រដ្ឋធម្មនុញ្ញកម្ពុជាបច្ចុប្បន្ន ត្រូវបានប្រកាសអោយប្រើ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ គឺបីថ្ងៃបន្ទាប់ពីសភាធម្មនុញ្ញបានអនុម័ត។ រដ្ឋធម្មនុញ្ញនេះ ប្រសូតចេញពីការបោះឆ្នោតសកលលើកដំបូងបង្អស់នៅកម្ពុជា ក្រោមការជួយជ្រោមជ្រែងពីអង្គការសហប្រជាជាតិ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។
គិតមកដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០១៨នេះ ច្បាប់កំពូលមួយនេះ មានអាយុកាល ២៥ឆ្នាំគត់។ ២៥ឆ្នាំកន្លងទៅនេះ រដ្ឋធម្មនុញ្ញកម្ពុជាបានឆ្លងកាត់វិសោធនកម្ម ឬការសើរើ កែប្រែចំនួន ៩ដង។ វិសោធនកម្មមួយចំនួនត្រូវបានគេមើលឃើញថា ប៉ះពាល់ធ្ងន់ធ្ងរដល់មូលដ្ឋានគ្រឹះប្រជាធិបតេយ្យ និងការបែងចែកអំណាច រវាងអង្គការរដ្ឋធំៗ ទាំងបី ពោលគឺអំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងអំណាចតុលាការ។ អ្នកជំនាញច្បាប់ យល់ថា កម្ពុជាត្រូវការអ្នកច្បាប់ និងចៅក្រមវ័យក្មេងជំនាន់ក្រោយ ដែលមានសេចក្ដីក្លាហាន និងស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើការរួមគ្នាធ្វើកំណែទម្រង់ច្បាប់ ដើម្បីពង្រឹងប្រព័ន្ធយុត្តិធម៌អោយល្អប្រសើរឡើងវិញ។
នៅក្នុងខួប ២៥ឆ្នាំនៃការប្រកាសអោយប្រើប្រាស់រដ្ឋធម្មនុញ្ញនេះ លោក ជី វិតា មានសេចក្ដីរាយការណ៍មួយពិនិត្យមើលវិសោធនកម្មចំណុចសំខាន់ៗ មួយចំនួនក្នុងរដ្ឋធម្មនុញ្ញ ដែលមានសេចក្ដីដូចតទៅ៖
គិតត្រឹមដើមទសវត្សរ៍ឆ្នាំ១៩៧០ មក ប្រជាជាតិខ្មែរបានឆ្លងកាត់វិនាសកម្ម និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ តាមរយៈសង្គ្រាមបង្ហូរឈាមគ្នា របបវាលពិឃាតខ្មែរក្រហម ការឈ្លានពានរបស់បរទេស និងភាពផ្ដាច់ការនៃរបបកុម្មុយនិស្ត។
ដោយសារបានឆ្លងកាត់សោកនាដកម្មនេះហើយ ទើបនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីជម្លោះខ្មែរទាំងបួនក្រុម គឺភាគីរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ភាគី ហ្វុនស៊ិនប៉ិច ភាគីកម្ពុជាប្រជាធិបតេយ្យ និងភាគីរដ្ឋកម្ពុជា បានស្រុះស្រួលគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ឈប់បាញ់គ្នា នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ជាលទ្ធផល កិច្ចព្រមព្រៀងសន្តិភាព ដែលមានតំណាងប្រទេស១៨ផ្សេងទៀតចុះហត្ថលេខាគាំទ្រនោះបាន ប្រសូតឡើងនិងឈានដល់ការបង្កើតរដ្ឋធម្មនុញ្ញថ្មីសន្លាងមួយ ដែលត្រូវបានប្រកាសឲ្យប្រើជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។
រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ល្អជាងរដ្ឋធម្មនុញ្ញមុនៗ
រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ គឺជារដ្ឋធម្មនុញ្ញល្អជាងគេក្នុងចំណោមរដ្ឋធម្មនុញ្ញចំនួន ៥មុនៗ។ ល្អត្រង់ថា រដ្ឋធម្មនុញ្ញលើកទី៦នេះ តម្រូវអោយអ្នកគ្រប់គ្រងរដ្ឋ មិនថាឡើយពីបក្សណាទេ ត្រូវធានាការពារសិទ្ធិមនុស្ស សេរីភាព និងសេចក្ដីថ្លៃថ្នូររបស់ពលរដ្ឋខ្លួន ស្មើគ្នាចំពោះមុខច្បាប់។ ជាសក្ខីកម្ម ច្បាប់សិទ្ធិមនុស្សជាច្រើន រួមទាំងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ក៏ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញបច្ចុប្បន្ននេះ ហើយក្លាយជាច្បាប់ជាតិទៀតផង។
រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ កំណត់ថា កម្ពុជាប្រកាន់យកប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ។ ច្បាប់កំពូលមួយនេះ ក៏ជាផែនទីកំណត់ព្រំដែនអំណាចរបស់ស្ថាប័នកំពូលគ្រប់គ្រងរដ្ឋទាំងបី គឺអង្គនីតិប្បញ្ញត្តិ ឬរដ្ឋសភាដែលជាអ្នកធ្វើច្បាប់ អង្គនីតិប្រតិបត្តិ ឬរដ្ឋាភិបាលដែលជាអ្នកអនុវត្តច្បាប់ និងទី៣ គឺតុលាការ ដែលជាអ្នកជម្រះក្ដីផ្ដល់យុត្តិធម៌ ដើម្បីទប់ស្កាត់ភាពចលាចល និងអស្ថិរភាពក្នុងសង្គមជាតិដែលកើតឡើងដោយសារការដណ្តើមអំណាចគ្នា។ ការកំណត់ព្រំដែននៃអំណាចទាំងបីត្រូវបានចែងយ៉ាងច្បាស់ក្នុងរដ្ឋធម្មនុញ្ញមាត្រា៥១។
ទោះជារដ្ឋធម្មនុញ្ញកម្ពុជាចែងបែបនេះក្តី រយៈពេល ២៥ឆ្នាំកន្លងទៅនេះ អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា កត់សម្គាល់ឃើញថា អំណាចរដ្ឋសភា និងអំណាចតុលាការកាន់តែចុះទន់ខ្សោយទៅៗ ជាលំដាប់ ចំណែកអំណាចរដ្ឋាភិបាលកាន់តែឡើងខ្ពស់ គ្របដណ្ដប់ទៅលើស្ថាប័នរដ្ឋកំពូលទាំងពីរនោះ។ អង្គនីតិប្រតិបត្តិ ឬរដ្ឋាភិបាល មិនត្រឹមតែមិនបានប្រឹងប្រែងការពារមាត្រា៥១ នេះ ដោយធ្វើអោយអំណាចទាំងបីឯករាជពីគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សាប អំណាចរបស់រដ្ឋសភា និងតុលាការ តាមរយៈធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់មួយចំនួនទៀតផង។
បន្សាបអំណាចរដ្ឋសភាតាមរយៈវិសោធនកម្មរដ្ឋធម្មនុញ្ញ
សាស្ត្រាចារ្យច្បាប់ និងជាមេធាវីសិទ្ធិមនុស្សអន្តរជាតិ នៃវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាជូសេត (MIT) ក្នុងរដ្ឋម៉ាសាជូសេត សហរដ្ឋអាមេរិក លោក បាឡាគ្រឹសណាន រ៉ាចាកូប៉ាល់ (Balakrishnan Rajagopal) ពន្យល់ថា រដ្ឋធម្មនុញ្ញ កំណត់នូវមូលដ្ឋានសំខាន់ៗ នូវរបៀបដែលរដ្ឋមួយត្រូវដំណើរការ។ ដូច្នេះ ការសើរើ ឬធ្វើវិសោធនកម្មណាមួយ ត្រូវតែឆ្លងកាត់នីតិវិធីដ៏តឹងរ៉ឹង និងម៉ត់ចត់បំផុត ដើម្បីពិនិត្យមើលថា តើការកែប្រែនោះស្របច្បាប់ឬទេ៖ «នៅពេលអ្នកបង្កើតនីតិវិធីសម្រាប់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ អោយវាងាយស្រួលពេក ហានិភ័យប្រាកដជាកើតមាន ពីព្រោះគណបក្សនយោបាយណាមួយ ដែលគ្រាន់តែមានសំឡេងភាគច្រើនបន្តិច ក៏ឆ្លៀតឱកាសនោះកែរដ្ឋធម្មនុញ្ញញឹកញាប់តាមចិត្ត ដើម្បីតម្រូវតាមមហិច្ឆតានយោបាយរបស់បក្សខ្លួន»។
