តុលាការចោទប្រកាន់លោក ថេង សាវឿន និងសហការី ២នាក់ពីបទញុះញង់ និងរួមគំនិតក្បត់
2023.05.22

តុលាការខេត្តរតនគិរីសម្រេចឃុំខ្លួនប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន និងសហការី ២រូប គឺលោក ញិល ភាព និងលោក ថាន់ ហាច ដោយចោទចំនួនពីរករណី គឺបទញុះញង់ និងរួមគំនិតក្បត់។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ប្រាប់វិទ្យុអាស៊ីសេរី នៅមុនការផ្សាយ នារាត្រីថ្ងៃទី២២ ឧសភា ថា សមត្ថកិច្ចខេត្តរតនគិរីបានបញ្ជូនខ្លួនលោក ថេង សាវឿន និងសហការី ទៅឃុំខ្លួននៅពន្ធនាគារខេត្តរួចហើយ តាំងពីល្ងាចថ្ងៃទី២១ ខែឧសភា។ លោកបន្តថា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី បានចោទប្រកាន់លោក ថេង សាវឿន និងសហការីចំនួន ២ករណី។ បទចោទទី១ គឺបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ និងបទចោទទី២ គឺរួមគំនិតក្បត់។
ស្របពេលដែលសមត្ថកិច្ចខេត្តរតនគិរី បញ្ជូនលោក ថេង សាវឿន និងសហការី ទៅឃុំខ្លួននៅពន្ធនាគារខេត្ត ប្រជាកសិករជាង ២០០នាក់មកពីតាមបណ្ដាខេត្តផ្សេងៗ គ្នា បន្តការតវ៉ានៅខាងមុខក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ឧសភា ដើម្បីទាមទារឱ្យសមត្ថកិច្ចខេត្តរតនគិរីដោះលែងលោក ថេង សាវឿន និងសហការីរបស់លោកវិញ។ ស្រដៀងគ្នានេះ មន្ត្រីសង្គមស៊ីវិល និងគ្រួសាររបស់បុគ្គលិកសមាគមសម្ពន្ធសហគមន៍កសិករកម្ពុជាទាំងបីនាក់ នៅតែបន្តទាមទារឱ្យសមត្ថកិច្ចដោះលែងពួកគេ ដោយឥតមានលក្ខខណ្ឌ។
នេះគឺជាសំឡេងរបស់ប្រជាកសិករជាង២០០នាក់ ដែលមកពីបណ្ដាខេត្តផ្សេងៗ គ្នា រួមមាន ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តសៀមរាបជាដើម។ ពួកគេទាមទារឱ្យសមត្ថកិច្ចខេត្តរតនគិរីដោះលែង ប្រធានសមាគមសម្ពន្ធសហគមន៍កសិករកម្ពុជា ហៅកាត់ថា CCFC លោក ថេង សាវឿន និងសហការីរបស់លោកពីរនាក់ទៀត គឺលោក ញិល ភាព និងលោក ថាន់ ហាច។ ក្រុមប្រជាកសិករបានធ្វើដំណើរដោយថ្មើជើងចេញពីវត្តសាមគ្គីរង្សី ដើរឆ្ពោះសំដៅទៅក្រសូងមហាផ្ទៃ ដោយដៃមានបដា ដែលមានពាក្យថា ដោះលែងលោក ថេង សាវឿន លោក ញិល ភាព និងលោក ថាច់ ហាច និងរូបថតរបស់លោកទាំងបីនាក់ផងដែរ។ នៅក្នុងចំណោមអ្នកតវ៉ាខាងមុខក្រសួងមហាផ្ទៃនេះ ម្ដាយរបស់លោក ថេង សាវឿន ដែលមានអាយុ ៦៧ឆ្នាំទៅហើយនោះ ក៏បានមកចូលរួមតវ៉ា ទាមទារឱ្យសមត្ថកិច្ចដោះលែងកូនប្រុសរបស់លោកស្រីឱ្យមានសេរីភាពវិញដែរ។
