សង្គម​​ស៊ីវិល​និង​​អ្នក​ច្បាប់​ ​​ជំរុញ​​ស្ថាប័ន​​មាន​​សមត្ថកិច្ច​​ស៊ើប​អង្កេត​​ករ​ណី​​​​ចៅក្រម​បង្ខំ​​ឧកញ៉ា និង​​ជា​​​​នគរបា​ល​ផ្កាយ​ ៣ ​ម្នាក់ ​ឲ្យ​សូកប៉ាន់​​​​​​​​​​

0:00 / 0:00

សង្គម​ស៊ីវិល​ និង​អ្នក​ច្បាប់ ​ជំរុញ​ឲ្យ​​​ស្ថាប័ន​មាន​សមត្ថកិច្ច​បើក​ការ​​ស៊ើប​អង្កេត​​​​​ឲ្យ​​​​បាន​លឿន ​ករណី​​ចៅក្រម​​​​​​​​​ បង្ខំ​​​​​​​​​​ឧកញ៉ា និង​ជា​នគរបាល​ផ្កាយ​៣​ម្នាក់​ គឺ​លោក ឌួង​ ងៀប ឲ្យ​សូកប៉ាន់រហូត​ដល់​គាត់​អស់​លុយ​​​ពី​ខ្លួន​។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​ដែល​​​លោក​ឧកញ៉ា ឌួង ងៀប បាន​លាត​ត្រដាង​​ពី​ការ​ប្រព្រឹត្តអំពើ​ពុក​រលួយ​​របស់​​ចៅក្រម​នៃ​​សា​លា​​ដំបូង​រាជធានី​ភ្នំពេញ​។​​​​

សង្គម​ស៊ីវិលនិង​អ្នក​ច្បាប់ ព្រួយ​បារម្ភ​ថា ការ​មិន​ព្រម​​ស៊ើប​អង្កេត ឬ​​ការ​​​មិន​លាត​ត្រដាង​ការ​ពិត​នៃ​សំណុំ​រឿង​នេះ ​អាច​នឹង​ជះ​​ឥទ្ធិពល​​មិន​ល្អ​​បន្ថែម​ទៀត​សម្រា​ប់​​ប្រព័ន្ធ​តុលាការ​ ខណៈ​ដែល​​វិស័យ​យុត្តិធម៌​នៅ​​កម្ពុជា ​កំពុង​​​​​រង​ការ​រិះគន់​ស្រាប់​។

នាយិកា​​នៃ​អង្គការ​គណៈកម្មាធិការ​ប្រឆាំង​អំពើ​ពុក​រលួយអ្នកស្រី ម៉ម ស៊ីថា យល់​ថា​​ អង្គ​ភាព​​​ប្រឆាំង​អំពើ​ពុក​​រលួយ និង​​ក្រសួង​​យុត្តិធម៌ គួរ​តែ​ចេញ​ចំណាត់​ការ​ និង​ប្រកាស​បើក​ការ​ស៊ើប​អង្កេត​​​ចំពោះ​ចៅក្រម​ដែល​រង​ការ​ចោទ​ប្រកាន់​​ ​ដើម្បី​ការពារ​មុខ​មាត់ និង​​​ភាព​​ត្រឹមត្រូវ​របស់​ប្រព័ន្ធ​យុត្តិធម៌៖ «( តុលាការ ) បាត់​បង់​ឯករាជ្យ វា​ដូច​​ថា ​អត់​លុះ​ក្នុង​​អគិត​ទាំង​៤ ​របស់​តុលាការ។ បើ​មើល​ទៅ​គាត់ ( ឌួង ងៀប ) ថា អត់​មាន​ដូច​ថា ដើម្បី​ឲ្យ​យុត្តិធម៌​ទេ​ណា​។ គឺ​ដើម្បី​តែ​លុយ​តែ​ម្ដង ហើយ​ដល់​ពេល​គាត់​អស់​លុយ​ គេ​ (​ តុលាការ )​ ច្រាន​ចោល»។

​លោក ឌួង ងៀប កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ បាន​ទៅ​​​​ឈរ​នៅ​មុខ​ក្លោង​ទ្វារ​ពន្ធនាគារ​ព្រៃ​ស ​​រួច​បង្ហោះ​វីដេអូ​មួយ​​ក្នុង​ហ្វេសប៊ុក ​(facebook​​​​​​)​​ ដោយ​បញ្ជាក់​ថា លោក​ត្រៀម​​ដើរ​​ចូល​ពន្ធនាគារ ក្រោយ​ពេល​ចៅក្រម​នៃ​​​​សាលា​រាជធានី​ភ្នំពេញ​​​​ចំនួន​២​នាក់ ស្រាក់​ដៃ​​គ្នា​ជា​ប្រព័ន្ធ​​​គាប​សង្កត់​យក​លុយ​​​​​ពី​លោក​អស់​ពី​ខ្លួន​​រលីង​ ​​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ឆបោក​​លុយ​ក្នុង​សំណុំ​រឿង​​កិច្ច​ព្រមព្រៀម​​ពាណិជ្ជកម្ម​ ក្នុង​ទំហំ​ទឹក​ប្រាក់​​ច្រើន​លាន​ដុល្លារ​​ ជាមួយ​ជនជាតិ​​តៃវ៉ាន់​។

