ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅភរិយាបណ្ឌិត កែម ឡី លោកស្រី ប៊ូ រចនា ឲ្យចូលខ្លួនបំភ្លឺនៅតុលាការជាលើកទី២ លើសំណុំរឿងឃាតកម្មលើបណ្ឌិត កែម ឡី នៅថ្ងៃទី១៧ តុលា។ រីឯមន្ត្រីសង្គមស៊ីវិលថា ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី បានបញ្ជាក់ថា ពួកគាត់មិនដែលទទួលបានដីកាកោះហៅទី១ ឡើយ ហើយសង្ស័យចំពោះដីកាកោះហៅលើកទីពីរនេះ។
ដីកាកោះលើកទី២ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង ចុះថ្ងៃទី២៦ កញ្ញា និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៤ តុលា បង្គាប់ឲ្យលោកស្រី ប៊ូ រចនា ចូលរួមសាកសួរពីដំណើររឿងឃាតកម្មគិតទុកជាមុនលើស្វាមីលោកស្រី ក្នុងនាមជាដើមបណ្ដឹងរដ្ឋប្បវេណី។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា អះអាងនៅថ្ងៃទី៤ តុលា ថា ចៅក្រមស៊ើបសួរបានកោះហៅលោកស្រី ប៊ូ រចនា ម្ដងរួចមកហើយកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ហើយបានបញ្ជូនត្រឹមត្រូវតាមនីតិវិធីទៅលំនៅឋានរបស់ដើមបណ្ដឹង តែលោកស្រីមិនបានចូលតាមដីកាកោះ ទើបចៅក្រមស៊ើបសួរកោះហៅជាលើកទី២ ដោយឲ្យចូលបំភ្លឺនៅថ្ងៃទី១៧ ខែតុលា ខាងមុខនេះ។
កាលពីថ្ងៃទី២ តុលា លោកស្រី ប៊ូ រចនា ទើបតែសម្រាលកូនប្រុសទី៥ របស់លោកស្រីនៅក្រៅប្រទេស។ ការសម្រាលកូននេះ នៅក្រោយពេលដែលស្វាមីរបស់លោកស្រី គឺបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាញ់ជិត ៣ខែមកហើយ តែមកទល់ពេលនេះ តុលាការមិនទាន់ស៊ើបអង្កេត និងបង្ហាញមុខអ្នកជាប់ពាក់ព័ន្ធឃាតកម្មនេះ ក្រៅពីជនសង្ស័យឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នៅឡើយ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា អះអាងថា កន្លងទៅ គ្រួសារលោកបណ្ឌិត កែម ឡី បានបញ្ជាក់ថា ពួកគាត់មិនដែលទទួលបានដីកាកោះហៅលើកទី១ នោះឡើយ ដែលបណ្ដាលឲ្យពួកគាត់មានការងឿងឆ្ងល់ និងភ្ញាក់ផ្អើល ហើយពួកគាត់ក៏មិនដែលដាក់ពាក្យប្ដឹងនោះដែរ។ រឿងដែលចម្លែកទៀតនោះ គឺការចេញដីកាកោះហៅលើកទី២ គឺធ្វើឡើងចំពេលដែលភរិយាលោកបណ្ឌិត កែម ឡី ទើបតែសម្រាលកូនហើយថ្មីៗប៉ុណ្ណោះ៖ «ប្រសិនបើតុលាការ ឬមួយរដ្ឋាភិបាលមានចេតនាស្វែងរកឃាតកពិត ខ្ញុំគិតថា តុលាការគួរតែយល់ប្រពន្ធលោកបណ្ឌិត កែម ឡី ទើបតែសម្រាលបុត្រហើយ។ ចឹងចង់មិនចង់ គឺគាត់មិនអាចមកបំភ្លឺនៅតុលាការបានទៀតដែរ ព្រោះថ្ងៃទី១៧ ត្រូវបំភ្លឺហើយហ្នឹង។ ដូច្នេះគាត់ទើបសម្រាលបុត្រនៅសរសៃខ្ចីនៅឡើយ»។
