តុលាការ​ក្រុង​ភ្នំពេញ​កោះហៅ​បេក្ខជន​តវ៉ា​លទ្ធផល​ប្រឡង​សិស្ស​ចៅក្រម​ម្នាក់​ ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​ពី​បទ​បរិហារ​បង្កាច់​កេរ្តិ៍ និង​ញុះញង់

0:00 / 0:00

តំណាង​​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​បេក្ខជន​តវ៉ា​លទ្ធផល​ប្រឡង​សិស្ស​ចៅក្រម​​ម្នាក់ ក្នុង​ចំណោម​ ៦​នាក់ ឲ្យ​ចូល​ខ្លួន​បំភ្លឺ ពាក់ព័ន្ធ​នឹង​បទ​ចោទ​មួយ​ចំនួន នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ​នេះ ដោយសារ​​លោក​បាន​បង្ហោះ​វីដេអូ​ឃ្លិប ​បង្ហាញ​​ភាព​មិន​ប្រក្រតី នៃ​ការ​ប្រឡង​ចូល​សិស្ស​ចៅក្រម ​កាល​ពី​ចុង​ឆ្នាំ​២០១៩។

លោក គង់ ប៊ុនរិទ្ធិ ដែល​រង​ការ​ចោទ​ប្រកាន់ ​ហៅ​ដីកា​កោះ​នោះ​ថា ជា​ចេតនា​គំរាម​​ ឲ្យ​​លោក​​បញ្ឈប់​សកម្មភាព​តវ៉ា។

បេក្ខជន​តវ៉ា​លទ្ធផល​ប្រឡង​សិស្ស​ចៅក្រម​ជំនាន់​ទី១០ លោក គង់ ប៊ុនរិទ្ធិ អះអាង​ថា វីដេអូ​ឃ្លិប ដែល​លោក ​បាន​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ប្រឡង​ចូល​សិស្ស​ចៅក្រម​ ជំនាន់​ទី១០ មិន​មែន​ជា​បទ​ល្មើស​ឡើយ តែ​គួរ​ជា​តម្រុយ​ ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ស៊ើប​អង្កេត​ករណី​នេះ។ ទោះ​យ៉ាង​ណា លោក គង់ ប៊ុន​រិទ្ធិ នឹង​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ នៅ​តុលាការ​តាម​ដីកា​កោះ និង​នៅ​តែ​បន្ត​ការ​ទាមទារ​ ឲ្យ​បង្ហាញ​តម្លាភាព​ លើ​សន្លឹក​កិច្ច​ការ​ និង​បង្ហាញ​​ពិន្ទុ ​សម្រាប់​លទ្ធផល​ប្រឡង​សិស្ស​ចៅក្រម ជំនាន់​ទី១០ នោះ៖ « យល់​ថា វា​ជា​ការ​អនុវត្ត​មួយ ដើម្បី​ជា​សារ​គំរាម​តាម​ប្រព័ន្ធ​តុលាការ​ណា​មួយ​នោះ តាម​ទស្សនៈ​របស់​ខ្ញុំ ខ្ញុំ​យល់​បែប​នោះ។ ប៉ុន្តែ​មិន​ដឹង​ថា ធាតុ​ពិត​មិន​ដឹង​ការ​អនុវត្ត​បែប​ណា​ទេ ខ្ញុំ​គ្រាន់​តែ​សង្ឃឹម​ថា មិន​មែន​ជា​ស្ថានភាព​បែប​ហ្នឹង​ទៅ​ចុះ ព្រោះ​ថា សកម្មភាព​ដែល​ខ្ញុំ​ធ្វើ​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ន័យ​មួយ​ថា ជួយ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​យើង​មាន​ភាព​ល្អ​ប្រសើរ​ឡើង។ ការ​ជ្រើស​រើស​ចៅក្រម ដែល​មិន​មាន​ភាព​ប្រក្រតី​ច្រើន​បែប​នេះ តើ​ចៅក្រម​ដែល​រើស​បាន​ ពិត​ជា​មាន​សមត្ថភាព​ដែរ​ឬ​ទេ ហើយ​បើ​ចៅក្រម​ដែល​មិន​មាន​សមត្ថភាព​ គាត់​ទៅ​ធ្វើ​ការ​របៀប​ម្ដេច បើ​ចៅក្រម​ម្នាក់ គាត់​ស៊ីញេ​មួយ​ខ្វាច់​ ដំ​ត្រា​មួយ​ប៉ូង កំណត់​ពី​វាសនា​មនុស្ស​មួយ​ក្រុម​ទៅ​ហើយ​នោះ»

តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឈ្មោះ សាយ ណូរ៉ា បាន​ចេញ​ដីកា​កោះ​​​២​ច្បាប់ កាល​ពី​ថ្ងៃ​ទី​២៩ មករា បង្គាប់​ឲ្យ​​ លោក គង់ ប៊ុន​រិទ្ធិ ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ នៅ​ថ្ងៃ​ទី១៤ កុម្ភៈ ចំនួន ៣បទ​ល្មើស​គឺ បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ បទ​បរិហារ​បង្កាច់​កេរ្តិ៍ និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង។

កាល​ពី​ថ្ងៃ​ទី២៦ ខែ​មករា លោក គង់ ប៊ុន​រិទ្ធិ បាន​បង្ហោះ​វីដេអូ​ឃ្លិប​មួយ ដោយ​អះអាង​ថា លោក​ទទួល​បាន​ព័ត៌មាន​ថា ភាព​មិន​ប្រក្រតី នៃ​ការ​ប្រឡង​ចូល​សិស្ស​ចៅក្រម​ជំនាន់​ទី១០ ដោយសារ​អំពើ​ពុក​រលួយ ព្រោះ​​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ​វង្ស វឌ្ឍនា បាន​​​ដាក់​បញ្ជា​ឲ្យ​មន្ត្រី ២នាក់ ត្រូវ​ប្រមូល​ប្រាក់​ឲ្យ​បាន​ពី​ការ​ប្រឡង​នេះ ឲ្យ​បាន​បី​លាន (៣.០០០.០០០) ដុល្លារ​អាមេរិក។ លោក​ ទទួល​ព័ត៌មាន​ថា ក្នុង​នោះ​មាន​ខ្លះ សូក​លុយ​ចន្លោះ​ពី ៨ម៉ឺន (៨០.០០០) ដល់ ១៥ម៉ឺន (១៥០.០០០) ដុល្លារ ហើយ​មាន​ខ្លះ​ទៀត សូក​លុយ​តាំង​ពី​មុន​ការ​ប្រឡង​កន្លះ​ឆ្នាំ​មក​ម្ល៉េះ៖ « សារ​នេះ គឺ​សរសេរ​ផ្ទាល់​ដៃ ផ្ញើ​មក​ពួក​យើង​ខ្ញុំ មាន ២ទំព័រ​ពេល​នេះ ខ្ញុំ​សូម​អាន ទី១ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ ក្នុង​វង់ក្រចក អង្គ​វង្ស វឌ្ឍនា បាន​ដាក់​ផែនការ​ ក្នុង​ការ​ប្រឡង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី១០ ត្រូវ​ប្រមូល​ប្រាក់​នៃ​ការ​ប្រឡង​នេះ ឲ្យ​បាន ៣លាន​ដុល្លារ ក្នុង​វង់​ក្រចក​ ហាង​ឆេង​មធ្យម​ តម្លៃ​៦​ម៉ឺន​ដុល្លារ​ក្នុង​ម្នាក់ បិទ​វង់​ក្រចក។ ៥០នាក់ នាំ​ឲ្យ​បាន​ ៦​ម៉ឺន ស្មើ​៣​លាន​ដុល្លារ។ បេសកកម្ម​នេះ​រដ្ឋ​មន្ត្រី បាន​ប្រគល់​ឲ្យ​ឯកឧត្ដម ផូវ សំភី អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន កិច្ច​ការ​រដ្ឋបាល​តុលាការ និង​ឯកឧត្ដម ប៊ុនយៃ ណារិទ្ធិ ជា​អ្នក​អនុម័ត ក្នុង​វង់​ក្រចក ទទួល​ប្រាក់ និង​មាន​សិទ្ធិ​សម្រេច​ថា អ្នក​ណា​ជាប់ ឬ​អ្នក​ណា​ធ្លាក់ បិទ​វង់​ក្រចក​មក​វិញ។ ចំណែក​រដ្ឋ​មន្ត្រី អង្គ វង្ស វឌ្ឍនា ចាំ​តែ​ស៊ីញេ​ប៉ុណ្ណោះ។ ២ ពេល​ឯកឧត្ដម ប៊ុនយ៉ៃ ណារិទ្ធិ និង​ឯកឧត្ដម ផូវ សំភី អនុវត្ត​ផែនការ​នេះ គឺ​មាន​ជំនួយ​ការ ៣នាក់​ទៀត ជា​អ្នក​ទទួល​ប្រាក់​ជំនួស»