លោក ឌួង ងៀប​ ​​អះអាង​ថា ចៅ​ក្រម​​​​បាន​ធ្វើ​ឲ្យ​សំណុំរឿង​របស់​លោក​ប្រែ​ពី​ស​ទៅ​​ជា​ខ្មៅ ពោល​គឺ​ពួកគេ​មាន​ចេតនា​ជំរិត​យក​លុយ​ពី​លោក​​​ដោយ​ឥត​ឈប់​ឈរ។ ក្នុង​វីដេអូ​ដដែល​នោះ​ លោក ឌួង ងៀប មិន​បាន​បង្ហាញ​ថា ​លោក​ត្រូវ​​ប្រគល់​លុយ​ចំនួន​ប៉ុន្មាន និង​​ត្រូវ​ប្រើ​​វិធី​ណា ​ដើម្បី​​ប្រគល់​លុយ​​​​​ទៅ​ឲ្យ​ចៅក្រម​​ណា​ខ្លះ​ទេ។ ប៉ុន្តែ​ លោក ឌួង ងៀប ​​អះអាង​​ថា ក្រោយ​រង​ការ​ជំរិត​ទារ​ប្រាក់​នេះ​ លោក​ធ្លាប់​​​ទៅ​សុំ​ជំនួយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​​​​ដើម្បី​​​ឲ្យ​ជួយ ​​ដូចជា​ រដ្ឋមន្ត្រី​ប្រតិភូ​​អម​នាយក​រដ្ឋ​មន្ត្រីលោក ស្រ៊ី ថាម​រ៉ុង ហើយ​មន្ត្រី​រូប​នេះ​​បាន​ជួយ​យក​លិខិត​របស់​លោក​ប្រគល់​ឲ្យ​​ប្រធាន​ខុទ្ទកាល័យ​លោក ហ៊ុន សែន គឺ​លោក ហូ សិទ្ធី។​ បន្ទាប់​មក​លោក ហូ​ សិទ្ធី បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​​ទៅ​ក្រសួង​យុត្តិធម៌​។

លោក ឌួង ងៀប បន្ត​​​ថា លោក​ក៏​បាន​ជួប​ប្រធាន​ព្រឹទ្ធសភាលោក សាយ ឈុំ ​តែ​មន្ត្រី​រូប​នេះ ណែនាំ​​​លោក​ឱ្យ​ប្ដឹង​ទៅ​ក្រសួង​មហា​ផ្ទៃ​ដោយ​ផ្ទាល់​។ ប្រភព​ដដែល​បន្ត​​ទៀត​ថា ​នៅ​ក្រសួង​មហាផ្ទៃ ​​​​រដ្ឋលេខាធិការ​ និង​ជា​​អ្នក​​នាំ​ពាក្យ​ គឺ​លោក ខៀវ សុភ័គ ​​​បាន​​ស្នើ​ឱ្យ​​អនុ​រដ្ឋ​លេខាធិការ និង​ជា​​អតីត​ប្រធាន​​គណៈមេធាវី​លោក ប៊ុន ហ៊ុន ជួយ​ទាក់​ទង​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​។

នគរបាល​ផ្កាយ​៣​រូប​នេះបន្ត​ថា ​នៅ​ពេល​ចូល​ដល់​ក្នុង​នីតិវិធី​​តុលាការ​ ចៅក្រម​​ទី​មួយ​​​បាន​គាប​សង្កត់​យក​លុយ​​លោក​អស់​ជា​ច្រើន។បន្ទាប់​មក​លោក​បាន​ប្ដឹង​សុំ​ប្ដូរ​ចៅក្រម​​​ថ្មី​​​។ ប៉ុន្តែ​ចៅក្រម​​ទាំង​២ បែរ​ជា​រួម​គ្នា​​​ជាមួយ​ចៅក្រម​ទី​១ ​ចង់​ចាប់​លោក​ដាក់​ពន្ធនាគារ​​ ក្រោយ​ពេល​លោក​អស់​លុយ​ពី​ខ្លួន​។

