មេធាវី៖ ការបន្តរឿងក្ដីលោក កឹម សុខា បង្ហាញការបែកបាក់ជាតិ និងជម្លោះនយោបាយ

សហមេធាវីការពារក្តីលោក កឹម សុខា ថា ការបន្តរឿងក្តីប្រធានគណបក្សសង្គ្រោះជាតិនេះ គឺបង្ហាញឲ្យឃើញនូវការបែកបាក់ជាតិ និងជម្លោះនយោបាយ ដែលខាតប្រយោជន៍ជាតិ។
លោក ចាន់ ចេន មេធាវីលោក កឹម សុខា នៅតែប្រកាន់ជំហរថា សំណុំរឿងលោក កឹម សុខា គឺមានចរិតនយោបាយ ដែលមានតែអ្នកនយោបាយប៉ុណ្ណោះ ដែលអាចរកដំណោះស្រាយបញ្ចប់រឿងនេះបាន៖ «ជម្លោះនេះ គឺជាជម្លោះរបស់អ្នកនយោបាយ។ ខ្ញុំចង់ឃើញអ្នកនយោបាយខ្មែរជជែកគ្នា ដោះស្រាយជាមួយគ្នា បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ដើម្បីឈានទៅជជែកគ្នា អភិវឌ្ឍប្រទេសជាមួយគ្នា ដែលជាឧត្ដមផលប្រយោជន៍ប្រទេសជាតិ សម្រាប់ជាតិ សម្រាប់ប្រជាពលរដ្ឋ វាប្រសើរជាងការឈ្លោះគ្នា»។
លោក កឹម សុខា ត្រូវបានលោក ហ៊ុន សែន ចេញបញ្ជាផ្ទាល់ ឲ្យចាប់ខ្លួនទាំងកណ្ដាលអធ្រាត្រ កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ដោយចោទពីបទត្រូវរ៉ូវគ្នាជាមួយរដ្ឋបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាល បទចោទដែលលោក កឹម សុខា បានបដិសេធយ៉ាងដាច់អហង្ការ។
ក្រោយការចាប់ខ្លួនលោក កឹម សុខា នេះ ជាងពីរខែរបបលោក ហ៊ុន សែន តាមរយៈតុលាការកំពូល ដែលមានចៅក្រមជំនុំជម្រះ និងតំណាងមហាអយ្យការ ដែលសុទ្ធតែជាសមាជិកជាន់ខ្ពស់ ក្នុងជួរគណបក្សប្រជាជនកម្ពុជា បានរម្លាយគណបក្សប្រឆាំងនេះ ចោលទាំងស្រុង។
ការចាប់ខ្លួនលោក កឹម សុខា និងរម្លាយរចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិ តាំងពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន និងបានហាមឃាត់សិទ្ធិនយោបាយ ចំពោះមន្ត្រីជាន់ខ្ពស់ ១១៨ រូប ដែលជាក្បាលម៉ាស៊ីនដឹកនាំរបស់បក្សប្រឆាំងនេះ ធ្វើឡើងក្រោយគណបក្សកាន់អំណាច បានថយប្រជាប្រិយយ៉ាងគំហុក ដោយបាត់បង់អាសនៈសភាចំនួន ២២ ពោលគឺថយពី ៩០កៅអី មកនៅត្រឹម ៦៨ កៅអី នៅក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៣ និងគណបក្សសង្គ្រោះជាតិ ដណ្ដើមបានអាសនៈឃុំសង្កាត់ ៤៨៩ ឬជាប់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ៥.០០៧នាក់ ដែលបានសំឡេងបោះឆ្នោតគាំទ្រជាង ៣លាននាក់ ឬស្មើនឹងពាក់កណ្ដាល នៃចំនួនអ្នកចេញទៅបោះឆ្នោត កាលពីបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧។
