អនុប្រធានគណបក្សប្រឆាំង និងជាអតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារីអ្នកស្រី មូរ សុខហួរ ជំរុញឱ្យក្រសួងយុត្តិធម៌ធានាផ្ដល់យុត្តិធម៌ពេញលេញ និងស្មើភាពគ្នាដល់ស្រ្តីរងគ្រោះដោយអំពើរំលោភបំពានផ្លូវភេទ និងត្រូវហ៊ានប្រាប់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យឈប់ប្រើអំណាចរំលោភលើប្រព័ន្ធយុត្តិធម៌តទៅទៀត។ ការលើកឡើងនេះ បន្ទាប់ពីលោក ហ៊ុន សែន បានលូកដៃចូលអន្តរាគមន៍ក្នុងរឿងរ៉ាវ ចោទប្រកាន់ឧកញ៉ា ហេង សៀ ពីការរំលោភបំពានផ្លូវភេទលើពិធីការិនីទូរទស្សន៍ My TV។
អតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ្នកស្រី មូរ សុខហួរ ចង់ឱ្យក្រសួងយុត្តិធម៌ផ្ដល់យុត្តិធម៌ឱ្យបានដូចៗ គ្នាទៅដល់ជនរងគ្រោះ ដោយការរំលោភបំពានផ្លូវភេទ ព្រមទាំងបញ្ឈប់នូវរាល់ការជ្រៀតជ្រែករបស់អ្នកមានអំណាចទៅក្នុងដំណើរការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ។
អ្នកស្រី មូរ សុខហួរ បន្តថា ក្រសួងយុត្តិធម៌ត្រូវហ៊ានប្រាប់ទៅលោក ហ៊ុន សែន ឱ្យបញ្ឈប់ប្រើឥទ្ធិពលរបស់លោកទៅលើប្រព័ន្ធយុត្តិធម៌ ហើយត្រូវពង្រឹងសមត្ថភាពវិស័យនេះឱ្យអនុវត្តតាមគោលការណ៍ច្បាប់ ទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដើម្បីធានាផ្ដល់យុត្តិធម៌ដល់អ្នករងគ្រោះ។
«នៅរឿងចឹងៗ ក្រសួងយុត្តិធម៌អត់មាននិយាយអីសោះថា នេះជាឆន្ទានុសិទ្ធិរបស់តុលាការ ម៉េចក៏មិននិយាយ ? ម៉េចក៏ក្រសួងយុត្តិធម៌នៅពេលនេះមិនហាមប្រាមកុំឱ្យលោក ហ៊ុន សែន ធ្វើអន្តរាគមន៍ ? »
អាស៊ីសេរីនៅមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យក្រសួងយុត្តិធម៌បាននៅឡើយទេកាលពីយប់ថ្ងៃទី១៦ ខែឧសភា។
កាលពីថ្ងៃទី១២ ខែឧសភា អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានសរសេរនៅលើហ្វេសប៊ុករបស់លោក ដោយប្រតិកម្មទៅនឹងមតិពលរដ្ឋនៅតាមបណ្ដាញសង្គមថាបានដើរតួនាទីជំនួសសមត្ថកិច្ច និងតុលាការក្នុងការវិនិច្ឆ័យកាត់សេចក្តីសំណុំរឿងវិវាទរវាងឧកញ៉ា និងពិធីការិនីទូរទស្សន៍។ លោកថា តុលាការនិងសមត្ថកិច្ចកំពុងស៊ើបអង្កេត និងដំណើរការនីតិវិធីរឿងនេះតាមផ្លូវច្បាប់។ លោកជំរុញឱ្យពលរដ្ឋ ដែលឈឺឆ្អាលស្រឡាញ់យុត្តិធម៌ គួរតែជាអ្នកតាមដាន និងឃ្លាំមើលករណីនេះ។ ចំណែក អ្នកនាំពាក្យមួយរូបទៀត លោក គឹម សន្តិភាព កាលពីថ្ងៃដដែលនោះសរសេរនោះលើហ្វេសប៊ុកដែរថា ក្រសួងយុត្តិធម៌បានតាមដានដោយយកចិត្តទុកដាក់ និងបានស្នើស្ថាប័នតុលាការឱ្យស្រាវជ្រាវឱ្យបានច្បាស់លាស់ ដើម្បីស្វែងរកការពិតក្នុងរឿងនេះ។ លោកថាក្រសួងយុត្តិធម៌ស្នើសាធារណជនស្ងប់ស្ងាត់ និងទុកតួនាទីឱ្យតុលាការបំពេញតួនាទីរបស់ខ្លួន។
តែទោះជាយ៉ាងណាសារព័ត៌មានស្និតនឹងលោក ហ៊ុន សែន ហ្វេ្រសញូវ (Fresh News) ចេញផ្សាយកាលពីថ្ងៃទី១៤ ខែឧសភាដោយស្រង់សម្ដីរបស់ មេធាវី លោក គី តិច ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យក្រុមមេធាវីស្ម័គ្រចិត្តរបស់លោកស្រាវជ្រាវ និងរកយុត្តិធម៌ឱ្យពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា អោយដល់ទីបញ្ចប់។
