សាលាដំបូងខេត្តកំពង់ស្ពឺ នឹងនឹងប្រកាសសាលក្រម នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ លើបណ្ដឹងទាស់ក្រុមរបស់មេធាវី ការពារក្ដីឲ្យលោក ប៉ាវ ស៊ីណា ស្នើសុំតុលាការ ទម្លាក់ចោលបទចោទទាំងអស់ ចំពោះលោក ប៉ាវ ស៊ីណា និងអ្នករួមការងារជាមួយលោក ៦នាក់ផ្សេងទៀត ទាក់ទងនឹងអំពើហិង្សាមួយ នៅមុខរោងចក្រ អ៊ែ ជ្យាយល៍ ស្វេតថឺ (Agile Sweater) នៅភូមិបុរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន កាលពី៣ឆ្នាំមុន។
ប្រធានចៅក្រម លោក ពេជ្រ ចិន្តា ប្រើពេលជាង ៣ម៉ោង ស្ដាប់សក្ខីកម្ម ពីខាងក្រុមមេធាវីការពារក្ដីឲ្យលោក ប៉ាវ ស៊ីណា និងមន្ត្រីសហជីព ៦នាក់ទៀត នៃសហភាពចលនាកម្មករកម្ពុជា ដោយបង្ហាញភស្តុតាង ជាឃ្លបវីដេអូនៃអំពើហិង្សាកាលឆ្នាំ២០១៦ផង ខណៈ គ្មានវត្តមានដើមបណ្ដឹងរដ្ឋប្បវេណី ជាថៅកែរោងចក្រ ចូលរួមក្នុងបន្ទប់ជំនុំជម្រះក្ដី។
ក្រោយពីបញ្ចប់សវនាការ ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា ប្រាប់អាស៊ីសេរីថា រូបលោកនិងក្រុមការងារ ធ្វើសំអាងហេតុនានា និងមានដាក់ភស្តុតាងផង ជូនលោកចៅក្រមផង ដើម្បីបង្ហាញថា ក្នុងហេតុការណ៍អំពើហិង្សានោះ ក្រុមសហជីពរបស់លោក មិនមែនជាអ្នកបង្កឲ្យមានអំពើហិង្សាទេ ផ្ទុយទៅវិញ គឺជាជនរងគ្រោះយ៉ាងពិតប្រាកដ។ ប្រធានសហជីពរូបនេះ រំពឹងថា តុលាការនឹងទម្លាក់ចោលបទចោទប្រឆាំងរូបលោក និងអ្នកផ្សេងទៀត ដើម្បីឲ្យពួកគាត់មានលំហសេរីភាពធំទូលាយ ដើម្បីបំពេញការងារជួយកម្មករ ដែលត្រូវបានថៅកែរោងចក្រគាបសង្កត់ និងកេងប្រវ័ញ្ចកម្លាំងពលកម្ម៖ «ខ្ញុំស្នើសុំចៅក្រមជំនុំជម្រះដែលកាន់សំណុំរឿងនេះ ពិចារណានៅក្នុងការទម្លាក់បទចោទនេះ ពីព្រោះថារឿងនេះ វាកើតចេញពីការរៀបចំដោយមនុស្សមួយក្រុមជាប្រព័ន្ធ ដែលមាននិយោជកនៅក្រោយខ្នង។ ដូច្នេះយើងឃើញហើយថា យុត្តិធម៌នឹងមាន ប្រសិនបើចៅក្រម ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ធ្វើការទៅលើទិដ្ឋភាពជាក់ស្ដែង»។
មន្ត្រីស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (Adhoc) ប្រចាំខេត្តកំពង់ស្ពឺ លោក អាន ភិន ដែលឃ្លាំមើលសំណុំរឿងនេះ សង្ឃឹមថា តុលាការនឹងទម្លាក់ចោលបទចោទប្រឆាំងនឹងក្រុមសហជីពលោក ប៉ាវ ស៊ីណា៖ «បាទ ! ខ្ញុំចង់ឲ្យទម្លាក់ចោល ការចោទប្រកាន់ហ្នឹង តាមប្រសាសន៍របស់សម្ដេចនាយកដែលលោកមានប្រសាសន៍កាលពីខែកន្លងមុន ចង់ឲ្យមានការអនុវត្តអ៊ីចឹងទៅ ព្រោះថាបទចោទកន្លងមកនេះ យើងមើលឃើញថា វាហាក់បីដូចជាមានភាពអយុត្តិធម៌ សម្រាប់ក្រុមសហជីពហ្នឹង»។
