មតិ​យល់​ឃើញ​របស់​ពលរដ្ឋ និង​យុវជន​ចំពោះ​សេចក្ដី​ព្រាងច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន

ដោយ វ៉ែន សុមេធ
2020.04.02
Share on WhatsApp
Share on WhatsApp
ប្រជុំ​សភា ថ្ងៃ​ដំបូង ២០១៣ ៦២២ ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ថតរូប​ជាមួយ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​​ព្រឹក​ថ្ងៃ​២៣ កញ្ញា ២០១៣។
RFA

ក្រុម​យុវជន និង​និស្សិត​យល់​ឃើញ​ថា សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ក្នុង​ភាព​អាសន្ន​នោះ មិន​បាន​បញ្ចាំង​ឆន្ទៈ​នយោបាយ​ស្មោះត្រង់ បម្រើ​ផលប្រយោជន៍​រួម​របស់​ពលរដ្ឋ​នោះ​ទេ។ តែ​ផ្ទុយទៅវិញ ច្បាប់​នេះ​មាន​មហិច្ឆតា​គំរាមកំហែង​សំឡេង​រិះគន់​ទាំងឡាយ ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម និង​ផ្ដល់​ឱកាស​ឱ្យ​អ្នក​មាន​អំណាច កាប់​បំផ្លាញ​ព្រៃឈើ និង​ធ្វើ​អាជីវកម្ម​ឈើ​ខ្នាត​ធំ​ជា​បន្ត​ទៀត។

និស្សិត ក្រុម​យុវជន អះអាង​ថា ច្បាប់​នេះ​បង្ហាញ​ខ្លឹមសារ​គំរាមកំហែង​ធ្ងន់ធ្ងរ បំភិតបំភ័យ ដល់​សំឡេង​ប្រឆាំង និង​អ្នក​បង្ហាញ​ទស្សនាទាន​តាម​បណ្ដាញ​សង្គម រិះគន់​រដ្ឋាភិបាល និង​ភាព​អសកម្ម​របស់​មន្ត្រី​រដ្ឋាភិបាល។

និស្សិត​រស់នៅ​រាជធានី​ភ្នំពេញ​ម្នាក់ គឺ​កញ្ញា ជា គន្ធីន ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២ មេសា ថា ច្បាប់​នេះ​បាន​កាត់បន្ថយ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ រឹតត្បិត​សិទ្ធិ​សេរីភាព​ដើរហើរ និង​ធ្វើ​សកម្មភាព​ការពារ​ធនធានធម្មជាតិ​។ កញ្ញា​បារម្ភ​ថា ក្រុម​និស្សិត​នឹង​កាន់តែ​លំបាក ក្នុង​ការ​ចុះ​សិក្សា​ពី​ព្រៃ​ឡង់ និង​តាមដាន​ពី​ប្រសិទ្ធភាព​ការងារ​របស់​អាជ្ញាធរ​ជំនាញ អភិរក្ស​ព្រៃឈើ នៅ​គ្រា​ដែល​ច្បាប់​នេះ​ចុះ​ជា​ធរមាន ហើយ​បទល្មើស​ព្រៃឈើ​អាច​នឹង​កើន​ឡើង​៖ «សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ដែល​គាត់​ចង់​បញ្ចេញមតិ​ពិបាក​នឹង​បញ្ចេញ​។ ប្រសិនជា​យើង​បញ្ចេញមតិ​អាច​នឹង​ប៉ះពាល់​ដល់​គេ អាច​នឹង​មាន​បញ្ហា​។ ខ្ញុំ​ភ័យ​ខ្លាំង​មែនទែន ព្រោះ​អី​ព្រៃឈើ​រង​ការ​កាប់​បំផ្លាញ​ខ្លាំង​មែនទែន​ហ្មង​បង បើ​គេ​ដាក់​ប្រទេសជាតិ​ក្នុង​ភាព​អាសន្ន​អ៊ីចឹង​ទៀត កាន់តែ​ពិបាក​ទៀតហើយ ជូន​កាល​ត្រូវ​សិក្សា​ពី​ព្រៃឈើ និង​ការពារ​ព្រៃឈើ»

