សាច់ញាតិរបស់បុរសម្នាក់ដែលស្លាប់ពេលប៉ូលិសស្រុកសង្កែឃុំខ្លួន បដិសេធលទ្ធផលស៊ើបអង្កេតរបស់គណៈកម្មាធិការជាតិប្រឆាំងអំពើទារុណកម្មដែលថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។ មន្ត្រីសិទ្ធិមនុស្សសោកស្ដាយដែលអាជ្ញាធរថ្នាក់ជាតិចេញលទ្ធផលស្រាវជ្រាវ ដែលគ្មានយុត្តិធម៌សម្រាប់គ្រួសារជនរងគ្រោះបែបនេះ។
លទ្ធផលស្រាវជ្រាវរបស់អាជ្ញាធរថ្នាក់ជាតិក្នុងសំណុំរឿងលោក ពេជ្រ ធារ៉េត នៅពេលនេះ មិនមែនជាអ្វីដែលសាច់ញាតិជនរងគ្រោះទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែឆ្នាំនោះទេ។ តែនេះជាភាពឈឺចាប់ថ្មីមួយទៀតសម្រាប់ពួកគេទៅវិញ។
បងស្រីរបស់លោក ពេជ្រ ធារ៉េត លោកស្រី ពេជ្រ លីណា ប្រាប់វិទ្យុអាស៊ីកាលពីយប់ថ្ងៃទី២៤ វិច្ឆិកាថា លោកស្រីមិនអាចទទួលយកលទ្ធផលស្រាវជ្រាវរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មក្នុងសំណុំរឿងប្អូនប្រុសលោកស្រីបាននោះឡើយ។ លោកស្រីថា របាយការណ៍នេះប្រាសចាកពីការពិត និងគ្មានយុត្តិធម៌។
លោកស្រី ពេជ្រ លីណា៖ «ឯកឧត្ដម នុត សាអាន បានចេញសេចក្ដីប្រកាសជំហានដំបូង កាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០២១ ច្បាស់ណាស់។ គាត់ថាសមត្ថកិច្ចស្រុកសង្កែ ជាប់ពាក់ព័ន្ធក្នុងការវ៉ៃធ្វើទារុណកម្មស្រាល ឬធ្ងន់ទៅលើជនសង្ស័យ ប្អូនប្រុសខ្ញុំ។ ប៉ុន្តែហេតុអ្វីបានជាឥលូវនេះ បែរជាក្រឡាស់វិញថា អត់មានជាប់ពាក់ព័ន្ធវិញ ហេតុអ្វី ? ប្រើពេលវេលាស្រាវជ្រាវរាប់ខែរាប់ឆ្នាំហើយ បែរជាមកចេញសេចក្ដីប្រកាសបែបនេះវិញ ? ហើយខ្ញុំឆ្ងល់មួយទៀតត្រង់ថា ពេលដែលសមត្ថកិច្ចស្រុកសង្កែទាំងអស់ហ្នឹងជាប់សង្ស័យកាលពីឆ្នាំមុនហើយ ចុះហេតុអ្វីបានជាគណៈកម្មាធិការប្រឆាំងទារុណកម្មមិនមានចំណាត់ការចាប់ខ្លួនសមត្ថកិច្ចទាំងអស់នោះ ? អត់មានផ្ដល់យុត្តិធម៌មកឱ្យគ្រួសារជនរងគ្រោះ មកឱ្យប្អូនខ្ញុំទេ អត់មានទេ»។
ប្រតិកម្មរបស់សាច់ញាតិជនរងគ្រោះនេះ កើតមានឡើងក្រោយពេលគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មបានចេញសេចក្ដីសន្និដ្ឋានចុងក្រោយកាលពីថ្ងៃទី ២៤ វិច្ឆិកាថា ករណីស្លាប់របស់ លោក ពេជ្រ ធារ៉េត នៅក្នុងអធិការដ្ឋាននគរបាលស្រុកសង្កែ ខេត្តបាត់ដំបងនោះ មិនជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្មដោយក្រុមមន្ត្រីប៉ូលិសនោះឡើយ។ ផ្ទុយទៅវិញ ស្ថាប័នជំនាញមួយនេះអះអាងថា លោក ពេជ្រ ធារ៉េត ស្លាប់ដោយសារគាំងបេះដូង ក្រោមឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន ហើយស្លាកស្នាមជាំឈាម និងស្នាមរបួសនៅលើដងខ្លួនជនរងគ្រោះនោះ គឺដោយសារមានការប្រតាយប្រតប់គ្នាបន្តិចបន្តួចជាមួយនឹងប្រជាពលរដ្ឋ។
