តំណាងបក្សកាន់អំណាចប្រតិកម្មថា ការដាក់ទណ្ឌកម្មរបស់ក្រសួងរតនាគារអាមេរិកលើមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាពីររូបនោះ មិនឆ្លុះបញ្ចាំងការពិតឡើយ។ ក៏ប៉ុន្តែរដ្ឋាភិបាលក៏គ្មានបំណងស៊ើបអង្កេតករណីពុករលួយពាក់ព័ន្ធនឹងមន្ត្រីទាំងនោះដែរ។ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង និងអ្នកសិក្សាស្រាវជ្រាវយល់ថា នេះជាករណីអំពើពុករលួយធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់មុខមាត់ និងផលប្រយោជន៍ជាតិ ដូច្នេះរដ្ឋាភិបាលកម្ពុជាគួរតែស៊ើបអង្កេត និងបញ្ជាក់រឿងនេះឱ្យបានច្បាស់។
របបឯកបក្សនឹងមិនស៊ើបអង្កេតករណីពុករលួយពាក់ព័ន្ធនឹងមន្ត្រីយោធាជាន់ខ្ពស់ពីររូប គឺលោក ទៀ វិញ និងលោក ចៅ ភិរុណ នោះឡើយ បើទោះជាក្រសួងរតនាគារអាមេរិករកឃើញថា ឧត្តមសេនីយ៍ផ្កាយ ៤ ទាំងពីររូបនេះបានប្រព្រឹត្តអំពើពុករលួយទ្រង់ទ្រាយធំក្នុងគម្រោងអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាមយ៉ាងណាក្ដី។
មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ថ្លែងនៅថ្ងៃទី១១ ខែវិច្ឆិកាថា ទណ្ឌកម្មរបស់ក្រសួងរតនាគារអាមេរិកលើមន្ត្រីកម្ពុជានេះ គឺជារឿងដដែលៗ និងធ្វើឡើងដោយខ្វះមូលដ្ឋាន។ លោកបញ្ជាក់ថា រដ្ឋាភិបាលមិនអាចស៊ើបអង្កេតករណីចោទប្រកាន់បែបនេះបានឡើយ ដរាបណាក្រសួងរតនាគារអាមេរិកមិនបង្ហាញភស្តុតាងរឹងមាំ៖ «រាជរដ្ឋាភិបាលមានគោលការណ៍ហ្មត់ចត់ណាស់ មិនចេះតែលឺគេថា ហើយទៅធ្វើនាំតែខាតពេលវេលា នាំតែខាតកម្លាំង ធនធានមនុស្សទេ។ អ៊ីចឹងខ្ញុំយល់ថា សួរអ្នកចោទវិញ សួរអ្នកដាក់ទណ្ឌកម្មវិញ ច្បាស់ត្រង់ណា កម្រិតណាហើយដែលរកឃើញ ? ឯកសារមានប៉ុន្មានហើយដែលថា គេពុករលួយ ដែលថាគេលួចលុយប៉ុន្មានហើយ រហូតដល់ដាក់ទណ្ឌកម្មហ្នឹង ? ខ្ញុំថា បើអត់មានរបាយការណ៍ច្បាស់លាស់ពីក្រសួងរតនាគារអាមេរិកទេ បានសេចក្ដីថា ការដាក់ទណ្ឌកម្មហ្នឹង វាអត់ពិតទេ វាអត់ច្បាស់លាស់ទេ ធ្វើស្មានៗ»។
ទោះជាយ៉ាងណា នៅពេលវិទ្យុអាស៊ីសេរីសួរថា តើរដ្ឋាភិបាលកម្ពុជានឹងទាក់ទងស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ ដើម្បីស្នើសុំភស្តុតាងទាំងឡាយពីក្រសួងរតនាគារអាមេរិក ដែរឬមួយក៏អត់? លោក សុខ ឥសាន និយាយថា លោកមិនអាចឆ្លើយជំនួសរដ្ឋាភិបាលបានទេ។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ដើម្បីសាកសួររឿងនេះដែរ តែទូរស័ព្ទចូល ពុំមានអ្នកទទួល។
ទោះជាយ៉ាងណា លោក សុខ ឥសាន អះអាងថា ទណ្ឌកម្មថ្មីចុងក្រោយលើមន្ត្រីកម្ពុជានេះ នឹងមិនប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-អាមេរិកនោះទេ។