ចំណែក​ក្រុម​យុវជន​១០០​រាត្រី លោក សុត បាន យល់​ថា បច្ចុប្បន្ន​ជំងឺ​កូវីដ​-១៩ រដ្ឋាភិបាល អាច​គ្រប់គ្រង​បាន​នៅឡើយ​ទេ តាមរយៈ​ពង្រឹង​គុណភាព​ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ និង ពង្រឹង​សមត្ថភាព​គ្រប់​គ្រង់ របស់​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​គុណភាព​ប្រព័ន្ធ​សុខាភិបាល មិន​គួរ​ប្រញាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ពេក​ទេ​។ លោក​ថា សេចក្តី​ព្រាង​ច្បាប់​នេះ មិន​ឆ្លុះបញ្ចាំង ឆន្ទៈ​រួច​របស់​ពលរដ្ឋ មន្ត្រី​សង្គម​ស៊ីវិល និង​គ្រប់​គណបក្ស​នយោបាយ​នោះ​ទេ​។ ហេតុនេះ លោក​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល និង​រដ្ឋសភា ពិនិត្យ​ពិចារណា​ឡើងវិញ​៖ «បើ​យើង​ជំងឺ​កូវីដ-១៩ មក​ជា​បញ្ហា​ប៉ុណ្ណឹង​ហ្នឹង ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ខ្ញុំ​គិត​ថា ដូចជា​មិន​សម​ទំនង​សោះ អាច​ថា មានរឿង​ដទៃ និង​មាន​បញ្ហា​ដទៃ​ទៀត ដែល​ធ្វើ​ឱ្យ​គាត់​ប្រកាស​ប្រទេស​ក្នុង​ភាព​អាសន្ន​។ មាន​ន័យ​ថា ច្បាប់​នេះ បើ​ចេញ​ហើយ ពលរដ្ឋ​មិន​មាន​សិទ្ធិ​ក្នុង​ការ​និយាយ​ជា​សាធារណៈ តទៅ​ទៀត»

យុវជន​ម្នាក់ទៀត លោក ឯម សុខសុវណ្ណ យល់ឃើញ​ថា នៅ​គ្រា​ដែល​ជំងឺ​សាហាវ​នេះ​វាយលុក​ខ្លាំង រដ្ឋាភិបាល​ប្រញាប់​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​គឺជា​រឿង​ល្អ ប្រសិនបើ​ច្បាប់​នេះ បម្រើ​សុខភាព​សាធារណៈ បម្រើ​ប្រយោជន៍​រួម​របស់​ពលរដ្ឋ និង​មានបំណង​ទប់ទល់​ជំងឺ​កូវីដ-១៩។ ក៏ប៉ុន្តែ​លោក​បារម្ភ​ថា ខ្លឹមសារ​ច្បាប់​នេះ មិន​កំណត់​ថិរវេលា​ច្បាស់លាស់ អាច​នឹង​ប្រឆាំង​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​៖ «គ្រាន់តែ​ជា​ការ​ព្រួយបារម្ភ​ប្រសិនជា ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ណាមួយ​យើង រយៈពេល​ប៉ុន្មាន ឧទាហរណ៍​ថា រយៈពេល ១០០​ថ្ងៃ ឬក៏ ២០០ ថ្ងៃ មួយ​ត្រីមាស​អ៊ីចឹង​ទៅ ឱ្យ​វា​មាន​ភាព​ជាក់លាក់ ព្រោះ​ក្នុង​ស្ថានភាព​មួយ យើង​អាច​គ្រប់គ្រង​បាន​ដែរ ថា​តើ​កូវីដ​ហ្នឹង វា​មាន​ថិរវេលា​ប៉ុន្មាន​? ប្រទេស​កម្ពុជា​មិនទាន់​ខ្លាំងក្លា​ណាស់​ដែរ ដែល​ជំងឺ​វា​រាលដាល មិនទាន់​ឈាន​ដល់​សហគមន៍​អី​ទេ»