លោក គង់ ប៊ុន​រិទ្ធិ អះអាង​ថា សំដី​ក្នុង​វីដេអូ​ឃ្លិប​របស់​លោក មិន​មែន​ជា​បទ​ល្មើស​ឡើយ ព្រោះ​ លោក​មិន​បាន​​បរិហារ​កេរ្តិ៍ ​មិន​បាន​ប្ដឹង​បរិហារ​បង្កាច់​កេរ្តិ៍​នរណា​ម្នាក់ និង​មិន​បាន​អំពាវនាវ​​ឲ្យ​រើស​អើង​នរណា​ម្នាក់​ឡើយ។ ដូច្នេះ លោក​ស្នើសុំ​ឲ្យ​តុលាការ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច យក​វីដេអូ​ឃ្លិប​នេះ ធ្វើ​ជា​តម្រុយ​ស៊ើប​អង្កេត​ករណី​ពុក​រលួយ និង​ភាព​មិន​ប្រក្រតី​នៃ​ការ​ប្រឡង​នោះ​ ហើយ​រក​យុត្តិធម៌​ឲ្យ​បេក្ខជន​ប្រឡង​ចូល​សិស្ស​ចៅក្រម ប្រសើរ​ជាង​ការ​ប្ដឹង​គំរាម​រូប​លោក។

ពាក់ព័ន្ធ​ដីកា​កោះ​នេះ អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹមឡុង បាន​ទេ នៅ​ថ្ងៃ​ទី៣ កុម្ភៈ ដោយសារ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល។ ឯ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន មិន​ទទួល​ទូរស័ព្ទ នៅ​ថ្ងៃ​ដដែល។

ទោះ​យ៉ាង​ណា រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គវង្ស វឌ្ឍនា និង​ គណៈកម្មការ​រៀបចំ​ការ​ប្រឡង​នៃ​រាជ​បណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ ធ្លាប់​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​កោះ​ហៅ​ទៅ​សាក​សួរ​ករណី​នេះ​ កាល​ពី​ខែ​ធ្នូ ឆ្នាំ២០១៩។ ក្រោយ​ការ​កោះ​ហៅ​សាកសួរ​នេះ​រួច ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍ បង្ហាញ​ភាព​ស្អាតស្អំ នៃ​ការ​ប្រឡង​នេះ​​​​ នៅ​​​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ២០១៩។

ប៉ុន្តែ​ក្រុម​បេក្ខជន​ យ៉ាង​ហោច​ណាស់ ៥នាក់ នៅ​តែ​មិន​សុខ​ចិត្ត​ចំពោះ​ការ​សម្រេច​នេះ។ នៅ​ដើម​ខែ​មករា ពួកគេ​បាន​ស្វះស្វែង​រក​អន្តរាគមន៍​បន្ថែម​ទៀត នៅ​ខុទ្ទកាល័យ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ការ​តវ៉ា​តាម​ការ​បញ្ចេញ​មតិ នៅ​លើ​បណ្ដាញ​សង្គម​របស់​ក្រសួង​យុត្តិធម៌​ជា​ដើម។ ក្រុម​​បេក្ខជន​ទាំង ៥នាក់ ទាមទារ​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​ប្រឡង បង្ហាញ​ពិន្ទុ​លើ​សន្លឹក​កិច្ចការ និង​ពិន្ទុ​លើ​សំណួរ​ផ្ទាល់​មាត់ របស់​បេក្ខជន​ប្រឡង​ទាំង​អស់ ដើម្បី​ផ្ទៀងផ្ទាត់ ឲ្យ​ប្រាកដប្រជា​ជាមួយ​គ្នា។