ប្រតិកម្មរបស់បក្សកាន់អំណាចនេះ ធ្វើឡើងក្រោយពេល ក្រសួងរតនាគារអាមេរិកបានប្រើច្បាប់សាកល គ្លូបល មែគនីតស្គី (Global Magnitsky Act) ដាក់ទណ្ឌកម្មមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាពីរនាក់ គឺលោក ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ និងលោក ទៀ វិញ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក។ ទណ្ឌកម្មនេះរួមមានការបង្កកទ្រព្យសម្បត្តិដែលពួកគេអាចមាននៅសហរដ្ឋអាមេរិក ព្រមទាំងការរឹតត្បិតទិដ្ឋាការមិនឱ្យពួកគេ និងសមាជិកក្រុមគ្រួសារសាច់ញាតិបង្កើតរបស់ពួកគេអាចធ្វើដំណើរមកជាន់ដីសហរដ្ឋអាមេរិកបាន។ ទណ្ឌកម្មនេះ ក៏ហាមប្រាមមិនឱ្យជនជាតិ ឬក្រុមហ៊ុនអាមេរិកាំងទាំងអស់ រកស៊ី ឬធ្វើប្រតិបត្តិការសាច់ប្រាក់ពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយមន្ត្រីយោធាកម្ពុជាទាំងពីររូបនេះឡើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក ចៅ ភិរុណ និងលោក ទៀ វិញ ដើម្បីសុំការឆ្លើយតបរឿងបានទេ នៅថ្ងៃទី១១ ខែវិច្ឆិកា។
ជុំវិញរឿងនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន គាំទ្រការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើមន្ត្រីកម្ពុជាដែលប្រព្រឹត្តអំពើពុករលួយ រំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ។ លោកជឿថា ទណ្ឌកម្មរបស់អាមេរិកលើមន្ត្រីកម្ពុជានេះ ធ្វើឡើងដោយមានភស្តុតាងគ្រប់គ្រាន់ ហើយសហរដ្ឋអាមេរិកនឹងពង្រីកទណ្ឌកម្មនេះបន្ថែមទៀតនៅថ្ងៃខាងមុខ៖ «យើងសង្ឃឹមផងដែរថា អាមេរិកនឹងដាក់ទណ្ឌកម្មបន្ថែមទៀតដោយប្រើច្បាប់ គ្លូបល មែគនីតស្គី (Global Magnitsky Act) ដើម្បីដាក់ទណ្ឌកម្មទៅលើថ្នាក់ដឹកនាំរដ្ឋាភិបាលរបបក្រុងភ្នំពេញបន្ថែមទៀត ដើម្បីឱ្យពួកគេបញ្ឈប់ការប្រព្រឹត្តអំពើពុករលួយ និងងាកមកផ្លូវប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ » ។
ក្រសួងរតនាគារជាតិអាមេរិករកឃើញថា នៅឆ្នាំ២០២០ និងឆ្នាំ២០២១ លោក ចៅ ភិរុណ បានរួមគំនិតកេងចំណេញពីសកម្មភាពពាក់ព័ន្ធនឹងការសាងសង់ និងកែលំអបរិវេណ និងអាគារនៅកំពង់ផែកងទ័ពជើងទឹករាម។ លើសពីនេះទៀត លោក ចៅ ភិរុណ លោក ទៀ វិញ និងមន្ត្រីរដ្ឋាភិបាលកម្ពុជាដទៃទៀត ក៏ទំនងជាបានរួមគំនិតគ្នាបំប៉ោងថ្លៃដើមនៃការសាងសង់ និងកែលំអបរិវេណ និងអាគារនៅកំពង់ផែកងទ័ពជើងទឹករាម ហើយពួកគេបានទទួលផលប្រយោជន៍ដោយផ្ទាល់ពីគម្រោងទាំងនោះ។ ក្រសួងរតនាគារជាតិអាមេរិកឱ្យដឹងទៀតថា លោក ទៀ វិញ និងលោក ចៅ ភិរុណ មានគម្រោងការចែកលុយគ្នាពីថវិកាដែលពួកគេបានកេងយកពីគម្រោងកែលំអកំពង់ផែកងទ័ពជើងទឹករាម។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ និងអ្នកនាំពាក្យក្រសួងនេះ គឺលោក ឈុំ សុជាត ដើម្បីសាកសួរព័ត៌មាននេះដែរ តែទូរស័ព្ទចូល ពុំមានអ្នកទទួល។
