មនុស្ស​គន្លឹះ​រៀបចំ​ច្បាប់​រំលាយ​បក្ស​ប្រឆាំង​ក្លាយ​ជា​រដ្ឋមន្ត្រី​យុត្តិធម៌

0:00 / 0:00

រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​រុះរើ​គណៈរដ្ឋមន្ត្រី​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​កាល​ពី​ពេល​ថ្មីៗ​នេះ​។ ក្រសួង​ចំនួន​៤ ត្រូវ​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​ថ្មី រួមមាន ក្រសួង​ប្រៃសណីយ៍ ក្រសួង​ធម្មការ និង​សាសនា ក្រសួង​មុខងារ​សាធារណៈ និង​ក្រសួងយុត្តិធម៌​។ ការ​ផ្លាស់ប្ដូរ​ដែល​ទាញ​ការ​ចាប់​អារម្មណ៍​ច្រើន​បំផុត គឺ​ក្រសួងយុត្តិធម៌ ព្រោះ​លោក អង្គ វង្សវឌ្ឍានា ដែល​ជា​រដ្ឋមន្ត្រី​រយៈពេល ១៦​ឆ្នាំ​មក​ហើយ​នោះ ត្រូវ​បាន​ផ្លាស់ប្ដូរ​ឱ្យ​ទៅ​ជា​ទេសរដ្ឋមន្ត្រី ហើយ​ដាក់​ជំនួស​មកវិញ​ដោយ​មន្ត្រី​វ័យ​កណ្ដាល​ម្នាក់​ដែល​ពូកែ​ខាង​ច្បាប់​ព្រហ្មទណ្ឌ គឺ​លោក កើត រិទ្ធ។ តើ​លោក កើត រិទ្ធ ជា​អ្នកណា ហើយ​លោក​មាន​ស្នាដៃ​អ្វីខ្លះ ទើប​ឡើង​តំណែង​លឿន​បែបនេះ?

ក្នុង​វ័យ ៤១ ឆ្នាំ លោក កើត រិទ្ធ បាន​ឡើង​រាសី​សឹង​មិន​គួរ​ឱ្យ​ជឿ​។ លោក​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​នៅ​ចន្លោះ​ឆ្នាំ​២០០៧ ដល់​២០១៣ ជា​រដ្ឋលេខាធិការ​ពី​ឆ្នាំ​២០១៣ ដល់​ដើម​ឆ្នាំ​២០២០ ហើយ​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ផ្លូវការ​នៅ​ថ្ងៃ​ទី​៣០ មីនា ថ្មីៗ​នេះ។

មជ្ឈដ្ឋាន​ខ្លះ​រំពឹង​ថា លោក​អាច​នឹង​ជួយ​ស្រោចស្រង់​ប្រព័ន្ធ​យុត្តិធម៌ ដែល​កំពុង​ទន់ខ្សោយ ព្រោះ​លោក​ជា​បញ្ញវន្ត​វ័យក្មេង​ដែល​មាន​ចំណេះដឹង​ជ្រាលជ្រៅ​ផ្នែក​ច្បាប់​។ ក៏ប៉ុន្តែ សម្រាប់​អ្នក​ដែល​បាន​ដឹង​រឿង​ពីក្រោយ​ឆាក ពួកគេ​គ្មាន​ជំនឿ​អ្វី​បន្តិច​ឡើយ​ចំពោះ​រដ្ឋមន្ត្រី​ថ្មី​រូប​នេះ​។ គ្មាន​ជំនឿ​ដោយសារតែ​លោក កើត រិទ្ធ ជា​មនុស្ស​ស្មោះស្ម័គ្រ​នឹង​លោក ហ៊ុន សែន ហើយ​លោក​ធ្លាប់​បាន​រៀបចំ​ច្បាប់​គន្លឹះ​ជាច្រើន​ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា ជា​ច្បាប់​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ទទួល​ស្គាល់​ថា លោក កើត រិទ្ធ គឺជា​មនុស្ស​មាន​ចំណេះដឹង​ជ្រាលជ្រៅ​ខាង​ច្បាប់ ប៉ុន្តែ​លោក​ថា បញ្ញវន្ត​រូប​នេះ​បាន​យក​ចំណេះដឹង​របស់​ខ្លួន​ទៅ​បង្កើត​ស្នាដៃ​អាក្រក់​ដ៏​មហិមា គឺ​រៀបចំ​និង​កែប្រែ​ច្បាប់​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ «កើត រិទ្ធ គាត់​បាន​ជួយ​លោក ហ៊ុន សែន ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​សម្លាប់​ប្រជាធិបតេយ្យ ហើយ​អ្នកណា​ក៏​ដឹង​ដែរ​ថា លោក កើត រិទ្ធ ហ្នឹង គឺ​បាន​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​ប្រព័ន្ធ​តុលាការ​ស្ដាប់​តាម​បង្គាប់បញ្ជា​របស់​អ្នក​នយោបាយ ជួយ​សរសេរ​ច្បាប់​ដើម្បី​បិទបាំង​នូវ​ទង្វើ​នៃ​ការ​ជ្រៀតជ្រែក​ក្នុង​ប្រព័ន្ធ​តុលាការ​ហ្នឹង​។ ខ្ញុំ​ដឹង កាលណា​គាត់​បកស្រាយ​យ៉ាងម៉េច លោក ហ៊ុន សែន ក្តី លោក ស ខេង ក្តី គឺ​តាម​លោក កើត រិទ្ធ ហ្នឹងឯង​។ អ៊ីចឹង ចង់​ចាប់​អ្នក​ណា ចង់​ដោះលែង​អ្នកណា​ហ្នឹង បើកាលណា​លោក កើត រិទ្ធ បង្ហាញ​ទឡ្ហីករណ៍​នានា​ទៅ​លោក ហ៊ុន សែន ទៅ លោក ហ៊ុន សែន ធ្វើតាម​ហើយ»។