រដ្ឋធម្មនុញ្ញកម្ពុជាមាត្រា១៥១ ចែងថា៖ «ការផ្ដើមគំនិតសើរើ ឬការផ្ដើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាសិទ្ធិរបស់ព្រះមហាក្សត្រ របស់នាយករដ្ឋមន្ត្រី និងរបស់ប្រធានរដ្ឋសភា តាមសេចក្ដីស្នើរបស់តំណាងរាស្ត្រមួយភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល»។
យោងតាមចំនួនសមាជិករដ្ឋសភាបច្ចុប្បន្ន ដែលមានមកតែពីគណបក្សប្រជាជនកម្ពុជានោះ តំណាងរាស្ត្រចំនួន ៣១រូប អាចស្នើសុំសើរើ ឬធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានហើយ។
គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ដែលមានអាយុ ២៥ឆ្នាំ បានឆ្លងកាត់ការសើរើ ឬវិសោធនកម្មប្រមាណ ១០លើក ដែលវិសោធនកម្មមួយចំនួនមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ក្នុងនោះ មានវិសោធនកម្មលើកទី៤ ឆ្នាំ២០០៤ ស្ដីពីការបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តក្នុងរដ្ឋសភា បង្កើតថ្នាក់ដឹកនាំរដ្ឋសភា និងរដ្ឋាភិបាលក្នុងពេលតែមួយ ឬហៅថា បោះឆ្នោតជាកញ្ជប់។ ហើយវិសោធនកម្មរដ្ឋធម្មនុញ្ញនៅឆ្នាំ២០១៨ សំដៅដល់ការហាមឃាត់ពលរដ្ឋកម្ពុជាពីសកម្មភាពណាមួយ ដែលប៉ះពាល់ដល់ផលប្រយោជន៍ព្រះរាជាណាចក្រកម្ពុជា ដោយផ្ទាល់ក្តី ដោយប្រយោលក្តី។ ប៉ុន្តែវិសោធនកម្មចុងក្រោយនេះ ត្រូវអង្គការសិទ្ធិមនុស្សមើលឃើញថា ជាការរឹតត្បិតសិទ្ធ និងសេរីភាពរបស់ពលរដ្ឋខ្មែរ បន្ថែមទៀតទៅវិញទេ។
ចំពោះវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបង្កើតច្បាប់ធម្មនុញ្ញបន្ថែម កាលពីថ្ងៃទី១៣ កក្កដា ឆ្នាំ២០០៤ ដែលត្រូវអ្នកវិភាគ និងសង្កេតការណ៍ហៅថា ជាការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ពីព្រោះតែការសើរើរដ្ឋធម្មនុញ្ញមួយនេះ បានបន្សាបនូវអំណាចរបស់រដ្ឋសភា ប៉ុន្តែពង្រឹងអំណាចរបស់រដ្ឋាភិបាល។ កាលណោះ កម្ពុជាមានវិបត្តិនយោបាយជាប់គាំង បង្កើតរដ្ឋាភិបាលថ្មីមិនបាន ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០០៣ រហូតដល់ពាក់កណ្ដាលឆ្នាំ២០០៤។ លោក ហ៊ុន សែន ដោយមានការយល់ព្រមពីគណបក្សហ៊្វុនស៊ិនប៉ិចផង បានបង្កើតច្បាប់ធម្មនុញ្ញបន្ថែម ដើម្បីធ្វើជាយានអោយលោកអាចបន្តធ្វើជានាយករដ្ឋមន្ត្រីទៅមុខទៀត។
