាក់ព័ន្ធសំណុំរឿងក្ដីលោកបណ្ឌិត កែម ឡី អាស៊ីសេរី ពុំទាន់អាចសុំការបំភ្លឺពីតុលាការក្រុងភ្នំពេញ ដើម្បីបញ្ជាក់បន្ថែមជុំវិញជំហររបស់មេធាវី របស់ជនសង្ស័យឈ្មោះ អឿត អាង នេះបាននៅឡើយទេ នៅថ្ងៃទី១៨ កុម្ភៈ។
យ៉ាងណាទាំងក្រុមគ្រួសារលោកបណ្ឌិត កែម ឡី និងអ្នកឃ្លាំមើលព្រឹត្តិការណ៍សង្គមកម្ពុជា ហាក់ពុំមានជំនឿចំពោះការកាត់ក្ដីនេះថា អាចផ្ដល់ភាពយុត្តិធម៌សម្រាប់ អ្នកវិភាគសង្គម និងនយោបាយដ៏មានប្រជាប្រិយភាពនេះ បាននោះទេ។ ទាក់ទងសំណុំរឿងដ៏រសើបនេះដែរ សមាជិកព្រឹទ្ធសភា អ្នកស្រី ថាក់ ឡានី ប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី ត្រូវរត់ចោលស្រុក ដោយត្រូវលោក ហ៊ុន សែន ប្ដឹង ដោយឡែក អ្នកវិភាគវ័យក្មេងគឺលោក គឹម សុខ ត្រូវជាប់ពន្ធនាគារ ព្រោះតែរិះគន់ថា បក្សប្រជាជនកម្ពុជាជាអ្នកបាញ់សម្លាប់លោក បណ្ឌិត កែម ឡី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។