លោក ពេជ្រ ធារ៉េត អាយុ ៣១ ឆ្នាំ បានស្លាប់ពេលប៉ូលិសចាប់ឃុំខ្លួនសួរចម្លើយនៅក្នុងអធិការដ្ឋាននគរបាលស្រុកសង្កែ អស់រយៈពេលជាង ៣ ម៉ោង ពាក់ព័ន្ធនឹងការសង្ស័យថា លោកបានរាយខ្សែភ្លើងឆក់សម្លាប់ប្រពន្ធ។
ផ្ទុយពីលទ្ធផលស្រាវជ្រាវចុងក្រោយនេះ ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មលោក នុត សាអាន ធ្លាប់អះអាងប្រាប់វិទ្យុអាស៊ីសេរីថា ការស៊ើបអង្កេតរបស់ក្រុមការងារលោកកន្លងមកនេះ រកឃើញថា ប៉ូលិសស្រុកសង្កែជាប់ពាក់ព័ន្ធការប្រើហិង្សាលើជនសង្ស័យ។ លោក នុត សាអាន ក៏ធ្លាប់បានស្ដីបន្ទោសទៅលើគណៈកម្មការកោសល្យវិច័យសាកសពផងដែរថា មន្ត្រីទាំងនោះធ្វើការលំៗ គ្មានភាពច្បាស់លាស់ ព្រោះមន្ត្រីខ្លះចេះតែសន្និដ្ឋានថា ជនសង្ស័យស្លាប់ដោយសារប្រើប្រាស់គ្រឿងញៀនហួសកម្រិត។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា សោកស្ដាយដែលអាជ្ញាធរជំនាញថ្នាក់ជាតិចេញលទ្ធផលចុងក្រោយ ខុសពីអ្វីដែលបានរកឃើញ និងលើកឡើងពីដំបូងបែបនេះ។ លោកយល់ថា រឿងនេះមានភាពមិនប្រក្រតី ដែលទាមទារឱ្យស្ថាប័នពាក់ព័ន្ធពិនិត្យឡើងវិញ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។
លោក ស៊ឹង សែនករុណា៖ «ថ្នាក់ដឹកនាំនៃស្ថាប័នពាក់ព័ន្ធទាំងអស់ហ្នឹងគួរតែស្រាវជ្រាវ ហើយបើរកឃើញថា មន្ត្រីទាំងឡាយដែលអនុវត្តកិច្ចការហ្នឹងមានផលប្រយោជន៍ ឬក៏ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងរឿងហ្នឹង គួរតែមានវិធានការដើម្បីធ្វើយ៉ាងណាចាត់វិធានការទៅលើជនហ្នឹង កុំឱ្យមានការប្រព្រឹត្តអំពើបែបហ្នឹងទៀត ហើយបន្តក្នុងការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ និងគ្រួសារជនរងគ្រោះទៀត។ អាហ្នឹង គឺជារឿងដែលយើងចង់ឃើញដើម្បីធ្វើយ៉ាងណាបញ្ចប់អំពើនិទ្ទណ្ឌភាពក្នុងប្រទេសកម្ពុជាយើង»។
ករណីស្លាប់លោក ពេជ្រ ធារ៉េត នេះ សាច់ញាតិជនរងគ្រោះបញ្ជាក់ថា ពួកគាត់កាន់តែខកចិត្តថែមទៀត ពីព្រោះក្រៅពីគ្មានយុត្តិធម៌ហើយ អធិការនគរបាលស្រុកសង្កែ លោក ស៊ុន សុវណ្ណ បានឡើងឋានន្តរសក្ដិ ក្លាយជាស្នងការរងនគរបាលខេត្តបាត់ដំបង ក្នុងពេលលោកកំពុងជាប់សង្ស័យក្នុងករណីអំពើទារុណកម្មនេះ។
បងស្រីរបស់ជនរងគ្រោះ លោកស្រី ពេជ្រ លីណា អំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយអន្តរាគមន៍រកយុត្តិធម៌ដល់ប្អូនប្រុសលោកស្រី ព្រោះលោកស្រីហាក់លែងមានជំនឿលើស្ថាប័នជំនាញតទៅទៀតហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។