ក្បាលមានឆ្នួតក្រមា និងថ្លែងដោយភាពឈឺចាប់ ម្ដាយលោក ថេង សាវឿន គឺលោកស្រី តូច សាត លើកឡើងថា កូនប្រុសរបស់លោកស្រី មិនមានពេលវេលាគ្រប់គ្រាន់ទៅសួរសុខទុក្ខ មើលថែឪពុកម្ដាយនោះឡើយ ព្រោះ គ្រួសាររបស់លោកស្រី សុខចិត្តលះបង់កូនប្រុសឱ្យចូលរួមការងារសង្គម ជួយលើកកម្ពស់ជីវភាពប្រជាកសិករ។ លោកស្រីបន្ថែមថា កូនប្រុសរបស់លោកស្រី និងសហការីទាំងពីរនាក់ មិនបានប្រព្រឹត្តិកំហុសដូចការចោទប្រកាន់របស់ក្រសួងមហាផ្ទៃនោះឡើយ ហើយលោកស្រីបញ្ជាក់ថា លោកស្រីនឹងមិនត្រឡប់ទៅផ្ទះវិញឡើយ ដរាបណាសមត្ថកិច្ចនៅតែមិនទាន់ដោះលែងកូនប្រុសលោកស្រីឱ្យមានសេរីភាពឡើងវិញនោះ។
លោកស្រី តូច សាត៖ «ទាំងលោកទាំងខ្ញុំ ក៏មានការអាណិតអាសូរកូន មិនមែនកូនឆ្កែឯណា កូនមនុស្សទេតើ! តែខ្ញុំវះកាត់ ខ្ញុំថាកូនបម្រើប្រជាពលរដ្ឋ។ ខ្ញុំសោកស្ដាយ ដោយលោកមកធ្វើចាប់ចង មកចាប់ជំរិតកូនខ្ញុំអត់មានកំហុស ខ្ញុំមានការអយុត្តិធម៌ជាខ្លាំង»។
សមត្ថកិច្ចខេត្តក្រចេះ បានឃាត់ខ្លួនលោក ថេង សាវឿន និងសហការីរបស់លោកទាំងអស់ចំនួន ១៧នាក់ កាលពីម៉ោង ១រសៀល ថ្ងៃទី១៧ ខែឧសភា ក៏ប៉ុន្តែក្រោយពីការសាកសួរថ្ងៃដដែលនោះ សមត្ថកិច្ចបានដោះលែងមនុស្ស ១៤នាក់វិញ ក៏ប៉ុន្តែបន្តឃុំខ្លួនលោក ថេង សាវឿន លោក ញិល ភាព និងលោក ថាន់ ហាច ហើយក៏បញ្ជូនបន្តទៅស្នងការនគរបាលខេត្តរតនគិរីនៅថ្ងៃបន្ទាប់ គឺថ្ងៃទី១៨ ខែឧសភា។

វិទ្យុអាស៊ីសេរីនៅតែមិនអាចទាក់ទងស្នងការនគរបាលខេត្តរតនគិរី លោក អ៊ុង សុភាព និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បីសាកសួរជុំវិញរឿងនេះបាននៅឡើយទេ នៅថ្ងៃទី២២ ខែសភា។
ក៏ប៉ុន្តែ លោក ខៀវ សុភ័គ បានប្រាប់សារព័ត៌មាន ខេមបូចា (CamboJa) កាលពីថ្ងៃទី១៩ ខែឧសភា ដោយចោទប្រកាន់ថា លោក ថេង សាវឿន និងសហការីជាប់ពាក់ព័ន្ធទៅនឹងអ្វីដែលលោកហៅថា «ការរៀបផែនការធ្វើបដិវត្តន៍កសិករ»។ លោក ខៀវ សុភ័គ ថា សមត្ថកិច្ចសំអាងលើភស្តុតាងមួយចំនួននៅកន្លែងរៀបចំវគ្គបណ្ដុះបណ្ដាលរបស់សមាគម នៅក្នុងខេត្តរតនគិរី និងឯកសារមួយចំនួនទៀតនៅក្នុងកុំព្យូទ័ររបស់សមាគម។
ទោះជាយ៉ាងណា ក្រុមប្រជាកសិករដែលធ្លាប់ទទួលបានវគ្គបណ្ដុះបណ្ដាលពី សមាគមសម្ពន្ធសហគមន៍កសិករកម្ពុជា បដិសេធចំពោះការចោទប្រកាន់របស់ក្រសួងមហាផ្ទៃនេះយ៉ាងដាច់អហង្ការ។ ក្រុមប្រជាកសិករអះអាងថា សមាគមមិនដែលបង្រៀនឱ្យពួកគាត់ចង់ផ្ដួលរំលំរដ្ឋាភិបាល ឬប្រមាថមើលងាយថ្នាក់ដឹកនាំប្រទេសជាតិនោះឡើយ ដោយសមាគមបានបង្រៀនពួកគាត់ឱ្យយល់អំពីច្បាប់ និងជំនាញកសិកម្មប៉ុណ្ណោះ។