លោក មឿន តុលា ឲ្យដឹងថា រហូតមកដល់ពេលនេះ លោកស្រី ប៊ូ រចនា នៅមិនទាន់បានពឹងពាក់មេធាវី ឬផ្ទេរសិទ្ធិឲ្យបុគ្គលណាមួយឲ្យឈរជាដើមបណ្ដឹងរដ្ឋប្បវេណីជាផ្លូវការនៅឡើយទេ ប្រហែលដោយសារតែគាត់រវល់គិតគូរពិធីបុណ្យ ១០០ថ្ងៃឲ្យសពស្វាមី និងប្រសូតបុត្រ។ លើសពីនេះទៀត ប្រហែលជាគាត់គ្មានជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
ទោះបីជាយ៉ាងណា លោក មឿន តុលា សង្ស័យថា ការចេញដីកាកោះហៅនៅពេលនេះ គឺអាចថាតុលាការកំពុងតែពន្លឿននីតិវិធី ដើម្បីបិទសំណុំរឿងឃាតកម្មលោកបណ្ឌិត កែម ឡី ឬក៏បិទការស៊ើបអង្កេត។ លោកបន្តថា ការស៊ើបអង្កេតកន្លងទៅនេះ គឺហាក់ដូចជាមានការលាក់លៀម និងមិនទាន់មានតម្លាភាពនៅឡើយទេ ព្រោះកាមេរ៉ាសុវត្ថិភាពនៅក្នុងម៉ាត (Star Mart) កាល់តិច (Caltex) និងនៅក្បែរនោះជាច្រើនកន្លែង មិនទាន់ត្រូវបានបង្ហាញជាសាធារណៈដូចករណីឃាតកម្មផ្សេងៗទៀតឡើយ៖ « អ្វីដែលសំខាន់ គឺត្រូវបង្ហាញវីដេអូសុវត្ថិភាពឲ្យមហាជនបានឃើញ ហើយធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់ កុំអាលប្រញាប់បិទសំណុំរឿងនេះ ហើយបើមិនចឹងទេ យើងចេះតែបារម្ភថា អ្នកដែលចាប់នោះជាឃាតកសិប្បនិម្មិត ព្រោះមានលំអានមកច្រើនហើយ ដូចជាករណីលោក ជា វិជ្ជា លោក ឈុត វុទ្ធី កញ្ញា ទូច ស៊ុននិច និងអ្នកស្រី ពិសិដ្ឋ ពិលីកា ត្រូវបានមហាជនសង្ស័យ។ យើងមិនចង់ឃើញករណីដដែលនេះ កើតលើករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី ទេ។ ខ្ញុំគិតថា ប្រទេសកម្ពុជា គួរតែដល់ពេលត្រូវតែបញ្ចប់និទ្ទណ្ឌភាពហើយ » ។
ឆ្លើយតបករណីនេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ប្រាប់អាស៊ីសេរី ថា ករណីលោកស្រី ប៊ូ រចនា នេះ គឺតុលាការត្រូវរង់ចាំដល់កាលបរិច្ឆេទនៃការស្តាប់ចម្លើយសិន ទើបដឹងថាចៅក្រមស៊ើបសួរនឹងមានចំណាត់ការអ្វីទៀតចំពោះករណីនេះ។
បណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងស្រាវជ្រាវបញ្ហាសង្គម ត្រូវបានឃាតកសម្លាប់នៅកណ្ដាលទីក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា នៅក្នុងស្ដារម៉ាត (Star Mart) កាល់តិច (Caltex) ស្ដុបបូកគោ។
មន្ត្រីសិទ្ធិមនុស្ស លោក មឿន តុលា លើកឡើងថា រដ្ឋាភិបាលក៏ដូចជាអាជ្ញាធរ មិនត្រូវត្បិតត្បៀតក្នុងការរៀបចំពិធីបុណ្យសព ឬលាក់លៀមការស៊ើបអង្កេតចំពោះករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី ឡើយ ព្រោះវាជាហេតុនាំឲ្យមហាជនសង្ស័យអំពីអ្នកនៅពីក្រោយខ្នង។ លោកបន្តថា រដ្ឋាភិបាលគួរតែបើកទូលាយចំពោះការស៊ើបអង្កេត និងជួយជ្រោមជ្រែងធ្វើបុណ្យសពបណ្ឌិត កែម ឡី ដើម្បីបញ្ចៀសការសង្ស័យនានា៕
វីដេអូ៖ ភរិយាលោក កែម ឡីថាតុលាការមានចេតនាបញ្ចប់ករណីស្វាមីគាត់
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
