ចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ លោក ពេជ្រ វិជ្ជាធរ សម្រេចចេញដីកាឃុំខ្លួនអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោក ឌួង ណាគ្រី បណ្ដោះអាសន្ន នៅពន្ធនាគាររាជធានីភ្នំពេញ ឬហៅថា ប៉េហ្ស៊ី (PJ) ក្រោមបទចោទចំនួនពីរ គឺ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងប៉ុនប៉ងឃាតកម្ម។
មាត្រា ១៩៩ នៃច្បាប់ព្រហ្មទណ្ឌចែងថា អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា ២០០ ដល់មាត្រា ២០៥ គឺជាឃាតកម្ម។ ជនប្រព្រឹត្តបទល្មើស ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំដល់ ១៥ឆ្នាំ។
លោក ឌួង ណាគ្រី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយបញ្ជូនទៅតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី៣ ឧសភា ក្រោមបញ្ជារបស់អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន និងដីកាឲ្យចាប់ខ្លួនពីព្រះរាជអាជ្ញាសាលាឧទ្ធរណ៍។
កាលពីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី២ ឧសភា មានហេតុការណ៍ផ្ទះអាវុធមួយនៅក្បែរអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដែលបង្កដោយមន្ត្រីនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឈ្មោះ ឌួង ណាគ្រី ដកកាំភ្លើងដៃបាញ់សំដៅទៅរថយន្ត ជនគ្រោះ ២នាក់ប្ដីប្រពន្ធ ៥គ្រាប់ផ្ទួនគ្នា ក្រោយពីមានទំនាស់ពាក្យសម្ដីដាក់គ្នា។
ជនបង្កហេតុ បានបើករថយន្តក្នុងស្ថានភាពស្រវឹង ដេញតាមរថយន្តជនរងគ្រោះឈ្មោះ ភូរិស្ស ស្តូរ៉ា ចាប់តាំងពីមជ្ឈមណ្ឌលកម្សាន្ត រ៉ុក រហូតមកដល់អធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ។ ក្នុងហេតុការណ៍បាញ់បោះនោះ បណ្ដាលឲ្យស្ត្រីជាប្រពន្ធរងគ្រោះ សន្លប់ ហើយរលូតកូន ៣ខែ ក្រោយពេលដឹកដល់មន្ទីរពេទ្យ ដោយសារភ័យតក់ស្លុតនឹងស្នូរកាំភ្លើងជាច្រើនគ្រាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។