ច្បាប់​គាបសង្កត់​សិទ្ធិ​សេរីភាព និង​ប្រាសចាក​រដ្ឋធម្មនុញ្ញ

ច្បាប់​សំខាន់ៗ​ដែល​លោក កើត រិទ្ធ បាន​ចូលរួម​តាក់តែង និង​កែប្រែ​នោះ រួមមាន ក្រមព្រហ្មទណ្ឌ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ច្បាប់​៣ ទាក់ទង​នឹង​ការគ្រប់គ្រង​តុលាការ វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ ហើយ​សូម្បីតែ​ច្បាប់​ធម្មនុញ្ញ​បន្ថែម និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជា​ច្រើនដង​កន្លងមក​នោះ ក៏​មាន​ស្នាដៃ​របស់​លោក កើត រិទ្ធ ផង​ដែរ។

សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​វាយតម្លៃ​ថា ច្បាប់​ទាំងនេះ​សុទ្ធ​តែ​មាន​ចរិត​គាបសង្កត់​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​ផ្ទុយ​ពី​ស្មារតី​រដ្ឋធម្មនុញ្ញ​។ ជា​ឧទាហរណ៍​៖ ច្បាប់​៣ ទាក់ទង​នឹង​ការគ្រប់គ្រង​តុលាការ ដែល​រួមមាន ច្បាប់​ស្ដីពី​ការរៀបចំ​អង្គការ​តុលាការ ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជអាជ្ញា ព្រមទាំង​ច្បាប់​ស្ដីពី​ការរៀបចំ និង​ការ​ប្រព្រឹត្តទៅ​នៃ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម បាន​ផ្តល់​អំណាច​យ៉ាង​ច្រើន​លើសលប់​ដល់​ក្រសួង​យុត្តិធម៌ ក្នុង​ការ​ចាត់ចែង និង​ជ្រៀតជ្រែក​កិច្ចការ​របស់​តុលាការ។

ចំពោះ​ច្បាប់​ធម្មនុញ្ញ​បន្ថែម និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជាច្រើនលើក​ច្រើន​សា​នោះ​វិញ បាន​ធ្វើ​ឱ្យ​ច្បាប់​កំពូល​មួយ​នេះ​ចុះ​ទន់ខ្សោយ​ជា​លំដាប់ ហើយ​អំណាច​សភា និង​តុលាការ​កាន់តែ​បាក់​ស្រុត​ចុះ រីឯ​អំណាច​រដ្ឋាភិបាល​កាន់តែ​កើន​ឡើង​។ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច បច្ចុប្បន្ន​ជា​ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា ធ្លាប់​ហៅ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ឆ្នាំ​២០០៤ ដែល​តម្រូវ​ឱ្យ​រដ្ឋសភា​បោះឆ្នោត​ជា​កញ្ចប់​ជ្រើសតាំង​ថ្នាក់ដឹកនាំ​រដ្ឋសភា និង​នាយករដ្ឋមន្ត្រី​ក្នុង​ពេល​តែមួយ​នោះ​ថា​ជា រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​។​

