នគរបាល​ផ្សា​ដេប៉ូ​១ រួចខ្លួន​ពី​ច្បាប់ ក្រោយ​ព្រួត​ប្រើ​ហិង្សា​លើ​យុវជន​ម្នាក់

ដោយ សន ចាន់រដ្ឋា
2019-02-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប៉ូលិស​​ផ្សារ​ដេប៉ូ ១ ចាប់​​​​ដៃ​ជនស៊ីវិល​ក្រពាត់​ស្លាប​សេក​ទៅ​ក្រោយ ហើយ​​ព្រួត​គ្នា​វាយ ដោយ​ប៉ូលិស​អាវកាក់​ស​​ទះតប់​នឹង​ដៃ ឯ​ប៉ូលិស​ខាង​ឆ្វេង​​ដៃ​វាយ​នឹង​ដំបង កាល​ពី​យប់​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ២០១៩។
ប៉ូលិស​​ផ្សារ​ដេប៉ូ ១ ចាប់​​​​ដៃ​ជនស៊ីវិល​ក្រពាត់​ស្លាប​សេក​ទៅ​ក្រោយ ហើយ​​ព្រួត​គ្នា​វាយ ដោយ​ប៉ូលិស​អាវកាក់​ស​​ទះតប់​នឹង​ដៃ ឯ​ប៉ូលិស​ខាង​ឆ្វេង​​ដៃ​វាយ​នឹង​ដំបង កាល​ពី​យប់​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ២០១៩។
Screenshot ពី​ហ្វេសប៊ុក​បណ្ឌិត នាង ប៊ុនធឿន

ស្នងការ​នគរបាល​ជាតិ ឱ្យ​ដឹង​ថា នគរបាល​ផ្សារ​ដេប៉ូ​១ គ្មាន​កំហុស​នោះ​ទេ ក្នុង​ករណី​ចាប់​ក្រៀក​យុវជន​ម្នាក់ ហើយ​ប្រើ​អំពើ​ហិង្សា​វាយដំ បណ្ដាល​ឱ្យ​ល្បី​រន្ទឺ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) កាលពី​ខែ​មុន​នោះ។ ប៉ុន្តែ​មន្ត្រី​សិទ្ធិមនុស្ស​យល់ថា ការ​បណ្ដោយ​ឱ្យ​នគរបាល ដែល​ប្រព្រឹត្ត​ខុសច្បាប់ រួចខ្លួន​បែបនេះ​គឺជា​គំរូ​អាក្រក់​មួយ និង​ហាក់​ដូចជា​លើកទឹកចិត្ត​ឱ្យ​ករណី​បែប​នេះ​កើត​ឡើង​ញឹកញាប់។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន មាន​ប្រសាសន៍​ថា នគរបាល​ផ្សារ​ដេប៉ូ​១ មិនបាន​ប្រព្រឹត្ត​ខុស​រហូតដល់​ដាក់​ពិន័យ និង​ប្រឈម​ផ្លូវច្បាប់​នោះ​ទេ បន្ទាប់ពី​អង្គភាព​របស់​លោក​បាន​ធ្វើការ​ស្រាវជ្រាវ​រួចរាល់។

លោក ឆាយ គឹមខឿន បន្ត​ថា មូលហេតុ​ដែល​ក្រុម​នគរបាល​ផ្សារ​ដេប៉ូ​១ ប្រើ​ហិង្សា​លើ​យុវជន​ម្នាក់​នោះ ព្រោះ​យុវជន​នោះ​មាន​កាំបិត​ក្នុង​ដៃ និង​ដេញ​ចាក់​អ្នកដទៃ ទើប​នគរបាល​ប្រើ​កម្លាំង​បង្ក្រាប​ខ្លះ៖ «វា​តដៃ​ហើយ​យក​កាំបិត ចាក់​គេ គឺ​ធម្មតា​គេ​ត្រូវ​បង្ក្រាប​អ៊ីចឹង​ខ្លះ​ហើយ​។ មើល​ប៉ូលិស​អាមេរិក វាយ​ខ្នោះ​ជាន់ក​ជាប់​ថ្នល់​អីវិន​នោះ​។ គេ​អត់​យក​អា​ឃ្លិប​ដំបូង​មក​ភ្ជាប់​ទេ ពេល​វា​ដេញ​ចាក់​គេ ដេញ​កាប់​គេ​ពេញ​ហ្នឹង ហើយ​កាត់​តែ​កន្លែង​ប៉ូលិស ក្លេ​វាយ​ប៉ុន្មាន​ដៃ​ហ្នឹង​មក​បង្ហោះ​ហើយ​ថា ប៉ូលិស​អាក្រក់​អញ្ចេះ អញ្ចោះ.. វាយ​ប្រជា​ពលរដ្ឋ។ តាមពិត គេ​បង្ក្រាប​តើ ! អា​វីដេអូ​នោះ ថត​តែមួយ​កំណាត់​ហើយ​អា​កំណាត់​មុន​អត់​ថត»