ច្បាប់ធម្មនុញ្ញបន្ថែមមាត្រា៣ និងមាត្រា៤ ដែលលោក ហ៊ុន សែន សម្រេចបានដូចបំណងបន្ទាប់ពីឆ្លងកាត់ព្យុះសង្ឃរានយោបាយនោះ គឺតម្រូវអោយមានការបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញរដ្ឋសភា ព្រមទាំងការបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តដល់បេក្ខជននាយករដ្ឋមន្ត្រី ក្នុងពេលជាមួយគ្នា (ដែលហៅថា បោះឆ្នោតជាកញ្ចប់)។
បញ្ញត្តិដើមមាត្រា៨២ និងមាត្រា១១៩ នៃរដ្ឋធម្មនុញ្ញ តម្រូវអោយមានការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តបង្កើតថ្នាក់ដឹកនាំរដ្ឋសភា និងរដ្ឋាភិបាល ក្រោយការបោះឆ្នោត ដាច់ដោយឡែកពីគ្នា ពោលគឺត្រូវបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភាមុនសិន ទើបតំណាងរាស្ត្របោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់គណបក្សដែលទទួលបានសំឡេងគាំទ្រភាគច្រើន អោយបង្កើតរាជរដ្ឋាភិបាលថ្មីតាមក្រោយ។ ប៉ុន្តែលោក ហ៊ុន សែន នៅពេលនោះ មិនទុកចិត្តតំណាងរាស្ត្រពីគណបក្សហ៊្វុនស៊ិនប៉ិច ហើយក៏ប្រហែលមិនទុកចិត្តតំណាងរាស្ត្រពីគណបក្សកាន់អំណាចរបស់លោកផង ទើបបានបង្ខំចិត្តប្រើផ្លូវកាត់ កែរដ្ឋធម្មនុញ្ញអោយមានការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តទាំងពីរនោះទៅក្នុងកញ្ចប់តែមួយ។ ទោះជាយ៉ាងណារាល់ច្បាប់ដែលអនុម័តដោយរដ្ឋសភា និងព្រឹទ្ធសភា ត្រូវមានព្រះហត្ថលេខាពីព្រះមហាក្សត្រ ឬពីប្រមុខរដ្ឋស្តីទី។
សម្ដេចឪ និងលោក ជា ស៊ីម មិនឡាយព្រះហស្ថលេខាលើច្បាប់ធម្មនុញ្ញបន្ថែម
នៅពេលនោះ ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ដែលមិនពេញព្រះទ័យចំពោះច្បាប់ធម្មនុញ្ញបន្ថែមនេះ ក៏បានយាងចេញពីកម្ពុជានៅព្រឹក ថ្ងៃទី១៣ កក្កដា ឆ្នាំ២០០៤ ទៅប្រទេសកូរ៉េខាងជើង ដើម្បីគេចចេញពីការចុះព្រះហស្ថលេខាលើច្បាប់ចម្រូងចម្រាសនោះ។ ប៉ុន្តែមួយថ្ងៃមុនយាងចេញពីកម្ពុជា ព្រះអង្គបានសរសេរចុតហ្មាយមួយផ្ញើទៅជូនលោក ជា ស៊ីម ដោយមានព្រះបន្ទូលថា សេចក្ដីព្រាងច្បាប់រដ្ឋធម្មនុញ្ញបន្ថែមដែលនឹងអោយមានការបោះឆ្នោតជាកញ្ចប់នោះ គឺជាបញ្ហានាំទៅរកភាពប្រេះស្រាំនៃជាតិរបស់យើង។ ព្រះអង្គថា ព្រះអង្គមិនអាចទទួលខុសត្រូវចំពោះកិច្ចការដ៏ធ្ងន់ធ្ងរនេះបានទេ។ ក្នុងលិខិតដែលបង្ហោះលើគេហទំព័ររបស់ព្រះអង្គ សម្តេចព្រះនរោត្តម សីហនុ ក៏បានមានបន្ទូលទៅកាន់លោក ជា ស៊ីម ប្រមុខរដ្ឋស្តីទី សូមអោយលោក ជា ស៊ីម ប្រើមនសិការរបស់លោកទៅចុះ ក្នុងការសម្រេចថា តើត្រូវចុះហត្ថលេខា ឬមិនចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញបន្ថែមនោះ។
