មេធាវី​ការពារ​ក្ដី​អតីត​បុគ្គលិក​អាស៊ី​សេរី គ្រោង​ស្នើសុំ​តុលាការ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​កូន​ក្ដី

0:00 / 0:00

មេធាវី​ការពារ​ក្ដី​ឲ្យ​អតីត​បុគ្គលិក​អាស៊ី​សេរី​ពីរ​រូប​ គ្រោង​ស្នើសុំ​តុលាការ​ឲ្យ​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​លើ​កូន​ក្តី នៅ​ថ្ងៃ​ទី៩ មករា។ លោក​មេធាវី កែវ វន្នី ប្រាប់​អាស៊ី​សេរី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៨ ខែ​មករា​នេះ​ថា ការ​ស៊ើបអង្កេត​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លង​មក តុលាការ​រក​មិន​ឃើញ​ភស្តុតាង​ណា​មួយ ដាក់​បន្ទុក​មក​លើ​កូន​ក្ដី​របស់​លោក​ទាំង​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ឡើយ។

លោក កែវ វន្នី សង្ឃឹមថា ដោយសារ​តែ​គ្មាន​ភស្តុតាង តុលាការ​នឹង​ចេញ​ដីកា​ដំណោះ​ស្រាយ បិទ​បញ្ចប់​រឿង​ក្ដី​ទាំង​ពីរ ដើម្បី​អនុញ្ញាត​ឲ្យ​លោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ មាន​សេរីភាព​ពេញលេញ អាច​ប្រកប​ការងារ​ចិញ្ចឹម​ជីវិត ដូច​ប្រក្រតី​ឡើង​វិញ។

លោក កែវ វន្នី បញ្ជាក់​បន្ថែម​ថា ស្ថានភាព​បច្ចុប្បន្ន ដែល​អ្នក​ទាំង​ពីរ​ ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​នៅឡើយ​បែបនេះ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង ដល់​សិទ្ធិ​សេរីភាព និង ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់ «ទី​មួយ​គាត់​នៅតែ​មក​បង្ហាញ​មុខ ដោយ​មាន​កាតព្វកិច្ច​បង្ហាញ​វត្ត​មាន​នៅ​មុខ​សមត្ថកិច្ច​នគរបាល​ជា​រៀង​រាល់​ខែ មួយ​ខែ​ម្ដងៗ។ បញ្ហា​មួយទៀត គឺ​ប៉ះ​ពាល់​ការ​ធ្វើ​ដំណើរ​របស់​គាត់ ដូចជា ករណី​ដែល​ចាំបាច់ ដែល​គាត់​ត្រូវ​សួរ​សុខទុក្ខ​គ្រួសារ​គាត់ ដូច​ជា ករណី​ព្យាបាល​ជំងឺ​ជា​បន្ទាន់​ផ្សេងៗ នៅ​ប្រទេស​ក្រៅ។ ប៉ះពាល់​មួយ​ទៀត គឺ​ដល់​ការ​រក​ការងារ​ធ្វើ​ ដែល​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​គាត់»

លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ កាល​ពី​ខែ​សីហា ឆ្នាំ ២០១៨ ក្រោយ​ឃុំខ្លួន​នៅ​ពន្ធនាគារ​អស់​រយៈពេល ២៨០ថ្ងៃ។ ក្នុង​លក្ខខណ្ឌ​ទាំង​នេះ លោក​ទាំង​ពីរ​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស​រាល់​ខែ និង​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​បាន​ឡើយ។

អ្នក​ទាំង​ពីរ ត្រូវ​បាន​អាជ្ញាធរ​ក្រុងភ្នំពេញ​ចាប់ខ្លួន កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ផ្ដល់​ឱ្យ​រដ្ឋ​បរទេស ​នូវ​ព័ត៌មាន​ជាអាទិ៍ ​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ ដែល​អាច​​ប្រឈមមុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ ប្រសិនបើ​តុលាការ​សម្រេច​ថា ​មាន​ទោស។ ស្រប​ពេល​បទចោទប្រកាន់​ចាស់ មិន​ទាន់​បាន​កាត់​សេចក្ដី​ផង ទំនង​ដោយសារ​គ្មាន​ភស្តុតាង​គួរ​អោយ​ជឿជាក់​បាន​នោះ ស្រាប់តែ​សាលាដំបូង​ក្រុងភ្នំពេញ​ដដែល បាន​ចេញ​បទ​ចោទ​ប្រកាន់​ថ្មី​មួយ​បន្ថែម​ទៀត គឺ “ការផលិត​រូបភាព​អាសអាភាស” ប្រឆាំង​នឹង​អ្នក​ទាំង​ពីរ​ថែម​ទៀត។

ការ​ចាប់ខ្លួន និង​ចោទប្រកាន់​អតីត​បុគ្គលិក​អាស៊ី​សេរី​ទាំងពីរ​រូប​នេះ បាន​ធ្វើ​ឱ្យ​របប​លោក ហ៊ុន សែន ទទួល​រង​ការរិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ជាច្រើន។ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​បាន​ថ្កោលទោស​ ចំពោះ​ចំណាត់​ការ​ផ្លូវច្បាប់​លើ​អ្នក​ទាំង​ពីរ ដោយ​ពួក​គេ​ចាត់​ទុក​ថា នេះ​ជា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​ភស្តុតាង និង​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។