ព្រឹត្តិការណ៍នៃការរម្លាយដៃគូប្រកួតចោលទាំងស្រុង ដោយសារតែចាញ់ប្រជាប្រិយគូប្រកួតនេះ ធ្វើឲ្យរបបក្រុងភ្នំពេញ រៀបចំព្រឹត្តិការណ៍បោះឆ្នោតនៅឆ្នាំ ២០១៨ ដោយផាត់បក្សប្រឆាំងទាំងស្រុងចោល។ ប្រការនេះ របបក្រុងភ្នំពេញ រងការរិះគន់ និងដាក់ទណ្ឌកម្មជុំទិស ពីសហគមន៍អន្តរជាតិ។ សហរដ្ឋអាមេរិកបានកាត់ផ្ដាច់ជំនួយទាំងអស់សម្រាប់ប្រទេសកម្ពុជា លើកលែងតែជំនួយមនុស្សធម៌ និងអនុវត្តច្បាប់ ឌឹ គ្លូប៊ល ម៉ែកនីតស្គី អែក (the Global Magnitsky Act) ដោយដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងហាមជាន់ទឹកដីអាមេរិក ចំពោះមន្ត្រីជាន់ខ្ពស់ និងឧកញ៉ាដែលស្និទ្ធនឹងរបបលោក ហ៊ុន សែន ចំនួនបីនាក់ រួមមានលោក ហ៊ីង ប៊ុនហៀង មេកងអង្គរក្សរបស់លោក ហ៊ុន សែន លោក គន់ គីម មន្ត្រីជាន់ខ្ពស់ក្នុងជួរកងខេមរភូមិន្ទ និងលោក ឧកញ៉ា ទ្រី ភាព ដែលជាឈ្មួញរកស៊ីកាប់ឈើដ៏ល្បី និងក្រុមគ្រួសាររបស់មន្ត្រីពាក់ព័ន្ធទាំងនេះ មួយចំនួនទៀត ដោយសារតែការរំលោភសិទ្ធិមនុស្ស បំផ្លាញប្រជាធិបតេយ្យ និងអំពើពុករលួយ។
ចំណែកឯសហភាពអឺរ៉ុប ក៏បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០% ពីកម្ពុជា ដោយសារតែរបបក្រុងភ្នំពេញ មិនព្រមទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា និងមិនព្រមស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។ មិនត្រឹមតែមិនស្តារស្ថានការណ៍នេះឡើងវិញទេ លោក ហ៊ុន សែន កាលក្នុងកំឡុងពេលគណៈកម្មការអឺរ៉ុបទុកពេលឲ្យកែខ្លួន ធ្លាប់ទាំងគំរាមសហភាពអឺរ៉ុប ថាបើហ៊ានដកប្រព័ន្ធអនុគ្រោះពន្ធនេះពីកម្ពុជា នោះលោកនឹងបញ្ចប់ជីវិតនយោបាយ របស់ក្រុមប្រឆាំងឲ្យអស់តែម្ដង៖ «ការដាក់ទណ្ឌកម្មចំពោះកម្ពុជា មានតម្លៃស្មើនឹងសម្លាប់បក្សប្រឆាំង ខ្ញុំមិនលើកលែងឲ្យទេ។ បានជាជ្រុលលេងគ្នាហើយ គឺត្រូវតែលេងអ៊ីចឹង! ល្បែងវាមានទៅមានមក! បើចង់ឲ្យពួកប្រឆាំងងាប់ អាហ្នឹងកាត់ទៅ។ បើចង់ឲ្យពួកប្រឆាំងរស់ អាហ្នឹងកុំធ្វើ»។
ក៏ប៉ុន្តែសហភាពអឺរ៉ុប មិនធ្វើតាមការសម្លុតរបស់លោក ហ៊ុន សែន ទេ គឺនៅតែសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដោយសម្អាងថា ស្ថានភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ក្នុងរយៈពេលជាង ២ ឆ្នាំកន្លងមកនេះ នៅតែមិនឃើញស្ដារឲ្យប្រសើរឡើងវិញ។ លោក ហ៊ុន សែន កាលពីថ្ងៃទី ២៤ ខែ កុម្ភៈ ទំនងជាក្រេវក្រោធនឹងការដាក់ទណ្ឌកម្ម របស់សហភាពអឺរ៉ុបនេះ ទើបបញ្ជាក់ការសងសឹក ដោយប្ដេជ្ញាកាត់ទោស កឹម សុខា ឲ្យខាងតែបាន «ថ្ងៃនេះជូនសារជាក់លាក់ច្បាស់លាស់ ថាកម្ពុជាមិនថយក្រោយលើការកាត់ក្តី ចំពោះជនក្បត់ជាតិ ឬអ្នកដែលទទួលនូវទណ្ឌកម្មទេ។ អ្នកឯងត្រូវតែច្បាស់ អ្វីដែលអ្នកឯងបានធ្វើ អ្នកឯងត្រូវចាំ អ្នកឯងយកថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៣ គឺជាថ្ងៃផ្ដាច់ព្រ័ត្រក្នុងការផ្ដួលរំលំ។ អ្នកឯងត្រូវតែទទួលនូវទណ្ឌកម្មបែបនេះ។ គឺមិនអាចលើកលែងឲ្យបានទេ»។
សាររបស់មេដឹកនាំរបបឯកបក្ស ដែលហៅលោក កឹម សុខា ដែលជាជនជាប់ចោទ និងកំពុងស្ថិតក្នុងកិច្ចដំណើរការនីតិវិធីតុលាការ ថាជាជនក្បត់ជាតិ និងមិនអាចអត់ឱនឲ្យបានបែបនេះ ធ្វើឲ្យលោក ហ៊ុន សែន មិនអាចជម្រះមន្ទិល និងការរិះគន់ ដែលថាតុលាការកម្ពុជាគ្មានឯករាជ្យ និងជាឧបករណ៍បម្រើនយោបាយបក្សកាន់អំណាច ក្នុងការធ្វើទុក្ខបុកម្នេញបក្សប្រឆាំងនោះទេ។