ជុំវិញ​ករណី​នេះ វិទ្យុ​អាស៊ី​សេរី ​មិន​អាច​សុំ​ការ​បញ្ជាក់​​​ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក​ ឱម យ៉ិនទៀង និង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ទេនៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ។ តែ​យ៉ាង​ណាលោក ជិន ម៉ាលីន ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​( www.vodkhmer.news)​ ថា​ក្រសួង​យុត្តិធម៌​​បាន​ទទួល​​ពាក្យ​ប្ដឹង​​ពី​​លោក ឌួង ងៀប ហើយ និង​​កំពុង​ពិនិត្យ​មើល​​តាម​នីតិវិធី។

វិទ្យុ​អាស៊ី​សេរីមិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក​ ឌួង ងៀប បាន​ទេ នៅ​ថ្ងៃ​ដដែល​។ តែ​ក្រោយ​ពេល​លោក ឌួង ងៀប លាត​ត្រដាង​ករណី​នេះ​​ អ្នក​នាំ​ពាក្យ​សា​លា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែកុម្ភៈ បាន​ប្រកាស​ចំណាត់​ការ​បន្ត​នីតិវិធី​សំណុំ​រឿង លោក ឌួង ងៀប ​និង​បាន​ចេញ​​សេចក្ដីប្រកាស​ព័ត៌មាន​ចោទ​ថា ​មន្ត្រី​នគរបាល​ផ្កាយ​៣ ថា មាន​ចេតនា​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ​ផ្លូវ​ច្បាប់។

ប្រភេពដដែល​បន្ត​ថា​ សំណុំ​រឿង​ លោក ឌួង ងៀប ពាក់ព័ន្ធ​នឹង​ករណី​លក់​ដី​មួយ​កន្លែង​​ ក្នុង​តម្លៃ​ជាង​​ប្រាំពីរ​លាន​ (៧.៣០៥.០០០​) ដុល្លារ​។ សំណុំ​រឿង​នេះ ចៅក្រម​ស៊ើប​សួរ​​បាន​​តម្រូ​​វ​ឱ្យ​លោក ឌួង ងៀប ដាក់​​​​​តម្កល់​​​​ប្រាក់​ធានា​​​​​ខ្លួន​ ចំនួន​​​ប្រាំ​លាន​បី​សែន​ប្រាំ​ពាន់​​ (៥.៣០៥.០០០​) ដុល្លារ ​​ដើម្បី​រួច​​ផុត​ពី​កាតព្វកិច្ច​​នៅ​ក្នុង​ឃុំ​បណ្ដោះអាសន្ន​។

ពាក់ព័ន្ធ​ករណី​នេះ​ មេធាវី​នៃ​ការិយាល័យ​ក្រុម​អ្នក​ច្បាប់ និង​ទីប្រឹក្សា​អមរិន្ទលោក​ សុក សំអឿន បញ្ជាក់​ថា បើ​ទោះ​គ្មាន​បណ្ដឹង​ក៏​ដោយ តែ​​ជា​កាតព្វកិច្ច​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​តែ​បើក​ការ​ស៊ើប​អង្កេត​រក​ភាព​មិន​ប្រក្រតី។ ចំណែក​​សំណុំ​រឿង​ឯកជន​របស់​លោក ឌួង ងៀប​ គឺ​ខាង​តុលាការ​​​អាច​បន្ត​​ដំណើរ​ការ​រឿង​ក្ដី​ជា​ធម្មតា៖ «បើ​អត់​ស៊ើប​អង្កេត មាន​មូល​ហេតុ​អ្វី​ ? បើ​អត់​មូលហេតុ​ មាន​ន័យ​ថា ACU ធ្វើការ​អត់​ត្រឹមត្រូវ»។

​របាយការណ៍​​របស់​​អង្គការ​គម្រោង​យុត្តិធម៌​​ពិភពលោក (World Justice Project) ចេញ​ផ្សាយ​កាល​ពី​ខែ​តុលា ឆ្នាំ​២០២១ បាន​វាយតម្លៃ​ថា វិស័យ​យុត្តិធម៌​​របស់​​កម្ពុជា​មាន​​​ភាព​អាក្រក់​​ ​​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​​បាត​តារាង​​លេខ​រៀង​ទី​១៣៨ ​ក្នុង​ចំណោម​ប្រ​ទេស​​១៣៩​ប្រទេស។ ចំណែក​​​​​​អង្គការ​តម្លាភាព​អន្តរជាតិ (Transparacy International) កាល​​ពី​ខែ​មករា ក៏​បាន​ចេញ​ផ្សាយ​របាយការណ៍​​​រក​ឃើញ​ថា ​​ពេញ​មួយ​​ឆ្នាំ​២០២១ កម្ពុជា​​​​​​មាន​អំពើ​ពុក​រលួយ​ខ្លាំង​ជាង​គេ​​​​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ គឺ​ពុក​រលួយ​ជាង​​​របប​​កុំម្មុយនីស្ត៍​វៀតណាម ​និង​​របប​សឹក​​នៅ​ភូមា ទៅ​ទៀត​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។