មន្ត្រីសង្គមស៊ីវិលស្វាគមន៍ចំពោះយុទ្ធនាការដោះលែងអ្នកជាប់ឃុំដ៏ច្រើន ដើម្បីដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ និងដើម្បីទប់ស្កាត់ការរាលដាលសកលនៃជំងឺកូវីដ-១៩ (Covid-19)។
ការសាទរនេះ ធ្វើឡើងក្រោយដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រកាសកាលពីថ្ងៃទី២៧ ខែឧសភា ថា ក្នុងយុទ្ធនាការនេះ នឹងអាចដោះលែងអ្នកជាប់ឃុំប្រមាណជាង ១ម៉ឺននាក់ ដែលភាគច្រើនពួកគេជាប់បទល្មើសកម្រិតស្រាល និងអ្នកបានអនុវត្តទោសជិតចប់ហើយ។
មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ស្នើសុំឱ្យការដោះលែងអ្នកជាប់ឃុំដ៏ច្រើនជាលើកដំបូងនេះ ធ្វើឡើង ចំពោះពលរដ្ឋទូទៅ ដោយតម្លាភាព និងដោយគ្មានការប្រកាន់ពីនិន្នាការនយោបាយ។
នាយករងទទួលបន្ទុកសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ប្រាប់អាស៊ីសេរី កាលពីយប់ថ្ងៃទី២៨ ខែឧសភា ថា លោកសាទរចំពោះយុទ្ធនាការដោះស្រាយភាពចង្អៀតណែនរបស់អ្នកជាប់ឃុំនៅក្នុងពន្ធនាគារ ពីព្រោះអង្គការ តែងតែស្នើសុំឱ្យពិចារណា ដោះលែងអ្នកជាប់ឃុំបទល្មើសកម្រិតស្រាល និងដែលអនុវត្តទោសបាន ២ ភាគ ៣ រួចហើយ ក្រោយពីពួកគេបានធ្វើការកែប្រែខ្លួន នៅក្នុងពន្ធនាគារ៖ «យើងនៅតែមានសង្ឃឹមថា ប្រសិនការដោះលែងធ្វើឡើងតាមបែបបទនេះមែន គួរតែកុំរើសអើងនយោបាយ ធ្វើម៉េចការដោះលែងនេះគឺធ្វើតម្លាភាពដូចគ្នា ព្រោះគាត់ជាពលរដ្ឋខ្មែរដូចគ្នា។ ប្រសិនបើបទល្មើសត្រូវការអាចដោះលែងឱ្យនៅក្រៅឃុំបាន ឬកាត់តម្រឹម ឬអ្នកត្រូវជិតផុតទោសហើយ គាត់អាចកែប្រែខ្លួនបាន ទៅតាមបទដ្ឋាននៃច្បាប់ហើយ គឺត្រូវធ្វើឡើងដោយតម្លាភាពផងដែរ»។
កាលពីថ្ងៃទី២៧ ខែឧសភា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្នាំ ២០១៩ និងទិសដៅសម្រាប់ឆ្នាំ២០២០ ថា រដ្ឋាភិបាល កំពុងខិតខំដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ដែលជាបន្ទុកធ្ងន់ធ្ងររបស់រដ្ឋ ក្នុងការចំណាយថវិកាដ៏ច្រើន ដើម្បីផ្គត់ផ្គង់ដល់អ្នកជាប់ឃុំក្នុងពន្ធនាគារទាំងនោះ។ លោក ស ខេង ក៏បានលើកឡើងពីក្តីបារម្ភ ក្នុងការទប់ស្កាត់ ប្រសិនបើ មានការរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារផងដែរ។
