ពលរដ្ឋ​ជាង​១ពាន់​នាក់​ហើយ​​ចូលរួម​ផ្ដល់​ស្នាម​មេដៃ​ក្នុង​យុទ្ធនាការ​បញ្ចប់​និទ្ទណ្ឌភាព ដើម្បី​យុត្តិធម៌​នៅ​កម្ពុជា

ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ប្រមាណ​ជាង ១.០០០​នាក់​ហើយ បាន​ចូលរួម​ស្ម័គ្រចិត្ត​ផ្ដល់​ស្នាម​មេដៃ​ក្នុង​យុទ្ធនាការ​បញ្ចប់​និទ្ទណ្ឌភាព ដើម្បី​យុត្តិធម៌​នៅ​កម្ពុជា តាមរយៈ​ការ​ធ្វើ​ការស្ទង់មតិ​នៅ​លើ​វេប​សាយ​មួយ​ឈ្មោះ Change.Org ដែល​មាន​ចំណងជើង​ថា យើង​រួមគ្នា​បញ្ចប់​និទ្ទណ្ឌភាព ដើម្បី​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​នៃ​ឃាតកម្ម​នៅ​កម្ពុជា (Together We Fight to End Impunity: Justice for Victims of Cambodian State-Backed Killing) ក្នុង​ការ​ចុះឈ្មោះ​ផ្ដល់​ស្នាម​មេដៃ និង​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ផ្សេងទៀត​ចូលរួម​ឱ្យ​បាន​ច្រើន​ក្នុង​យុទ្ធនាការ​នេះ​។ ពួកគេ​គាំទ្រ​ឱ្យ​មានការ​ចូលរួម​ស៊ើបអង្កេត​ឡើង​វិញ ពី​ខាង​តុលាការអន្តរជាតិ លើ​ករណី​ឃាតកម្ម ដែល​មិន​អាច​ស្វែងរក​ឃាតក​ពិត​ទៅ​ផ្ដន្ទាទោស​បាន​នៅឡើយ។

ប្រជាពលរដ្ឋ​មួយ​រូប​ដែល​ជា​អ្នក​បើកឡាន​ឈ្មួល​នៅ​ខេត្ត​សៀមរាប លោក អួន វណ្ណៈ បាន​ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​១៦ កក្កដា​ថា លោក​បាន​ចូលរួម​ផ្ដល់​ស្នាម​មេដៃ​នៅ​ក្នុង​យុទ្ធនាការ​នេះ​រួចហើយ​។ លោក​រីករាយ និង​គាំទ្រ​ចំពោះ​យុទ្ធនាការ​នេះ ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ដែល​ត្រូវ​បាន​គេ​បាញ់សម្លាប់ ហើយ​មិន​អាច​ស្វែងរក​ឃាតក​ពិត​បាន ដូចជា​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី លោក ឈុត វុទ្ធី លោក ជា វិជ្ជា និង​ព្រះតេជព្រះគុណ សំ ប៊ុនធឿន ជាដើម៖ «ខ្ញុំ​មាន​អារម្មណ៍​ថា សប្បាយចិត្ត ហើយ​ចុះ​ស្នាម​មេដៃ​រួចហើយ​តាម​អនឡាញ។ ខ្ញុំ​សំណូមពរ​ទៅ​ប្រជាពលរដ្ឋ​ដទៃ​ទៀត ជួយ​ផ្តល់​ស្នាម​មេដៃ​ឱ្យ​បាន ៥០០ . ០០០​នាក់ ដើម្បី​យក​ស្នាម​មេដៃ​ហ្នឹង យក​ទៅ​ដាក់​ឱ្យ​តុលាការអន្តរជាតិ អាយ​ .​ ស៊ី​ .​ ស៊ី (ICC) ជួយ​ដល់​ប្រទេស​កម្ពុជា​យើង ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព​នៅ​ប្រទេស​កម្ពុជា»។

ប្រជាពលរដ្ឋ​មួយ​រូប​ទៀត​ដែល​ជា​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ លោក ម៉ាត់ វណ្ណនី បាន​បញ្ជាក់​ថា លោក​បាន​ចូលរួម​ចុះហត្ថលេខា និង​ផ្ដល់​ជា​ស្នាម​មេដៃ​នៅ​ក្នុង​យុទ្ធនាការ​នេះ​រួចហើយ ហើយ​លោក​ក៏បាន​ចែករំលែក​ព័ត៌មាន​ទាំងនេះ ទៅកាន់​មិត្តភ័ក្ដិ និង​ពលករ​ខ្មែរ​ផ្សេងទៀត ដើម្បី​ឱ្យ​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ ព្រោះ​លោក​យល់ថា នេះ​ជា​រឿង​ជាតិ​ដែល​កូន​ខ្មែរ​គ្រប់រូប​ត្រូវ​យល់ដឹង និង​ចូលរួម ហើយ​ជា​ការ​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ដែល​បាន​បាត់​បង់ជីវិត​យ៉ាង​អយុត្តិធម៌​។ លោក​ជឿជាក់​ថា នឹង​មាន​ប្រជាពលរដ្ឋ​ជាច្រើន​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ ដោយសារ​ការ​ចុះ​ឈ្មោះ គឺ​មាន​ភាព​ងាយស្រួល និង​មិន​បង្ហាញ​អត្តសញ្ញាណ​នោះ​ទេ៖ «យុត្តិធម៌​នេះ គឺ​មិន​សម្រាប់​នរណា​ម្នាក់​ទេ គឺ​យុត្តិធម៌​សម្រាប់​អ្នក​ទាំងអស់​គ្នា​។ បើ​មាន​យុត្តិធម៌ គឺ​យើង​អាច​រស់នៅ​ដោយ​ប្រកបដោយ​សន្តិភាព​ផ្លូវចិត្ត ប៉ុន្តែ​បើ​អត់​មាន​យុត្តិធម៌​ទេ គឺ​សន្តិភាព​ផ្លូវចិត្ត​យើង វា​មិន​អាច​រស់នៅ​ដោយ​សុខដុមរមនា​បាន​ទេ ព្រោះ​យើង​រស់នៅ​ក្នុង​ការ​គុំគួន​គ្នា​ទៅវិញទៅមក អ៊ីចឹង​ប្រទេស​មួយ​មិន​អាច​មាន​សន្តិភាព​បាន​ទេ​។ យើង​អស់​ជំនឿ​នៅ​តុលាការ​នៃ​កម្ពុជា​ហ្នឹងហើយ បាន​យើង​ធ្វើ​យុទ្ធនាការ​នេះ​។ អ៊ីចឹង​មានតែ​សំណូមពរ​ទៅ​ពលរដ្ឋ​វិញ​ទេ​ថា ឱ្យ​យើង​ចូលរួម​ទាំងអស់​គ្នា​ក្នុង​យុទ្ធនាការ​ហ្នឹង ដើម្បី​ប្រសិទ្ធភាព​ឆាប់ៗ ហើយ​ដើម្បី​បង្ហាញ​ទៅកាន់​អន្តរជាតិ ក៏ដូចជា​ដើម្បី​រក​យុត្តិធម៌​ជូន​អ្នក​ដែល​បាន​រងគ្រោះ និង​គ្រួសារ​ដែល​គាត់​កំពុង​ពិបាកចិត្ត»។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ប្រាំ​សែន របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​រឿង​ដដែលៗ និង​គួរ​ឱ្យ​អស់សំណើច​។ លោក​ចាត់​ទុក​ការ​ប្រមូល​ស្នាម​មេដៃ​នេះ​ថា ជា​រឿង​កលល្បិច ដើម្បី​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ខ្លួន ពីព្រោះ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ដែល​នៅ​ក្រៅ​ប្រទេស​នោះ ក្ស័យធន​ហើយ៖ «អ៊ីចឹង ខ្ញុំ​យល់​ថា ការ​បើក​យុទ្ធនាការ ដើម្បី​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ដែល​ក្នុង​គម្រោង​គេ​ថា ឱ្យ​បាន ៥០០ . ០០០​នាក់ វា​គ្រាន់តែ​ជា​កលល្បិច ដើម្បី​ប្រមូល​លុយ​។ ក្រុម​ឧទ្ទាម​ក្រៅច្បាប់​នៅ​ក្រៅ​ប្រទេស​ហ្នឹង វា​អស់​ទុន​ហើយ គេ​ហៅថា ក្ស័យធន​ហើយ វា​គ្មាន​នរណា​ចាប់​អារម្មណ៍​ទេ ពី​បញ្ហា​ដែល​ជា​សកម្មភាព​ឧទ្ទាម​និយម​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ហ្នឹង​បាទ»។