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​នាយ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដេប៉ូ​១ ប៉ុន្តែ លោក​មិន​ទទួល​ទូរស័ព្ទ។

កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៩ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម បាន​ចែកចាយ​ព្រោងព្រាត​នូវ​វីដេអូ​ឃ្លិប​រយៈពេល​១៧ វិនាទី បង្ហាញ​ពី​សមត្ថកិច្ច នគរបាល​ម្នាក់​ចាប់ដៃ​យុវជន​ម្នាក់​ពាត់​មក​ក្រោយ​ខ្នង ហើយ​នគរបាល ២​នាក់​ទៀត ព្រួត​វាយដំ​យុវជន​នោះ​យ៉ាង​ដំណំ ដោយ​ប្រើ​ដំបង​ផង ជង្គង់​ផង កែង​ផង និង​កណ្ដាប់​ដៃ​ផង​រហូតដល់​យុវជន​នោះ​ទ្រោម​ខ្លួន​និង​បែក​ឈាម។ ចំណែក​នគរបាល​ម្នាក់ទៀត​ស្ពាយ​កាំភ្លើង ឈរ​ការពារ​ក្បែរ​អំពើ​ហិង្សា​នោះ។

នាយ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដេប៉ូ​១ ធ្លាប់​សារភាព​ថា ពួកគាត់​ពិតជា​បាន​ប្រើ​អំពើ​ហិង្សា​លើ​យុវជន​ម្នាក់​ដូច​ការ​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក មែន នៅ​យប់​ថ្ងៃ​ទី​១៤ ខែ​មករា ប៉ុន្តែ​ការ​ប្រើ​ហិង្សា​នោះ លោក​អះអាង​ថា ដើម្បី​ការពារ​ខ្លួន​ប៉ុណ្ណោះ ព្រោះ​យុវជន​នោះ មាន​កាំបិត​ក្នុង​ដៃ ខ្លាច​ចាក់​ពួក​លោក​ស្លាប់ គ្មាន​អ្នកណា​ទទួលខុសត្រូវ។

លោក​បញ្ជាក់​ថា ការ​ប្រើ​អំពើ​ហិង្សា​នោះ កើតឡើង​ដោយសារ​ឪពុកម្ដាយ​យុវជន​នោះ មក​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ជួយ​ឃាត់ និង​អប់រំ​កូន​ឈ្មោះ ឆាយ ហេង អាយុ​២៤ ឆ្នាំ​រស់នៅ​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌ​ទួលគោក ដែល​មាន​សតិ​មិនសូវ​ល្អ​និង​រក​រឿង​ក្នុង​គ្រួសារ។

អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការ​ការពារ​ខ្លួន​ស្របច្បាប់ គឺជា​គោលការណ៍​ការពារ​ខ្លួន​សមស្រប ឬ​ដោយ​កម្លាំង​សមាមាត្រ​គ្នា ប៉ុន្តែ​ក្នុង​វីដេអូ​ឃ្លិប​នោះ គឺ​បង្ហាញ​ថា សមត្ថកិច្ច​មាន​កម្លាំង​លើសលប់ និង​បាន​ចាប់ខ្លួន​យុវជន​នោះ​រួច​ទៅ​ហើយ ដូច្នេះ​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​នោះ​ទេ​។ លោក​សម្ដែង​ការ​សោកស្ដាយ និង​យល់​ឃើញ​ថា ការដែល​ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ មិនបាន​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​លើ​លើ​មន្ត្រី​ថ្នាក់ក្រោម​ដែល​បំពាន់​ច្បាប់​បែបនេះ គឺ​ហាក់​ដូចជា​បណ្ដោយ​ឱ្យ​មាន​អំពើ​បំពាន​ច្បាប់ អំពើ​និទ្ទណ្ឌភាព និង​កាន់តែ​ឱ្យ​ប្រជាពលរដ្ឋ​បាត់បង់​ជំនឿ​លើ​អ្នក​អនុវត្ត​ច្បាប់​បន្ថែម​ទៀត៖ «បាទ​!​វា​គឺជា​គំរូ​អាក្រក់​មួយ​ដែល​មិន​គួរណា​កើតឡើង​ហើយ យើង​អត់​ចាត់វិធានការ​ទេ ព្រោះ​អាច​ធ្វើ​ឱ្យ​បាត់បង់ នូវ​តម្លៃ​ទៅលើ​មន្ត្រី​សមត្ថកិច្ច​ដែល​គេ​អនុវត្ត​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់ ហើយ​គេ​មិន​ពេញចិត្ត​ចំពោះ​ការប្រព្រឹត្ត​ខុស​របស់​មន្ត្រី​រូប​នោះ។ ម្យ៉ាងទៀត​កាលណា​អត់​ចាត់វិធានការ​អ៊ីចឹង ធ្វើ​ឱ្យ​មន្ត្រី​ផ្សេងៗ​ទៀត យក​គំរូ​តាម​ថា ការប្រព្រឹត្ត​បែបនេះ​ដូចជា​មិន​មាន​ទោស​ទណ្ឌ​អី​ផង ហើយ​បន្ត ធ្វើ​ទង្វើ​ខុសច្បាប់​តទៅទៀត»