ដោយឡែក ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​វិញ ត្រូវ​បាន​ក្រុម​អ្នកច្បាប់ និង​អ្នក​ជំនាញ​វាយតម្លៃ​ថា ជា​ច្បាប់​ដ៏​អាក្រក់ បំពាន​រដ្ឋធម្មនុញ្ញ និង​ផ្ទុយ​ពី​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ដោយសារ​ច្បាប់​នេះ​ធ្វើឡើង​តម្រូវ​តាម​ចិត្ត​មេ​បក្ស​កាន់អំណាច​លោក ហ៊ុន សែន ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​បំបិទ​សិទ្ធិ​នយោបាយ​របស់​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង។

លោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស​សង្គ្រោះជាតិ ក្នុង​កិច្ច​ប្រជុំ​នៅ​សហរដ្ឋអាមេរិក ជាមួយ​ថ្នាក់ដឹកនាំ​បក្ស​នេះ កាល​ពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០១៩។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស​សង្គ្រោះជាតិ ក្នុង​កិច្ច​ប្រជុំ​នៅ​សហរដ្ឋអាមេរិក ជាមួយ​ថ្នាក់ដឹកនាំ​បក្ស​នេះ កាល​ពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០១៩។ (RFA/Sorn Chanratha)

លោក អេង ឆៃអ៊ាង អះអាង​ថា សូម្បីតែ​ច្បាប់​អង្គការ​-​សមាគម ច្បាប់​សហជីព និង​សំណុំរឿង​ព្រហ្មទណ្ឌ​ចោទប្រកាន់​មេបក្ស​ប្រឆាំង​លោក កឹម សុខា ក៏​មាន​ការចូលរួម​ពី​លោក កើត រិទ្ធ ផង​ដែរ។ លោក​យល់ថា ដោយសារតែ​ស្នាដៃ​ជួយ​ពង្រឹង​អំណាច​ឱ្យ​លោក ហ៊ុន សែន នេះ​ហើយ ទើប​លោក កើត រិទ្ធ ទទួល​បាន​រង្វាន់​ជាទី​គាប់ចិត្ត​ពី​លោក ហ៊ុន សែន គឺ​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដែល​មាន​សិទ្ធិ​អំណាច​បញ្ជា​ព្រះរាជអាជ្ញា​នៅ​ទូទាំង​ប្រទេស។

លោក អេង ឆៃអ៊ាង ដែល​ធ្លាប់​បាន​ជួប​ប្រជុំ​ញឹកញាប់​ជាមួយ​ក្រុមបច្ចេកទេស​ចរចា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លោក កើត រិទ្ធ ជា​សមាជិក ក្នុង​អំឡុង​ជម្លោះ​នយោបាយ​ក្រោយ​ឆ្នាំ​២០១៣​នោះ មាន​ប្រសាសន៍ថា លោក​គ្មាន​ជំនឿ​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​ស្រុក​ខ្មែរ​នឹង​ត្រូវ​បាន​លើកស្ទួយ​នោះ​ទេ ផ្ទុយទៅវិញ​វា​អាច​នឹង​កាន់តែ​អាក្រក់​ជាង​មុន នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក កើត រិទ្ធ៖ «អ្វី​ដែល ហ៊ុន សែន ឱ្យ​គាត់​ឡើង​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ហ្នឹង គឺជា​រង្វាន់​សម្រាប់​លោក កើត រិទ្ធ ដែល​បាន​ជួយ​ឱ្យ​របប​គាត់​ហ្នឹង​សម្លាប់​ប្រជាធិបតេយ្យ រំលាយ​គណបក្សប្រឆាំង​ហ្នឹងឯង​។ នេះ​ជា​ការ​ពិត ហើយ​វា​មិនមែន​លោក កើត រិ​ទ្ធ ឡើង​ទៅ​នឹង​ធ្វើ​ឱ្យ​ក្រសួងយុត្តិធម៌ ធ្វើ​ឱ្យ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ហ្នឹង គឺថា​ឯករាជ្យ គឺ​អត់​មាន​ទេ​។ នេះ​គឺ​ដូច​ជួយ​ឱ្យ ហ៊ុន សែន ដើម្បី​ប្រើប្រាស់​កណ្ដាប់​ដៃ​ដែក​បន្ថែម​ទៀត ដើម្បី​សម្លាប់ កម្ទេច​ប្រជាធិបតេយ្យ​តែម្ដង ហើយ​និង​បន្ត​ការរំលោភ​សិទ្ធិមនុស្ស»។

អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បកស្រាយ​រឿង​នេះ​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ប៉ុន្តែ​លោក​មិន​ទទួល​ទូរស័ព្ទ​។ ទោះជា​យ៉ាងណា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អះអាង​ថា ច្បាប់​ទាំងឡាយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នោះ គឺ​អនុលោម​ទៅតាម​បែបបទ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​។ លោក​ថា ការ​សន្និដ្ឋាន​ទុកជាមុន​ទៅលើ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ថ្មី ជា​រឿង​មិន​ត្រឹមត្រូវ៖ «ការវាយតម្លៃ​បែបនេះ គឺជា​ការវាយតម្លៃ​បែប​អគតិ មិន​សម​ហេតុផល ហើយ​គ្មាន​លក្ខណៈ​ជា​វិទ្យាសាស្ត្រ​ទាល់តែសោះ​។ មែនទែន ការរៀបចំ​ច្បាប់​កន្លងមក​ហ្នឹង គឺ​ដើម្បី​ថែរក្សា​សណ្ដាប់ធ្នាប់​សង្គម អ៊ីចឹង​ជន​ណាក៏​ដោយ រួម​ទាំង​សកម្មជន​របស់​បក្ស​សង្គ្រោះជាតិ ឱ្យ​តែ​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់ ប៉ះពាល់​ទៅដល់​ផលប្រយោជន៍​សង្គម សណ្ដាប់ធ្នាប់​សាធារណៈ ត្រូវ​ទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់​ដូច​ៗ​គ្នា»។

ប្រវត្តិ​លោក កើត រិទ្ធ

លោក កើត រិទ្ធ កើត​នៅ​ឆ្នាំ​១៩៧៩ នៅ​ស្រុក​ព្រៃឈ ខេត្ត​កំពង់ចាម​។ លោក​ទទួល​បាន​សញ្ញាប័ត្រ​ផ្នែក​ច្បាប់​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ដែល​គេ​និយម​ហៅថា សាលា​រូល (RULE) នៅ​ក្នុង​ឆ្នាំ​១៩៩៩​។ ក្រោយ​មក លោក​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​បន្ត​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ​លីយ៉ុង (Lyon) ប្រទេស​បារាំង រហូតដល់​ឆ្នាំ​២០០២។ នៅ​ប្រទេស​បារាំង លោក​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នីតិឯកជន និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ច្បាប់ព្រហ្មទណ្ឌ និង​វិទ្យាសាស្ត្រ​នៃ​បទឧក្រិដ្ឋ។

លោក កើត រិទ្ធ បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​អំឡុង​ឆ្នាំ​២០០២ និង​បាន​ចាប់ផ្តើម​អាជីព​ជា​សាស្ត្រាចារ្យ​នៅ​សាលា​រូល (RULE) រហូតដល់​ឆ្នាំ​២០១៦​។ លោក​ធ្លាប់​បាន​បម្រើការ​នៅ​ក្រសួង​ចំនួន​៣ រួមមាន ក្រសួង​អប់រំ នៅ​ចន្លោះ​ពី​ឆ្នាំ​២០០៣ ដល់​២០០៥ មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ពី​ឆ្នាំ​២០០៥ ដល់​២០១២ និង​លេច​មុខ​ជា​មន្ត្រី​ជាន់ខ្ពស់​ក្រសួងយុត្តិធម៌​ចាប់ពី​ឆ្នាំ​២០០៧ រហូត​មក​ដល់​បច្ចុប្បន្ន។

លោក កើត រិទ្ធ ជាមួយ​មន្ត្រី​ច្បាប់​ផ្សេងទៀត​បាន​ចូលរួម​រៀបចំ​បង្កើត​ក្រមព្រហ្មទណ្ឌ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​បច្ចុប្បន្ន ដែល​អ្នកសង្កេតការណ៍​ថា ជា​ច្បាប់​មាន​ចរិត​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ បំភិតបំភ័យ​អ្នកសារព័ត៌មាន និង​គាបសង្កត់​សិទ្ធិ​របស់​ជន​ជាប់ឃុំ​។ ឧទាហរណ៍​៖ នីតិវិធី​ព្រហ្មទណ្ឌ​អន្តរ​កាលសម័យ​អ៊ុនតាក់ កំណត់​ថា ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​យ៉ាងយូរ​បំផុត​ត្រឹម​បួន​ខែ​ទៅ​ប្រាំ​មួយ​ខែ (៤-៦) ប៉ុន្តែ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ថ្មី ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​សម្រាប់​បទឧក្រិដ្ឋ​អាច​ឃុំ​បាន​រហូតដល់​១៨​ខែ​ឯណោះ។​មេធាវី​ជើងចាស់​ផ្នែក​សិទ្ធិមនុស្ស លោក សុក សំអឿន ឱ្យ​ដឹង​ថា ច្បាប់​ថ្មី​នេះ​អនុញ្ញាត​ឱ្យ​ចៅក្រម​ស៊ើបសួរ​អូស​បន្លាយ​ការ​ឃុំ​ខ្លួន​យូរ ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ​ទទួល​បានការ​កាត់​សេចក្តី​ឆាប់រហ័ស និង​ខាត​បង់លុយ​រដ្ឋ​ក្នុង​ការ​ចិញ្ចឹម​អ្នក​ជាប់ឃុំ៖ «ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នេះ រឹត​បន្តឹង​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ច្រើន ឱ្យ​អំណាច​ទៅ​រដ្ឋ​ច្រើន​។ ទីមួយ ពាក់ព័ន្ធ​នឹង​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​ហ្នឹងឯង ដោយសារ​បទឧក្រិដ្ឋ​ពន្លាត​ដល់​១៨ ខែ​។ បើ​យូរ​អ៊ីចឹង​ទៅ វា​ប៉ះពាល់​សិទ្ធិ​សេរីភាព​ប្រជា​ពលរដ្ឋ។ ទី​ពីរ បើ​មានការ​ឃុំខ្លួន​យូរ ក្រ​កាត់​ក្តី​អ៊ីចឹង វា​ខាតបង់​ថវិកា​រដ្ឋ​។ បើ​មានការ​កាត់​ក្តី​រហ័ស​ទៅ អាច​នឹង​សម្រេច​បាន​ថា អ្នក​អត់​ទោស​រួចខ្លួន​ទៅ រីឯ​អ្នក​មានទោស​ត្រូវ​ទទួល​ទោស​អ៊ីចឹង​ទៅ អាហ្នឹង​ក៏​វា​អត់​សូវ​ខាត​ថវិកា​រដ្ឋ​ដែរ»។