បេក្ខជន​តវ៉ា​លទ្ធផល​ប្រឡង​សិស្ស​ចៅក្រម​ម្នាក់​ទៀត សុំ​លាក់​ឈ្មោះ និយាយ​ថា លោក​​មិន​តក់​ស្លុត​ចំពោះ​​ដីកា​កោះ​ហៅ លោក គង់ ប៊ុនរិទ្ធិ ឡើយ។ ពួក​គេ នៅ​រក្សា​ជំហរ​ដដែល គឺ​ចង់​ឱ្យ​គណៈកម្មការ​រៀប​ចំ​ការ​ប្រឡង បង្ហាញ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​ជាមួយ​បេក្ខជន​ជ័យ​លាភី​​ទាំង ៥០នាក់ តាម​សំណើ ទើប​​អស់​ចិត្ត។ លោក​និយាយ​ថា ការ​តវ៉ា​នេះ មិន​មែន​ដោយសារ​លោក​ជម្នះ​ចង់​បាន​តំណែង​ចៅ​ក្រម​ទេ តែ​បើ​ការ​ប្រឡង​នេះ គ្មាន​យុត្តិធម៌ នឹង​បង្កើត​ឲ្យ​មាន​ចៅក្រម​សម្រេច​ក្ដី អយុត្តិធម៌​ទៅ​ថ្ងៃ​ក្រោយ៖ « ដើម្បី​ជ្រើសរើស​ធនធាន​មនុស្ស​ពិត​ប្រាកដ ទៅ​បម្រើ​ការងារ​នៅ​ក្នុង​វិស័យ​ច្បាប់​ណា ដើម្បី​ជាតិ​មាតុភូមិ​ណា​បង។ អា​ហ្នឹង ចំណុច​ហ្នឹង ខ្ញុំ​សំណូមពរ​ថា រឿង​នេះ វា​មិនមែន​រឿង​បុគ្គល​ម្នាក់ៗ​ទេ វា​ជា​រឿង​រួម​ទាំង​អស់​គ្នា អ៊ីចឹង​ណា ព្រោះ​អ្វី ពេល​ដែល​ផលិត​ចេញ​ទៅ ធម្មតា បើ​យើង​ផលិត​មនុស្ស​មិន​បាន​ល្អ ហើយ​ទៅ​បម្រើ​ការងារ​ក្នុង​វិស័យ​ហ្នឹង ពេល​សម្រេច​សេចក្ដី ក៏​វា​ទៅ​តាម​ហ្នឹង​ដែរ»

ការ​ប្រឡង​​ចូល​សិស្ស​ចៅក្រម​ជំនាន់​ទី១០ ធ្វើ​ឡើង ២ដំណាក់​កាល​គឺ ថ្ងៃ​ទី២៣ និង ២៤ ខែ​វិច្ឆិកា ជា​វិញ្ញាសា​សរសេរ។ ក្រោយ​មក​ទៀត គណៈកម្មការ​រៀបចំ​ការ​ប្រឡង​​បាន​សម្រាំង​​យក​បេក្ខជន​ជាង​មួយ​រយ (១០០) នាក់ ដើម្បី​បន្ត​វិញ្ញាសា​សំណួរ​ផ្ទាល់​មាត់ តាម​រយៈ​ការ​ចាប់​ឆ្នោត​សំណួរ។ ក្រោយ​បញ្ចប់​វិញ្ញាសា​ទាំង ២នេះ មាន​បេក្ខជន ៥០នាក់ ទទួល​បាន​លទ្ធផល​ជាប់ និង​បាន​ចូល​រៀន​ជា​សិស្ស​ចៅក្រម ជំនាន់​ទី១០ នៅ​សាលា​ភូមិន្ទ​ចៅក្រម នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ ហើយ​ពួក​គេ​នឹង​ក្លាយ​ជា​ចៅក្រម ឬ​ព្រះរាជអាជ្ញា នៅ​តាម​សាលា​ជម្រះ​ក្ដី ក្រោយ​បញ្ចប់​ការសិក្សា​រយៈ​ពេល ២ឆ្នាំ។

