តុលាការក្រុងភ្នំពេញ សាកសួរយុវជនជាប់ឃុំពីរនាក់ គឺកញ្ញា សូ មេត្តា និង លោក មួង សុភ័ក្ត្រ អំពីសកម្មភាពរបស់ពួកគេក្នុងការចូលរួមទាមទារយុត្តិធម៌សង្គមកន្លងមក។ មន្ត្រីសិទ្ធិមនុស្សយល់ថា តុលាការគួរតែទម្លាក់ចោលការចោទប្រកាន់ និងដោះលែងពួកគេឲ្យមានសេរីភាពឡើងវិញព្រោះ សកម្មភាពពួកគេ ពុំបានល្មើសច្បាប់នោះទេ។
មន្ត្រីពន្ធនាគារព្រៃស នាំខ្លួនយុវជនខ្មែរថាវរៈ កញ្ញា អេង ម៉ាឡៃ ហៅសូ មេត្តា និងយុវជនសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សុភ័ក្ត្រ ទៅឆ្លើយបំភ្លឺនៅចំពោះមុខចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែតុលា ពាក់ព័ន្ធនឹងបទចោទញុះញង់ឲ្យបង្កភាពវឹកវរដល់សន្តិសុខសង្គម។
មេធាវីការពារក្តីឲ្យយុវជនទាំងពីរនាក់ គឺលោក សំ ចំរើន ប្រាប់អាស៊ីសេរីថា ចៅក្រមស៊ើបសួរ បានសួរនាំកូនក្តីរបស់លោកទាំងពីរនាក់ជាច្រើនចំណុចចាប់តាំងពីដំណាក់កាលចូលរួមសកម្មភាពការងារសង្គមជាមួយសមាគមរបស់ពួកគេរៀងៗ ខ្លួន រហូតដល់ថ្ងៃចាប់ខ្លួន ក្រោយពេលពួកគេ បានព្យាយាមចូលប្រមូលផ្តុំគ្នាសម្ដែងមតិអហិង្សានៅទីលានប្រជាធិបតេយ្យដើម្បីទាមទារយុត្តិធម៌សង្គម។ ទោះជាយ៉ាងណាក្ដី លោកមេធាវី សំ ចំរើន សុំមិនធ្វើអត្ថាធិប្បាយជុំវិញនីតិវិធីរបស់តុលាការនោះទេ ដោយទុកឲ្យមហាជនជាអ្នកវាយតម្លៃ ប៉ុន្តែលោកបញ្ជាក់ថា លោក បានប្ដឹងជំទាស់ចំពោះការឃុំខ្លួនយុវជនទាំងពីរទៅសាលាឧទ្ធរណ៍រួចហើយ ដើម្បីឲ្យតុលាការជាន់ខ្ពស់មួយនេះ ពិនិត្យនិងដោះលែងកូនក្តីរបស់លោកវិញ។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងត្រូវជាបងប្រុសបង្កើតយុវជន មួង សុភ័ក្ត្រ គឺ លោក មួង សូនី លើកឡើងថា ការចាប់ខ្លួន និងចោទប្រកាន់ប្អូនប្រុសរបស់លោក និងយុវជនផ្សេងទៀតមិនមែនការអនុវត្តច្បាប់នោះទេ គឺជារឿងនយោបាយសុទ្ធសាធ ដែលពិបាកសង្ឃឹមទទួលបានយុត្តិធម៌។ លោក អះអាងថា យុវជន មួង សុភ័ក្ត្រ និងយុវជនដទៃទៀត គ្រាន់តែចូលរួមសកម្មភាពតស៊ូមតិអហិង្សា ដើម្បីទាមទារឲ្យមានលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ដូច្នេះសកម្មភាពរបស់ពួកគេ គ្មានចំណុចណាដែលចាត់ចូលក្នុងអំពើល្មើសច្បាប់នោះទេ៖ « ការចាប់ខ្លួនយុវជនដែលតវ៉ាមួយចំនួនធំនេះ យើងឃើញថា មានគោលបំណងឲ្យឈប់មានការតវ៉ា ឬក៏គំរាមកំហែងអ្នកដទៃទៀត កុំឲ្យមកតវ៉ាដែរ ហើយខ្ញុំចាត់ទុកថា វាជារឿងនយោបាយ » ។
អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនកញ្ញា សូ មេត្តា កាលពីព្រលប់ថ្ងៃទី៧ ខែកញ្ញា ហើយបន្ទាប់មក អាជ្ញាធរ បានបន្តតាមចាប់ខ្លួនយុវជន មួង សុភ័ក្ត្រ នៅថ្ងៃទី១០ ខែកញ្ញា បន្ទាប់ពីពួកគេទាំងពីរនាក់ស្ថិតក្នុងចំណោមយុវជនដទៃទៀត បានព្យាយាមរៀបចំធ្វើបាតុកម្មដោយសន្តិវិធីទាមទារយុត្តិធម៌សង្គមនៅទីលានប្រជាធិបតេយ្យចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែកញ្ញា។ យុវជនទាំងពីរត្រូវបានឃុំខ្លួនក្នុងពន្ធនាគារព្រៃសបណ្ដោះអាសន្ន ក្រោមបទចោទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម"។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ចំណាត់ការរបស់អាជ្ញាធរ និងតុលាការលើក្រុមយុវជនសង្គមទាំងនេះ ហាក់មិនមែនជាការអនុវត្តច្បាប់ត្រឹមត្រូវនោះទេ។ លោក មើលឃើញថា សកម្មភាពរបស់យុវជនទាំងនេះ ធ្វើឡើងដោយសន្តិវិធីស្របតាមច្បាប់ជាតិ និងអន្តរជាតិ ដូច្នេះតុលាការ គួរទម្លាក់ចោលការចោទប្រកាន់ និងដោះលែងពួកគាត់ឲ្យមានសេរីភាពវិញ ដើម្បីបញ្ជៀសទណ្ឌកម្មផ្សេងៗ ខណៈសហគមន៍អន្តរជាតិ កំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់អំពីការវិត្តន៍ចុងក្រោយដ៏អាក្រក់ផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៖ « ការចាត់វិធានការរបស់សមត្ថកិច្ចឬក៏តុលាការទៅលើអ្នកទាំងអស់នេះ គឺជាវិធានការមួយ ដែលមិនគោរពទៅលើសិទ្ធិរបស់ពួកគាត់ ហើយ ជាការរឹតត្បិតសេរីភាពក្នុងការជួបជុំ និងការសម្តែងមតិរបស់ពួកគាត់ក្នុងនាមជាពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជា ដែលប្រកាន់យករបបប្រជាធិបតេយ្យ។ ប្រសិនបើតុលាការ បានធ្វើការស្រាវជ្រាវ ឬក៏រកមិនឃើញ ឬក៏យ៉ាងណានោះ សូមឲ្យមានការពិនិត្យ និងពិចារណាទម្លាក់បទចោទប្រកាន់ និងដោះលែងពួកគាត់ឲ្យមានសេរីភាពឡើងវិញ » ។
គិតចាប់ពីចុងខែកក្កដា រហូតដល់ថ្ងៃទី១៣ ខែតុលា អាជ្ញាធររបបក្រុងភ្នំពេញបានចាប់ខ្លួនក្រុមសកម្មជន អ្នកនយោបាយ និងយុវជនដាក់ពន្ធនាគារជាបន្តបន្ទាប់កើនឡើងដល់ជាង២០នាក់ហើយ។ ដើមហេតុនៃការចាប់ខ្លួននោះ គឺពាក់ព័ន្ធនឹងការរិះគន់រឿងព្រំដែន ការបញ្ចេញមតិរឿងនយោបាយនិងសង្គម ការធ្វើសកម្មភាពការងារបរិស្ថាន ការតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន និងគម្រោងប្រមូលផ្តុំធ្វើបាតុកម្មដោយសន្តិវិធីទាមទារយុត្តិធម៌សង្គម នៅទីលានប្រជាធិបតេយ្យជាដើម។ តុលាការបានចោទប្រកាន់ពួកគេពីបទ "ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬញុះញង់បង្កឱ្យមានភាពវឹកវរធ្ងនធ្ងរដល់សន្តិសុខសង្គម" ដែលប្រឈមនឹងការជាប់ពន្ធនាគារពី៦ ខែដល់២ ឆ្នាំ។
ក្រុមអង្គការជាតិ និងអន្តរជាតិ រួមទាំងក្រុមប្រទេសប្រជាធិបតេយ្យធំៗ ចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ និងបង្ហាញជំហរស្របគ្នាទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ស្តារលទ្ធិប្រជាធិបតេយ្យនិងការ គោពសិទ្ធិមនុស្សឡើងវិញ ដោយបញ្ឈប់ទង្វើរារាំងចំពោះការតវ៉ាដោយសន្តិវិធីហើយត្រូវដោះលែងសកម្មជន និងយុវជនទាំងឡាយដែលត្រូវបានចាប់ខ្លួនទាំងបំពានច្បាប់នោះ ឲ្យមានសេរីភាពឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។