លោក ជា ស៊ីម ដែលពេលនោះជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ ក៏មិនព្រមចុះហត្ថលេខាលើសេចក្ដីច្បាប់ធម្មនុញ្ញបន្ថែមនោះដែរ។ ទង្វើនេះបានធ្វើអោយលោក ហ៊ុន សែន ខឹងក្រេវក្រោធ ហើយក៏បានបញ្ជាឲ្យលោក ហុក ឡង់ឌី អគ្គស្នងការនគរបាលជាតិ ដឹកនាំកម្លាំងមួយក្រុម មានទាំងឆ្កែកាចផងទៅហ៊ុមព័ទ្ធផ្ទះលោក ជា ស៊ីម បង្ខំឲ្យលោក ជា ស៊ីម ចាកចេញទៅស្នាក់នៅប្រទេសថៃមួយរយៈ ដើម្បីបើកឱកាសអោយលោក ញឹក ប៊ុនឆៃ ដែលពេលនោះជាអនុប្រធានទី២ នៃព្រឹទ្ធសភាឡើងជាប្រមុខរដ្ឋស្តីទី ពីព្រោះអនុប្រធានទី១ អវត្តមាននៅក្នុងប្រទេស។
លោក ញឹក ប៊ុន ឆៃ ដែលបានចុះហត្ថលេខាលើច្បាប់ធម្មនុញ្ញបន្ថែម នៅថ្ងៃទី១៣ កក្កដា ឆ្នាំ២០០៤ នោះ មានប្រសាសន៍ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នេះថា ការចុះហត្ថលេខានៅពេលនោះ គឺជាការស្ម័គ្រចិត្តរបស់លោក គ្មានការគាបសង្កត់ និងមិនមានការសូកប៉ាន់ទេ។ លោក ញឹក ប៊ុន ឆៃ បន្តថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច និងលោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ចាំផ្ទះនៅពេលនោះមិនទុកចិត្តគ្នាទេ។ ហើយច្បាប់ធម្មនុញ្ញបន្ថែមនោះ បានជួយបញ្ចប់វិបត្តិនយោបាយនៅគ្រានោះ។ លើសពីនេះ លោកមិនយល់ថា ច្បាប់ធម្មនុញ្ញបន្ថែមនោះ រំលោភរដ្ឋធម្មនុញ្ញដែរ៖ «ខ្ញុំមិនយល់ថា រំលោភទេ។ អាហ្នឹងដោយសារស្ថានការណ៍ហ្នឹងវាប្រឈមដាក់គ្នា ហើយយើងដោះស្រាយអាការប្រឈមភាពតានតឹងដាក់គ្នានោះ ដើម្បីដោះស្រាយអោយមានភាពប្រក្រតីដំណើរការឡើងវិញណុង គឺធ្វើអាធម្មនុញ្ញបន្ថែមហ្នឹងហើយ ធ្វើអោយដំណើរការហ្នឹងរលូនឡើងវិញ»។
ទោះជាយ៉ាងណាក្ដី សកម្មភាពកែរដ្ឋធម្មនុញ្ញ បង្កើតច្បាប់ធម្មនុញ្ញបន្ថែមនោះ បានរងការរិះគន់យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋានថា ជាការកាត់ក្បាលតម្រូវមួក បំពានលើរដ្ឋធម្មនុញ្ញមាត្រា៨២ និងមាត្រា១១៩។
ប៉ុន្តែលោក ញឹក ប៊ុន ឆៃ ដែលបច្ចុប្បន្ន ជាប្រធានគណបក្សខ្មែររួបរួមជាតិមានប្រសាសន៍ថា លោកមិនស្តាយក្រោយទេ ក្នុងការដែលលោកបានចុះហត្ថលេខាលើច្បាប់ចម្រូងចម្រាសមួយនេះ៖ «ខ្ញុំអត់មានសោកស្ដាយព្រោះខ្ញុំបានធ្វើការពិចារណាចំណុចហ្នឹងរវាងផលប្រយោជន៍ និងបញ្ហាអវិជ្ជមាន [ មុននឹងចុះហត្ថលេខានោះ ]»។
លោក សឺន ស៊ូប៊ែរ ដែលជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានហៅការអនុម័តច្បាប់ធម្មនុញ្ញបន្ថែមនោះថា ជាអំពើខុសច្បាប់។ មាត្រា១ នៃច្បាប់ធម្មនុញ្ញបន្ថែមសរសេរថា ការបង្កើតច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការប្រក្រតីនៃស្ថាប័នជាតិ។ ប៉ុន្តែ លោក សឺន ស៊ូប៊ែរ ប្រាប់អាស៊ីសេរី នៅពេលនោះថា លោករកមិនឃើញភាពមិនប្រក្រតីដែលតម្រូវអោយមានច្បាប់ថ្មី ដោយបំពានរដ្ឋធម្មនុញ្ញនោះទេ។
ចំណែកអ្នកវិភាគ និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ បណ្ឌិត សុខ ទូច មុនពេលក្លាយជាប្រធានរាជបណ្ឌិត្យសភា បានហៅវិសោធនកម្មអនុម័តច្បាប់ធម្មនុញ្ញបន្ថែមនោះថា ជារដ្ឋប្រហាររដ្ឋធម្មនុញ្ញ។ រីឯលោក សម រង្សី ដែលកាលណោះជាប្រធានគណបក្សសម រង្សី ក៏បានថ្កោលទោសវិសោធនកម្មនោះថា ជាអំពើរដ្ឋប្រហារ។
នៅក្នុងប្រព័ន្ធប្រជាធិបតេយ្យសភានិយម ដូចនៅកម្ពុជានេះ រដ្ឋសភាត្រូវកើតមុនរដ្ឋាភិបាល។ ប៉ុន្តែច្បាប់ធម្មនុញ្ញបន្ថែមថ្មីដែលកំណត់ពីការបោះឆ្នោតជាកញ្ចប់នោះ បានធ្វើអោយរដ្ឋសភានិងរដ្ឋាភិបាលប្រសូតចេញជារូបរាងក្នុងពេលតែមួយចាប់ពីពេលនោះមក។
សាស្ត្រាចារ្យច្បាប់លោក បាឡាគ្រឹសណាន រ៉ាចាកូប៉ាល់ (Balakrishnan Rajagopal) ដែលធ្លាប់បម្រើការឱ្យអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស នៅកម្ពុជា និងជាទីប្រឹក្សាច្បាប់នៅរដ្ឋសភាកម្ពុជា ក្នុងអាណត្តិទី១ ផងនោះ ពន្យល់ថា អ្វីដែលអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ធ្វើនៅពេលនោះ គឺជាការប៉ុនប៉ងបន្សាប ឬកាត់បន្ថយអំណាចរដ្ឋសភា ធ្វើឱ្យអង្គនីតិប្បញ្ញត្តិនេះ ចុះទន់ខ្សោយឥទ្ធិពលរបស់ខ្លួន ក្នុងការត្រួតពិនិត្យរដ្ឋាភិបាល៖ « ប្រទេសកម្ពុជា កាលដើមឡើយ ត្រូវបានរៀបចំអោយក្លាយរដ្ឋប្រកាន់យកប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានអង្គការរដ្ឋបីសាខា ក្នុងនោះ គឺរដ្ឋសភាដែលជាអ្នកធ្វើច្បាប់ ត្រូវបង្កើតអោយមានមុន បន្ទាប់មកទើបបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់តំណាងគណបក្សឈ្នះឆ្នោត ដែលមានភាគីសំឡេងច្រើនជាងគេនៅរដ្ឋសភា អោយបង្កើតរដ្ឋាភិបាល។ ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលលោក ហ៊ុន សែន បានធ្វើនោះ គឺជាការបំបាត់ចោលនូវអំណាចរបស់រដ្ឋសភា ក្នុងការបង្កើតរដ្ឋាភិបាល។ ចំពោះខ្ញុំ វិសោធនកម្មរដ្ឋធម្មនុញ្ញបែបនេះ មិនត្រូវអោយមានទេ នៅក្នុងប្រទេសដែលហៅខ្លួនឯងថា របបប្រជាធិបតេយ្យ សេរីពហុបក្សនោះ។ ការកម្ចាត់ចោលអំណាចរបស់អង្គនីតិបញ្ញត្តិ ដែលជាអ្នកធ្វើច្បាប់បែបនេះ គឺជាការបើកផ្លូវទៅរករបបផ្ដាច់ការ»។
សាស្ត្រាចារ្យច្បាប់លោក រ៉ាចាកូប៉ាល់ (Balakrishnan Rajagopal) បញ្ជាក់ថា ក្នុងប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស គោលបំណងនៃវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺដើម្បីផ្ដល់អត្ថប្រយោជន៍ដល់សង្គមជាតិទាំងមូល។ បើទោះជា វិសោធនកម្មរដ្ឋធម្មនុញ្ញ អាចធ្វើទៅបានក៏ពិតមែន