ទំនុក​ចិត្ត​ពី​គណបក្ស​ប្រជាជន​កម្ពុជា

សមាជិក​គណៈអចិន្ត្រៃយ៍ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោក កើត រិទ្ធ ជាម​ន្ត្រី​មាន​សមត្ថភាព​លេចធ្លោ​ផ្នែក​ច្បាប់ និង​ទទួល​បាន​ទំនុក​ចិត្ត​ពី​សំណាក់​ថ្នាក់ដឹកនាំ​ទាំង​នៅ​ក្នុង​ជួរ​បក្ស ទាំង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​។ លោក​បញ្ជាក់​ថា ប្រសិនបើ​លោក កើត រិទ្ធ បំពេញការងារ​បាន​ល្អ​ដូច​ការ​រំពឹង​ទុក នោះ​គាត់​អាច​នឹង​ឡើង​ដល់​តួនាទី​ជា​សមាជិក​គណៈអចិន្ត្រៃយ៍​ដែល​ជា​សមាសភាព​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​បក្ស​កាន់អំណាច៖ «ឯកឧត្ដម កើត រិទ្ធ ខ្ញុំ​ធ្លាប់​ធ្វើការ​ជាមួយ​គាត់​ញឹកញាប់​ហើយ ដូច​នៅ​ក្នុង​ការប្រជុំ​តូច ប្រជុំ​ធំ​អ្វី គឺ​គាត់​មាន​សមត្ថភាព​ក្នុង​ការងារ​ផ្លូវច្បាប់​ហ្នឹងឯង​។ អ៊ីចឹង​ទេ គឺថា​វា​ស្រប​ទៅ​តាម​ជំនាញ​របស់​គាត់ បទពិសោធន៍​របស់​គាត់ ហើយ​ជា​មន្ត្រី​ដែល​លេចធ្លោ​នៅ​ក្នុង​ផ្នែក​ច្បាប់​ហ្នឹងឯង បានជា​ទទួល​បានការ​តែងតាំង និង​ចាប់អារម្មណ៍​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។ (AFP)

លោក សុខ ឥសាន បញ្ជាក់​ថា លោក កើត រិទ្ធ ពិតជា​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការរៀបចំ និង​កែសម្រួល​ច្បាប់​ជាច្រើន មាន​ជាអាទិ៍ ក្រមព្រហ្មទណ្ឌ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ច្បាប់​៣​ទាក់ទង​នឹង​ការគ្រប់គ្រង​តុលាការ ច្បាប់​ធម្មនុញ្ញ​បន្ថែម និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ជាដើម​។ លោក​អះអាង​ថា ស្នាដៃ​ទាំងនេះ គឺជា​ការចូលរួម​លើកស្ទួយ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ហើយ​លោក​ចាត់​ទុក​មតិ​រិះគន់​ថា គ្រាន់តែ​ជា​សេរីភាព​នៃ​ការ​បញ្ចេញមតិ៖ «ជា​សិទ្ធិ​សេរីភាព​នៃ​ការ​យល់ឃើញ​ទេ ក៏ប៉ុន្តែ​ចំពោះ​ប្រជាជន​កម្ពុជា ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ការ​រំពឹង​ទុក។ ការ​ធ្វើ​កំណែ​ទម្រង់ មិនមែន​ធ្វើ​តម្រូវ​ចិត្ត​អ្នកណា ជាពិសេស​តម្រូវ​ចិត្ត​ពួក​ឧទ្ទាម​ក្រៅច្បាប់​ទេ។ គេ​ធ្វើ​តម្រូវ​ចិត្ត​តាម​សភាពការណ៍ តាម​ការ​ជាក់ស្ដែង ជា​សំណូមពរ​របស់​ប្រជាជន​ដែល​ចង់បាន»។

