សមត្ថកិច្ចឃុំខ្លួនសកម្មជនមាតាធម្មជាតិទាំង ៥នាក់នៅពន្ធនាគារតាមខេត្តផ្សេងៗ គ្នា
2024.07.03
សកម្មជនចលនាមាតាធម្មជាតិវ័យក្មេង ៤នាក់ ត្រូវបានសមត្ថកិច្ចព្រួតចាប់ នៅខាងមុខតុលាការដោយហិង្សា ហើយបញ្ជូនទៅឃុំខ្លួនជាលើកទី២ ក្នុងពន្ធនាគារតាមខេត្តផ្សេងៗ គ្នា នៅព្រឹកថ្ងៃទី២ ខែកក្កដា បន្ទាប់ពីតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារពី ៦ ទៅ ៨ឆ្នាំ ពាក់ព័ន្ធនឹងសកម្មភាពការពារបរិស្ថាន។ អ្នកការពារសិទ្ធិមនុស្ស ចាត់ទុកការចាប់ឃុំខ្លួនសកម្មជនបរិស្ថាននេះ គឺរឿងអយុត្តិធម៌ និងជាការរំលោភសិទ្ធិមនុស្ស។
នេះជាសំឡេងស្រែកទ្រហោយំរបស់ក្រុមយុវជន និងពលរដ្ឋ នៅពេលដែលក្រុមសមត្ថកិច្ចចម្រុះ រួមទាំងកងសន្តិសុខខណ្ឌប្រមាណ ៥០នាក់ សម្រុកចុះចាប់យុវជនចលនាមាតាធម្មជាតិ ៤នាក់ ទាំងកម្រោល ខណៈពួកគាត់ កំពុងអង្គុយខាងមុខតុលាការក្រុងភ្នំពេញជាមួយអ្នកគាំទ្រជិត ១០០នាក់ ដើម្បីរង់ចាំការប្រកាសសាលក្រម។ ក្រុមសមត្ថកិច្ចពាក់ម៉ាស់បិទមុខមួយក្រុមបានរុញច្រានអ្នកគាំទ្រ ហើយសមត្ថកិច្ចមួយក្រុមទៀត បានចាប់ទាញដោយហិង្សា និងច្របាច់កយុវជនចលនាមាតាធម្មជាតិរុញបញ្ចូលឡានដឹកយកទៅឃុំខ្លួន នៅក្នុងពន្ធនាគារ។ ទង្វើរបស់សមត្ថកិច្ចចាប់ខ្លួនយុវជនការពារបរិស្ថាននេះ ខុសគ្នាឆ្ងាយ បើប្រៀបធៀបនឹងករណីនាំខ្លួនឃាតកសម្លាប់មនុស្ស គឺអតីតឧកញ៉ា ស្រី ស៊ីណា។
យុវជនចលនាមាតាធម្មជាតិ ដែលត្រូវបានចាប់ខ្លួន រួមមាន លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី។ ក្នុងពេលនោះ សមត្ថកិច្ច ក៏បានចាប់ខ្លួនដោយទាំងសកម្មជនដីធ្លីបឹងកក់ម្នាក់ទៀតផងដែរ គឺលោកស្រី អេង សុខា ប៉ុន្តែ ត្រូវបានដោះលែងវិញ ក្រោយពីសមត្ថកិច្ចបង្ខំឲ្យផ្ដិតមេដៃលើកិច្ចសន្យាឈប់ចូលរួមសកម្មភាពគាំទ្របែបនេះទៀត។ ចំណែកសកម្មជនបរិស្ថាន និងជាប្រធានស្ដីទីសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក យីម លាងហ៊ី វិញ លោកបានបាត់ខ្លួនក្នុងពេលធ្វើដំណើរមកស្ដាប់ការប្រកាសសាលក្រម។ មិត្តភ័ក្ដិ និងគ្រួសាររបស់លោកសង្ស័យថា សមត្ថកិច្ច បានចាប់ខ្លួនលោកនៅតាមផ្លូវ ហើយបញ្ជូនទៅឃុំមុនគេ។
វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់រឿងនេះពីអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានទេ នៅថ្ងៃទី២ កក្កដា។
អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ឲ្យដឹងថា សមត្ថកិច្ច បានបញ្ជូនសកម្មជនទាំងនេះទៅឃុំខ្លួននៅពន្ធនាគារតាមខេត្តផ្សេងៗ គ្នា។ លោកបញ្ជាក់ថា លោក យីម លាងហ៊ី ត្រូវបានឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ លោក ថុន រដ្ឋា ត្រូវបានឃុំនៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ លោក លី ចាន់ដារ៉ាវុត ត្រូវបានឃុំនៅពន្ធនាគារខេត្តកណ្តាល កញ្ញា ភួន កែវរស្មី ត្រូវបានបញ្ចូនទៅឃុំនៅពន្ធនាគារម៤ នៅឯជើងភ្នំក្រវាញ ខេត្តពោធិ៍សាត់។ រីឯកញ្ញា ឡុង គន្ធា វិញ លោក នុត សវនា នៅមិនទាន់ដឹងថា អាជ្ញាធរ បញ្ជូនទៅឃុំនៅទីណានៅឡើយទេ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី អ៊ុក រ៉េតគន្ធា បានចេញដីកាចាប់ខ្លួនស្ថាបនិក និងយុវជនចលនាមាតាធម្មជាតិ សរុប ១០នាក់។ ក្នុងនោះមាន ៣នាក់ គឺលោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez – Davidson) អ្នកនាង ស៊ុន រដ្ឋា និងលោក យីម លាងហ៊ី ត្រូវបានកាត់ទោសឲ្យជាប់ឃុំ ៨ឆ្នាំ និងពិន័យជាប្រាក់ ១០លានរៀល អំពីបទ «រួមគំនិតក្បត់» និង «ប្រមាថព្រះមហាក្សត្រ»។ចំណែកយុវជនចលនាមាតាធម្មជាតិ៧នាក់ទៀត តុលាការបានកាត់ទោសឲ្យជាប់ឃុំ ៦ឆ្នាំ ពីបទរួមគំនិតក្បត់។ អ្នកទាំងនោះ រួមមាន លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក ពក ខើយ លោក បិញ ពិសិដ្ឋ និងលោកស្រី រ៉ី រក្សា។ប៉ុន្តែក្នុងចំណោម ១០នាក់នេះ មានតែយុវជនចលនាមាតាធម្មជាតិ៥នាក់ប៉ុណ្ណោះដែលបានចូលរួមសវនាការ តាំងពីដើមមកគឺ លោក យីម លាងហ៊ី លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី។
នេះគឺជាលើកទី២ហើយដែលសកម្មជនមាតាធម្មជាតិទាំង ៥នាក់ ជាប់ឃុំក្នុងពន្ធនាគារដោយសារតែភាពសកម្មការពារបរិស្ថាន។
មុនពេលចាប់ខ្លួននេះ សកម្មជនចលនាមាតាធម្មជាតិ ៤នាក់ ស្លៀកពាក់ស និងយុវជនគាំទ្រជិត១០០នាក់ទៀត រុំក្រណាត់សលើក្បាល ដៃកាន់ផ្កាឈូក និងធូប ព្រមទាំងកាន់បដា ដែលសរសេរថា «យុត្តិធម៌» ស្លាប់ហើយ ដើរដង្ហែក្បួនតាមផ្លូវ ក្នុងន័យហែសាកសព «យុត្តិធម៌» ចាប់ពីរង្វង់មូលជ្រោយចង្វា ឆ្ពោះទៅតុលាការ ដើម្បីស្តាប់ការប្រកាសសាលក្រម។ ពេលដល់មុខតុលាការ យុវជនទាំង ៤នាក់ បានឡើងថ្លែងសារម្នាក់ម្តង ដើម្បីលាអ្នកគាំទ្រ និងបង្ហាញរឿងអយុត្តិធម៌សង្គម រួមទាំងលើកទឹកចិត្តកុំឲ្យយុវជន និងពលរដ្ឋខ្មែរបាក់ស្មារតី ដោយសារការចាប់ខ្លួនពួកគាត់។
សកម្មជនបរិស្ថានទាំងនេះ ថ្លែងថា ពួកគាត់ដឹងខ្លួនជាមុនហើយថា ពួកគាត់ នឹងបាត់បង់សេរីភាព នៅថ្ងៃតុលាការប្រកាសសាលក្រមនេះ។ ពួកគាត់ដឹងថា គ្មានអ្វីចម្លែកទេ សម្រាប់សកម្មជនបរិស្ថាន សកម្មជនសង្គម និងសកម្មជននយោបាយ គឺតុលាការអាចកែច្នៃសាច់រឿងពីសទៅខ្មៅ ឬពីគ្មានកំហុស ទៅជាមានទោស ហើយពីទោសស្រាល ទៅជាទោសធ្ងន់ទៀតផង។
លោក លី ចាន់ដារ៉ាវុត បាននិយាយទាំងអួលដើមកថា ការតស៊ូ ដើម្បីជាតិ ក៏លោកជឿថា អំពើល្អ នឹងឈ្នះអំពើអាក្រក់ ហើយប្រវត្តិសាស្ត្រនឹងចងចាំមនុស្សល្អ។