មន្រ្តីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្ស នៃអង្គការ អាដហុក ដែលតាមដំណើរការក្តីលោក កឹម សុខា និងសំណុំរឿងនយោបាយដទៃទៀត គឺលោក ស៊ឹង សែនករុណ សង្កេតឃើញថា សារនយោបាយរបស់លោក ហ៊ុន សែន បែបម៉េច សេចក្ដីសម្រេចរបស់តុលាការ តែងតែចេញបែបនោះដែរ។ លោកយល់ថា ករណីលោក កឹម សុខា គឺជារឿងនយោបាយសុទ្ធសាធ ហើយការយកប្រព័ន្ធតុលាការ ទៅកាត់ទោសករណីនយោបាយ គឺជារឿងមិនគប្បីមួយ ដែលគួរចៀសវាង។ លោកបន្ថែមថា កន្លងមកជម្លោះនយោបាយ មិនថាមានទំហំធំប៉ុនណា គឺមានតែអ្នកនយោបាយ ជជែកគ្នាប៉ុណ្ណោះ ដែលអាចរកដំណោះស្រាយបាន។ លោក ស៊ឹង សែនករុណ ថា ការកាត់ក្ដីអ្នកនយោបាយ ដូចលោក កឹម សុខា ដែលជាប្រធានគណបក្សប្រឆាំងដ៏ធំមួយបែបនេះ គួរតែទុកឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោត ជាអ្នកកាត់ក្ដី តាមរយៈការបោះឆ្នោតវិញ ទើបត្រឹមត្រូវ៖ «អ្នកណាក៏ដឹងដែរ ថាតុលាការយើង ត្រូវបានរិះគន់ជាច្រើនពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិអំពីភាពឯករាជ្យរបស់តុលាការហ្នឹង។ អ៊ីចឹង! ខ្ញុំនៅតែទទូចឲ្យអ្នកនយោបាយ ធ្វើយ៉ាងណាសម្របសម្រួលផ្នែកនយោបាយ ដើម្បីផលប្រយោជន៍ជាតិ ជាជាងការបន្តសវនាការ ឬបើបន្តក៏បន្តទៅចុះ តែអាចពន្លឿនឲ្យឆាប់ ដោយធ្វើយ៉ាងណាស្វែងរកដំណោះស្រាយនយោបាយកម្ពុជាយើង កុំឲ្យមានស្ថានភាពតានតឹងបែបហ្នឹងទៀត»។
ចំណែកលោក កឹម សុខា វិញ នៅក្នុងសវនាការកាលពីថ្ងៃទី២៦ ខែកុម្ភៈថា លោក នៅតែប្រកាន់គោលការណ៍អហិង្សា និងមិនធ្វើបដិវត្តន៍នោះទេ។ លោកថា ការផ្លាស់ប្ដូរជាវិជ្ជមានដែលលោកចង់បាន គឺការផ្លាស់ប្ដូរដោយសន្តិវិធី តាមរយៈការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ដំណើរការក្ដីក្នុងសំណុំរឿងលោក កឹម សុខា នេះ រំកិលលឿនទៅមុខភ្លាមៗ យ៉ាងតក់ក្រហល់ នៅប៉ុន្មានសប្ដាហ៍មុនគណៈកម្មការអឺរ៉ុប ចេញសម្រេចលើការដកប្រព័ន្ធអនុគ្រោះពន្ធ EBA។ នៅមុននេះ សំណុំរឿងនេះ នៅគាំងទ្រឹងអស់រយៈពេលជាង ២ ឆ្នាំដោយគ្មានចំណាត់ការអ្វី ជាដុំកំភួននោះឡើយ។
ឥឡូវនេះ គណៈកម្មការអឺរ៉ុប ទុកឱកាសឲ្យរបបក្រុងភ្នំពេញ រហូតដល់ខែសីហា ឆ្នាំ២០២០ ដើម្បីស្ដារស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ រួមទាំងករណីលោក កឹម សុខា នេះផង ដើម្បីជាថ្នូរនឹងការរក្សាបានប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុងឡើងវិញ។
លោក ស៊ឹង សែនករុណ ថា របបក្រុងភ្នំពេញ នៅមិនទាន់ហួសពេលនៅឡើយទេ ក្នុងការស្ដារស្ថានភាពអាក្រក់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។