តុលាការ​នៅតែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក ហ៊ុន សែន

រដ្ឋសភា​ឯក​បក្ស​បាន​បោះឆ្នោត​ផ្ដល់​សេចក្តី​ទុកចិត្ត​ដល់​លោក កើត រិទ្ធ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មីនា ហើយ​នៅ​ថ្ងៃ​ដដែល​នោះ ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​លោក​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។ ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​០១ មេសា លោក កើត រិទ្ធ បាន​សន្យា​ជា​ឱឡារិក​ថា លោក​នឹង​ប្រឹងប្រែង​លើកកម្ពស់​គុណភាព​យុត្តិធម៌​នៅ​កម្ពុជា៖ «ខ្ញុំ​សូម​ធ្វើការ​ប្តេជ្ញាចិត្ត ពង្រឹង​ប្រព័ន្ធ​អភិបាលកិច្ច​ល្អ ដើម្បី​ធ្វើជា​ស្នូល​ក្នុង​ការដឹកនាំ​វិស័យ​យុត្តិធម៌ ក៏ដូចជា​ធានា​សាមគ្គីភាព​ផ្ទៃក្នុង ក្នុង​ជួរ​ថ្នាក់ដឹកនាំ​នៃ​វិស័យ​នេះ ដើម្បី​ឱ្យ​មានការ​ចូលរួម​អនុវត្ត​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​បុព្វហេតុ​នៃ​ការងារ​កំណែទម្រង់​។ ពង្រឹង​សុចរិត​ភាព និង​ភាព​ត្រឹមត្រូវ​នៃ​ការអនុវត្ត​ការងារ​របស់​មន្ត្រី​តុលាការ​តាមរយៈ​ការ​ពង្រឹង​វិន័យ និង​សីលធម៌​វិជ្ជាជីវៈ​ក្នុង​វិស័យ​នេះ​សំដៅ​លើកកម្ពស់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​នៃ​អង្គ​តុលាការ​បន្ថែម​ទៀត»។

ទោះជា​យ៉ាងណា នាយករង​ទទួលបន្ទុក​តំបន់​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃវ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មាន​ប្រសាសន៍​ថា តាម​ពិត​វា​មិន​សំខាន់​ថា តើន​រណា​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ប៉ុន្មាន​នោះ​ទេ ពីព្រោះ​ប្រព័ន្ធ​តុលាការ​នៅ​ស្រុក​ខ្មែរ​ស្ថិត​ក្រោម​ការគ្រប់គ្រង​ផ្ដាច់មុខ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​កាន់អំណាច​ទៅ​ហើយ​។​

លោក ហ្វីល រ៉ូបឺតសុន បន្ត​ថា ការ​លើក​លោក កើត រិ​ទ្ធ ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ប្រៀប​បាន​នឹង​ការ​ចាក់​ស្រា​ចាស់​ចូល​ទៅ​ក្នុង​ដប​ថ្មី យ៉ាង​ដូច្នេះ​ដែរ​។ លោក​ពន្យល់​ថា ដូចគ្នា​នឹង​លោក អង្គ វង្សវឌ្ឍានា ដែរ លោក កើត រិទ្ធ គឺជា​មនុស្ស​ប្ដូរផ្ដាច់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នឹង​ធ្វើ​ការសម្រេចចិត្ត​ផ្នែក​ច្បាប់​គ្រប់​បែប​យ៉ាង​តាមតែ​ការ​ចង់​បាន​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​។ មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ​ថ្លែង​ទៀត​ថា រឿង​ពិត​នោះ​គឺថា លោក កើត រិទ្ធ បាន​ជួយ​តាក់តែង​ច្បាប់​គន្លឹះ​ជាច្រើន​ដែល​រំលោភ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ​របស់​បក្ស​ប្រឆាំង ហើយ​ច្បាប់​ទាំងនោះ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើម្បី​បម្រើ​ផលប្រយោជន៍​មេ​បក្ស​កាន់​អំណាច។