ទាក់ទងនឹងបញ្ហានេះ អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) លោក វណ្ណ ប៊ុនណា យល់ថា ទណ្ឌកម្មថ្មីលើមន្ត្រីកម្ពុជានេះ មានលក្ខណៈជាបញ្ហាភូមិសាស្ត្រនយោបាយផង និងរឿងផ្លូវច្បាប់ផង។ លោកពន្យល់ថា បញ្ហាភូមិសាស្ត្រនយោបាយ គឺទំនងជាសហរដ្ឋអាមេរិកដឹងថា មន្ត្រីយោធាផ្កាយ ៤ ទាំងពីររូបនេះ ជាអ្នកទទួលខុសត្រូវខ្ពស់ក្នុងការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម ទីដែលមានការបារម្ភអំពីវត្តមានកងទ័ពចិននៅកម្ពុជា។ ចំណែកបញ្ហាផ្លូវច្បាប់វិញ លោកថា សហរដ្ឋអាមេរិកបានកំណត់ទិសដៅក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងជនពុករលួយ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅទូទាំងពិភពលោក។
ទោះជាយ៉ាងណា លោក វណ្ណ ប៊ុនណា ថ្លែងថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនេះ ក៏ជាប្រយោជន៍សម្រាប់រដ្ឋាភិបាលកម្ពុជាក្នុងការស្រាវជ្រាវរកមន្ត្រីដែលប្រព្រឹត្តអំពើខុសច្បាប់ដែរ។ លោកយល់ថា រដ្ឋាភិបាលគួរតែស៊ើបអង្កេតករណីនេះឱ្យបានពេញលេញ ដើម្បីលាងជម្រះមន្ទិលសង្ស័យទាំងឡាយ និងបង្ហាញថា រដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ៖ « យើងជាអ្នកត្រូវបានគេចោទប្រកាន់ ជាពិសេសកម្ពុជាហ្នឹង បើមិនមានការឆ្លើយតបណាបែបវិជ្ជាជីវៈ (Professional) ហើយទុករឿងហ្នឹងចោល វាបង្ហាញថា ហាក់ដូចជារឿងហ្នឹងវាកើតមានពិតមែន។ ទីពីរបង្ហាញពីការមិនទទួលខុសត្រូវផងដែររបស់រដ្ឋាភិបាល ( ព្រោះ ) កាលណាគេឱ្យតម្រុយថា អាចមានអំពើខុសច្បាប់ហើយ យើងមិនព្យាយាមគាស់កកាយមើលរឿងហ្នឹងទេ វាធ្វើឱ្យមុខមាត់រដ្ឋាភិបាលកម្ពុជាហ្នឹង ហាក់ដូចជាលាក់បាំងនូវទង្វើម្យ៉ាងដែលវាធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិទាំងមូល ព្រោះរឿងហ្នឹងគេចោទជាលក្ខណៈបុគ្គលដែលមានការប្រព្រឹត្តអំពើពុករលួយ » ។
គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ នេះ មន្ត្រីជាន់ខ្ពស់ និងមេឈ្មួញគ្រាក់ៗនៃរបបលោក ហ៊ុន សែន សរុប ៥នាក់ហើយដែលបានទទួលរងទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងរឹតត្បិតទិដ្ឋាការពីសហរដ្ឋអាមេរិក។ ក្រៅពីសាមីជនផ្ទាល់ សមាជិកគ្រួសារ និងក្រុមហ៊ុនរបស់ពួកគេក៏រងទណ្ឌកម្មពីសហរដ្ឋអាមេរិកដែរ ហើយក្នុងនោះក៏មានទាំងក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋអំណាចចិន ឈ្មោះ យូឌីជី (UDG) ដែលកំពុងអនុវត្តគម្រោងខ្នាតធំនៅខេត្តកោះកុងផងដែរ។
តាមរយៈការដាក់ទណ្ឌកម្មលើមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាពីររូបដែលពាក់ព័ន្ធនឹងអំពើពុករលួយធ្ងន់ធ្ងរនៅពេលនេះ សហរដ្ឋអាមេរិកប្រកាសជាចំហថា អាមេរិកប្ដេជ្ញាចិត្តចំពោះពលរដ្ឋខ្មែរ និងបំណងប្រាថ្នារបស់ពួកគេដើម្បីសុខសន្តិភាព ភាពរុងរឿង ប្រជាធិបតេយ្យ និងអនាគតប្រកបដោយសមធម៌។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកប្ដេជ្ញាចំពោះពលរដ្ឋខ្មែរក្នុងការជំរុញឱ្យមានការទទួលខុសត្រូវចំពោះសកម្មភាពឧក្រិដ្ឋ ការធ្វើជំនួញពុករលួយ និងការរំលោភបំពានផ្នែកសិទ្ធិមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។