សាច់ញាតិ និង​មេធាវី​ទាមទារ​ឲ្យ​ដោះលែង លោក រ៉ុង ឈុន និង​សកម្មជន ខណៈ​តុលាការ​បន្ត​លើក​ពេល​សវនាការ

ដោយ ហេង រស្មី
2021.06.07
សាច់ញាតិ និង​មេធាវី​ទាមទារ​ឲ្យ​ដោះលែង លោក រ៉ុង ឈុន និង​សកម្មជន ខណៈ​តុលាការ​បន្ត​លើក​ពេល​សវនាការ សកម្មភាពពលរដ្ឋតវ៉ា​នៅមុខស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ដើម្បីទាមទារឲ្យដោះលែងសកម្មជន​ដែលរងការ​ឃុំខ្លួន ពី​សំណាក់រដ្ឋាភិបាលកម្ពុជា។
Photo Provided

តុលាការក្រុង​ភ្នំពេញ បន្ត​លើក​ពេល​សវនាការ​លើ​អង្គ​សេចក្តី​នៃ​សំណុំរឿង​លោក រ៉ុង ឈុន និង​ក្រុម​សកម្មជន​សង្គម​ជិត​ ១០នាក់​ផ្សេងទៀត ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​៨ ខែ​មិថុនា ទៅ​ពេល​ក្រោយ​ទៀត ក្រោម​ហេតុផល​បង្ការ​ជំងឺ​កូវីដ-១៩។ ទោះជា​យ៉ាងណា​ក្ដី តុលាការក្រុង​ភ្នំពេញ​នឹង​បន្ត​បើក​សវនាការ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​លោក រ៉ុង ឈុន និង​កញ្ញា ស កណិការ ដូច​ការ​គ្រោងទុក​ដដែល​។ សាច់ញាតិ និង​មេធាវី​ការពារ​ក្តី ទាមទារ​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​សង្គម​ទាំងនោះ ព្រោះ​ការ​លើក​ពេល​បើកសវនាការ​លើ​អង្គ​សេចក្តី​ម្តង​ហើយ​ម្តង​ទៀត​នេះ នឹង​ធ្វើ​ឲ្យ​ពួកគាត់ បន្ត​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌។

សាច់ញាតិ និង​មេធាវី​ការពារ​ក្តី ខកចិត្ត​ចំពោះ​តុលាការក្រុង​ភ្នំពេញ ដែល​លើក​ពេល​សវនាការ​លើ​អង្គ​សេចក្តី​នៃ​សំណុំរឿង​លោក រ៉ុង ឈុន រួម​ទាំង​សំណុំរឿង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ និង​យុវជន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ហើយ​ចេះតែ​បន្ត​ឃុំខ្លួន​ពួកគាត់​តាម​ទំនើងចិត្ត