ស្នាដៃ​ថ្មី​ចុងក្រោយ

ស្រប​ពេល​នៃ​ការ​ឡើង​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នេះ លោក កើត រិ​ទ្ធ បាន​ផ្តល់​កា​ដូ​ដ៏​ធំ​មួយទៀត​ជូន​លោក ហ៊ុន សែន​។ នោះ​គឺ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន​។ រដ្ឋាភិបាល​អះអាង​ថា នេះ​ជា​ច្បាប់​ចាំបាច់​ដើម្បី​គ្រប់គ្រង​ប្រទេស​ក្នុង​ស្ថានភាព​ប្រឈម​គ្រោះថ្នាក់ ហើយ​រដ្ឋាភិបាល​អះអាង​ថា នឹង​យក​ច្បាប់​នេះ​មក​ប្រើ​នៅ​ក្នុង​វិបត្តិ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩។

ទោះជា​យ៉ាងណា សេចក្តី​ព្រាងច្បាប់​នោះ បង្ហាញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន នឹង​ទទួល​បាន​នូវ​អំណាច​ដ៏​ច្រើន​លើសលប់ គ្មាន​ដែន​កំណត់ និង​គ្មាន​ការ​ត្រួត​ពិនិត្យ តាមរយៈ​ច្បាប់​នេះ​។ ច្បាប់​នេះ​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​អាច​ដកហូត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ដូចជា ការ​ដើរ​ហើរ ការ​ជួបប្រជុំ និង​ការ​ប្រមូលផ្តុំ ជាដើម​។ រដ្ឋាភិបាល​មាន​សិទ្ធិ​ត្រួតពិនិត្យ និង​តាមដាន​គ្មាន​ដែន​កំណត់​ចំពោះ​មធ្យោបាយ​ទំនាក់ទំនង​ទូរគមនាគមន៍​ទាំងអស់ រហូតដល់​អាច​ប្រើ​កងកម្លាំងប្រដាប់អាវុធ ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​ដែល​ខ្លួន​ចាត់ទុកថា ជា​គ្រោះអាសន្ន។

ទោះជា​យ៉ាងណា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃវ៉ច្ឆ (Human Rights Watch) វាយតម្លៃ​ថា ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ ធ្វើឡើង​ក្នុង​បំណង​ជួយ​លោក ហ៊ុន សែន ឱ្យ​គ្រប់គ្រង​ប្រទេស​តាម​បែប​ផ្ដាច់ការ​យូរអង្វែង​តទៅ​ទៀត។

សេណារីយ៉ូ​នយោបាយ

ក្រោយ​លោក ហ៊ុន សែន បើក​យុទ្ធនាការ​បង្ក្រាប​សំឡេង​ប្រឆាំង និង​រម្លាយ​គណបក្ស​សង្រ្គោះជាតិ នៅ​ក្នុង​ឆ្នាំ​២០១៧ សមាជិកសភា​សហរដ្ឋ​អាមេរិក​ជាច្រើន​នាក់​បាន​បង្ខំចិត្ត​រៀបចំ​ច្បាប់​ថ្មី​មួយ​ឈ្មោះ H.R ៥២៦ ដើម្បី​ដាក់ទណ្ឌកម្ម​ក្បាលម៉ាស៊ីន​ដឹកនាំ​របប​ក្រុងភ្នំពេញ​។ បុគ្គល​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​ខ្មៅ​ដែល​ត្រូវ​ដាក់​ទណ្ឌកម្ម​នោះ មាន​ចំនួន​១៧ រូប ក្នុង​នោះ ក៏​មាន​លោក កើត រិទ្ធ ម្នាក់​ផង​ដែរ។

កាលនោះ លោក កើត រិ​ទ្ធ មាន​តួនាទី​ជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​។ ក្នុង​នាម​ជា​រដ្ឋលេខាធិការ លោក​បាន​ជាប់​ឈ្មោះថា ជា​អ្នកចូលរួម​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ គឺ​លោក អង្គ វង្សវឌ្ឍានា មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​នេះ​ទេ។

អ្នកឃ្លាំមើល​សង្គម​ដែល​កំពុង​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​ហ្វាំងឡង់ (Finland) លោក គឹម សុខ ថ្លែង​ថា ការ​ឡើង​តំណែង​យ៉ាង​ឆាប់រហ័ស​របស់​លោក កើត រិទ្ធ គឺ​ដោយសារ​គាត់​ជា​មនុស្ស​ហ៊ាន​បំប្លែង​ច្បាប់​ពី​ស​ទៅ​ខ្មៅ ពី​ច្បាប់​ដែល​មាន​ចរិត​បម្រើ​ប្រយោជន៍​សាធារណៈ​ទៅជា​ច្បាប់​ដែល​បម្រើ​ប្រយោជន៍​ផ្ដាច់មុខ​របស់​ថ្នាក់​ដឹកនាំ​របប​ក្រុងភ្នំពេញ។