លោក ស ខេង មានប្រសាសន៍បញ្ជាក់ថា ការដោះលែងអ្នកជាប់ឃុំនេះ អាចនឹងមានចំនួនប្រមាណ ១ម៉ឺននាក់ ដែលជាបទល្មើសស្រាល ហើយពួកគេអនុវត្តទោសបានជិតចប់ហើយ។ ប៉ុន្តែលោកថា ប្រសិនបើអ្នកដោះលែងទាំងនោះ នៅតែបន្តប្រព្រឹត្តបទល្មើសទៀត នោះសមត្ថកិច្ចនឹងចាប់ពួកគេ យកមកទុកក្នុងពន្ធនាគារវិញ៖ «ប្រហែលជាតុលាការអាចដោះលែង បទល្មើសស្រាល មិនមែនឧក្រិដ្ឋទេ។ ឧទាហរណ៍យើងសម្រាល និងបន្ធូរបន្ថយ បានមួយម៉ឺននាក់ វាមិនមែនទៅតែមួយខេត្ត ឬ២ខេត្តទេ គឺវារាយនៅគ្រប់កន្លែងតាមខេត្តច្រើន។ ដូច្នេះយើងនឹងធ្វើបញ្ជីជាក់លាក់ ដើម្បីប្រគល់ ឱ្យសមត្ថកិច្ចថ្នាក់ក្រោមជាតិ ។ យើងកំពុងរកមធ្យោបាយថែមទៀត ដើម្បីជួយដល់ការគ្រប់គ្រង នៅថ្នាក់មូលដ្ឋាន គ្រប់គ្រងបន្ត»។
ក្រៅតែពីការគ្រប់គ្រងរបស់សមត្ថកិច្ចថ្នាក់ក្រោមជាតិ លោក ស ខេង ក៏បានឱ្យដឹងផងដែរថា រដ្ឋាភិបាលកំពុងគិតគូរបង្កើតមជ្ឈមណ្ឌលនីតិសម្បទា និងស្ដារសមត្ថភាពរបស់អ្នកទោសទាំងនោះ ដើម្បីអាចឱ្យពួកគេរៀនយកវិជ្ជាជំនាញណាមួយ ដើម្បីក្លាយជាធនធានដ៏ល្អក្នុងសង្គម។
ទោះជាក្នុងហេតុផលយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ក៏បានប្រាប់អាស៊ីសេរី កាលពីយប់មិញដែរថា ចំពោះការដោះលែងនេះ គឺផ្អែកទាំងស្រុងលើមូលដ្ឋានច្បាប់ ទៅលើសំណុំរឿងព្រហ្មទណ្ឌទូទៅ មិនសំដៅលើបុគ្គលណាឡើយ៖ «មិនមែនជាយុទ្ធនាការដោះលែងអ្នកទោសទេ គឺនីតិវិធីច្បាប់ គឺពន្លឿនសំណុំរឿងឱ្យលឿន។ កាលណាសំណុំរឿងវាលឿនចប់ឆាប់ គឺជាគោលការណ៍ច្បាប់ គឺអាចដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារបានមួយចំនួនដែរ ហើយការអនុវត្តគឺផ្អែកទៅលើមូលដ្ឋានច្បាប់ ជាចម្បង មិនសំខាន់សកម្មជន ឬមិនសកម្មជននោះទេ»។
ក្រោយពីបានឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានប្រកាសយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងក្នុងតុលាការ ជាការងារអាទិភាពមួយ ដែលនឹងជួយកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ ឈរលើមូលដ្ឋានច្បាប់ សុចរិតភាព ស្មោះត្រង់ និងមិនពុករលួយ។ លោក រដ្ឋមន្ត្រីយុត្តិធម៌រូបនេះ សង្កត់ធ្ងន់ថា ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ណាមួយ ដែលប្រព្រឹត្តអំពើខុសច្បាប់ ឬឆ្លៀតឱកាសនៃយុទ្ធនាការនេះ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន នឹង ទទួលខុសត្រូវទាំងផ្នែកវិជ្ជាជីវៈ ទាំងផ្នែកផ្លូវច្បាប់។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យដឹងថា បច្ចុប្បន្ន សំណុំរឿងដែលកំពុងស្ថិតក្នុងដំណាក់កាលសាលាដំបូងរាជធានីខេត្ត មានចំនួនជិត ៤ម៉ឺនសំណុំរឿង ក្នុងនោះជនល្មើសដែលត្រូវបានចាប់ខ្លួនពីបទល្មើសគ្រឿងញៀន មានប្រមាណ ២ម៉ឺននាក់។ ក្នុងចំណោម អ្នកជាប់ឃុំប្រមាណជិត ៤ម៉ឺននាក់ (៣៨.០០០) ក្នុងនោះស្ត្រីមានជាង ២ពាន់ ៥រយនាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។