មេធាវី​ការពារ​ក្តី​ឲ្យ​លោក រ៉ុង ឈុន និង​កញ្ញា ស កណិការ គឺ​លោក សំ សុគង់ ថ្លែង​ថា សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​លើក​ពេល​សវនាការ​លើ​អង្គ​សេចក្តី​សំណុំរឿង លោក រ៉ុង ឈុន និង​កញ្ញា ស កណិការ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​៨ ខែមិថុនា ទៅ​ថ្ងៃ​ក្រោយ​វិញ ក្រោម​ហេតុផល​ថា មន្ត្រី​ពន្ធនាគារ មិន​អាច​បញ្ជូន​ពួកគាត់​ចូលរួម​សវនាការ​បានទេ ព្រោះ​ពួកគាត់ កំពុង​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ទាំង​ផ្នែក​បុរស ទាំង​ផ្នែក​ស្ត្រី​។ ប៉ុន្តែ​លោក​ឲ្យ​ដឹង​ថា តុលាការ​នឹង​នៅតែ​បើកសវនាការ​មុន​អង្គ​សេចក្តី​ទាក់ទង​នឹង​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់​លោក រ៉ុង ឈុន និង កញ្ញា ស កណិការ ដដែល ដោយ​មានតែ​វត្តមាន​របស់​មេធាវី​ការពារ​ក្តី នៅ​ថ្ងៃទី​៨ ខែ​មិថុនា​។ មេធាវី​ការពារ​ក្តី​រូប​នេះ​រំពឹង​ថា តុលាការ​នឹង​ពិចារណា​ដោះលែង​កូនក្តី​របស់​លោក​ទាំងពីរ​នាក់ ព្រោះ​ពួកគាត់​បាន​ជាប់ឃុំ​ជាង​ ១០​ខែ​មក​ហើយ ដែល​លើស​ពេល​កំណត់​នៃ​ច្បាប់៖ «យើង​សង្ឃឹម​ថា តុលាការ នឹង​ពិចារណា​រយៈពេល នៃ​ការ​ឃុំខ្លួន ក៏ដូចជា​អំឡុង​ពេល​នៃ​ការ​ផ្ទុះ​រីក​រាលដាល​ជំងឺ​កូវីដ​ទាំង​ក្នុង​ពន្ធនាគារ និង​ខាង​ក្រៅ ហើយ​ទី​៣ គឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​របស់​កូន​ក្តី​ទាំងពីរ​នាក់​នេះ។ ចំពោះ​បញ្ហា នីតិវិធី​ច្បាប់​នោះ​ខ្ញុំ​គិតថា តុលាការ​គួរតែ​ដោះលែង​ពួកគាត់​ឲ្យ​បាន​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន បើ​យើង​ឃើញ​រយៈពេល​នៃ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​របស់​គាត់ គឺ​ជាង​១០​ខែ ដែល​នៅក្នុង​បទចោទប្រកាន់​របស់​ពួកគាត់​គឺ​ពី​បទ​ញុះញង់ ជា​បទមជ្ឈិម​ដែល​មាន​កម្រិត​ទោស​ពី​៦​ខែ​ទៅ​២​ឆ្នាំ ហើយ​ការអនុវត្ត​ទោស​ជា​បណ្ដោះអាសន្ន​របស់​គាត់​នេះ​វា​១០​ខែ​ជាង​វា​សឹងតែ​ស្មើ​២​ភាគ​៣​នៃ​ទោស​ដាក់​ពន្ធនាគារ​ហើយ បើសិនជា​តុលាការ​រក​ឃើញ​ថា គាត់​មាន​កំហុស​ដូច្នេះ​តុលាការ​គួរតែ​ពិចារណា​លើ​ចំណុច​នេះ»

ចំណែក​មេធាវី​ការពារ​ក្តី​ឲ្យ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ និង​យុវជន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ គឺ​លោក សំ ចំរើន ប្រាប់​អាស៊ីសេរី​ថា តុលាការ​ក៏​បាន​ជូនដំណឹង​ពី​ការ​លើក​ពេល​សវនាការ​លើ​អង្គ​សេចក្តី​សំណុំរឿង​កូន​ក្តី​របស់​លោក​ទាំង ៧​​នាក់​ដែរ​។ លោក​យល់​ថា ការ​លើក​ពេលនេះ កាន់តែ​ពន្យារ​ពេល​នៃ​ការ​ឃុំខ្លួន​កូន​ក្តី​របស់​លោក​ថែមទៀត ដែល​លើស​ពេល​កំណត់​នៃ​ច្បាប់៖ «វា​កាន់តែ​យឺតយ៉ាវ​ហើយ​ព្រោះ​យើង​ស្នើសុំ​នៅ​ក្រៅ​ឃុំ ក៏​មិន​អនុញ្ញាត ដូច្នេះ​យើង​បាន​លើក​ឡើង​ដែរ​ពី​បញ្ហា​ហ្នឹង​ក្នុង​សវនាការ​លើក​មុន​ថា រឿង​នេះ​យើង​មិនអាច​ទស្សន៍ទាយ​ថា អាច​នឹង​បញ្ចប់​ឬ​ទទួល​បាន​សាលក្រម​ពេល​ណា ទើប​យើង​ស្នើសុំ​ដោះលែង»

អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​ចាប់ខ្លួន​លោក រ៉ុង ឈុន កាលពី​យប់​ថ្ងៃទី​៣១ កក្កដា ឆ្នាំ​២០២០ ក្រោយ​ពី​លោក​ចេញ​សេចក្តី​ថ្លែងការណ៍ និង​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​សារព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​ដីធ្លី​នៅ​ក្បែរ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ត្បូងឃ្មុំ។ ក្រោយ​ការ​ការ​ចាប់ខ្លួន​នេះ មាន​ពលរដ្ឋ ក្រុម​សកម្មជន​នយោបាយ ក្រុម​កម្មករ គ្រូបង្រៀន និង​ព្រះសង្ឃ រួម​ទាំង​យុវជន​ជាច្រើន​នាក់ បាន​ចេញ​តវ៉ា​ជា​បន្តបន្ទាប់​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន វិញ។ មិន​ត្រឹមតែ​មិន​ដោះលែង​ទេ អាជ្ញាធរ បាន​ចាប់ខ្លួន​អ្នក​តវ៉ា​ជាច្រើន​នាក់​ដាក់​ពន្ធនាគារ​បន្ត​បន្ទាប់​ថែមទៀត​ក្នុង​នោះ​ក៏​មាន​ប្រធាន​សមាគម​កម្មករ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា (CILA) កញ្ញា ស កណិការ រួម​ទាំង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​និង​យុវជន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ចំនួន​៧​នាក់ ។ យុវជន​ទាំង ​៧​នាក់​នេះ រួមមាន​ព្រះ​ភិក្ខុ កើត សារ៉ាយ លោក មាន ព្រហ្មមុនី កញ្ញា អេង ម៉ាឡៃ លោក ថា ឡាវី លោក មួង សុភ័ក្ត្រ លោក ហ៊ុន វណ្ណៈ និង​លោកស្រី ឈឿន ដារ៉ាវី។ មក​ទល់​ពេល​នេះ ពួកគាត់ កំពុង​ជាប់ឃុំ​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​រយៈពេល​ជាង​៨​ខែ ទៅ​ជាង​១០​ខែ​ហើយ ដើម្បី​រង់ចាំ​សវនាការ​កាត់ក្តី ក្រោម​បទ​ចោទប្រកាន់​ពី​បទ​ញុះញង់​ដូចៗ ​គ្នា។

ម្ដាយ​របស់​លោកស្រី ឈឿន ដារ៉ាវី គឺ​លោកស្រី ថាច់ ធីតា រៀបរាប់​ថា លោកស្រី​ខកចិត្ត​ដែល​តុលាការ​លើក​ពេល​សវនាការ ខណៈ​លោកស្រី ខំ​ធ្វើដំណើរ​ពី​ខេត្ត​បាត់ដំបង មក​ភ្នំពេញ តាំង​ពី​ព្រឹក​ព្រលឹម​នៅ​ថ្ងៃទី​៧ មិថុនា ដើម្បី​ត្រៀម​ចូល​ស្តាប់​សវនាការ​នៅ​ថ្ងៃទី​៨ មិថុនា​។ លោកស្រី​ទទូច​ឲ្យ​តុលាការ​ដោះលែង​កូន​របស់​លោកស្រី និង​សកម្មជន​សង្គម​ផ្សេងទៀត ព្រោះ​ការ​ពន្យា​ពេល​ឃុំខ្លួន​បែប​នេះ គឺជា​រឿង​អយុត្តិធម៌​បំផុត៖ «វា​កាន់តែ​យឺតយ៉ាវ​ហើយ​ព្រោះ​យើង​ស្នើសុំ​នៅ​ក្រៅ​ឃុំ ក៏​មិន​អនុញ្ញាត ដូច្នេះ​យើង​បាន​លើកឡើង​ដែរ​ពី​បញ្ហា​ហ្នឹង​ក្នុង​សវនាការ​លើក​មុន​ថា រឿង​នេះ​យើង​មិនអាច​ទស្សន៍ទាយ​ថា អាច​នឹង​បញ្ចប់​ឬ​ទទួល​បាន​សាលក្រម​ពេលណា ទើប​យើង​ស្នើសុំ​ដោះលែង»