ទោះបីជាយ៉ាងណា សំណុំរឿងនេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខត្តកំពង់ស្ពឺ លោក ខៃ សម្ផស្ស ស្នើចៅក្រមជំនុំជម្រះ តម្កល់និងរក្សាបទចោទលើក្រុមសហជីពរបស់លោក ប៉ាវ ស៊ីណា ទុកជាបានការដដែល។
កាលពីថ្ងៃទី២៤ មករា ឆ្នាំ២០១៨ លោក ប៉ាវ ស៊ីណា និងមន្ត្រីសហជីពរបស់លោក ៦នាក់ផ្សេងទៀត ត្រូវបានតុលាការខេត្តកំពង់ស្ពឺ សម្រេចចោទប្រកាន់ និងផ្ដន្ទាទោស កំបាំងមុខ ឲ្យជាប់ពន្ធនាគារ ម្នាក់ ២ឆ្នាំ និងពិន័យជាប្រាក់១លានរៀល ក្រោមបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ធ្វើឲ្យខូចខាតដោយចេតនា មិនគោរពសេចក្ដីសម្រេចរបស់តុលាការ ហិង្សាដោយចេតនា នៅភូមិបុរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន នៅខែមករា ឆ្នាំ២០១៦។
សាលក្រមរបស់តុលាការខេត្តកំពង់ស្ពឺនេះ ធ្វើឡើងក្រោយពីមានការផ្ទុះអំពើហិង្សា កាលពីថ្ងៃទី១២ មករា ឆ្នាំ២០១៦ រវាងមន្ត្រីសហជីពសហព័ន្ធសហជីពចលនាកម្មករ និងមន្ត្រីសហជីពសេរីពលករខ្មែរ នៅរោងចក្រ អ៊ែ ជ្យាយល៍ ស្វេតថឺ បណ្ដាលឲ្យលោកប៉ាវ ស៊ីណា និងមន្ត្រីសហជីពរបស់លោក រងរបួសធ្ងន់ស្រាល ជាច្រើននាក់។ ការឈានដល់មានអំពើហិង្សាពីសំណាក់ក្រុមសហជីពម្ខាងទៀត មកលើក្រុមលោកនៅពេលនោះ ដោយសារកម្មកររាប់រយនាក់ ធ្វើដំណើរមកទីក្រុងភ្នំពេញ ស្នើឲ្យសហជីពចលនាកម្មករ ជួយរកដំណោះស្រាយឲ្យពួកគេ ដែលទាមទារលក្ខខណ្ឌការងារ ៩ចំណុច ពីថៅកែក្រុមហ៊ុន។
អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សរំពឹងថា តុលាការខេត្តកំពង់ស្ពឺ នឹងទម្លាក់ចោលរាល់បទចោទចំពោះ លោក ប៉ាវ ស៊ីណា ឲ្យដូចទៅនឹងការអំពាវនាវរបស់មេដឹកនាំរបបក្រុងភ្នំពេញ។ កាលពីពេលកន្លងមក មេដឹកនាំរបបក្រុងភ្នំពេញ ស្នើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងក្រសួងការងារ ពិនិត្យមើល និងសម្របសម្រួលឲ្យតុលាការពន្លឿននីតិវិធីតុលាការ ដើម្បីបិទបញ្ចប់សំណុំរឿងទាំងឡាយណា ដែលទាក់ទងនឹងមេសហជីពកម្មករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