ផ្ទុយ​ពី​ការ​អះអាង​នេះ ប្រធាន​ប្រតិបត្តិ​រាជធានី​ភ្នំពេញ​របស់​គណបក្ស​សង្គ្រោះជាតិ លោក ម៉ន ផល្លារ បាន​លើកឡើង​ថា ការ​ប្រមូល​ស្នាម​មេដៃ ប្រជាពលរដ្ឋ សកម្មជន​សិទ្ធិមនុស្ស​ដែល​ចង់បាន​យុត្តិធម៌​សម្រាប់​អ្នករងគ្រោះ​នេះ គឺ​ដើម្បី​ដាក់​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ហៅ​កាត់​ថា អាយ.ស៊ី.ស៊ី​(ICC) ក្នុង​គោលបំណង​ឱ្យ​តុលាការ​នេះ មាន​វិធានការ​ម៉ឺងម៉ាត់​មួយ​ទៅលើ​កម្ពុជា និង​ដើម្បី​ឱ្យ​មាន​ដំណោះស្រាយ​មួយ​ក្នុង​ការ​គោរព​សិទ្ធិមនុស្ស​ពេញលេញ​នៅ​កម្ពុជា​។ លោក​ថា ប្រសិនបើ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ចូលរួម​បាន​រាប់​លាន​នាក់ នោះ​វា​នឹង​មាន​វិសាលភាព​ខ្ពស់​សម្រាប់​ឱ្យ​តុលាការ មាន​វិធានការ​ទៅលើ​ជន​ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នានា​ទៅលើ​ប្រជាពលរដ្ឋ​របស់​ខ្លួន។

លោក​បន្ត​ថា ការ​លើកឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន គឺជា​ការ​ដោះ​សារ ហើយ​មិន​ទទួលខុសត្រូវ​ចំពោះ​បទល្មើស និង​បទឧក្រិដ្ឋ​ធំៗ​ដែល​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ «ខ្ញុំ​យល់​ឃើញ​ថា ការ​លើកឡើង​របស់​លោក សុខ ឥសាន គ្រាន់តែ​ជា​ការ​ដោះ​សារ ហើយ​ជា​លេស​មិន​ទទួលខុសត្រូវ​ចំពោះ​បទល្មើស និង​បទឧក្រិដ្ឋ​ធំៗ​កើតឡើង​នៅ​ស្រុក​ខ្មែរ​។ ខ្ញុំ​សង្ឃឹមថា ចំនួន​អ្នកចូលរួម​នេះ អាច​មាន​ចំនួន​ច្រើន​លើសលប់ កាន់តែ​ច្រើន​កាលណា គឺ​កាន់តែ​ល្អ​ប្រសើរ​កាលនោះ សម្រាប់​ធ្វើ​ឱ្យ​តុលាការ អាយ​ .​ ស៊ី​ .​ ស៊ី​ (ICC) គឺ​គេ​យក​មក​ថ្លឹងថ្លែង យក​មក​ពិចារណា ហើយ​មាន​ចំណាត់​ការ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ហើយ​ស្វែងរក​យុត្តិធម៌​សម្រាប់​ប្រទេស​កម្ពុជា​យើង»។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្កើត​យុទ្ធនាការ​បញ្ចប់​និទ្ទណ្ឌភាព ដើម្បី​យុត្តិធម៌​នៅ​កម្ពុជា នៅ​ថ្ងៃ​គម្រប់​ខួប​៤​ឆ្នាំ​នៃ​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី កាលពី​ថ្ងៃ​ទី​០១ កក្កដា ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ដែល​ត្រូវ​បាន​គេ​បាញ់សម្លាប់​ដោយ​អយុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​មិន​អាច​ស្វែងរក​ឃាតក​មក​ផ្ដន្ទាទោស​បាន។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែន​ករុណា បាន​យល់ថា ការចូលរួម​នេះ គឺជា​សិទ្ធ​សេរីភាព​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​ក្នុង​ការ​ធ្វើ​យុទ្ធនាការ ដើម្បី​បញ្ឈប់​និទ្ទណ្ឌភាព​នៅ​កម្ពុជា​។ លោក​បន្ត​ថា សកម្មភាព​នៃ​ការ​ប្រមូល​ស្នាម​មេដៃ​របស់​គណបក្ស​នយោបាយ​ណាមួយ​នោះ គឺជា​សិទ្ធ​សេរីភាព​របស់​ពួកគេ ប៉ុន្តែ​លោក​មិន​អាច​វាយតម្លៃ​ពី​លទ្ធផល​បាន​យ៉ាងណា​នោះ​ទេ ព្រោះ​វា​ជា​កិច្ចការ​របស់​អន្តរជាតិ៖ «យុទ្ធនាការ​នៃ​សកម្មជន​អ្នកនយោបាយ អ្នកគាំទ្រ​នយោបាយ​ដែល​គាត់​ធ្វើ​សកម្មភាព​ហ្នឹង អា​ហ្នឹង​វា​ជា​សេរីភាព​របស់​ពួកគាត់ សួរ​ថា​តើ​លទ្ធផល​ហ្នឹង​នឹង​បាន​លទ្ធផល​របៀប​ម៉េច យើង​អត់​អាច​ធ្វើ​ការវាយតម្លៃ​បានទេ ព្រោះ​វា​ជា​កិច្ច​ការងារ​របស់​ខាង​អន្តរជាតិ ដែល​គេ​ពិនិត្យ​មើល​ថា តើ​គេ​នឹង​មាន​វិធានការ​តាម​យន្តការ​ខាង​ពួកគេ​ដោយ​របៀប​ម៉េច​ទៀត​ហ្នឹង វា​ទាល់តែ​យើង​ធ្វើការ​តាមដាន​ទៅមុខ​ទៀត​ថា តើ​រឿង​ទាំង​អស់ហ្នឹង​អាច​អនុវត្ត​ដោយ​ប្រសិទ្ធភាព​បាន​របៀប​ម៉េច​ ! កន្លងមក យើង​ឃើញ​សហគមន៍​អន្តរជាតិ​គេ​បាន​ធ្វើ​ការ​ចាត់វិធានការ​បណ្ដើរៗ​អំពី​ការ​ដាក់​សម្ពាធ​ផ្សេងៗ​អំពី​ការរំលោភ​ទៅលើ​សិទ្ធិមនុស្ស ហើយ​និង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ហ្នឹង គេ​បាន​មាន​ចំណាត់​ការ​មក​ហើយ»។

ក្នុង​រយៈកាល​ជាង ២​ទសវត្សរ៍​កន្លង​មក​នេះ វប្បធម៌​និទ្ទណ្ឌភាព​ចាក់ឫស​យ៉ាង​ជ្រៅ​ទៅ​ក្នុង​សង្គម​កម្ពុជា​។ គិត​ត្រឹមតែ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ រហូតមកដល់​បច្ចុប្បន្ន​មាន​ជនរងគ្រោះ​ច្រើន​ណាស់​ដែល​ត្រូវ​បាន​សម្លាប់ ឬ​ក្លាយ​ជា​ជន​ពិការ ហើយ​ជនល្មើស​មិន​ត្រូវ​បាន​វែកមុខ​។ ដោយ​ត្រួសៗ ជនរងគ្រោះ​ទាំងនោះ រួមមាន អតីត​តំណាងរាស្ត្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ឱម រដ្ឋសាឌី តារា​ភាពយន្ត ពិសិដ្ឋ ពីលិកា ម្ដាយ​តារា​ចម្រៀង ទូច ស៊ុននិច មេដឹកនាំ​សហជីព លោក ជា វិជ្ជា លោក រស់ សុវណ្ណារ៉ា លោក ហ៊ី វុទ្ធី ព្រះសង្ឃ សំ ប៊ុនធឿន សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី សកម្មជន​នយោបាយ សកម្មជន​សិទ្ធិមនុស្ស​ជាច្រើន​នាក់ ព្រមទាំង​ទាហាន និង​មន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​យ៉ាងតិច ៦០​នាក់​ត្រូវ​បាន​សម្លាប់​ក្រៅច្បាប់ ក្នុង​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧។ចំណែក​ឃាតកម្ម​មក​លើ​អ្នកសារព័ត៌មាន​វិញ គិត​ចាប់ពី​ឆ្នាំ​១៩៩៤ រហូតមកដល់​បច្ចុប្បន្ន អ្នកសារព័ត៌មាន​ចំនួន ជាង​១០​នាក់​ហើយ ត្រូវ​បាន​ធ្វើឃាត បន្ទាប់ពី​ផ្សាយ​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល ឬ​រាយការណ៍​អំពើពុករលួយ​របស់​មន្ត្រី​អ្នក​មាន​អំណាច ។ ករណី​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​ចុងក្រោយ​នេះ គឺ​អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ស្ដារម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់​តិច (Caltex) ក្នុង​ទីក្រុង​ភ្នំពេញ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។