សមាជិកគ្រួសារ​របស់​សកម្មជន​សង្គម​ផ្សេងទៀត ក៏​បង្ហោះ​សារ​នៅ​លើ​បណ្តេញ​សង្គម​ជា​បន្តបន្ទាប់​ទាមទារ​ឲ្យ​តុលាការ​ប្រគល់​សេរីភាព​ជូន​សាច់ញាតិ​របស់​ពួកគាត់​ឡើងវិញ​ដែរ ព្រោះ​ពួកគាត់​ពុំបាន​ប្រព្រឹត្ត​អ្វី​ខុស​ច្បាប់​ឡើយ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ដើម្បី​ឆ្លើយតប​រឿង​នេះ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO)​លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ស្នើ​សុំ​របស់​មេធាវី​ការពារ​ក្តី គឺ​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​។ លោក​បញ្ជាក់​ថា តាម​នីតិវិធី​ច្បាប់ នៅ​ពេល​សំណុំរឿង​ចូល​ដល់​ដំណាក់​កាល​ចៅក្រម​ជំនុំជម្រះ គឺ​តុលាការ​មិន​អាច​បន្ត​ឃុំខ្លួន​ពួកគាត់​លើស​ពី​ ៤​ខែ ដោយ​មិន​កាត់​ទោស​នោះ​ទេ ព្រោះ​ខុស​ទៅ​នឹង​ការកំណត់​នៃ​​ច្បាប់ និង​បំពាន​សិទ្ធិ​ជន​ជាប់ឃុំ៖ «យើង​សង្ឃឹមថា តុលាការ​នឹង​ពិចារណា ព្រោះ​យើង​ដឹង​ហើយ​ថា ពន្ធនាគារ​យើង​ចង្អៀត​ណែន ហើយ​ពន្ធនាគារ​មួយចំនួន​កំពុងតែ​ឆ្លង​វីរុស​កូ​វីដ ចូល​ដល់​ហើយ​ធ្វើ​ឲ្យ​មានការ​បារម្ភ​កាន់តែ​ខ្លាំង​ដូច្នេះ​ខ្ញុំ​យល់ថា ករណី​នេះ តុលាការ​គួរតែ​ពិចារណា​ព្រោះ​នេះ​ជា​បទមជ្ឈិម​ទេ ហើយ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន គេ​និយាយ​ទៅលើ​តម្រូវ​ការចាំបាច់​ និង​ជម្រើស​ចុងក្រោយ​ផង​ដែរ»

នៅក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១ មិថុនា អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក អ្នកស្រី វិនឌី ហ្សឺម៉ាន (Wendy Sherman) បាន​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឱ្យ​ទម្លាក់ចោល​បទចោទប្រកាន់​ដែលមាន​ចរិត​នយោបាយ​លើ​អ្នកនយោបាយ​ប្រឆាំង អ្នកសារព័ត៌មាន និង​សកម្មជន​ជាបន្ទាន់​។ អ្នកស្រី​ក៏បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​បើក​លំហ​នយោបាយ និង​ពលរដ្ឋ​ឡើងវិញ នៅមុន​ការបោះឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ​២០២២ និង​ការបោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ ខាងមុខ​។ អ្នកស្រី​គូស​បញ្ជាក់​ថា សហរដ្ឋអាមេរិក​គាំទ្រ​ប្រជាពលរដ្ឋ​ខ្មែរ គាំទ្រ​ក្តី​បំណង​ចង់ឱ្យមាន​លទ្ធិប្រជាធិបតេយ្យ និង​គាំទ្រ​សិទ្ធិ​សេរី ភាពជា​មូលដ្ឋាន​របស់​ពួកគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។