អ្នក​ឃ្លាំមើល​សង្កេត​ឃើញ​ថា ការ​ប្រឡង​ចូល​បម្រើ​​ការងារ​ជា​មន្ត្រី​រាជការ ជា​ពិសេស មុខងារ​សំខាន់ៗ ជា​ចៅក្រម ព្រះរាជអាជ្ញា កន្លង​មក តែង​លេច​លឺ​ពី​ភាព​មិន​ប្រក្រតី​ គ្មាន​តម្លាភាព ​​អំពើ​ពុក​រលួយ និង​បក្ខពួក​និយម ដោយសារ​ការ​មិន​ព្រម​ដោះ​ស្រាយ​បញ្ហា​មិន​ទុក​ចិត្ត​របស់​បេក្ខជន​ប្រឡង។

ប្រធាន​សមាគម​គ្រួ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី យល់​ថា ការ​ចេញ​ដីកា​កោះ​ហៅ​បេក្ខជន​តវ៉ា​ការ​ប្រឡង​សិស្ស​ចៅក្រម មិន​មែន​ជា​ដំណោះ​ស្រាយ​ល្អ​ទេ តែ​ជា​ការ​បំបាក់​ស្មារតី បង្កើត​ភាព​អាម៉ាស់ ឲ្យ​ស្ថាប័ន​តុលាការ​ទៅ​វិញ​ទេ។ អ្នកស្រី​យល់​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច គួរ​តែ​បង្ហាញ​ដំណោះ​ស្រាយ​ឲ្យ​បេក្ខជន​ប្រឡង​ទាំង​អស់ ទទួល​យក​បាន​ ទើប​ពួក​គេ​អស់​ចិត្ត និង​ជា​​​ដំណោះ​ស្រាយ​ល្អ៖ « ខាង​កម្ចាត់​អំពើ​ពុក​រលួយ​ហ្នឹង ត្រូវ​ស៊ើប​អង្កេត​រឿង​ហ្នឹង ឲ្យ​មែន​ទែន​ កុំ​ឲ្យ​រឿង​ហ្នឹង វា​កាន់​តែ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង ​ធ្លាក់​ទៅ​ក្នុង​អំពើ​ពុក​រលួយ​ហ្នឹង ដល់​កម្រិត​ គេ​ដាក់​នៅ​ក្នុង​បញ្ជី​ខ្មៅ​ណា។ នេះ ត្រូវ​តែ​ស្រាវជ្រាវ​នៅ​ក្នុង​រឿង​ហ្នឹង»

របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ (TI) បាន​ចេញ​ផ្សាយ កាល​ពី​ឆ្នាំ២០១៩ បង្ហាញ​ថា ប្រទេស​កម្ពុជា ទទួល​បាន ២០ពិន្ទុ ជា​ពិន្ទុ​ទាប និង​មាន​ចំណាត់​ថ្នាក់ ទី១៦១ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៨០ ដែល​មាន​អំពើ​ពុក​រលួយ​ខ្ពស់។ របាយការណ៍​ដដែល​បង្ហាញ​ថា ប្រទេស​កម្ពុជា​មាន​ស្ថានភាព​អំពើ​ពុករលួយ​ខ្លាំង ក្នុង​ចំណោម​ប្រទេស​អាស៊ាន គឺ​ប្រដំប្រសង​គ្នា ជាមួយ​ប្រទេស​ឡាវ ហើយ​ស្ថាប័ន​​ដែល​មាន​ចំណាត់​ថ្នាក់​អំពើ​ពុក​រលួយ​ខ្លាំង​ជាង​គេ គឺ​ ក្នុង​ប្រព័ន្ធ​តុលាការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។