អ្នក​ជំនាញ​ផ្នែក​ច្បាប់ និង​ជា​មេធាវី​ចាស់​វស្សា លោក សុក សំអឿន មាន​ប្រសាសន៍​ថា ក្នុង​ករណី​នេះ ប្រសិនបើ​ខាង​ស្នងការ​នគរបាល មិន​ចាត់វិធានការ​តាមច្បាប់​នោះ​ទេ គឺ​ខាង​ព្រះរាជអាជ្ញា​ដែល​តំណាង​ឱ្យ​រដ្ឋ ត្រូវ​មាន​តួនាទី​ចាត់វិធានការ​ការពារ​ច្បាប់​រដ្ឋ ដើម្បី​បង្ការ កុំ​ឱ្យ​មាន​អំពើ​បំពាន​ច្បាប់​បែបនេះ​ទៀត ទោះបី​ពុំ​មាន​បណ្ដឹង​ក៏​ដោយ​ចុះ​។ លោក​មេធាវី​បញ្ជាក់​ថា ក្នុង​ច្បាប់​កម្ពុជា ពុំ​អនុញ្ញាត​ឱ្យ​សមត្ថកិច្ច ប្រើ​កម្លាំង​បង្ក្រាប​ទៅលើ​ជន​ណា​ម្នាក់​ដែល​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​របស់​សមត្ថកិច្ច ឬ​ដែល​លែង​អាច​តដៃ​បាន​នោះ​ទេ ប៉ុន្តែ​លោក​ថា មូលហេតុ ដែល​សមត្ថកិច្ច​តែងតែ​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ ឬ​ជនសង្ស័យ​នោះ គឺ​ដោយសារ​ពួកគេ​មិនសូវ​យល់ដឹង​ពី​ច្បាប់ និង​តែងតែ​រួចខ្លួន​ពី​សំណាញ់​ច្បាប់ ព្រមទាំង​ទំនងជា​ទម្លាប់​អាក្រក់​ដែល​បន្សល់​មកពី​របប​ខ្មែរក្រហម​ផង​ដែរ៖ «បើ​និយាយ​ពី​ការ​ការពារ​ខ្លួន បើ​សិន​បើ​មនុស្ស​នោះ បាត់បង់​ភាព​តបត​ដូច​ថា​ប៉ូលិស​ចាប់​បាន​ហើយ ចង​ហើយ ឬក៏​ដាក់​ខ្នោះ​ហើយ​ឬក៏​ចាប់​ក្រៀក​ហើយ​អ៊ីចឹង បែរជា​យើង​ទៅ​ប្រើ​កម្លាំង​វាយ​អីចឹង គឺ​មិនមែន​ជា​ការ​ការពារ​ខ្លួន​ទៀត​ទេ វា​ទៅជា​ការ​វាយ​ធ្វើបាប​វិញ។ បើ​ការ​វាយ​ធ្វើបាប​នោះ​វា​ឃោរឃៅ គឺ​ក្នុង​ច្បាប់​មានទោស​ពី​បទ​ឃោរឃៅ​ដែល​អាច​ជាប់ទោស​ច្រើន​ឆ្នាំ​ពី ៧ ដល់ ១៥​ឆ្នាំ ហើយ​បើ​វាយ​សួរចម្លើយ​ទៀត គឺ​មាន​ទោស​ពី​បទ​ធ្វើ​ទារុណកម្ម។ បើ​យើង​និយាយ​ពី​រឿង​ទូទៅ ..​ព្រះរាជអាជ្ញា​គឺជា​អ្នកទទួលខុសត្រូវ ថា​តើ​មានការ​ខុសច្បាប់​ឬ​អត់​?»