ចំណែក​ប្រធាន​ចលនា​មាតា​ធម្មជាតិ លោក អាឡិច ហាន់ដ្រូ ហ្គាន់ហ្សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) (ហៅ​ថា អាឡិច) យល់ថា ជំងឺ​កូវីដ​-១៩​វា​លុក​ខ្លាំង បាន​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​អំណាច​របស់​លោក ហ៊ុន សែន​។ លោក​ថា នៅ​គ្រា​សេដ្ឋកិច្ច​ធ្លាក់​ចុះ នឹង​ប៉ះពាល់​ប្រជាធិបតេយ្យ និង​សង្គមជាតិ​ធ្ងន់ធ្ងរ ហើយ​លោក ហ៊ុន សែន នឹង​គ្មាន​ជម្រើស​ផ្សេង ក្រៅពី​សុំ​លុយ​ចិន មក​ទប់ទល់​វិបត្តិ​សេដ្ឋកិច្ច​នេះ​ទេ។ លោក​បញ្ជាក់​ថា ប្រសិនបើ​ប្រទេស​ចិន ជួយ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​នេះ​មិន​រួច​ទេ លោក ហ៊ុន សែន អាច​នឹង​ចរចា​ជាមួយ សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក អនុញ្ញាត​ឱ្យ​បក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ ដើម្បី​រួមគ្នា​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ទាំងនេះ៖ «រឿង​ដែល​គាត់​បារម្ភ ( ហ៊ុន សែន​) គឺ​រដ្ឋ​ក្ស័យធន ឥឡូវ​ចំណូល​ក៏​មិន​សូវ​មាន ការនាំចេញ​ក៏​ស្ទើរតែ​អត់ អ៊ីចឹង​មានន័យថា រដ្ឋ​ក៏​ត្រូវ​តែ​មាន ដំណោះស្រាយ​ណាមួយ​លើ​បញ្ហា​ហ្នឹង ប្រសិនជា​គាត់​មិន​មាន​លទ្ធភាព​រក​ដំណោះស្រាយ​លើ​បញ្ហា​ហ្នឹង​។ អាច​នឹង​អស់​លុយ​បណ្ដោយ កាលណា​អត់​លុយ​ក៏​អា​ហ្នឹង​ក៏​ជា​បញ្ហា​ធ្ងន់ធ្ងរ​បំផុត​។ ប្រជាជន​ងើប​អ៊ីចឹង​ទៅ​គាត់​ទប់ទល់​អត់​បាន អា​ហ្នឹង​ជា​ការ​គំរាមកំហែង​លើ​គាត់ ប៉ុន្តែ​រឿង​ហ្នឹង​ជា​ការ​គំរាមកំហែង​សម្រាប់​ប្រជាធិបតេយ្យ សម្រាប់​ប្រទេសជាតិ​ដែរ ព្រោះ​អី​គាត់​ខ្ញុំ​ឃើញ​ថា អត់​មាន​ជម្រើស​ណាមួយ ក្រៅពី​សុំ​លុយ​ពី​ចិន»

លោក អា​ឡិច បន្ថែម​ថា ប្រសិនបើ​រដ្ឋាភិបាល ពឹង​តែ​លើ​លុយ​ចិន មក​ដោះស្រាយ​គ្រោះអាសន្ន​នេះ គុណភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នឹង​ធ្លាក់​ដុប​ដាប​ខ្លាំង ហើយ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​កាន់តែ​ធ្លាក់​ថយ​ក្រោយ​។ លោក​យល់​ថា លោក ហ៊ុន សែន ហាក់​ភ័យ​ស្លន់ស្លោ នៅ​គ្រា​ដែល​ផ្ទុះ​ជំងឺ​ដ៏​សាហាវ​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ គឺ​វិស័យ​ទេសចរណ៍ និង​វិស័យ​កាត់ដេរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។