គិតមកទល់ពេលនេះ លោក ថេង សាវឿន និងសហការីរបស់លោកត្រូវបានសមត្ថកិច្ចឃុំខ្លួនរយៈពេល ៥ថ្ងៃមកហើយ ការឃុំខ្លួនរយៈពេលយូរ ដោយមិនដោះលែង ឬមិនចោទប្រកាន់ពួកគេទាំងបីនាក់ដូច្នេះ ត្រូវបានអ្នកសិក្សាផ្នែកច្បាប់លើកឡើងថា គឺជាការរំលោភសិទ្ធិពួកគេយ៉ាងធ្ងន់ធ្ងរ ព្រោះផ្អែកតាមសិទ្ធិរបស់ជនត្រូវបានឃាត់ខ្លួន នគរបាលយុត្តិធម៌អាចឃុំបុគ្គលណាម្នាក់យ៉ាងយូរបំផុតត្រឹមតែរយៈពេល ៧២ម៉ោង តែប៉ុណ្ណោះ។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា ប្រាប់វិទ្យុអាស៊ីសេរីថា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី លោក កែវ ភក្ដី បានបញ្ចប់ការស៊ើបសួរ និងបានបញ្ជូនសំណុំរឿងរបស់លោក ថេង វឿន និងសហការីរបស់លោកទាំងពីរនាក់ ទៅដល់ចៅក្រមស៊ើបសួររួចហើយ។ ទោះជាយ៉ាងណា លោកមិនទាន់ដឹងថា ព្រះរាជអាជ្ញារងចោទប្រកាន់ទៅលើលោកទាំងបីពីបទល្មើសអ្វីខ្លះនោះឡើយ ហើយចៅក្រមស៊ើបសួរនៅមិនទាន់បញ្ចប់នីតិវិធីសាកសួរទៅលើអ្នកទាំងបីនាក់នៅឡើយ មកទល់ល្ងាចថ្ងៃទី២២ ខែឧសភានេះ។
លោក ស៊ឹង សែនករុណា៖ «ខ្ញុំសុំគួរតែពិនិត្យយ៉ាងទទូចដែរ មើលទៅបើវិមតិសង្ស័យនៃបទចោទហ្នឹងថាវាជារឿងមួយតម្កល់ទុកមិនចាត់ការបាន គួរតែពិនិត្យលទ្ធភាពហ្នឹងដែរ ពីព្រោះថាករណីនេះយើងឃើញហើយថា លោក ថេង សាវឿន បានធ្វើកិច្ចការងារជួយកសិករក៏មិនតិចដែរ ហើយក៏ជួយរួមចំណែកទៅដល់រដ្ឋាភិបាលដែរ»។
ការឃាត់ខ្លួនលោក ថេង សាវឿន និងសហការីរបស់លោកនេះ ត្រូវបានក្រុមអង្គការសង្គមស៊ីវិលតាមដានយ៉ាងយកចិត្តទុកដាក់ ក្នុងនោះរួមមានដូចជា អង្គការលីកាដូ សមាគមការពារសិទ្ធិមនុស្ស អាដហុក មជ្ឈមណ្ឌលការពារសិទ្ធិមនុស្សកម្ពុជា (CCHR) និងឧត្ដមស្នងការទទួលបន្ទុកការពារសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាជាដើម។
មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ការឃាត់ខ្លួនអ្នកទាំង៣ មិនត្រឹមតែជាការគំរាមកំហែងទៅដល់សមាគមសម្ពន្ធសហគមន៍កសិករកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យប៉ះពាល់ដល់លំហសេរីភាពការងារអង្គការសង្គមស៊ីវិលផ្សេងៗទៀតផងដែរ៕
អត្ថបទរឿងនេះ ត្រូវបានធ្វើបច្ចុប្បន្នភាព ដោយបញ្ចូលព័ត៌មានពេញលេញ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។