សង្គម​ស៊ីវិល​ស្នើសុំ​ឱ្យ​បង្ហាញ​បញ្ជី​ឈ្មោះ​លើកលែងទោស​ដល់​ទណ្ឌិត​មុន​ពេល​ចូលឆ្នាំ​ខ្មែរ

មន្ត្រី​សង្គម​ស៊ីវិល​ស្នើសុំ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បង្ហាញ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ដែល​ត្រូវ​ក្រសួងយុត្តិធម៌​ស្នើ​លើកលែង​ឬ​បន្ធូរបន្ថយ​ទោស​នៅ​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ។ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក កើត រទ្ធ អះអាង​ថា គណៈកម្មការ​ជាតិ​បាន​ប្រជុំ​សម្រេច​រួចហើយ តែ​លោក​មិន​បាន​បញ្ជាក់​ថា មាន​អ្នក​ទោស និង​ទណ្ឌិត​ប៉ុន្មាន​​នាក់​នឹង​ត្រូវ​លើកលែងទោស និង​បន្ធូរ​បន្ថយ​ទោស​នោះ​ទេ។

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា បញ្ជាក់​ថា អ្នកទោស​ដែល​កំពុង​ជាប់​ពន្ធនាគារ​រយៈពេល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គឺ​យូរ​ណាស់ សម្រាប់​ពួកគេ​ដែល​ទន្ទឹង​រង់ចាំ​មាន​ឱកាស​មាន​ពិធីបុណ្យ​ជាតិ​ធំៗ​ម្តងៗ ដើម្បី​ទទួល​បាន​ទទួល​ការ​លើកលែង​ទោស​នឹង​បន្ធូរ​បន្ថយ​ទោស និង​បាន​វិលត្រឡប់​ទៅ​ជួបជុំ​គ្រួសារ​ក្នុង​ពេល​បុណ្យ​ចូលឆ្នាំ។

លោក​បញ្ជាក់​ថា លោក​មិន​បាន​ដឹង​ហេតុផល​ចំពោះ​ភាព​យឺតយ៉ាវ​ក្នុង​ការ​បង្ហាញ​បញ្ជី​ឈ្មោះ​អ្នកទោស​សម្រាប់​ឆ្នាំនេះ​ថា បណ្ដាល​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ។

លោក​ស្នើ​សុំ​ឱ្យ​ស្ថាប័ន​ពាក់​ពាក់​គួរតែ​ពន្លឿន​ករណី​នេះ ដើម្បី​បញ្ចប់​នូវ​មន្ទិលសង្ស័យ​នានា​ចំពោះ​អ្នកទោស​ដែល​កំពុង​ជាប់​ក្នុង​មន្ទីរឃុំឃាំង​ដែល​ទន្ទឹង​រង់ចាំ​សេរីភាព៖ «អ៊ីចឹង​ហើយ​យើង​ចង់​ឱ្យ​ខាង​រដ្ឋាភិបាល​ឬក៏​ស្ថាប័ន​ពាក់ព័ន្ធ​ហ្នឹង​ធ្វើ​យ៉ាងណា​បង្ហាញ​នូវ​បញ្ជី​ឈ្មោះ ហ្នឹង​ទោះបីជា​វា​បង្ហាញ​នូវ​ស្ថានភាព​ផ្អាក​ចូលឆ្នាំ​ក៏ដោយ​ប៉ុន្តែ​រឿង​ពាក់ព័ន្ធ​ទៅ​នឹង​សិទ្ធិ ឬក៏​ការ​រង់ចាំ​របស់​គាត់​ក្នុង​មួយ​ថ្ងៃៗ ក៏​គួរតែ​មានការ​ផ្តល់​នូវ​ព័ត៌មាន​ឱ្យ​បាន​ច្បាស់លាស់​ដល់​ពួកគាត់ ដើម្បី​កុំ​ឱ្យ​ពួកគាត់​មានការ​ទន្ទឹង​រង់ចាំ​មួយថ្ងៃ​ហើយ​មួយថ្ងៃ​ទៀត។ របៀប​ហ្នឹង​គឺ​វា​យូរណាស់​សម្រាប់​ពួកគាត់​ដែល​បាត់បង់​នូវ​សេរីភាព»។

លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក ប្រាប់​អាស៊ីសេរី​ថា គណៈកម្មការ​ជាតិ ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​បន្ធូរ​បន្ថយ​ទោស និង​លើកលែងទោស​នៃ​ក្រសួងយុត្តិធម៌ បាន​ប្រជុំ​សម្រេច​រួចហើយ​តែ​លោក​មិន​បាន​បញ្ជាក់​ថា មាន​អ្នកទោស និង​ទណ្ឌិត​ប៉ុន្មាន​នាក់​នឹង​ត្រូវ​លើកលែងទោស និង​បន្ធូរ​បន្ថយ​ទោស​នៅ​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​ទេ។ លោក​បញ្ជាក់​ថា ចំពោះ​ព័ត៌មាន​លំអិត​សូម​សួរ​ទៅ​អ្នកនាំពាក្យ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​មាន​ប្រសាសន៍​ថា ចំនួន​អ្នកទោស​ពិតប្រាកដ​នឹង​ប្រកាស​ក្រោយ​ពី​ព្រះរាជ្យក្រឹត្យ​ចេញ​ជា​ផ្លូវការ តែ​លោក​មិន​ដឹង​ថា នឹង​ប្រកាស​ជា​សាធារណៈ​នៅ​ពេល​ណា​ទេ​អាស្រ័យ​ទៅ​លើ​នីតិវិធី​បែបបទ​រដ្ឋបាល។

លោក​បញ្ជាក់​ថា ការ​ស្នើសុំ​ពី​មន្ត្រី​សង្គម​ស៊ីវិល​ឱ្យ​បង្ហាញ​បញ្ជី​ឈ្មោះ​អ្នកទោស​មុន​ចូលឆ្នាំ​ហាក់បីដូចជា​មិន​ត្រឹមត្រូវ​ទាល់តែ​សោះ៖ «ការស្នើសុំ​នេះ​ហាក់បីដូចជា​មិន​សម​ហេតុផល​សោះ ហើយ​ហាក់បីដូចជា​ភ្ញាក់​ពី​គេង​ក៏​មិន​ដឹង​។ ពីព្រោះ​ថា ព្រះរាជ្យក្រឹត្យ​លើកលែងទោស​នឹង​បន្ធូរ​បន្ថយ​ទោស​ការអនុវត្ត​កន្លង​មក​ហ្នឹង​ពេលខ្លះ​ក៏​ចេញ​មុន​ចូលឆ្នាំ ពេលខ្លះ​ក៏​ចេញ​ក្រោយ​ចូលឆ្នាំ​វា​អាស្រ័យ​ទៅតាម​បែបបទ​នឹង​នីតិវិធី​រដ្ឋបាល​។​ការពិចារណា​លើកលែងទោស​នឹង​បន្ធូរ​បន្ថយ​ទោស​ហ្នឹង​គឺ​យើង​ធ្វើជា​ទូរ​ទៅ​ទៅលើ​អ្នកទោស​ឱ្យ​តែ​បំពេញ​តាម​លក្ខខណ្ឌ​ច្បាប់ និង លក្ខខណ្ឌ​មនុស្សធម៌​ដែល​គណៈកម្មការ​បាន​ពិចារណា»។

ជា​រៀងរាល់​ឆ្នាំ​នៅ​ពេល​មាន​ពិធីបុណ្យ​ជាតិ​ធំៗ​ដូចជា​បុណ្យចូលឆ្នាំ​ខ្មែរ បុណ្យអុំទូក បុណ្យ​ភ្ជុំបិណ្ឌ​និង បុណ្យ​ពិសាខបូជា គណៈកម្មការ​រាជធានី​-​ខេត្ត​ដែល​ក្នុង​នោះ​មាន​ពន្ធនាគារ​ចំនួន ២២ និង​គណៈកម្មការ​ក្រសួងមហាផ្ទៃ​ដែល​មាន​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤ បាន​បញ្ជូន​សំណើ​អនុគ្រោះ​ទោស​និង​បន្ធូរ​បន្ថយ​ទោស​ជូន​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ដើម្បី​ពិនិត្យ និង​វាយតម្លៃ មុននឹង​ដាក់​ជូន​រដ្ឋាភិបាល​ដើម្បី​ថ្វាយ​ព្រះមហាក្សត្រ​ប្រទាន​ការ​លើកលែង​ទោស។

កាល​ពី​ឆ្នាំ​២០១៩ មាន​អ្នកទោស​ចំនួន ១៣៤​នាក់​ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ស្នើ​ថ្វាយ​ព្រះមហាក្សត្រ​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។

ក្នុងចំណោម​អ្នកទោស​ទាំងនោះ មាន​ទណ្ឌិត ៥៧​នាក់ ត្រូវ​ស្នើសុំ​បន្ថយ​ទោស ៦​ខែ​។ ទណ្ឌិត ១៩​នាក់ ស្នើសុំ​បន្ថយ​ទោស ៩​ខែ​។ ទណ្ឌិត ៤០​នាក់ ស្នើសុំ​បន្ថយ​ទោស ១២​ខែ​។ ទណ្ឌិត ២​នាក់ ស្នើសុំ​បន្ថយ​ទោស​ពី​មួយ​ជីវិត មក​ត្រឹម ២០​ឆ្នាំ និង ១៦​នាក់ ត្រូវ​ស្នើសុំ​លើកលែងទោស​តែម្ដង៕