តុលាការរបបក្រុងភ្នំពេញ បើកសវនាការជំនុំជម្រះសំណុំរឿងថ្មីមួយទៀតរបស់ប្រធានស្ដីទី គណបក្សសង្គ្រោះជាតិ ជាមួយនឹងមន្ត្រីបក្សប្រឆាំង៣នាក់ផ្សេងទៀត នៅថ្ងៃទី២ ខែតុលា ពាក់ព័ន្ធ នឹងករណីបង្ហោះសារប្រមាថលោក ហ៊ុន សែន និង ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ តុលាការ គ្រោងនឹងប្រកាសសាលក្រម នៅថ្ងៃទី១៨ ខែតុលា។ មេធាវី និងសង្គមស៊ីវិល ថា ប្រសិនបើ តុលាការកាត់ក្តីដោយវិជ្ជាជីវៈត្រឹមត្រូវ គឺតុលាការនឹងទម្លាក់ចោលសំណុំរឿងនេះ។
បន្ទាប់ពីបើកសវនាការសួរដេញដោលពេញមួយព្រឹក ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានី ភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បានសម្រេចលើកពេលប្រកាសសាលក្រមលើសំណុំរឿងលោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំង៣នាក់ទៀត ទៅថ្ងៃទី១៨ ខែតុលាវិញ។ តុលាការបានចោទលោក សម រង្ស៊ី លោក ហូ វ៉ាន់ និង លោក កាក់ កុម្ភារ ពីបទផ្តើមគំនិតក្នុងអំពើប្រមាថ និងញុះញង់ឱ្យប្រព្រឹត្តបទ ឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ពីខែមេសា ដល់ខែតុលាឆ្នាំ២០១៨ ។ ចំណែកសកម្មជន គណបក្សសង្គ្រោះជាតិប្រចាំខេត្តស្វាយរៀង លោក គង់ ម៉ាស់ ត្រូវបានចោទប្រកាន់ពីបទប្រមាថ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍តាមបញ្ជារបស់លោក សម រង្ស៊ី និងលោក ហូរ វ៉ាន់។
ក្នុងសំណុំរឿងនេះមានតែលោក គង់ ម៉ាស់ ម្នាក់ប៉ុណ្ណោះដែលសមត្ថកិច្ចចាប់ខ្លួន ហើយបង្ហាញវត្តមានក្នុងតុលាការជាមួយមេធាវី ចំណែកលោក សម រង្ស៊ី លោក ហូរ វ៉ាន់ និងលោក កាក់ កុម្ភារ កំពុងរស់នៅនិរទេសនៅក្រៅប្រទេស ហើយមិនបានពឹងពាក់មេធាវីនោះទេ។
ក្នុងបន្ទប់សវនាការ ចៅក្រមជំនុំជម្រះ លោក ពេជ្រ វិជ្ជាធរ និងព្រះរាជអាជ្ញារង លោក សេង ហៀង បានចោទសួរលោក គង់ ម៉ាស់ អំពីការបង្ហោះសារលើហ្វេសប៊ុកដែលមានខ្លឹមសារិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន រឿងព្រៃឈើ រឿងបោះឆ្នោត និងរឿងរំលាយគណបក្សសង្គ្រោះជាតិជាដើម។ លោក គង់ ម៉ាស់ ឆ្លើយតបថា លោក គ្រាន់តែរិះគន់ក្នុងន័យស្ថាបនាប៉ុណ្ណោះ ហើយលោក ស្នើសុំឱ្យតុលាការទម្លាក់ចោទការចោទប្រកាន់នេះ ព្រោះលោក មិនបានទទួលបញ្ជាពីថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ក្នុងការសរសេររិះគន់ឬប្រមាថរដ្ឋាភិបាលឡើយ។ បន្ទាប់មកតុលាការ ក៏បន្តចោទសួរសកម្មជនបក្សប្រឆាំងរូបនេះ ជុំវិញគម្រោងបោះពុម្ភខិត្តប័ណ្ណ១០ម៉ឺនសន្លឹក ដើម្បីយកទៅបាចនៅខេត្តស្វាយរៀង កុំឱ្យពលរដ្ឋចេញទៅបោះឆ្នោត កាលពីខែកក្កដាឆ្នាំ២០១៨។ លោក គង់ ម៉ាស់ អះអាងថា ខិត្តប័ណ្ណនេះមិនបានបោះនោះទេ ដោយសារគ្មានថវិកាផង និងដឹងថា វាជារឿង ខុសច្បាប់ផង ទើបលោករំលាយគម្រោងនេះចោលវិញ។