លោក គឹម សុខ ជឿ​ថា ក្នុង​តួនាទី​ដ៏​មានអំណាច​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នេះ លោក កើត រិទ្ធ នឹង​កាន់តែ​ក្លាហាន​ក្នុង​ការ​កាឡៃ​ច្បាប់​ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​លោក ហ៊ុន សែន ដែល​បាន​លើក​តម្កើង​គាត់៖ «តើ​យើង​រំពឹង​មនុស្ស​ម្នាក់​ទៅ​ឱ្យ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​ជាទី​សង្ឃឹម​សម្រាប់​ប្រទេសជាតិ​យ៉ាង​ដូចម្តេច បើ​អ្នក​ហ្នឹង​ជា​អ្នក​រៀបចំ​ច្បាប់​នានា ដើម្បី​សម្លាប់​ប្រជាធិបតេយ្យ និង​ការ​បញ្ចេញមតិ​នៅ​ប្រទេស​កម្ពុជា​ ? សង្ឃឹមលើ​មនុស្ស​បែប​ហ្នឹង តើ​ជា​សេចក្ដី​សង្ឃឹម​របៀប​ណា​ ? ខ្ញុំ​គិត​ថា វា​ជា​សេចក្តី​សង្ឃឹម​បែប​យល់​សប្តិ​ទៅវិញ​ទេ​។ កម្ពុជា​ពី​ពេលនេះ​ទៅ ខ្ញុំ​យល់​ថា ច្បាប់​នឹង​កាន់តែ​តឹងតែង បិទ​សិទ្ធិ​សេរីភាព​អ្នក​ប្រកួតប្រជែង បិទ​សំឡេង​អ្នកប្រឆាំង និង​សង្គម​ស៊ីវិល​កាន់តែ​ធ្ងន់ធ្ងរ ជាពិសេស​ប្រជាពលរដ្ឋ»។

ក្រៅពី​ការ​ប្រើ​ច្បាប់​ដើម្បី​បង្ក្រាប​សំឡេង​រិះគន់ និង​សំឡេង​ឯករាជ្យ​ហើយ លោក គឹម សុខ ព្យាករ​ថា លោក កើត រិទ្ធ ក៏​ជា​មនុស្ស​សំខាន់​ក្នុង​ការរៀបចំ​យុទ្ធសាស្ត្រ​ច្បាប់ ដើម្បី​បើកផ្លូវ​ឱ្យ​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​អំណាច​បន្ត​ពី​លោក ហ៊ុន សែន នៅ​ក្នុងពេល​ខាងមុខនេះ​ផង​ដែរ​។​

​ទោះជា​យ៉ាងណា​ក៏​ដោយ​ចុះ ពេលវេលា​នឹង​បង្ហាញ​ថា តើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ដែល​កំពុង​ទន់ខ្សោយ និង​រង​ឥទ្ធិពល​នយោបាយ អាច​នឹង​ល្អ​ប្រសើរ​ឡើង​តាម​ការ​ប្តេជ្ញា​របស់​រដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌​ថ្មី លោក កើត រិទ្ធ ដែរ ឬក៏​យ៉ាងណា?៖ «​ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ដែល​ត្រូវ​ចូលកាន់​តំណែង​នៅ​ពេល​នេះ ខ្ញុំ​សូម​ធ្វើការ​ប្តេជ្ញា​ចិត្ត​ដូចតទៅ ស្មោះត្រង់​ជានិច្ច​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ លើកកម្ពស់​គុណភាព​ការ​ផ្តល់​សេវា​យុត្តិធម៌​ឱ្យ​បាន​ត្រឹមត្រូវ ពង្រឹង​ប្រព័ន្ធ​អភិបាលកិច្ច​ល្អ​ដើម្បី​ធ្វើជា​ស្នូល​ក្នុង​ការដឹកនាំ​វិស័យ​យុត្តិធម៌ ពង្រឹង​សុចរិត​ភាព និង​ភាព​ត្រឹមត្រូវ​នៃ​ការអនុវត្ត​ការងារ​របស់​មន្ត្រី​តុលាការ តាមរយៈ​ការ​ពង្រឹង​វិន័យ និង​សីលធម៌​វិជ្ជាជីវៈ​ក្នុង​វិស័យ​នេះ សំដៅ​លើកកម្ពស់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​នៃ​អង្គ​តុលាការ​បន្ថែម​ទៀត»៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។