ក៏គេមិនអាចកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីផ្លាស់ប្ដូរ ឬលុបបំបាត់ចោលមូលដ្ឋានគ្រឹះនៃរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបានទេ៖ «នៅពេលធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ អ្នកអាចផ្លាស់ប្ដូរបញ្ញត្តិនេះ បញ្ញត្តិនោះបាន ប៉ុន្តែអ្នកមិនអាចកែប្រែចំណុចធំៗ ដូចជា រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋ ដែលមានចែងក្នុងធម្មនុញ្ញបានទេ ឧទាហរណ៍៖ ប្រសិនបើរដ្ឋធម្មនុញ្ញច្បាប់ដើម មានចែងកំណត់អំពីអង្គការរដ្ឋកំពូលទាំងបី ពោលគឺ រដ្ឋសភា រដ្ឋាភិបាល និងតុលាការ អ្នកមិនអាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយលុបបំបាត់ចោល ឬកាត់បន្ថយអំណាចរបស់អង្គណាមួយបាននោះទេ។ ដើម្បីធានា មិនអោយមានការរំលោភអំណាចគ្នានេះ ទើបគេត្រូវមានស្ថាប័នឯករាជមួយទៀត ដែលត្រូវពិនិត្យមើលភាពស្របច្បាប់នៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញម្តងៗ។ នៅកម្ពុជា មានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ប៉ុន្តែពួកគេបោះបង់ការទទួលខុសត្រូវរបស់ខ្លួន ពោលគឺក្រុមប្រឹក្សារដ្ឋធម្មនុញ្ញកម្ពុជា មិនឯករាជទេ»។
មាត្រា៣នៃច្បាប់ធម្មនុញ្ញបន្ថែមឆ្នាំ២០០៤ ចែងថា ច្បាប់នេះ ប្រើក្នុងករណីមិនប្រក្រតី ពោលគឺនៅពេលនីតិវិធីដើមនៃរដ្ឋធម្មនុញ្ញមិនអាចសម្រេចបាន។ ប៉ុន្តែរដ្ឋសភានៅតែយកច្បាប់ធម្មនុញ្ញបន្ថែមដ៏ចម្រូងចម្រាសនោះមកប្រើប្រាស់ ក្នុងដំណើរការបង្កើតក្បាលម៉ាស៊ីនរដ្ឋសភា និងរដ្ឋាភិបាល នៅរាល់ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ទោះបីពុំមានភាពមិនប្រក្រតី ដែលចាំបាច់ត្រូវបោះឆ្នោតជាកញ្ចប់ក៏ដោយ។
បន្សាបអំណាចតុលាការតាមរយៈអោយចៅក្រមចូលសមាជិកបក្ស
ចំណែកការបន្សាបអំណាចតុលាការវិញ អង្គនីតិប្រតិបត្តិ ឬរដ្ឋាភិបាល កាន់មានឥទ្ធិពលគ្របសង្កត់ខ្លាំងឡើងៗ ទៅលើចៅក្រម និងព្រះរាជអាជ្ញា តាមរយៈលើកទឹកចិត្ត និងបង្ខំពួកគេឱ្យចូលជាសមាជិកគណបក្សនយោបាយ ពោលគឺ បក្សកាន់អំណាច និងតាមរយៈបង្កើតច្បាប់មួយចំនួន កាត់បន្ថយអំណាចតុលាការ ឱ្យស្ថិតនៅក្រោមឥទ្ធិពលរបស់ក្រសួងយុត្តិធម៌ដែលសាខារបស់អំណាចអង្គនីតិប្រតិបត្តិទៅវិញ។
សាស្ត្រាចារ្យច្បាប់លោក រ៉ាចាកូប៉ាល់ (Balakrishnan Rajagopal) សង្ឃឹមថា នៅថ្ងៃមុខ កម្ពុជានឹងមានចៅក្រម និងមេធាវី វ័យក្មេងជំនាន់ក្រោយ មានសេចក្ដីក្លាហាន និងស្មារតីទទួលខុសត្រូវខ្ពស់ ហ៊ានក្រោកឈរធ្វើការរួមគ្នា សើរើធ្វើកំណែទម្រង់ច្បាប់ ដើម្បីពង្រឹងប្រព័ន្ធយុត្តិធម៌ឱ្យបានល្អប្រសើរឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។