មេធាវីការពារក្តីឱ្យលោក គង់ ម៉ាស់ គឺលោក សំ សុគង់ ប្រាប់អាស៊ីសេរីក្រោយសវនាការថា តុលាការ មិនមានសាក្សីនិងភស្តុតាំងគ្រប់គ្រាន់ក្នុងការចោទប្រកាន់កូនក្តីរបស់លោកឡើយ។ លោក បន្ថែមថា កូនក្តីរបស់លោកមិនបានទទួលបញ្ជាពីមេដឹកនាំដឹកនាំគណបក្សប្រឆាំងនោះទេ។ លោកថា សារដែលោក គង់ ម៉ាស់ បង្ហោះលើហ្វេសប៊ុក គ្រាន់តែជាការបញ្ចេញមតិស្របតាមច្បាប់ មិនមែន ជាការប្រមាថនិងញុះញង់ដូចការចោទប្រកាន់នោះឡើយ៖ «យើងឃើញក្នុងសវនាការមានចៅក្រមជំនុំជម្រះ និងតំណាងអយ្យការហាក់ដូចជាដាក់សំណួរដើម្បីដាក់បន្ទុកច្រើនជាងការដោះបន្ទុក មិនដូចជាគោល ការណ៍ច្បាប់ដែលថា ការសួរដើម្បីស្វែងរកការពិត។ទាកទងនឹងសំណួរក៏ដូចជាសកម្មភាពក្នុងពេល ដេញដោលនិងបង្ហាញភស្តុតាំងផ្សេងៗនេះ ខ្ញុំសង្ឃឹមថា កូនក្តីរបស់ខ្ញុំបាទ ប្រហែលជាមិនមាន លទ្ធផលល្អឬក៏មិនអាចរួចផុតពីបទចោទ ព្រោះរឿងនេះវាពាក់ព័ន្ធនឹងរឿងនយោបាយផងដែរ។ មានទិដ្ឋភាពពីរទី១ បើផ្អែកតាមច្បាប់ យើងឃើញថា មិនមានភស្តុតាំងឬមិនមានបទញុះញង់ ឬប្រមាថទេ ប៉ុន្តែ បើទិដ្ឋភាពនយោបាយគឺមិនអាចរួចផុតពីបទចោទទេ»។
អ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ដើមហេតុនៃរឿងរ៉ាវនេះ គឺផ្តើមចេញពីរឿងនយោបាយ ដូច្នេះករណីនេះមិនមែនជាការអនុវត្តច្បាប់នោះទេ។ លោក ស្នើសុំឱ្យ គណបក្សកាន់អំណាច និងគណបក្សប្រឆាំង គួរតែដោះស្រាយវិបត្តិនយោបាយដើម្បីកុំឱ្យប្រជាពលរដ្ឋរងគ្រោះ សេដ្ឋកិច្ចធ្លាក់ចុះ និងខូចមុខមាត់ប្រទេសជាតិនៅលើឆាកអន្តរជាតិ៖ «ការចោទប្រកាន់វាមានរូបភាពនយោបាយទាំងអស់ ព្រោះបើយើងមើលពិនិត្យមើលសាររបស់អ្នកទាំងអស់នោះ គឺភាគច្រើនគាត់សម្ដែងអំពីមតិដែល ពាក់ព័ន្ធនឹងសកម្មភាពផ្នែកនយោបាយដែលជាទូទៅអ្នកនយោបាយមានសិទ្ធិធ្វើការសម្ដែងមតិ ដើម្បីកៀរគររកការគាំទ្រគណបក្ស ឬរៀងៗខ្លួនអ៊ីចឹងទៅ។ ដូច្នេះបើយើងប្រៀបធៀបទៅលើអំពើ ល្មើសច្បាប់នេះ គឺគេគិតថា វាជាភាគរយមួយដែលពិបាកឱ្យសហគមន៍ជាតិនិងអន្តរជាតិគេជឿជាក់ថា វាជាការអនុវត្តច្បាប់ណាស់។ ម្លោះហើយទើបបានជាមានការរិះគន់ទៅលើចំណាត់ការទាំង អស់នេះ»។
របបក្រុងភ្នំពេញ បានចាប់ខ្លួនលោក គង់ ម៉ាស់ ដែលជាអនុប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្ម និងជាសមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ដែលមកដល់ពេលនេះមានរយៈពេលជិត១០ ខែហើយ។ ក្រៅពីលោក គង់ ម៉ាស់ មានសកម្មជនបក្សប្រឆាំងចំនួន២៩ នាក់ផ្សេងទៀតកំពុងជាប់ឃុំ និង១៦៥ នាក់ផ្សេងទៀត ត្រូវបានតុលាការ និងសមត្ថកិច្ចកោះហៅទៅសាកសួរពាក់ព័ន្ធនឹងការចោទប្រកាន់ថា ធ្វើសកម្មភាពប្រឆាំង និងប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល ស្របពេលសកម្មជនសង្គ្រោះជាតិជាច្រើននាក់ផ្សេងទៀតរត់ភៀសខ្លួនទៅកន្លែងមានសុវត្ថិភាព គេចចេញពីការតាមយាយីរបស់អាជ្ញាធររបបក្រុងភ្នំពេញ។
រីឯមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី វិញ កំពុងជាប់បណ្ដឹងនៅតុលាការចំនួន ១៥ករណីហើយ ដោយក្នុងនោះ ៨ករណី មានសាលក្រមស្ថាពរ។ ទោះជាយ៉ាងណា លោក សម រង្ស៊ី ធ្លាប់បញ្ជាក់រួចហើយថា លោកមិនខ្វល់នឹងការប្ដឹងផ្ដល់ទាំងនេះឡើយ ព្រោះលោកអះអាងថា តុលាការកម្ពុជាបច្ចុប្បន្នជាតុលាការអាយ៉ង ដែលរង់ចាំស្ដាប់តាមតែបញ្ជាលោក ហ៊ុន សែនប៉ុណ្ណោះ។
អ្នកឃ្លាំមើលបញ្ហានយោបាយ យល់ថា ចំណាត់ការរបស់តុលាការរបបក្រុងភ្នំពេញលើក្រុមមេដឹកនាំ និងសកម្មបក្សប្រឆាំងនាពេលថ្មីៗនេះ គឺជាការបន្ថែមសម្ពាធកុំឱ្យលោក សម រង្ស៊ី វិលចូលស្រុកវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។