ចំពោះ​ករណី​នេះ ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឆ្លើយតប​តាម​បណ្ដាញ​សង្គម​តេឡេក្រាម​(Telegram) យ៉ាង​ខ្លី​ថា អ្នកនាំពាក្យ​តុលាការ​មិនមែន​ជា​អ្នកបកស្រាយ​ច្បាប់​នោះ​ទេ និង​ម្យ៉ាងទៀត​អ្នកសារព័ត៌មាន​ក៏​មិនមែន​ជា​ភាគី​នៃ​រឿង​ក្តី​ដែល​ត្រូវ​ចូលរួម​ជាមួយ​នឹង​ចំណាត់ការ​រឿង​ក្តី​របស់​តុលាការ​នោះ​ដែរ។

ចំណែក​លោក​មេធាវី សុក សំអឿន សម្ដែង​ការ​សោកស្ដាយ​ដែល​ព្រះរាជអាជ្ញា​មិនបាន​បំពេញ​តួនាទី​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ ប៉ុន្តែ​បែរជា តែងតែ​លើក​ហេតុផល​ផ្សេងៗ​ទៅវិញ​។ លោក​សង្កេត​ឃើញ​ថា កន្លងទៅ​ទាល់តែ​មាន​ប្រតិកម្ម​ខ្លាំងៗ​ពី​ប្រជាពលរដ្ឋ និង​មានការ​ប្រកូក​ប្រកាស​ផ្ទាល់​ពី​ថ្នាក់លើ ទើប​ព្រះរាជអាជ្ញា​ចេញ​មុខ​ធ្វើការ បើ​ពុំ​នោះ​ទេ​ពួកគេ​ពុំ​ធ្វើការ​របស់​ខ្លួន​ឡើយ។

ករណី​មន្ត្រី​សមត្ថកិច្ច​ប្រើ​អំពើ​ហិង្សា​ទាំង​បំពាន​ច្បាប់​លើ​ប្រជាពលរដ្ឋ ឬ​ជនសង្ស័យ​នេះ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា កើតមាន​ជា​ញឹកញ៉ាប់ នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​៨ ខែ កុម្ភៈ​ថ្មីៗ​នេះ ក៏​មាន មន្ត្រី​នគរបាល​ប្រឆាំង​គ្រឿងញៀន​មួយ​ក្រុម ព្រួត​ចាប់ និង​ប្រើ​ហិង្សា​លើ មន្ត្រី​ក្រសួង​ធនធាន​ទឹក​ម្នាក់​ឈ្មោះ​ឡាយ ប៊ុនថូ ដោយ ច្រឡំ​ថា មន្ត្រី​រូប​នេះ ពាក់ព័ន្ធ​គ្រឿងញៀន។ ចំណែក​កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា កងកម្លាំង សមត្ថកិច្ច​ចម្រុះ ៣​រយ​នាក់ បាន​បើក​ការ​បាញ់​ប្រហារ​ដោយ​កាំភ្លើង​គ្រាប់​ពិត និង​ចាប់ចង​អ្នក​តវ៉ា​ដីធ្លី​រួច​ប្រើ​អំពើ​ហិង្សា​យ៉ាង​ឃោរឃៅ បណ្ដាល​ឱ្យ ពលរដ្ឋ​ម្នាក់​រង​របួស​ធ្ងន់​ដោយ​គ្រាប់កាំភ្លើង និង​ជាច្រើន​នាក់​ទៀត​រង​របួស ដោយ​ការ​ប្រើ​ហិង្សា នៅ​ក្នុង​ការអនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល លើ​ដី​មាន​វិវាទ​មួយ​កន្លែង​ស្ថិតនៅ​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

មាត្រា​២១០​នៃ​ក្រមព្រហ្មទណ្ឌ​ចែងថា ទារុណកម្ម​ឬ​អំពើ​ឃោរឃៅ ដែល​ប្រព្រឹត្ត​ទៅលើ​បុគ្គល​ណាមួយ​នោះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧​ឆ្នាំ ដល់​១៥​ឆ្នាំ​។ លើស​ពី​នេះ ប្រសិនបើ​ការ​ការប្រព្រឹត្ត​អំពើ​ទារុណកម្ម និង​អំពើ​ឃោរឃៅ​បែបនេះ លើ​បុគ្គល​ទន់ខ្សោយ​ដោយ​មូលហេតុ​នៃ​អាយុ លើ​ស្ត្រី​មានគភ៌ ឬ​លើ​បុគ្គល​ទន់ខ្សោយ​ពិសេស​ដោយហេតុ​នៃ​ជំងឺ ឬ​ពិការ​ភាព អាច​ផ្ដន្ទាទោស​ចាប់ពី ១០​ឆ្នាំ ទៅ ២០​ឆ្នាំ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល