តើ​ទារក​ដែល​មាន​ម្ដាយ​ឬ​ឪពុក​រៀប​ការ​ជាមួយ​ជន​បរទេស​អាច​ទទួល​សញ្ជាតិ​ខ្មែរ​ឬ​ទេ?

ច្បាប់​នៅ​ប្រទេស​កម្ពុជា បាន​ចែង​អំពី​ការ​ការពារ​សញ្ជាតិ​ខ្មែរ ចំពោះ​ពលរដ្ឋ​ទាំងអស់ និង​មាន​ទាំង​ការ​បើក​ចំហ ដើម្បី​ទទួល​យក​ជន​បរទេស​ចូល​សញ្ជាតិ​ខ្មែរ​ទៀត​ផង។ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​មាន​ស្វាមី ឬ​ភរិយា​ជា​ជន​បរទេស ហើយ​នៅ​ពេល​មាន​កូន​មក ពួក​គាត់​មិន​ដឹង​ថា តើ​កូន​របស់​គាត់​អាច​ទទួល​បាន​សញ្ជាតិ​ខ្មែរ​បាន​ឬ​អត់?

0:00 / 0:00

នៅ​ក្នុង​សម័យ​បច្ចុប្បន្ន ដោយសារ​ប្រទេស​កម្ពុជា ប្រកាន់​របប​នយោបាយ​សេរី មាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រុស​ស្រី​ជាច្រើន​នាក់ បាន​រៀប​ការ​ជាមួយ​ជន​បរទេស។ ការ​រៀប​ការ​ជាមួយ​ជន​បរទេស​នោះ ច្បាប់​នៅ​ប្រទេស​កម្ពុជា មិន​បាន​ហាម​ប្រាម​ឡើយ គឺ​មាន​ការ​លើក​ទឹក​ចិត្ត​ទៀត​ផង ប៉ុន្តែ​ត្រូវ​មាន​លក្ខខណ្ឌ​មួយ​ចំនួន ដែល​ត្រូវ​គោរព​តាម និង​បំពេញ។

ការ​រៀប​ការ​ជាមួយ​ជន​បរទេស គឺ​មាន​នារី​ខ្មែរ​ខ្លះ​បាន​កសាង​គ្រួសារ មាន​កូន​ជាមួយ​ជន​បរទេស​នោះ​ទៀត​ផង។ ប៉ុន្តែ មាន​នារី​ខ្មែរ​ខ្លះ ដែល​រៀប​ការ​ជាមួយ​ជន​បរទេស មាន​ចម្ងល់​ទាក់ទង​ជាមួយ​កូន​របស់​នាង ដែល​កើត​មក​នោះ តើ​អាច​មាន​សញ្ជាតិ​ខ្មែរ​ឬ​ទេ? សូម​ស្តាប់​ចម្ងល់​របស់​នារី​ខ្មែរ​មួយ​រូប​ឈ្មោះ ឆែម ដាលីន ដែល​មាន​ស្វាមី​ជា​ជន​បរទេស ហើយ​ចង់​ធ្វើ​សំបុត្រ​កំណើត​សញ្ជាតិ​ខ្មែរ ឲ្យ​កូន​ដែល​កើត​មក​នោះ។

សំណួរ​របស់​មិត្ត​អ្នក​ស្តាប់​នេះ បាន​សរសេរ​ជា​សារ​អេឡិចត្រូនិក​ផ្ញើ​មក​វិទ្យុ​អាស៊ីសេរី ហើយ​អាន​ដោយ​អ្នក​ធ្វើ​ការ​នៅ​វិទ្យុ​អាស៊ីសេរី ដូច​ត​ទៅ៖ «នាង​ខ្ញុំ​ឈ្មោះ ឆែម ដាលីន មាន​សំណួរ​ខ្លះ​អំពី​ការ​ធ្វើ​សំបុត្រ​កំណើត​អោយ​កូន​របស់​ខ្ញុំ។ នាង​ខ្ញុំ​បាន​រៀប​ការ​នៅ​ស្រុក​ខ្មែរ តែ​មិន​បាន​ចុះ​អេតាស៊ីវិល​នៅ​ខ្មែរ​ទេ។ ពេល​នេះ នាង​ខ្ញុំ​មាន​បុត្រ​ជាមួយ​ប្ដី​បរទេស ដោយ​បាន​ប្រសូត​កូន​នៅ​ឯ​បរទេស​ផង​ដែរ។ ដោយ​ស្ថានភាព​រស់នៅ​ស្រុក​គេ​ពិបាក​សម្រាប់​នាង​ខ្ញុំ ក៏​សម្រេច​មក​រស់នៅ​ស្រុក​ខ្មែរ​វិញ។ តើ​កូន​របស់​ខ្ញុំ​អាច​ធ្វើ​សំបុត្រ​កំណើត​នៅ​ខ្មែរ​ទេ? ពីព្រោះ នាង​ខ្ញុំ​ចង់​អោយ​កូន​នាង​ខ្ញុំ​រស់នៅ​ជាមួយ និង​បាន​ចូល​រៀន​នៅ​ស្រុក​ខ្មែរ។ ពី​នាង​ខ្ញុំ ដាលីន»

ឆ្លើយ​តប​ចំពោះ​ចម្ងល់​មិត្ត​អ្នក​ស្តាប់​នេះ លោក សុក សំអឿន ជា​មេធាវី និង​ជា​នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​ពន្យល់​ថា កូន​ដែល​កើត​មក​ពី​ម្តាយ​ដែល​មាន​សញ្ជាតិ​ខ្មែរ​នោះ អាច​ទទួល​បាន​សញ្ជាតិ​ខ្មែរ​បាន។

លោក សុក សំអឿន បាន​ពន្យល់​ទៀត​ថា បើ​សិន​ជា​កូន​នោះ​កើត​នៅ​បរទេស ក្មេង​នោះ​អាច​ទទួល​បាន​សញ្ជាតិ​២ គឺ​សញ្ជាតិ​ខ្មែរ​ផង និង​សញ្ជាតិ​ប្រទេស​ដែល​ក្មេង​នោះ​កើត​ផង។

ច្បាប់​ស្ដីពី​សញ្ជាតិ​របស់​ប្រទេស​កម្ពុជា ក្នុង​ជំពូក​ទី២ អំពី​សញ្ជាតិ​ខ្មែរ​ពី​កំណើត មាត្រា​៤ បាន​ចែង​ថា ទី១ ត្រូវ​បាន​សញ្ជាតិ​ខ្មែរ ទោះ​បី​កើត​នៅ​ទីណា​ក៏ដោយ កូន​មាន​ខាន់ស្លា​ដែល​កើត​មក​ពី​ឪពុក ឬ​ម្តាយ​មាន​សញ្ជាតិ​ខ្មែរ ឬ​កូន​ឥត​ខាន់ស្លា ដែល​កើត​មក​ពី​ឪពុក ឬ​ម្តាយ មាន​សញ្ជាតិ​ខ្មែរ​ទទួល​ស្គាល់ ឬ​កូន​ដែល​មាន​ឪពុក​ម្តាយ​មិន​ទទួល​ស្គាល់ កាល​បើ​តុលាការ​បាន​ចេញ​សាលក្រម​ថា កូន​នោះ​ពិត​ជា​កើត​ចេញ​ពី​ឪពុក ឬ​ម្តាយ​ដែល​មាន​សញ្ជាតិ​ខ្មែរ។ ទី២ ត្រូវ​បាន​សញ្ជាតិ​ខ្មែរ ដោយ​កើត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក). កូន​ដែល​កើត​ពី​ឪពុក និង​ម្តាយ​បរទេស ដែល​កើត និង​រស់នៅ​ស្រប​ច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង ខ). កូន​កើត​ពី​ឪពុក​ម្តាយ​មិន​ស្គាល់ និង​កូន​ទើប​នឹង​កើត​ដែល​គេ​រើស​បាន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ចាត់​ទុក​ថា កើត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែរ។

មាត្រា២ នៃ​ច្បាប់​ស្ដីពី​សញ្ជាតិ បាន​ចែង​ថា ជន​ណា​មាន​សញ្ជាតិ​ខ្មែរ​ជា​ប្រជាពលរដ្ឋ​ខ្មែរ។ ប្រជាពលរដ្ឋ​ខ្មែរ មិន​អាច​ត្រូវ​បាន​ដក​សញ្ជាតិ និរទេស ឬ​ត្រូវ​ចាប់​ខ្លួន​ទៅ​ឲ្យ​ប្រទេស​ក្រៅ​ណា​មួយ​ឡើយ លើក​លែង​តែ​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក។

ចំពោះ​បុរស ឬ​ស្ត្រី​បរទេស​ដែល​ចង់​បាន​សញ្ជាតិ​ខ្មែរ តាម​រយៈ​ការ​រៀប​អាពាហ៍ពិពាហ៍ គឺ​អាច​ទទួល​បាន។ មាត្រា​៥ នៃ​ច្បាប់​ស្ដីពី​សញ្ជាតិ បាន​ចែង​ថា ស្ត្រី ឬ​បុរស​បរទេស​ដែល​យក​ប្ដី ឬ​ប្រពន្ធ​ខ្មែរ ដោយ​មាន​រៀប​អាពាហ៍ពិពាហ៍ អាច​ទាមទារ​សញ្ជាតិ​ខ្មែរ​បាន លុះ​ណា​តែ​បុរស ឬ​ស្ត្រី​នោះ​រស់នៅ​ជាមួយ​គ្នា​រយៈពេល ៣​ឆ្នាំ ក្រោយ​ពេល​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍។ បែបបទ និង​នីតិវិធី​នៃ​ការ​ទាមទារ​សញ្ជាតិ​ខ្មែរ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។ ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​តាម​ករណី​ទាមទារ​សញ្ជាតិ ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ។ មាត្រា​៦ បាន​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មិន​បាត់​សញ្ជាតិ​ខ្មែរ ដោយសារ​ការ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជន​បរទេស​ទេ។

ចំពោះ​ទោស​បញ្ញត្តិ​ទាក់ទង​ជាមួយ​ការ​ក្លែង​បន្លំ​សញ្ជាតិ​ខ្មែរ​វិញ មាត្រា​១៩ បាន​ចែង​ថា មាន​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ទេ​ទើប​មាន​សិទ្ធិ​ទទួល និង​កាន់​កាប់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​លិខិត​ឆ្លង​ដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ហើយ​ជន​បរទេស​ណា​ដែល​កាន់​កាប់ និង​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ឆ្លង​ដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ ដល់ ១០​ឆ្នាំ តាម​មាត្រា​២០។ ចំណែក​មាត្រា​២១ បាន​ចែង​ថា ជន​ណា​ដែល​ក្លែង​ធ្វើ​ការ​កោស​លុប សរសេរ​ត្រួត ឬ​ឲ្យ​គេ​ខ្ចី ឬ​សរសេរ​ឈ្មោះ​ក្លែង​ក្លាយ​នៅ​ក្នុង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ឆ្លង​ដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​មួយ​ប្រើប្រាស់​ឯកសារ​ទាំង​នោះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ ដល់ ១០​ឆ្នាំ។

លោក​អ្នក​ស្តាប់​ជា​ទី​មេត្រី បើ​លោក​អ្នក​មាន​ចម្ងល់​ផ្សេងៗ ទាក់ទង​រឿង​ច្បាប់ លោក​អ្នក​អាច​ទូរស័ព្ទ​មក​សាកសួរ​តាម​លេខ ០១៦ ២៦ ១២ ៧៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។