អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងគ្មានជំនឿថា តុលាការកំពូលនឹងផ្ដល់យុត្តិធម៌ជូនពួកគេ ជុំវិញករណីវាយដំតំណាងនៅមុខរដ្ឋសភានោះបានទេ ដោយសារសំណុំរឿងនេះជាប់ពាក់ព័ន្ធនឹងក្រុមអង្គរក្សលោក ហ៊ុន សែន។
អ្នកតំណាងរាស្ត្រជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិ លោក គង់ សភា មានប្រសាសន៍ថា លោក មិនមានជំនឿលើប្រព័ន្ធតុលាការរបបលោក ហ៊ុន សែន ទេ ដោយសារសំណុំរឿងនេះទាក់ទិនទៅនឹងរឿងនយោបាយ។
ការលើកឡើងរបស់លោក គង់ សភា នេះបានកើតមានឡើងមុនពេលដែលតុលាការកំពូលគ្រោងប្រកាសសាលក្រមចំពោះសំណុំរឿងវាយដំអ្នកដំណាងរាស្ត្រពីរនាក់ខាងគណបក្សសង្គ្រោះជាតិនៅថ្ងៃទី២៨ តុលាខាងមុននេះក្រោយពីសំណុំរឿងនេះកប់បាត់អស់រយៈពេលជាង៤ឆ្នាំមកហើយ។
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក គង់ សភា និង លោក ញ៉យ ចំរើន កាលពី៤ឆ្នាំមុន ត្រូវកងអង្គរក្សលោក ហ៊ុន សែន វាយដំយ៉ាងដំណំរហូតដល់បាក់ខ្ទង់ច្រមុះ និង បែកភ្នែកខាងស្តាំ ក្នុងខណះដែលពួកគេបានចេញពីប្រជុំនៅឯមន្ទីររដ្ឋសភាជាតិក្នុងទីក្រុងភ្នំពេញក្រោយមកត្រូវជនដៃដល់វាយដំតែម្តង។
ជនដៃដល់ដែលបានប្រព្រឹត្តអំពើហឹង្សាទៅលើអ្នកតំណាងរាស្ត្រមានឈ្មោះ លោក ចាយ សារិទ្ធ លោក ម៉ៅ ហឿន និងលោក សុត វណ្ណនី ពួកគេជាកងអង្គរក្សលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ។
លោក គង់ សភា ប្រាប់អាស៊ីសេរីថា លោក មិនរំពឹងថា តុលាការនឹងផ្តល់យុត្តិធម៌ដល់លោកទាំងពីរទេដោយសារតែតុលាការស្ថិតនៅក្រោមជនផ្ដាច់ការលោក ហ៊ុន សែន។
សំឡេង « នៅថ្ងៃទី៦តុលាការខាងមុខនេះគឺជាឆ្នាំទី៤នៃការវាយដំច្រំ ធាក់ពួកខ្ញុំដែលជាពួកឃាដករប៉ុនប៉ងសម្លាប់រូបខ្ញុំ គឺជាកងអង្គរក្សនាយករដ្ឋមន្ត្រីផ្តាច់ការគ្រប់គ្រងអំណាចខុសច្បាប់នៅកម្ពុជាហ្នឹងហើយដែលលោកនាយករដ្ឋមន្ត្រីហ្នឹងតែងតែចងមកលើប្រជាពលរដ្ឋមកលើអ្នកទន់ខ្សោយមិនដែលលោកខ្មែរណាជាមិត្តទេ។គឺខ្មែរណាដែលតិះ ទៀន ស្ថាបនា គឺជាសត្រូវរបស់គាត់ » ។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សបានរិះគន់យ៉ាងខ្លាំងចំពោះការតែងតាំងនេះដោយចាត់ទុកថាបានបង្ហាញពីភាពមិនស្មើគ្នាចំពោះមុខច្បាប់ ហើយកម្ពុជាកំពុងច្បាប់តាមស្តង់ដារពីរ។
សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសឲ្យជនជាប់ចោទទាំង ៣នាក់ជាប់ពន្ធនាគារ ៤ឆ្នាំ ដោយអនុវត្តទោសរយៈពេល ១ឆ្នាំប៉ុណ្ណោះ ក្រោមបទចោទប្រកាន់ថា បានប្រព្រឹត្តហិង្សាមានស្ថានទម្ងន់ទោសលើក្រុមតំណាងរាស្ត្រ។ ប៉ុន្តែក្រោយមកពួកគេត្រូវបាន ដោះលែងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោយតុលាការសម្រេចព្យួរទោសដែលនៅសល់ចំនួន ៣ឆ្នាំទៀត។
ក្រោយពីចេញពីពន្ធនាគារ របបក្រុងភ្នំពេញបានចេញអនុក្រឹត្យមួយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានដំឡើងឋានន្តរសក្ដិដល់លោក សុត វណ្ណី និងលោក ម៉ៅ ហឿន ពីវរសេនីយ៍ទោ ទៅវរសេនីយ៍ឯក។
អង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំង ២រូបនេះបានចូលរួម ព្រួតគ្នាវាយអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ២រូប កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ គឺលោក ញ៉យ ចំរើន និងលោក គង់ សភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។