បើទោះបីជាអន្តរាគមន៍នេះចេញទៅមិនចំពោះស្ថាប័នតុលាការ ឬទៅស្ថាប័នជាក់លាក់នៅក្រោមមែកធាងប្រព័ន្ធយុត្តិធម៌ក៏ដោយ ក៏អ្នកស្រី មូរ សុខហួរ មើលឃើញថា លោក ហ៊ុន សែន មានឥទ្ធិពល ដែលធ្វើឱ្យប៉ះពាល់ពិតប្រាកដទៅដល់ដំណើរការក្ដី។ អ្នកស្រីថា ក្រសួងយុត្តិធម៌ល្មមឈប់បន្ទរតាម ឬហៃអើតាមលោក ហ៊ុន សែន តទៅទៀត៖ «នៅពេលករណីអ្នកដទៃទៀតជាពិសេសករណីទាក់ទងនឹងនយោបាយក្រសួងយុត្តិធម៌ចេញមុខភ្លាម ថា ករណីនេះជាឆន្ទានុសិទ្ធិតុលាការ។ យើងអត់ចង់ឃើញថាប្រព័ន្ធតុលាការ ជាប្រព័ន្ធ ដែលមានមុខពីរ មានស្តង់ដារពីរទេ»។
ក្រុមមេធាវីស្ម័គ្រចិត្តរបស់លោក ហ៊ុន សែន ដែលអះអាងថា បានទទួលបញ្ជាពីលោក ហ៊ុន សែន កំពុងសិក្សា និងប្រមូលភស្តុតាងសំណុំរឿងប្ដឹងផ្ដល់គ្នារវាងពិធីការិនីទូរទស្សន៍ កញ្ញា មានពេជ្ររីតា និងឧកញ៉ា ហេង សៀ។ លោក ហេង សៀ ប្តឹងពិធីការិនីរូបនោះពីបទលួចទូរស័ព្ទមានស្ថានទម្ងន់ទោស និងប៉ុនប៉ងចាក់សម្លាប់។ ចំណែកកញ្ញា មាន ពេជ្ររីតា វិញប្ដឹងចោទលោកឧកញ៉ារូបនោះពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ព្រមទាំងបដិសេធរាល់ការចោទប្រកាន់ទាំងឡាយទាក់ទងនឹងរឿងស្នេហាលួចលាក់។
ទាក់ទងនឹងរឿងនេះមកដល់ពេលនេះ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា សមត្ថកិច្ចបានឃាត់ខ្លួនកូនស្រីបង្កើត របស់ឧកញ៉ា ហេង សៀ ឈ្មោះ តាំង គីមហៀង និងប្ដី ឈ្មោះ ឃន ឈុនដារ៉ា ដែលគេស្គាល់ថា ជាម្ចាស់ហាងកាហ្វេល្បីឈ្មោះ The KOI និង Tube Cafe។ អ្នកទាំង២ ត្រូវបានចោទប្រកាន់ថា បានផលិតវីដេអូអាសអាភាសប្រឌិតរឿងចោទប្រកាន់បំផ្លាញកិត្តិយស កញ្ញា មាន ពេជ្ររីតា។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ថ្លែងប្រាប់អាស៊ីសេរីថា ចាំបាច់ណាស់ដែលអាជ្ញាធរពាក់ព័ន្ធត្រូវផ្ដល់យុត្តិធម៌ឱ្យបានដូចៗគ្នាទៅដល់ជនរងគ្រោះ ដើម្បីធានាបញ្ចប់វប្បធម៌និទ្ទណ្ឌភាព៖ «ពីមុនគឺយើងឃើញតែសហគមន៍ដែលប្រឈមរឿងដីធ្លី សកម្មជនជន ដែលត្រូវគេចោទដោយអយុត្តិធម៌ហ្នឹងនាំគ្នាទាមទាររកយុត្តិធម៌។ អ្នកមានទ្រព្យសម្បត្តិជាច្រើន ឬពលរដ្ឋមួយចំនួនដែលគាត់មិនបានប៉ះនូវបញ្ហាហ្នុងគាត់តែងរិះគន់ថាសកម្មជនចេះតែទាមទារអ៊ីចឹងទៅ។ ប៉ុន្តែនៅពេលកើតឡើងចំពោះខ្លួនឯងអ្នកទាំងនោះក៏ស្រែករកយុត្តិធម៌ដែរ។ អ៊ីចឹងសួរថា តើអ្វីទៅជាយុត្តិធម៌ តើយើងបានទទួលយុត្តិធម៌សម្រាប់គ្រប់គ្នាដែរ ឬទេ ? ខ្ញុំគិតថា នូវចំណោទនេះត្រូវធានាថា ប្រព័ន្ធយុត្តិធម៌របស់យើងផ្ដល់យុត្តិធម៌ដោយមិនលម្អៀង ហើយផ្ដល់នូវសិទ្ធិទទួលបានការ ជំនុំជម្រះដោយយុត្តិធម៌ពិតប្រាកដដល់ពលរដ្ឋនោះ យើងអាចឃើញថា ការទាមទារយុត្តិធម៌ពីគ្រប់ភាគីពាក់ព័ន្ធអាចដំណើរការបាន»។
កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសរំលោភច្បាប់ជាងគេបំផុត ឈរនៅលេខ១២៧ ជាប់បាតតារាង ក្នុង ចំណោម ១២៨ប្រទេសនៅលើពិភពលោក ក្នុងសន្ទស្សន៍នៃការគោរពច្បាប់ឆ្នាំ២០២០ របស់អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project)។ ចំណែកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានលើកឡើងថា លោក ហ៊ុន សែន គឺជាមេដឹកនាំដែលកាន់អំណាចបានយូរតាមរយៈការប្រើប្រាស់អំពើហិង្សា ការគាបសង្កត់ ការគៃបន្លំការបោះឆ្នោត និងការប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ។ ចុងក្រោយនេះអង្គការដដែលនេះពិនិត្យឃើញថា លោក ហ៊ុន សែន បានប្រើប្រាស់តុលាការធ្វើជាមធ្យោបាយ ដើម្បីបំបាត់សំឡេងប្រឆាំង និងពង្រឹងអំណាចតាមរយៈការគ្រប់គ្រងបែបឯកបក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។