លោក លី ចាន់ដារ៉ាវុត ក៏អំពាវនាវឲ្យពលរដ្ឋ លើកម្រាមដៃពីរជាសញ្ញា ដើម្បីបញ្ជាក់ថា សន្តិភាពពិតប្រាកដ ទាល់តែមានយុត្តិធម៌។
រីឯកញ្ញា ភួន កែវរស្មី វិញ កញ្ញា ក៏រៀបរាប់ទាំងឈឺចាប់ថា ខែកក្កដា តែងតែធ្វើឲ្យកញ្ញាសោកសៅ ព្រោះវីរជនស្នេហាជាតិ បណ្ឌិត កែម ឡី ត្រូវបានគេបាញ់ដេកដួលស្លាប់នៅក្នុងថ្លុកឈាម។ កញ្ញាបន្តថា នៅពេលកញ្ញា មានសេរីភាពកញ្ញា តែងតែធ្វើសកម្មភាពជាសាធារណៈ ដើម្បីទាមទារយុត្តិធម៌ជូនបណ្ឌិត កែម ឡី និងរម្លឹកវីរភាពរបស់លោក ព្រមទាំងដាស់តឿនខ្លួនឯងកុំឲ្យបាក់ទឹកចិត្ត និងបន្តសកម្មភាពតទៅទៀត ដរាបណាអ្នកមានលុយមានអំណាច នៅតែបណ្ដេញពលរដ្ឋចេញពីដីធ្លី បំផ្លាញធនធានធម្មជាតិ និងធ្វើបាបពលរដ្ឋទន់ខ្សោយ។
ជាមួយគ្នានេះ លោក ថុន រដ្ឋា បានផ្ញើសារកុំឲ្យពលរដ្ឋអស់សង្ឃឹម ហើយជូតទឹក ភ្នែក រួចបន្តដំណើរទៅមុខទៀត។
ស្រដៀងគ្នានេះ កញ្ញា ឡុង គន្ធា លើកឡើងថា ទោះបីជាតុលាការ សម្រេចឃុំខ្លួនកញ្ញា ដោយអយុត្តិធម៌ក្តី ក៏កញ្ញានៅតែរឹងមាំដដែល។ ប៉ុន្តែ អ្វីដែលកញ្ញា សោកស្ដាយបំផុតនោះ គឺបាត់បង់ឱកាសបញ្ចប់ការសិក្សាផ្នែកច្បាប់ឆ្នាំទី៣ ម្តងទៀត ដូចកាលពីជាប់ពន្ធនាគារលើកទី១ កាលពីឆ្នាំ២០២០។
ក្នុងពេលសមត្ថកិច្ច ចាប់ខ្លួនយុវជនទាំង ៤នាក់ទាំងកម្រោល មានយុវជន និងពលរដ្ឋជាច្រើន នាំគ្នាស្រែកទ្រហោយំ ទាមទារឲ្យតុលាការទម្លាក់ចោលការចោទ ប្រកាន់ និងដោះលែងពួកគេវិញ។ ពួកគាត់ខកចិត្ត ចំពោះតុលាការ ដែលកាត់ទោសអ្នកការពារបរិស្ថានឲ្យរងទុក្ខវេទនាក្នុងពន្ធនាគារយូរឆ្នាំ ខណៈអ្នកបំផ្លាញបរិស្ថាន បែរជារស់នៅមានសេរីភាព ធ្វើមានធ្វើបានទៅវិញ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខ សាន្ត មានប្រសាសន៍ថា ការផ្ដន្ទាទោសសកម្មជនមាតាធម្មជាតិឲ្យជាប់ពន្ធនាគារពី ៦ ទៅ ៨ឆ្នាំ គឺជារឿងអយុត្តិធម៌។ លោកទាមទារតុលាការឱ្យលុបចោលបទចោទ ហើយរដ្ឋាភិបាល គួរតែលើកទឹកចិត្ត ចំពោះសកម្មភាពការពារបរិស្ថានរបស់ពួកគាត់។
បើទោះជារដ្ឋាភិបាលកម្ពុជា ចោទប្រកាន់សកម្មជនចលនាមាតាធម្មជាតិថា ជាអ្នកប្រព្រឹត្តបទល្មើសឧក្រិដ្ឋក្ដី ក៏សកម្មជនចលនាមាតាធម្មជាតិ ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ថា ជាវីរជនការពារបរិស្ថាន និងធនធានធម្មជាតិដ៏ស្វាហាប់ ហើយពួកគេទទួលបានពានរង្វាន់អន្តរជាតិចំនួនពីរ គឺពានរង្វាន់អ្នកការពារជួរមុខ ពីអង្គការ Front Line Defenders និងពានរង្វាន់ រ៉ាយ ឡាយលីហ៊ូត (Right Livelihood) ពីប្រទេសស៊ុយអែត (Sweden) ចំពោះភាពក្លាហាន និងការហ៊ានប្រថុយគ្រោះថ្នាក់ ដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិនៅប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។